ភ្ជាប់ទៅនិងបញ្ហានេះ មានករណីមួយថ្មីទៀត ដែលអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) បានរកឃើញថា មានពិរុទ្ធជនជាច្រើន ដែលសាលាឧទ្ធរណ៍បើកសវនាការកាត់ទោសកំបាំងមុខ។
អង្គការសិទ្ធិមនុស្ស លីកាដូ បានរកឃើញពិរុទ្ធជន ឬជនជាប់ចោទជិត ៨០០ នាក់ នៅពន្ធនាគារក្នុងខែត្រចំនួន ១១ ត្រូវបានសាលាឧទ្ធរណ៍កាត់ទោសកំបាំងមុខ ដោយមិនបានដឹកអ្នកជាប់ឃុំទាំងនោះ ទៅចូលរួមឆ្លើយតទល់នៅក្នុងសវនាការឡើយ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានឲ្យដឹងនៅថ្ងៃទី ២២ មេសាថា ជនជាប់ចោទ ទាំងបទឧក្រិដ្ឋ ទាំងបទមជ្ឈិម ដែលសាលាដំបូងនៅតាមខែត្រ ក្រុងទាំង ១១ ក្នុងចំណោម ២៤ ខែត្រក្រុង ដែលសាលាដំបូងបានកាត់ទោសរួចនោះ ពួកគេបានប្ដឹងទាស់សាលក្រមសាលាដំបូង ទៅសាលាឧទ្ធរណ៍ ដើម្បីទាមទាររកយុត្តិធម៌។ ផ្ទុយទៅវិញ នៅពេលសាលាឧទ្ធរណ៍បើកសវនាការ បែរជានៅតាមពន្ធនាគារទាំងនោះ មិនបានជញ្ជួនពិរុទ្ធជន ឬជនជាប់ចោទមកចូលរួមឆ្លើយតទល់នៅសវនាការទេ។
លោក អំ សំអាត៖ «ប្រព័ន្ធយុត្តិធម៌យើងនេះ មិនទាន់ឆ្លើយតបឲ្យបានត្រឹមត្រូវ ពីព្រោះសវនាការកាលណាអវត្តមានជនជាប់ចោទ វាខ្វះចន្លោះភាពយុត្តិធម៌»។
អនុប្រធានសាលាឧទ្ធរណ៍លោក ជួន ស៊ុនឡេង បានទទួលស្គាល់ថា មានពិរុទ្ធជន ឬជនជាប់ចោទមិនបានមកចូលរួមក្នុងសវនាការនៅសាលាឧទ្ធរណ៍មែន ដោយសារតែបញ្ហាខ្វះមធ្យោបាយដឹកជញ្ជួន។
លោក ជួន ស៊ុនឡេង៖ «អាហ្នឹងមកពីរឿងឧក្រិដ្ឋគេដឹកមកសាលាឧទ្ធរណ៍វានៅឆ្ងាយ។ ប៉ុន្តែ គេមានមេធាវី ហើយមេធាវី ឥឡូវនេះតិចណាស់ ពីព្រោះមេធាវីរបស់អង្គការវាអត់មានឥឡូវ»។
ទាក់ទងទៅនឹងបញ្ហានេះ លោក អំ សំអាត បានលើកឡើងថា មានពិរុទ្ធជនជិត ៨០០ នាក់មាននៅពន្ធនាគារនៅឆ្ងាយពីទីក្រុងភ្នំពេញ ដូចជា នៅខែត្របន្ទាយមានជ័យ បាត់ដំបង កំពង់ធំ ពោធិ៍សាត់ កំពង់ស្ពឺ ក្រុងព្រះសីហនុ និងខែត្រមួយចំនួនទៀតមិនបានចូលរួម។
លោក អំ សំអាត បញ្ជាក់ថា មូលហេតុដែលគេមិនបញ្ជូនពិរុទ្ធជនទាំងនោះ មកចូលរួមសវនាការនៅសាលាឧទ្ធរណ៍ ដោយសារខាងពន្ធនាគារទាំងនោះ បញ្ជាក់ថា ខ្វះមធ្យោបាយដឹកជញ្ជួន ខ្លះមានរថយន្តតែគ្មានលុយចាក់សាំង នៅខែត្រឆ្ងាយពេក។ ខ្លះទទួលបានដីកាពីសាលាឧទ្ធរណ៍យឺតជាដើម។
លោក អំ សំអាត៖ «សំណូមពរដល់រដ្ឋាភិបាលគួរតែបង្កើតសាលាឧទ្ធរណ៍នៅតាមបណ្ដាភូមិភាគ។ ទី១ គឺកាត់បន្ថយចំណាយ។ ទី២ នៅតាមបណ្ដាខែត្រនៅជិតភូមិភាគ អាចមានលទ្ធភាពគ្រប់គ្រាន់ពិរុទ្ធជនមកសាលាឧទ្ធរណ៍នៅជិតៗ ហ្នឹងអាចបញ្ជូនមកបានហើយ»។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ផ្នែកសង្កេតការណ៍តុលាការនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា ម៉ាង មូនីកា បានពន្យល់ថា បញ្ហាទំាងនេះ មកពីសាលាឧទ្ធរណ៍នៅប្រទេសកម្ពុជា មានតែមួយ គឺនៅរាជធានីភ្នំពេញ។ ប៉ុន្តែកញ្ញា មូនីកា បានលើកហេតុផលថា វារឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលសាលាឧទ្ធរណ៍បានកាត់ទោសកំបាំងមុខនេះ ពីព្រោះថា ពិរុទ្ធជន ឬជនជាប់ចោទទាំងនេះ មិនមែនមានន័យថា ពួកគេជាមនុស្សមានទោសនោះទេ លុះត្រាតែមានសាលក្រមចេញជាស្ថាពរ ទើបបញ្ជាក់ថា ពួកគេមានទោស។
កញ្ញា ម៉ាង មូនីកា៖ «បញ្ហាវាកាន់តែធ្ងន់ធ្ងរទៅ ប្រសិនបើជនជាប់ចោទទាំងអស់នោះ ត្រូវបានគេកាត់ទោស។ ពិសេសទៅទៀត នៅពេលគេកាត់ទោសពួកគាត់អត់មានមេធាវី កាន់តែធ្ងន់ធ្ងរទៅអត់មានអ្នកណាការពារផលប្រយោជន៍ឲ្យគាត់ទៀត។ អ៊ីចឹងហាក់បីដូចជាតុលាការហ្នឹងធ្វើការតែឯង»។
លោក អំ សំអាត បានបញ្ជាក់ទៀតថា ចំនួនជិត ៨០០ នាក់ ដែលអង្គការ លីកាដូ រកឃើញនេះ គិតតាំងពីឆ្នាំ ២០១០ មកដល់ដើមខែមេសា ឆ្នាំ ២០១២ នេះ។ លោកអះអាងថា របាយការណ៍នេះ គេនឹងបញ្ចេញជាផ្លូវការ នៅថ្ងៃទី ២៤ មេសាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
