នាយ​ទាហាន​ម្នាក់ ត្រូវ​គេ​ចោទ​ថា ប្រើ​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ​ក្នុង​ជម្លោះ

ការ​អាង​អំណាច​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់ មិន​ទាន់​អស់​នៅ​ឡើយ​ទេ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន។
ដោយ មណ្ឌល កែវ
2012-08-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទាក់ទិន​បញ្ហា​នេះ នៅ​ឯ​ខេត្ត​ពោធិ៍សាត់ នាយ​ទាហាន​ម្នាក់ ត្រូវ​បាន​គេ​ចោទ​ថា បាន​ប្រើ​អំពើ​ហិង្សា ដោយ​ការ​បាញ់​គំរាម​ប្រជា​ពលរដ្ឋ​អស់​ជា​ច្រើន​គ្រាប់ ក្នុង​ជម្លោះ​គ្នា​មួយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មេ​បញ្ជាការ​របស់​ទាហាន​រូប​នោះ បាន​ឲ្យ​ដឹង​ថា អង្គភាព​បាន​ដាក់​វិន័យ​ផ្នែក​រដ្ឋបាល ចំពោះ​ទាហាន ដែល​បាន​ប្រព្រឹត្ត​នោះ​រួច​ហើយ។

អនុសេនីយ៍ឯក នៃ​អង្គភាព​ស៊ើបការណ៍ ឬ​ហៅ​ថា ដឺបេ (2B) ខេត្ត​ពោធិ៍សាត់​ម្នាក់ រង​ការ​ចោទ​ប្រកាន់​ពី​ប្រជា​ពលរដ្ឋ​មួយ​រូប​ថា ប្រើ​កាំភ្លើង​អាកា (AK) បាញ់​គំរាម​មក​លើ​រូប​គាត់។

លោកស្រី អែម ហាប អាយុ ៤៣ឆ្នាំ ជា​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ទួល​គ្រួស ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់។ អ្នកស្រី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១២ សីហា​ថា កាល​ពី​វេលា​ម៉ោង ៥ និង ១៥ នាទី ល្ងាច ថ្ងៃ​ទី ៩ ឧសភា ឆ្នាំ ២០១២ លោក​អនុសេនីយ៍ឯក ថា ណារ័ត្ន ហៅ ទូច ជា​ទាហាន​នៅ​អង្គភាព​ស៊ើប​ការណ៍​ខេត្ត​ពោធិ៍សាត់ បាន​ប្រើ​កាំភ្លើង​អាកា ៤៧ ស្វ័យ​បត់​បាញ់​គំរាម​គាត់​ចំនួន ៦ គ្រាប់​ក្នុង​ជម្លោះ​គ្នា​មួយ។

លោកស្រី​បន្ត​ថា ការ​បាញ់​គំរាម​នេះ កើត​ឡើង​ដោយសារ​លោក ថា ណារ័ត្ន ហៅ ទូច សង្ស័យ​គាត់​ថា បាន​ប្ដឹង​ទៅ​តុលាការ និង​អង្គការ​សិទ្ធិ​មនុស្ស ចោទ​ប្រកាន់​ទាហាន​ក្រោម​ឱវាទ​លោក​ថា បាន​ធ្វើ​ទារុណកម្ម​លើ​កូន​ប្រុស​លោក​ស្រី ដែល​រង​ការ​ចោទ​ប្រកាន់​ថា ជា​ចោរ​លួច​ម៉ូតូ។

អ្នកស្រី អែម ហាប៖ «វា​ជេរ​ខ្ញុំ​តាម​ទូរស័ព្ទ​ប្រហែល​ជិត​កន្លះ​ម៉ោង។ ដល់​ពេល​ទូរស័ព្ទ​អស់​លុយ វា​បើក​ឡាន​មក​ចូល​ដល់​ផ្ទះ​ខ្ញុំ វា​ហក់​ពី​លើ​ឡាន​មក​បាញ់​តែ​ម្ដង។វា​អត់​មាន​សួរ​ហេតុផល​អី​ទេ វា​ស្រែក​ថា ជីវិត​ង៉ែង​មួយ​មិន​អស់​ឡាន​អញ​មួយ​ផង! វា​ថា​អញ្ចឹង។វា​ថា ង៉ែង​ទៅ​ប្ដឹង​ទៅ​ប្ដឹង​ឲ្យ​អស់​ដី​អស់​ធ្លី​ទៅ។ វា​ថា​ឲ្យ​ខ្ញុំ​អ៊ីចឹង»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​អនុសេនីយ៍ឯក ថា ណារ័ត្ន ហៅ ទូច បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី ១២ សីហា។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មេ​បញ្ជាការ​អង្គភាព​ស៊ើបការណ៍​យោធា​ខេត្ត​ពោធិ៍សាត់ ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា អង្គភាព​បាន​ដាក់​ទណ្ឌកម្ម​តាម​វិន័យ​កងទ័ព និង​ដាក់​ពិន័យ​ផ្នែក​រដ្ឋបាល​ចំពោះ​លោក​អនុសេនីយ៍ឯក ថា ណារ័ត្ន រួច​ហើយ។

លោក​មេ​បញ្ជាការ​អង្គភាព​ស៊ើបការណ៍​បន្ត​ថា អង្គភាព​កំពុង​ព្យាយាម​សុំ​ជួប​គ្រួសារ​លោកស្រី អែម ហាប ដើម្បី​សុំ​ទោស និង​ផ្ដល់​សំណង​ជួសជុល​ផ្លូវ​ចិត្ត តែ​គ្រួសារ​លោក​ស្រី​នៅ​មិន​ទាន់​ទទួល​ការ​សុំ​ជួប​នេះ​នៅ​ឡើយ​ទេ។

សំឡេង៖ «ខ្ញុំ​បាន​ដក​ហូត​តួនាទី​អស់​ហើយៗ ហៅ​មក​អង្គភាព​ធ្វើ​វិន័យ​ទណ្ឌកម្ម​តាម​បែប​កងទ័ព​នៅ​នឹង​កន្លែង មិន​ឲ្យ​ទៅ​ណា​ទេ។ ប៉ុន្តែ​ក៏​កំពុង​ជាប់​ក្នុង​ផ្លូវ​ច្បាប់ ព្រោះ​គេ​បាន​ប្ដឹង​ទៅ​តុលាការ»។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​អង្កេត​អង្គការ លីកាដូ ខេត្ត​ពោធិ៍សាត់ កញ្ញា មិត សាមួន មាន​ប្រសាសន៍​ថា អង្គការ លីកាដូ ទើប​តែ​ទទួល​ពាក្យ​បណ្ដឹង​ពី​ភាគី​ជន​រង​គ្រោះ ហើយ​មិន​ទាន់​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។

កញ្ញា​បន្ត​ថា ការ​ដាក់​ទណ្ឌកម្ម​តាម​វិន័យ​កងទ័ព និង​ដាក់​ពិន័យ​ផ្នែក​រដ្ឋបាល​បាន​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ របស់​អង្គភាព​ស៊ើបការណ៍​នៃ​កងទ័ព​ខេត្ត​ពោធិ៍សាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

TA CHEY

ពី LONG BEACH

You should hang up phone and report to authority rigth away don't wait.This is dengerous to your safety and this is a criminal threat.It is a crime.

Aug 12, 2012 06:49 PM

អ្នក​អាន​អនាមិក

We all know that they would not punish one of their own despite he abused his authority to threaten the victim.

Aug 12, 2012 05:25 PM