ទាក់ទងទៅនឹងករណីឆក់ប្លន់នេះ មានអំពើប្លន់សម្លាប់មួយករណីថ្មី បានកើតមាននៅខែត្រកំពង់ស្ពឺ កាលពីយប់ថ្ងៃទី ៧ មេសា ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាចោរប្លន់ ដែលជាឃាតក។
មន្ត្រីនគរបាលឃុំអមលាំង ស្រុកថ្ពង ខែត្រកំពង់ស្ពឺ បានឲ្យដឹងថា មានបុរសម្នាក់ស្លាប់ដោយសារចោរចូលប្លន់ក្នុងផ្ទះ នៅវេលាម៉ោង ៧ និង ៤៥ នាទីយប់ ថ្ងៃទី ៧ មេសា នៅភូមិកាកោង។
មេប៉ុស្តិ៍ប៉ូលិសឃុំអមលាំង បានឲ្យដឹងនៅថ្ងៃទី ៩ មេសាថា ជនរងគ្រោះឈ្មោះ ហួន មីន មានអាយុ ៥៤ ឆ្នាំ មានមុខរបរជាអ្នកដឹកអុសលក់ ត្រូវបានចោរចូលក្នុងផ្ទះប្លន់យកម៉ូតូ ១ គ្រឿង និងវាយសម្លាប់ និងចបជីកស្លាប់ភ្លាមៗ នៅខណៈភរិយារបស់លោកចេញទៅលេងផ្ទះអ្នកជិតខាង ហើយនៅក្នុងពេលនោះ នៅក្នុងផ្ទះមានតែជនរងគ្រោះម្នាក់ឯង។
មន្ត្រីនគរបាលដដែលបានអះអាងថា ចោរប្លន់នោះជាអ្នកក្នុងភូមិជាមួយគ្នា ខាងសមត្ថកិច្ចចម្រុះកំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់។
ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពប្លន់សម្លាប់នេះ គេសង្កេតឃើញថា បានកើតមាននៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងមកដល់មួយសប្ដាហ៍ទៀត។ បញ្ហានេះជាក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋអំពីភាពអសន្តិសុខ ដែលកើតមាននេះ។
សាច់ញាតិជនរងគ្រោះឈ្មោះ ហាត់ លាងហ៊ីម បានបញ្ជាក់ថា ផ្ទះជនរងគ្រោះនៅឆ្ងាយពីប៉ុស្តិ៍នគរបាលឃុំថ្ពងប្រមាណ ៤០ ម៉ែត្រ។ លោកបញ្ជាក់ថា នៅវេលាម៉ោងជាង ៨ យប់ ប្រពន្ធជនរងគ្រោះត្រលប់ទៅផ្ទះវិញ ឃើញស្វាមីរបស់ខ្លួនស្លាប់ ហើយក៏ស្រែកឲ្យគេជួយនៅពេលនោះតែម្ដង។ ប៉ុន្តែ បន្ទាប់ពីដឹងរឿងនេះចោរគេចខ្លួនបាត់។
លោកមេប៉ុស្តិ៍បានបញ្ជាក់ថា នេះជាករណីទី១ ហើយ ដែលមានអំពើប្លន់នៅក្នុងឃុំរបស់លោក នៅឆ្នាំ ២០១២ ហើយករណីនេះ លោកបញ្ជាក់ថា ខាងសមត្ថកិច្ចចុះមកពីខែត្រ និងសមត្ថកិច្ចរបស់លោកកំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់ ដើម្បីចាប់ខ្លួនចោរប្លន់នោះ។
កាលពីឆ្នាំ ២០១១ កន្លងទៅ ករណីប្លន់នៅឃុំអមលាំងមិនមាននោះទេ។ លោកមេប៉ុស្តិ៍បញ្ជាក់ទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនឹងឈានមកដល់ខាងមុខនេះ កម្លាំងសមត្ថកិច្ចរបស់លោកជាច្រើននាក់ បានត្រៀមលក្ខណៈយាមកាម ដើម្បីទប់ស្កាត់បទល្មើសនានា កុំឲ្យកើតមាន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី រក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។