ថ្លែងក្នុងសន្និបាតលើកទី៣៦ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដា លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាផងនោះ បានរំឭកអំពីការឈ្លានពានរបស់ប្រទេសថៃ មកលើបូរណភាពទឹកដីកម្ពុជា។
លោក ជា ស៊ីម ក៏បានពោលអះអាងថា ជម្លោះព្រំដែនកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ មិនមែនមានតែរដ្ឋាភិបាលកម្ពុជាទេ បានយកចិត្តទុកដាក់ជម្លោះនេះ ប៉ុន្តែក៏មានការចូលរួមពីពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស បានចេញមុខថ្កោលទោសទង្វើឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ផងដែរ។
ទាក់ទងជម្លោះព្រំដែននេះដែរ គណបក្ស នរោត្តម រណឫទ្ធិ នៅថ្ងៃទី២០ ខែកក្កដា នេះ ក៏បានចេញសេចក្ដីថ្លែងការណ៍គាំទ្រទាំងស្រុងចំពោះសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ដែលបានគោរពទាំងស្រុងនូវសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិចំពោះបញ្ហាប្រាសាទព្រះវិហារ។
លោក ប៉ែន សង្ហា មន្ត្រីនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ បានបង្ហាញពីជំហររបស់បក្សខ្លួនចំពោះសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ លើបញ្ហាជម្លោះប្រាសាទព្រះវិហារកាលពីថ្ងៃទី១៨ ខែកក្កដា បន្ថែមដូច្នេះ ៖ «យើងគាំទ្រលើពីរចំណុច។ ទី១ យើងគាំទ្រចំពោះសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាល និងទី២ យើងគាំទ្រនិងអបអរសាទរចំពោះលទ្ធផលដែលយើងសម្រេចបានជាមួយនឹងការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដោយយើងចាត់ទុកថា នេះជាជោគជ័យ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលយើងទទួលបាននាពេលបច្ចុប្បន្ន»។
សេចក្ដីសម្រេចនេះ មានអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា បង្ហាញពីជំហរគាំទ្រសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិលើវិធានបណ្ដោះអាសន្នដែលបានសម្រេចឲ្យកម្ពុជា និងថៃ ដកកងទ័ពរៀងៗខ្លួនចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារ។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃអង្គារ ទី១៩ ខែកក្កដា របស់បណ្ដាញប្រជាជនកម្ពុជា ដើម្បីសន្តិភាព ដែលមានសមាជិកអង្គការ-សមាគមមិនមែនរដ្ឋាភិបាល និងសហជីពនៅកម្ពុជា ចំនួន ១៤៩ស្ថាប័ន ក៏បានគាំទ្រយ៉ាងពេញទំហឹងទៅលើសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ដោយចាត់ទុកជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត។
លោក ថៅ វាសនា ប្រធានសម្ព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ស្ថិតក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង ១៤៩ ក្រៅពីថ្លែងសាទរចំពោះជំហររបស់រដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកក្កដា លោកក៏ចង់ឃើញតំបន់ប្រាសាទព្រះវិហារ មានសន្តិភាពមានការអភិរក្ស និងមានការអភិវឌ្ឍផងដែរ។
បន្ថែមលើនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានវិធានការបណ្ដោះអាសន្នពាក់ព័ន្ធនឹងការបកស្រាយសាលក្រមកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ លើករណីប្រាសាទព្រះវិហារនេះដែរ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សមានជំនឿថា វិធានការបណ្ដោះអាសន្នរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ លើករណីប្រាសាទព្រះវិហារ នឹងអាចធានាបញ្ចប់ការបង្ហូរឈាម និងការជម្លៀសប្រជាពលរដ្ឋដែលរស់នៅជិតព្រំដែនប្រទេសទាំងពីរទៅថ្ងៃអនាគត។
ទោះយ៉ាងណា សេចក្ដីបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ក៏បានផ្ដល់ឲ្យអាស៊ានបង្ហាញពីតម្លៃរបស់ខ្លួនក្នុងការរកដំណោះស្រាយជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោះស្រាយចប់ឲ្យបានឆាប់ផងដែរ៕