មកទល់ពេលនេះ រចនាសម្ព័ន្ធការិយាល័យរដ្ឋបាលរបស់រដ្ឋ នៃអតីតខេត្តសំបូរត្បូងពេជ្រមួយនេះ នៅមិនទាន់បានរៀបចំបានស្រួលបួលនៅឡើយទេ។ ដូច្នេះហើយ ទើបអាជ្ញាធរនៅខេត្តនេះ យកអតីតរោងកុន ដែលជាទីកន្លែងសប្បាយរីករាយ ធ្វើជាពន្ធនាគារឃុំឃាំងអ្នកទោសជាបណ្ដោះអាសន្ន។
ឥឡូវនេះ មានដំណឹងថា មនុស្សដែលកំពុងជាប់ក្នុងពន្ធនាគារនេះ កើតមានជំងឺប្រចាំកាយ ហើយ ត្រូវការថ្នាំពេទ្យព្យាបាល។
អង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) មានគម្រោងបញ្ជូនគ្រូពេទ្យ និងថ្នាំពេទ្យមួយចំនួន ចុះទៅព្យាបាលអ្នកទោស នៅពន្ធនាគារខេត្តប៉ៃលិន នៅសប្ដាហ៍ខាងមុខនេះ បន្ទាប់ពីការលិចឮដំណឹងថា មានអ្នកទោសមួយចំនួន ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារនោះ កើតមានជំងឺប្រចាំកាយ ដូចជាជំងឺគ្រុនផ្ដាសាយ និងជំងឺក្អកជាដើម។
មន្ត្រីអង្គការ លីកាដូ ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង ថ្លែងនៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកក្កដាថា មានអ្នកទោសប្រុសស្រីជាច្រើននាក់ធ្លាក់ខ្លួនឈឺ ហើយខ្វះថ្នាំសង្កូវព្យាបាល។ ដូច្នេះហើយ អង្គការ លីកាដូ បានត្រៀមបញ្ជូនក្រុមគ្រូពេទ្យអង្គការទៅព្យាបាលអ្នកទោសនៅទីនោះ។
លោក ហេង សាយហុង៖ «វាពិតប្រាកដហើយ ព្រោះយើងខាងអង្គការ លីកាដូ ហ្នឹង គ្រោងផ្ដល់ វេជ្ជបណ្ឌិត ចុះទៅព្យាបាលអ្នកទោសនៅប៉ៃលិន ព្រោះថា យើងមើលឃើញថា ស្ថានភាពរស់នៅ របស់អ្នកទោសហ្នឹង គាត់មានជំងឺច្រើនយោងតាមការស្នើសុំ របស់ខេត្តប៉ៃលិន។ គាត់មានការលំបាកការគ្រប់គ្រង ហើយឃើញអ្នកទោសកាន់តែកើនឡើង មានជំងឺ។ យើងគិតហើយ បើតាមផ្នែកសិទ្ធិមនុស្ស គេនិយាយថា មនុស្សដែលជាប់នៅក្នុងពន្ធនាគារ មិនមានន័យថា ទទួលទណ្ឌកម្មមួយមុខទេ។ តែត្រូវមានសិទ្ធិនៅក្នុងការព្យាបាល សិទ្ធិនៅក្នុងរស់រានមានជីវិត»។
ក្នុងរយះពេលជាង ១០ឆ្នាំកន្លងទៅនេះ ខេត្តប៉ៃលិនពុំមានស្ថាប័នតុលាការសម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានខេត្តនេះទេ ហើយរាល់ការប្ដឹងផ្ដល់ទំនាស់របស់ប្រជាពលរដ្ឋ និងបទល្មើសផ្សេងៗ កងកម្លាំងមានសមត្ថកិច្ច ត្រូវចាប់បញ្ជូនទៅកាត់ទោសនៅតុលាការខេត្តបាត់ដំបង និងឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង។
ប៉ុន្តែ កាលពីដើម ឆ្នាំ ២០១១ រដ្ឋាភិបាលបានបង្កើតតុលាការខេត្តប៉ៃលិន ដើម្បីជួយសម្រួលសេវាច្បាប់ក្នុងមូលដ្ឋាន ដោយបានយកអតីតរោងកុនមានទីធ្លាតូចមួយធ្វើជាមន្ទីរឃុំឃាំង។
បច្ចុប្បន្ន មានមនុស្សក្មេងចាស់ ប្រុសស្រី ជិត ១០០ កំពុងជាប់ឃុំនៅទីនោះ។ មន្ត្រីអង្គការសិទ្ធិមនុស្ស លីកាដូ ថ្លែងថា ស្ថានភាពនៅក្នុងពន្ធនាគារ កំពុងជួបការលំបាកច្រើន នៅក្នុងការឃុំគ្រងអ្នកទោសនៅទីនោះ ដោយសារទីតាំងពន្ធនាគារ អាជ្ញាធរយកអតីតរោងកុន ដែលមានវ័យចំណាស់មួយ ធ្វើជាមន្ទីរឃុំឃាំងបណ្ដោះអាសន្ន។
លោក ហេង សាយហុង បន្ត៖ «រោងកុនហ្នឹងមិនធំទេ។ រោងកុនតូច ហើយ រស់នៅចង្អៀត។ ត្រូវមានផាសុកភាព មិនបានត្រឹមត្រូវទេ។ អ៊ីចឹង ជំងឺវានឹងងាយឆ្លងណាស់ ហើយឥឡូវនេះ សំបូរជំងឺឆ្លងហ្នឹងទៀត ពេទ្យ លីកាដូ យើង ព្យាបាលនៅបាត់ដំបង នៅថ្ងៃទី ១៩ ថ្ងៃទី ២០ ហើយនៅថ្ងៃទី២១ យើងទៅព្យាបាល នៅខេត្តប៉ៃលិន»។
លោក នូ ធឿង ប្រធានពន្ធនាគារខេត្តប៉ៃលិនមានប្រសាសន៍ថា ដោយសារពន្ធនាគារខេត្តប៉ៃលិនមានទីធ្លាតូចចង្អៀត ធ្វើឱ្យអ្នកទោសមានការលំបាករស់នៅ។ លោកបន្តថា មានអ្នកទោសមួយចំនួន កើតមានជំងឺពិតប្រាកដមែន។ ប៉ុន្តែ រហូតមកទល់ពេលនេះ ពុំទាន់មានអ្នកទោសណាម្នាក់ ស្លាប់ដោយសារជំងឺនៅពន្ធនាគារទេ។
លោក នូ ធឿង៖ «បានវាគ្រាន់តែមានជំងឺគ្រុនក្ដៅ គ្រុនផ្ដាសាយ ហើយវាខ្វះថ្នាំសង្កូវបន្តិចបន្តួច។ វាមិនមានអីធំដុំទេ ហើយខ្ញុំចេះតែស្វែងរកថ្នាំ សុំទៅមន្ទីរសុខាភិបាលអ៊ីចឹងទៅ ហើយគាត់អោយបណ្ដើរៗ តាមកម្រិត អ្វីដែលគាត់មាន គាត់ចែករំលែកមកអោយយើង។ ការលំបាកហ្នឹង លំបាកច្រើនណាស់។ សំខាន់បំផុត គឺសុខភាពរបស់គាត់ យើងចេះថែមើល អ្វីដែលអោយគ្រោះថ្នាក់នៅកន្លែងនេះ។ ហាមដាច់ខាតហើយ អត់អោយមានទេ»។
ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃ នឹងចាប់ផ្ដើមសង់អគារពន្ធនាគារថ្មីមួយ លើផ្ទៃដីទំហំ ១ ហិកតារ នៅក្នុងខេត្តប៉ៃលិន នៅដើមឆ្នាំ ២០១២ ខាងមុខនេះ ដែលគម្រោងសាងសង់នេះ ត្រូវគេប៉ាន់ប្រមាណថា នឹងចំណាយថវិកាអស់ប្រមាណជិត ១ លាន ៥ សែនដុល្លារ។
មន្ត្រីពន្ធនាគារអោយដឹងថា ទីតាំងដែលត្រូវសង់ពន្ធនាគារថ្មីនោះ ស្ថិតនៅខាងក្រោយវត្តប៉ាហ៊ី ក្នុង ទីរួមខេត្តប៉ៃលិន។ ការសាងសង់ចាប់ផ្ដើមនៅដើមឆ្នាំ ២០១២។ តាមគម្រោង អគារគុកថ្មី មាន ១៣ អគារ។ ក្នុងនោះមានប៉ុស្តិ៍ប៉មយាម ១។
រដ្ឋាភិបាលបានប្រកាសបង្កើតខេត្តប៉ៃលិនជាផ្លូវការ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោយអតីតកងទ័ពខ្មែរក្រហម ធ្វើសមាហរណកម្មចូលរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ១៩៩៦។
មន្ត្រីផ្នែកស្រាវជ្រាវពន្ធនាគាររបស់អង្គការ លីកាដូ បានស្វាគមន៍ចំពោះគម្រោងសាងសង់ពន្ធនាគារនៅខេត្តប៉ៃលិន។ លោកថា ការសាងសង់គុកថ្មីបានឆាប់ កាន់តែប្រសើរ ពីព្រោះការប្រើប្រាស់អតីតអគាររោងកុនធ្វើជាមន្ទីរឃុំឃាំងអ្នកទោសនៅក្នុងខេត្តប៉ៃលិននេះ កំពុងមានភាពច្របូកច្របល់។
សំឡេង៖ «ពន្ធនាគារខេត្តប៉ៃលិន វាមិនទាន់មានលក្ខណៈជាពន្ធនាគារទេ។ ការឃុំខ្លួនមានភាពច្របូកច្របល់គ្នា រវាងបុរស និងស្ត្រី។ មើលទៅ ការឃុំខ្លួនដូចនៅក្នុងផ្ទះតែមួយអ៊ីចឹង មិនមែនជាមន្ទីរឃុំឃាំងទេ។ អ៊ីចឹង យើងសំណូមពរដល់នាយកដ្ឋានពន្ធនាគារ ត្រូវគិតគូរបញ្ហាជៀសវាង ការដាក់អ្នកទោស មើលឃើញគ្នាទៅវិញទៅមករវាងបុរស និងស្ត្រី»។
ពន្ធនាគារខេត្តប៉ៃលិនបច្ចុប្បន្ន បានយកអតីតអគាររោងកុន (ពិភពថ្មី) ប្រើប្រាស់ជាពន្ធនាគារបណ្ដោះអាសន្ន។ ចាប់តាំងពីខេត្តប៉ៃលិន និងក្រសួងយុត្តិធម៌ បង្កើតតុលាការនៅខេត្តនេះមក ចំនួនអ្នកទោសបានកើនឡើងជាបន្តបន្ទាប់។
បច្ចុប្បន្ន មានអ្នកទោសជិត ១០០នាក់ កំពុងឃុំខ្លួននៅទីនោះ។ បញ្ហាទីធ្លាពន្ធនាគារ ដែលតូចចង្អៀតនេះ ងាយនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទោសថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។