តុលាការ​ចាត់ការ​សំណុំ​រឿង​ជំនួយ​ការ​លោក ហ៊ុន សែន ​បង្ក​ហិង្សា

ជំនួយ​ការ​ផ្ទាល់ និង​ជា​អង្គរក្ស​មួយ​រូប​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រង​ការ​ចោទ​ប្រកាន់​ថា បាន​វាយ​តប់​បុរស ៤​នាក់​អោយ​របួស​នៅ​សណ្ឋាគារ​កោះកុង ស៊ីធី (Koh Kong City) ក្នុង​ខេត្ត​កោះកុង។

0:00 / 0:00

ភ្លាមៗ​ក្រោយ​ពី​កើត​ហេតុ អាជ្ញាធរ​សមត្ថកិច្ច​ក្នុង​ខេត្ត​នេះ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត។

ព្រះ​រាជអាជ្ញា​អម​តុលាការ​ខេត្ត​កោះកុង បាន​ចាប់​ផ្ដើម​សាក​សួរ​សំណុំ​រឿង​អំពើ​ហិង្សា​បង្ក​ដោយ​ជំនួយ​ការ​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែ​មេសា ឆ្នាំ​២០១២។

ព្រះរាជអាជ្ញា​ខេត្ត​កោះកុង លោក តុប ឈុនហេង មាន​ប្រសាសន៍​ថា តុលាការ​កំពុង​ដំណើរការ​រឿង​ក្ដី​នេះ៖ «ខ្ញុំ​កំពុង​សាកសួរ បាន​ហើយ​អ៊ីចឹង»

ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ប៊ុន សុខា ជា​នាយរង​សេនាធិការ​ចម្រុះ​មាន​ឋានន្តរ​ស័ក្ដិ​ផ្កាយ​ពីរ និង​អង្គរក្ស ៣​នាក់​ផ្សេង​ទៀត ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច​ខេត្ត​កោះកុង កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ក្រោម​បទ​ចោទ​ប្រកាន់​បង្ក​របួស​ស្នាម ដោយ​​ប្រើ​​កាំ​ភ្លើង ដំបង​ឆក់ និង​ខ្នោះ​ដៃ វាយ​មនុស្ស ៤​នាក់ ឲ្យ​របួស​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

ជន​រង​គ្រោះ ២​នាក់ ក្នុង​ចំណោម ៤​នាក់ បាន​ដាក់​ពាក្យ​បណ្ដឹង បន្ទាប់​ពី​បដិសេធ​ការ​សម្រប​សម្រួល​បញ្ចប់​បញ្ហា​នេះ​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ប្រាក់​ចំនួន ១.៥០០​ដុល្លារ។ ជន​រងគ្រោះ​ទាំង ២​នាក់​នោះ​មាន​ឈ្មោះ សាំង ផៃរ៉ាត់ និង នង សូដែន។

លោក សាំង ផៃរ៉ាត់ មាន​ប្រសាសន៍​ថា លោក​ចង់​បាន​យុត្តិធម៌​ចំពោះ​ការ​វាយដំ ដោយ​លោក​ពុំ​មាន​កំហុស និង​ពុំ​មាន​ហេតុ​ផល​ច្បាស់​លាស់៖ «ឥឡូវហ្នឹង​ខ្ញុំ​អោយ​ប៉ូលិស​គេ​ធ្វើ​តាម​ច្បាប់»

កាលពី​វេលា​ម៉ោង​ជិត ១១​យប់ ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១២ មាន​ករណី​វាយ​ធ្វើ​ទារុណកម្ម​មួយ ​បាន​កើត​ឡើង​នៅ​សណ្ឋាគារ​កោះកុង ស៊ីធី ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បណ្ដាល​អោយ​មនុស្ស​បួន​នាក់​របួស​ធ្ងន់ និង​ស្រាល ក្នុង​នោះ​ក៏​មាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ មួយ​រូប​ផង​ដែរ។ ហេតុការណ៍​នោះ​កើត​ឡើង​នៅ​ពេល​ដែល​លោក សាំង ផៃរ៉ាត់ បាន​ត្រឡប់​ទៅ​រក​ខ្សែ​ក ដែល​អះអាង​ថា បាន​ភ្លេច​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​លោក​បាន​ស្នាក់​នៅ​ពីរ​ថ្ងៃ គឺ​មុន​ពេល​ដែល​លោក ប៊ុន សុខា បាន​ទៅ​ស្នាក់​នៅ​បន្ត។

ទោះ​ជា​យ៉ាង​ណា ករណី​បង្ក​របួស​ស្នាម​ដោយ​ជំនួយការ​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ត្រូវ​សមត្ថកិច្ច និង​តុលាការ​ខេត្ត​កោះកុង ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស ដែល​ជា​ករណី​ដ៏​កម្រ​មួយ។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​កោះ​កុង លោក នាង បូរ៉ាទីណូ។ លោក​មាន​ប្រសាសន៍​ថា ប្រសិន​បើ​តុលាការ​ខេត្ត​កោះកុង អាច​រក​យុត្តិ​ធម៌​ផ្ដល់​អោយ​ជន​រង​គ្រោះ​បាន នោះ​តុលាការ​នេះ​នឹង​ក្លាយ​ជា​គំរូ​ល្អ​មួយ៖ «នេះ​ជា​ករណី​លើក​ទី​១ ដែល​សមាគម​អាដហុក ខេត្ត​កោះកុង បាន​ទទួល និង​ធ្វើ​អន្តរាគមន៍ ហើយ​ជា​ពិសេស​ខាង​តុលាការ​ខេត្ត​កោះកុង គឺ​ទាំង​ខាង​ព្រះរាជអាជ្ញា ខាង​តុលាការ​ហ្នឹង គាត់​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ចាត់​វិធានការ​ផង​ដែរ​ក្នុង​ការ​សាកសួរ​នាំ​​ទៅ​លើ​ជន​​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ផ្ទាល់»

លោក នាង បូរ៉ាទីណូ បន្ត​ថា បើ​ទោះ​ជា​មាន​អន្តរាគមន៍​ផ្ដល់​សំណង​ដោះ​ស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ក៏​ដោយ ក៏​ជន​រងគ្រោះ ២​នាក់​ក្នុង​ចំណោម ៤​នាក់​បាន​ប្រកាន់​ជំហរ​ដាក់​ពាក្យ​បណ្ដឹង​អោយ​តុលាការ​ចាត់​វិធានការ​តាម​ច្បាប់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។