កាលពីថ្ងៃទី១៤ ខែវិច្ឆិកា តំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស សរុបចំនួនជិត ៣០នាក់ បានដើរចេញពីកិច្ចប្រជុំសភាជាតិយ៉ាងតក់ក្រហល់ នៅគ្រាលោក ឈាង វុន ហៅប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខ និងតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ ថាជាមនុស្សព្នង ឬជាមនុស្សព្រៃផ្សៃ។
គម្រោងសុំទោសនេះ ធ្វើឡើងបន្ទាប់ពីតំណាងជនជាតិភាគតិច និងតំណាងរាស្ត្រគណបក្សប្រឆាំងបានទាមទារឲ្យលោក ឈាង វុន សុំទោសចំពោះការដែលលោកបានប្រើពាក្យសំដីមាក់ងាយដល់ជនជាតិព្នង។
សូមស្ដាប់បទសម្ភាសន៍របស់លោក យន់ សាមៀន ជាមួយលោក ឈាង វុន អំពីគម្រោងថ្លែងសុំទោសនេះ៖
ចំណែកប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា កាលពីថ្ងៃពុធ ទី២៨ បានទទួលយកការសុំទោសរបស់លោក ឈាង វុន ក្នុងឋានៈជាអ្នកនយោបាយ។
លោក កឹម សុខា បញ្ជាក់បន្ថែម៖ «ខ្ញុំគិតថា វាត្រូវតែធ្វើ បើសិនណាយើងធ្វើប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស ហើយជាជនជាតិមួយដែលមានដើមកំណើតសាសន៍ច្បាស់លាស់ គាត់ត្រូវតែធ្វើ។ បើថាធ្វើទៅជនជាតិព្នងលោកពេញចិត្តមិនពេញចិត្ត ទទួលមិនទទួលលើពួកគាត់។ សម្រាប់ខ្ញុំ ខ្ញុំគិតថា ជាអ្នកតំណាងរាស្ត្រដូចគ្នា កាលណាយើងនិយាយអីខុស ប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស យើងត្រូវតែសុំទោសអ៊ីចឹងហើយ»។
លោក កឹម សុខា បានសរសើរលោក ឈាន វុន ដែលមានសេចក្ដីក្លាហានហ៊ានទទួលស្គាល់កំហុសរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
