បក្ស​កាន់​អំណាច​កំពុង​អូសទាញ​យុវជន​ឲ្យ​គាំទ្រ​បក្ស​ខ្លួន

ក្រុម​យុវជន​ត្រូវ​បាន​គណបក្ស​នយោបាយ​ចាត់​ទុក​ថា ជា​មនុស្ស​ដ៏​សំខាន់​សម្រាប់​កៀរគរ​រក​សំឡេង​គាំទ្រ​គណបក្ស​ខ្លួន ព្រោះ​យុវជន​អាច​បោះឆ្នោត​បាន​ច្រើន​ដង។
ដោយ ខែ សុណង
2012-07-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​អះអាង​ថា គណបក្ស​នយោបាយ​ទាំង​នោះ គួរ​តែ​អភិវឌ្ឍ​ធនធាន​យុវជន និង​បង្កើត​ការងារ​ដល់​យុវជន​ឲ្យ​បាន​ច្រើន​ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​វិញ ជា​ជាង​ការ​ផ្ដល់​ផល​ប្រយោជន៍​រយៈ​ពេល​ខ្លី​ដល់​ពួកគេ។

យុវជន​កម្ពុជា​មួយ​ចំនួន​កំពុង​ត្រូវ​បាន​គណបក្ស​នយោបាយ យក​ចិត្ត​ទុក​ដាក់​រក​ការងារ​ឲ្យ​ធ្វើ។ ក៏​ប៉ុន្តែ​បញ្ហា​ទាំង​នេះ អ្នក​វិភាគ​ថា មិន​បាន​ផ្ដល់​ប្រយោជន៍​ពិត​ប្រាកដ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ក្រុម​យុវជន កំពុង​ត្រូវ​បាន​គេ​ប្រើប្រាស់​យក​ជា​ឈ្នាន់ សម្រាប់​ចំណេញ​រឿង​នយោបាយ​របស់​គេ​ប៉ុណ្ណោះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បាន​ចាត់​ទុក​ថា យុវជន​គឺ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​មួយ​ដែល​គ្រប់​គណបក្ស​នយោបាយ​គេ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់។ លោក​ថា ការ​ផ្ដល់​ផល​ប្រយោជន៍​រយៈពេល​ខ្លី មិន​អាច​មាន​ឥទ្ធិពល​ទៅ​ដល់​សេចក្ដី​សម្រេច​ចិត្ត​របស់​យុវជន​ជា​ទូទៅ​នោះ​ទេ ដោយសារ​យុវជន​បច្ចុប្បន្ន​យ៉ាង​ហោច​ណាស់ ៦​ភាគរយ នៃ​ប្រជាជន​ទូទៅ បាន​រៀន​ដល់​ថ្នាក់​មហាវិទ្យាល័យ ហើយ​យុវជន​ជាង ២០​ភាគរយ អាច​រៀន​ដល់​ថ្នាក់​ទី​១២​ដែរ។

លោក កែម ឡី បន្ត៖ «ហើយ​យុវជន​កាល​ណា​គាត់​រៀន​បាន​ខ្ពស់ គាត់​មាន​ការ​ពិចារណា​ច្រើន​អ៊ីចឹង​ទាល់​តែ​យើង​រៀបចំ​ទិដ្ឋភាព​សង្គម​ហ្នឹង​ឲ្យ​បាន​ល្អ​ជាង​នេះ។ ឧទាហរណ៍​ថា ស្ថានភាព​ពុករលួយ ស្ថានភាព​អប្បកិរិយា​អ្នក​ផ្ដល់​សេវា​រដ្ឋ​ហ្នឹង ឬ​មួយ​ក៏​ស្ថានភាព​ការ​គ្រប់គ្រង​ព្រៃឈើ គ្រប់គ្រង​បរិស្ថាន បើ​សិន​ជា​យើង​ធ្វើ​រូបភាព​ហ្នឹង​ឲ្យ​បាន​ល្អ។ ខ្ញុំ​គិត​ថា​នឹង​ទាក់ទាញ​យុវជន​ហើយ​មិន​បាច់​ខំ​ប្រឹងប្រែង​ឃោសនា​ឲ្យ​យុវជន​ឲ្យ​យុវជន​គាំទ្រ ពីព្រោះ​យុវជន​ទាំង​អស់​នេះ ដែល​ខ្ញុំ​ជួប​ច្រើន​លើក​ច្រើន​សារ ១០០ ទៅ ២០០​នាក់​ជា​រៀងរាល់​សប្ដាហ៍​ហ្នឹង គាត់​មាន​ការ​ពិចារណា​ខ្ពស់​ណាស់ កាល​ណា​យើង​ធ្វើ​បាន​ល្អ​គឺ​ហ្នឹង​ទទួល​ផល​ហើយ។ ហើយ​កាល​ណា​យើង​ធ្វើ​មិន​បាន​ល្អ​ទេ របៀប​ជា​ការ​ស្វែងរក​ការ​គាំទ្រ​របៀប​ជា​បរិយាកាស​នយោបាយ​អ៊ីចឹង គឺ​ខ្ញុំ​គិត​ថា​មិន​ទទួល​បាន​ផល​ល្អ​ទេ»

ការ​លើក​ឡើង​បែប​នេះ នៅ​បន្ទាប់​ពី​មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា បាន​ប្រមូល​យុវជន​ស្ម័គ្រចិត្ត​ឲ្យ​ចុះ​វាស់វែង​ដីធ្លី​ផ្ដល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានិត ជា​កូន​ប្រុស​បង្កើត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​យុវជន​ស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា យុទ្ធនាការ​ពេល​នេះ គឺ​ជា​ការ​អនុវត្ត​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី។ លោក​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រុម​គ្រួសារ និង​យុវជន​ស្ម័គ្រ​ចិត្ត​ក្នុង​ការងារ​ចុះ​វាស់វែង​ដីធ្លី​នេះ ដោយ​ផ្ដល់​ថវិកា​លើ​ទឹក​ចិត្ត និង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​សម្រាប់​យុទ្ធនាការ​នេះ។

លោក ហ៊ុន សែន៖ «បើ​ទោះ​ខ្ញុំ​ត្រូវ​លក់​ផ្ទះ​នៅ​វិមាន​ឯករាជ្យ ក៏​ខ្ញុំ​ត្រូវ​តែ​លក់​ដែរ​ដើម្បី​ឲ្យ​ក្មួយៗ ខ្ញុំ​អត់​ប្រើប្រាស់​ថវិកា​ជាតិ​ដើម្បី​ចិញ្ចឹម​ក្មួយៗ​ក្នុង​បេសកកម្ម​នេះ​ទេ ខ្ញុំ​ទទួល​ខុស​ត្រូវ​ហើយ​ខ្ញុំ​បាន​ប្ដូរ​ផ្ដាច់​ហើយ​ផ្ទះ​វិមាន​ឯករាជ្យ​ប្រហែល​ជា​បាន​ថ្លៃ​គួរ​សម ខ្ញុំ​សុខ​ចិត្ត​ខាន​នៅ​ហ្នឹង​ក៏​បាន​ដែរ។ ខ្ញុំ​ធ្វើ​ទាល់​តែ​បាន​នៅ​លើ​រឿង​នេះ​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​លក់​ផ្ទះ​ដើម្បី​ហ្នឹង​ទៅ​ធ្វើ​កម្មសិទ្ធិ​បញ្ជូន​និស្សិត ចិញ្ចឹម​និស្សិត​ឲ្យ​ទៅ​ធ្វើ​បេសកកម្ម​ហើយ​ថ្ងៃ​នេះ​ក្មួយៗ ពូ​ជូន​ម្នាក់ ១០០​ដុល្លារ​សម្រាប់ ១០០​ដុល្លារ​វា​អត់​ច្រើន​ទេ​ក្មួយ​អើយ ប៉ុន្តែ​ពូ​ត្រូវ​ចំណាយ ១១​ម៉ឺន​ដុល្លារ​ថ្ងៃ​ហ្នឹង​នេះ»

ប៉ុន្តែ​អ្នក​វិភាគ​សង្គម​បាន​ចាត់​ទុក​ថា សកម្មភាព​របស់​រដ្ឋាភិបាល​នេះ គឺ​កំពុង​ប្រើប្រាស់​យុវជន​ដើម្បី​ទាក់ទាញ​ផ្នែក​នយោបាយ​សុទ្ធសាធ ពុំ​មែន​ក្នុង​ន័យ​បុព្វហេតុ​ជាតិ​នោះ​ទេ។

លោក កែម ឡី បាន​បញ្ជាក់​ទៀត​ថា ការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​នេះ គឺ​ការ​ទាក់ទាញ​យុវជន​ផ្នែក​នយោបាយ ច្រើន​ជាង​សកម្មភាព​ពិត​ប្រាកដ​សម្រាប់​ការងារ​ប្រទេស​ជាតិ ដែល​គេ​ឃើញ​ថា មាន​ផល​ប្រយោជន៍​ដល់​ពួក​គេ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។

លោក កែម ឡី៖ «បើ​សិន​ជា​គាត់​ចង់​ធ្វើ​របៀប​នេះ​គឺ​យើង​មាន​សាកល​វិទ្យាល័យ​ច្រើន​អ្នក​ណា​ដែល​រៀន​ខាង​សុរិយោដី អ្នក​ណា​ដែល​រៀន​ខាង​ភូមិ​វិទ្យា អ្នក​ណា​ដែល​រៀន​ខាង​មាត្រដ្ឋាន​ភូមិវិទ្យា។ ដូច្នេះ​គាត់​អាច​បញ្ចូល​សិស្ស​និស្សិត​ដែល​រៀន​នៅ​មហាវិទ្យាល័យ ហើយ​ចំ​ជំនាញ​របស់​គាត់​ឲ្យ​គាត់​មក​ធ្វើ​កម្មសិក្សា​ហ្នឹង​ទៅ​ហើយ​ត្រឡប់​មក​វិញ​គាត់​អាច​បំពេញ​តួនាទី​ធ្វើ​លំហាត់​នៅ​តាម​សាលា​ហ្នឹង​គាត់​ចំណេញ​ជាង។ ឥឡូវ​បើ​សិន​ជា​គ្រាន់​តែ​ផ្ដល់​ថវិកា ឬ​ក៏​មួយ​លើក​ទឹក​ចិត្ត​គាត់​របៀប​ហ្នឹង បើ​សិន​ជា​គាត់​រៀន​ខាង​គណនេយ្យ​វិញ ហើយ​រៀន​ខាង​នយោបាយ​ការបរទេស​វិញ រៀន​ខាង​ច្បាប់​ទៅ​វិញ តើ​បទពិសោធន៍​អី​ដែល​គ្រាន់​តែ​ចុះ​វាស់​ដី​បាន​មក​ចំណេញ​ដល់​ការ​រៀន​សូត្រ? ហើយ​នៅ​ពេល​គាត់​ចេញ​ទៅ​ធ្វើការ​វិញ​នោះ តើ​បទពិសោធន៍​សម្រាប់​ទាក់ទាញ​សម្រាប់​ជួយ​ពង្រឹង​ការងារ​អត់? កម្ម​សិក្សា​គឺ​ល្អ​ហើយ​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នេះ​ល្អ​ហើយ ក៏​ប៉ុន្តែ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​យុវជន​ភ្ជាប់​ការ​រៀន​សូត្រ​របស់​គាត់​ជំនាញ​របស់​គាត់​ទៅ​ក្នុង​កម្មសិក្សា​នេះ។ ប្រសិន​បើ​មិន​អ៊ីចឹង​ទេ​គ្រាន់​តែ​ជា​ទាក់ទាញ​ផ្នែក​នយោបាយ​ច្រើន​ជាង»

ក្រុម​យុវជន​ស្ម័គ្រចិត្ត​មាន​គ្នា ១.១០០​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ចុះ​វាស់​វែង​ដី​ជូន​ពលរដ្ឋ គឺ​មក​ពី​សមាគម​សិស្ស​និស្សិត​បញ្ញវន្ត​ក្មេង​វត្ត សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យ សាកល​វិទ្យាល័យ​ភូមិន្ទ​ចម្ការ​ដូង វិទ្យាស្ថាន​បច្ចេកវិទ្យា សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ យុវជន​ស្ម័គ្រចិត្ត​ពី​ក្រសួង​រៀបចំ​ដែន​ដី​នគរ​រូបនីយកម្ម និង​សំណង់។

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៃ​សមាគម​យុវជន​ខ្មែរ​ហៅ​កាត់​ថា (KYA) លោក សេង ឫទ្ធី ថ្លែង​ថា ពិតប្រាកដ​ណាស់ យុវជន​ទាំង​នោះ​នឹង​ទទួល​បាន​ចំណេះដឹង​និង​បទពិសោធន៍​ដ៏​តិចតួច​ពី​ការងារ​រយៈ​ពេល​ខ្លី​នេះ។ លោក​បន្ត​ថា យុវជន​ដែល​មាន​អាយុ​ពី ១៨ ទៅ​ដល់ ៣០​ឆ្នាំ ប្រមាណ​ជាង ៣​លាន​នាក់ គឺ ៣៧% នៃ​អ្នក​បោះឆ្នោត​ជាង ៩​លាន​នាក់ មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១២។ ដូច្នេះ​ចំនួន​យុវជន​គ្រប់​អាយុ​បោះឆ្នោត​ដ៏​ច្រើន​នេះ គឺ​ជា​កត្តា​ជំរុញ​ឲ្យ​បក្ស​នយោបាយ​ងាក​មក​ចាប់​អារម្មណ៍​លើ​យុវជន។

លោក សេង ឫទ្ធី៖ «សំខាន់​ការងារ​នេះ​មិន​មែន​ជា​ការងារ​របស់​បុគ្គល​ទេ ជា​ការងារ​ជាតិ​ដែល​ត្រូវ​ធ្វើ​កិច្ចការ​ជូន​ប្រជាពលរដ្ឋ គឺ​ជា​កិច្ច​ការងារ​ជាតិ ហើយ​លោកនាយក​រដ្ឋមន្ត្រី​គាត់​មាន​ប្រសាសន៍​អ៊ីចឹង។ ខ្ញុំ​ថា រឿង​ហ្នឹង​ដូច​ជា​យក​យុវជន​ជា​ខែល​យក​ប្រជាប្រិយភាព​នៅ​ក្នុង​គណបក្ស​នយោបាយ ពីព្រោះ​ការងារ​នេះ​ខ្ញុំ​គិត​ថា មិន​ជា​រឿង​របស់​បុគ្គល​ទេ ជា​ការងារ​របស់​ជាតិ​តែ​ម្ដង។ ហើយ​ដល់​គាត់​ធ្វើ​អ៊ីចឹង​ខ្ញុំ​មិន​គាំទ្រ​ទេ​ចំពោះ​ទស្សនៈ​របស់​ខ្ញុំ ព្រោះ​ត្រូវ​ឲ្យ​ស្ថាប័ន​ជាតិ​ជា​អ្នក​រៀបចំ​ជា​ការ​ប្រសើរ»

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ទស្សនៈ​ថា គណបក្ស​កាន់​អំណាច​អាច​ធ្វើ​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ​តាម​រយៈ​ការងារ​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ ដើម្បី​ជា​សមិទ្ធផល​របស់​បក្ស​ទៅ​វិញ៖ «ជា​ការ​ពិត​ពី​ការ​បោះឆ្នោត​មួយ​ទៅ​ការ​បោះ​ឆ្នោត​មួយ បើ​សិន​ជា​គណបក្ស​ណា​ដែល​មាន​កម្លាំង​គាំទ្រ​ពី​យុវជន​ច្រើន គឺ​គណបក្ស​ហ្នឹង​នឹង​ទទួល​ការ​ឈ្នះ​ឆ្នោត ពីព្រោះ​កម្លាំង​យុវជន​អាច​បោះ​ឆ្នោត​បាន​ច្រើន​ដង​ខុស​ពី​កម្លាំង​យុវ​ចាស់។ អ៊ីចឹង​ហើយ​មនុស្ស​ម្នាក់ៗ​នាំ​គ្នា​ទាញ​យុវជន ទាញ​ក្នុង​ផ្លូវ​ល្អ ទាញ​តាម​រយៈ​ទិញ​ទឹក​ចិត្ត តាម​រយៈ​ការ​ផ្ដល់​ការងារ​ឲ្យ​គាត់​ផ្ដល់​អនាគត​ភ្លឺ​ស្វាង​ឲ្យ​គាត់​នោះ គឺ​ជា​ការ​ល្អ ក៏​ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ធ្វើ​ប្រជាភិថុតិ បង្វក់​យុវជន​ឲ្យ​សប្បាយ​ភ្លើតភ្លើន​តែ​រយៈពេល​ខ្លី ហើយ​ធ្វើ​ឲ្យ​ឈ្លក់​វង្វេង​នឹង​ផល​ប្រយោជន៍​បន្តិច​បន្តួច។ ការ​ទិញ​ទឹក​ចិត្ត​បន្តិចបន្តួច​មួយ​រយៈពេល​ខ្លី​នៅ​រយៈពេល​វែង​គាត់​នឹង​ជួប​ការ​លំបាក​នេះ​ជា​បញ្ហា​ដែល​យុវជន​ត្រូវ​គិត»

អ្នក​វិភាគ​បញ្ហា​សង្គម​បាន​បញ្ជាក់​ថា ជា​ដំណោះស្រាយ​ដើម្បី​អូសទាញ​យុវជន​នោះ គឺ​មាន​តែ​ផែនការ​អភិវឌ្ឍ​ជាតិ ដូច​ជា​នឹង​ដោះស្រាយ​បញ្ហា​ជាតិ កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ បញ្ហា​អំពើ​ពុករលួយ និង​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ជាក់លាក់​ក្នុង​ការ​ជួយ​យុវជន តាំង​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​កំពូល នោះ​ទើប​អាច​ទាក់ទាញ​យុវជន​ឲ្យ​ងាក​មក​គាំទ្រ​បក្ស​របស់​ខ្លួន​បាន។

គោលការណ៍​របស់​បក្ស​កុម្មុយនិស្ត​ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា យុវជន​គឺ​ជា​ធនធាន​ដ៏​សំខាន់​របស់​បក្ស មាន​ន័យ​ថា យុវជន​ជា​សសរ​ទ្រូង​របស់​បក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ឆៃយ៉ា

ពី សៀមរាប

បើជាមនុស្សរស់ក្នុងសង្គមនេះ គឺមិនខ្មាស់គេទេ។ សង្គមសព្វថ្ងៃសរបញ្ជាក់អោយឃើញពីអ្វីៗគ្រប់យ៉ាងហើយ។ ការហូរចូលនៃជនជាតិយួន បាត់បង់ដីធ្លី ភាពអយុត្តិធម៌ ទោះជាមិនទាន់ធ្លាក់លើខ្ញុំ តែខ្ញុំពិតជាមានការឈឺចាប់ណាស់ដែលបានឃើញ។ គ្រប់ជាតិសាសគឺចង់រស់ក្នុងសង្គមសម្បូរសប្បាយ យុត្តិធម៌ មានសុភមង្គល រឺអ្វីៗទាំងនេះបងចង់បានតែម្នាក់ឯងទេរឺ។
ខ្ញុំដឹងថាខ្ញុំនៅក្មេងខ្ចី(២២ឆ្នាំ)មិនដឹងពីនយោបាយអ្វីទេ តែខ្ញុំសុំនិយាយពីអ្វីៗដែរខ្ញុំបានឃើញប៉ុនោះ។

Jul 26, 2012 12:39 AM

Dara-

ពី Kampot

អស់លោកអើយ តើនៅខ្មែរមានមនុស្សរបៀបអស់លោកដែលចាំតែជំទាស់នេះប៉ុន្មាននាក់ទៀត៕​ អស់លោកចេះស្អីខ្លះ​ ? ប្រហែលអស់លោកមើលទៅមិនអាចប្រើយុវជនទាំងអស់នោះបានផង!​ អស់លោកចាំតែថាគេខុស នេះ ខុសនោះ។។ បើជាខ្ញុំវិញខ្មះគេស្លាប់ហើយ​៕៕៕

Jul 14, 2012 05:21 AM

Quang Tran

ពី Saigon

My beloved Cambocian youth, please consider this " For the love money is at the root of all evil. And some people, craving money have wandered from the faith and pierced themselves with many sorrow." so please, think about a long term effect/result than what it is now and bear a cronic consequences. Also be awared of a temping outside;toxic inside bait from political deceptions or you will be absolutely painfully suffering with unpredictable regret. Your bright future is awaiting for you if you wisely make the choice a cursed or blessing.God's thruth is the best protection against Evil's lies.

Jul 14, 2012 04:21 AM

អ្នក​អាន​អនាមិក

ចុះដីបឹងកក់​ ម្ទេចមិនរវល់ផង​ លោក ហ៊ុន សែន?

Jul 13, 2012 11:39 AM

និម្មិត

ពី អ្នកស្រែ

ឱ្យ​តែ​មាន​អ្នក​បង្កើត​ការងារ​សម្រាប់​ក្រុម​យុវជន វា​ជា​ការ​ល្អ​ហើយ​​កុំ​ឱ្យ​តែ​បាតដៃ​ទទេ ឬ​បាន​តែ​សម្តី បង​ប្អូន មិត្តភ័ក្រ​ខាង​ណា​ក៏​បាន​ដែរ​ឱ្យ​តែ​ចេះ​បង្កើត​ការងារ​សម្រាប់​​ប្រជាជន/យុវជន​ខ្មែរ​ ខ្ញុំ​គាំទ្រ​ទាំង​អស់ យើង​គួរ​នាំគ្នា​ផ្តល់​ឱកាស ឬ​​ជួយ​បង្កើត​ការងារ​​ឱ្យ​បាន​ច្រើន ជា​ជាង​​នាំគ្នា​​ស្វែងរក​ការងារ​ធ្វើ ឬ​ធ្វើ​ការ​ទិះទាន

Jul 13, 2012 06:38 AM

មើល​មតិ​ទាំង​អស់.