បញ្ហាទាំងនេះបានជំរុញឲ្យសង្គមស៊ីវិល ជួបជាមួយស្ថាប័នពាក់ព័ន្ធ នៅថ្ងៃព្រហស្បតិ៍ ទី ២២ មីនា ដើម្បីចែករំលែកបទពិសោធន៍ និងផ្សព្វផ្សាយយុទ្ធសាស្ត្រក្នុងការកាត់បន្ថយការជួញដូរមនុស្សឲ្យមានប្រសិទ្ធភាព។
មន្ត្រីសង្គមស៊ីវិលជំរុញឲ្យមានអនុស្សរណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ស្ដីពីការបញ្ជូនកម្លាំងពលកម្មទៅប្រទេសម៉ាឡេស៊ី។
ក្រុមសង្គមស៊ីវិលយល់ឃើញថា បញ្ហានេះជារឿងចាំបាច់ណាស់ មុននឹងបន្តបញ្ជូនពលករកម្ពុជា ជាពិសេសអ្នកបម្រើតាមផ្ទះទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ីនោះ។
នាយកប្រតិបត្តិអង្គការ ខារ៉ាម កម្ពុជា (Caram Cambodia) លោក យ៉ា ណាវុធ បានថ្លែងថា លោកគាំទ្រណាស់បើសិនជារដ្ឋាភិបាលនៃប្រទេសទទួល ជាពិសេសប្រទេសម៉ាឡេស៊ីយល់ព្រមឲ្យមានអនុស្សរណៈ ឬក៏កិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសកម្ពុជា។ លោកថា អ្វីដែលជាចំណុចឧបសគ្គនោះគឺដោយសារឆន្ទៈរបស់រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីតែម្ដង។
លោក យ៉ា ណាវុធ៖ «ខ្ញុំយល់ថាធម្មតាទេប្រទេសនីមួយៗគេតែងតែគិតអំពីផលប្រយោជន៍នៃសេដ្ឋកិច្ចរបស់ប្រទេសគេនីមួយៗ យើងសួរខ្លួនឯងថាហេតុអ្វីបានជាប្រទេសខ្លះគេចូលចិត្តជួលពលករដែលមិនមានឯកសារដែលយើងហៅថាពលករខុសច្បាប់នោះ គឺកាលណាបើយើងជួលពលករខុសច្បាប់មានន័យថាវាចំណេញ។ ជួនកាលដល់ពេលដែលត្រូវបើកប្រាក់ខែ យើងមិនបើប្រាក់ខែឲ្យយើងហៅប៉ូលិសមកចាប់ទៅនេះក៏ជាការមួយចំណេញ។ ហើយបើយើងជួលពលករមួយស្របច្បាប់វាត្រូវបង់តម្លៃច្រើន រត់ការឯកសារផ្លូវច្បាប់ ច្រើនបង់ប្រាក់កម្រៃផ្សេងៗ មួយទៀតមានកាតព្វកិច្ចការពារអ្នកទាំងអស់នោះផងដែរ»។
លោក យ៉ា ណាវុធ ថ្លែងដូច្នេះនៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយស្ដីពី ការពង្រឹងសមត្ថភាព និងភាពម្ចាស់ការក្នុងការប្រយុទ្ធប្រឆាំងរាល់ទម្រង់នៃការជួញដូរមនុស្សដល់ភាគីពាក់ព័ន្ធ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ មីនា ។
ទាក់ទងបញ្ហានេះ អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ភាគីកម្ពុជាក៏ចង់បានអនុស្សរណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ ក្នុងគោលដៅការពារពលករដែរ។ អ្នកស្រីបន្តថា ការយឺតយ៉ាវគឺដោយសារភាគីទាំងពីរមិនទាន់ស៊ីសង្វាក់គ្នានៅក្នុងខ្លឹមសារមួយចំនួន ពីព្រោះអនុសារណៈនេះគឺស្ថិតនៅក្នុងសេចក្ដីព្រាងនៅឡើយ។ ក្រុមការងារនេះនឹងជំរុញទៅស្ថានទូតម៉ាឡេស៊ីឲ្យមានការជួបគ្នាឡើងវិញដើម្បីពន្លឿនការចុះអនុសារណៈរួមគ្នានេះ។
អ្នកស្រី ជូ ប៊ុនអេង៖ «វាមិនមែនជាការងាយស្រួលទេ ព្រោះវាពាក់ព័ន្ធជាមួយនិងស្ថានភាពនយោបាយក៏ដូចជាស្ថានភាពនៃគោលនយោបាយនៅក្នុងប្រទេសនីមួយៗពីព្រោះនៅពេលណាដែលយើងចុះអនុស្សរណៈយើងនិងអនុវត្តរួមគ្នា។ អ៊ីចឹងមានរឿងខ្លះគេអនុវត្តន៍បាននៅប្រទេសគេ តែមិនអាចអនុវត្តបាននៅប្រទេសយើង។ រឿងខ្លះយើងអនុវត្តន៍បាននៅប្រទេសយើងបានតែមិនអាចអនុវត្តនៅប្រទេសគេ។ ចាំបាច់ឲ្យមានការសម្របសម្រួលផ្លូវកណ្ដាលមួយដែលអាចទទួលយកបានទាំងអស់គ្នា»។
ភារធារីនៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក រ៉ាចា សៃហ្វូ រ៉ាយហ្សូវ៉ាន់ (Raja Saifful Ridzuwan) បានឆ្លើយតបនៅក្នុងសិក្ខាសាលានោះថា មានអនុសារណៈ អ៊ឹម.អូ.យូ (MOU) ចំនួន ២ គឺអនុស្សរណៈស្ដីពីការទប់ស្កាត់ការជួញដូរ និងអនុស្សរណៈស្ដីពីការបញ្ជូនកម្លាំងការងារ។ ទាំងពីរនេះគឺស្ថិតនៅក្នុងដំណើរការចរចារវាងប្រទេសទាំងពីរនៅឡើយ។
អនុស្សរណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ស្ដីពីការបញ្ជូនកម្លាំងពលកម្មទៅប្រទេសម៉ាឡេស៊ីនេះ គឺប្រទេសទាំងពីរបានធ្វើឡើង នៅអំឡុងឆ្នាំ២០១០ ប៉ុន្តែត្រូវបានបញ្ជូនទៅមកប្រទេសសាមីវិញ ដោយសារតែមិនត្រូវរ៉ូវគ្នានៅក្នុងខ្លឹមសារមួយចំនួន៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
