សង្គម​ស៊ីវិលជំរុញ​កិច្ច​ពិភាក្សា​​រវាង​កម្ពុជា និង​ម៉ាឡេស៊ីអំពី​ពលករ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស សង្កេត​ឃើញ​ថា ពលករ​កម្ពុជា​នៅ​តែ​ប្រឈម​បញ្ហា​ផ្សេងៗ ដូច​ជា ត្រូវ​បាន​គេ​ចាប់ ឃុំ​ខ្លួន បាត់​ខ្លួន ស្លាប់ និង​ត្រូវ​គេ​បញ្ជូន​ត្រឡប់​មក​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​ជាដើម។
ដោយ ខែ សុណង
2012-03-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជួញដូរ ៣០៥
២២-មីនា-២០១២៖ បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស ថត​រូប​អនុស្សាវរីយ៍។
RFA/Khe Sonorng

បញ្ហា​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​សង្គម​ស៊ីវិល ជួប​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២២ មីនា ដើម្បី​ចែក​រំលែក​បទពិសោធន៍ និង​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​ការ​ជួញ​ដូរ​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព។

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​អនុស្សរណៈ​យោគយល់​គ្នា ឬ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ស្ដីពី​ការ​បញ្ជូន​កម្លាំង​ពលកម្ម​ទៅ​ប្រទេស​ម៉ាឡេស៊ី។

ក្រុម​សង្គម​ស៊ីវិល​យល់ឃើញ​ថា បញ្ហា​នេះ​ជា​រឿង​ចាំបាច់​ណាស់ មុន​នឹង​បន្ត​បញ្ជូន​ពលករ​កម្ពុជា ជា​ពិសេស​អ្នក​បម្រើ​តាម​ផ្ទះ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ។

នាយក​ប្រតិបត្តិ​អង្គការ ខារ៉ាម កម្ពុជា (Caram Cambodia) លោក យ៉ា ណាវុធ បាន​ថ្លែង​ថា លោក​គាំ​ទ្រ​ណាស់​បើ​សិន​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​ទទួល ជា​ពិសេស​ប្រទេស​ម៉ាឡេស៊ី​យល់​ព្រម​ឲ្យ​មាន​អនុស្សរណៈ ឬ​ក៏​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ប្រទេស​កម្ពុជា។ លោក​ថា អ្វី​ដែល​ជា​ចំណុច​ឧបសគ្គ​នោះ​គឺ​ដោយសារ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី​តែ​ម្ដង។

លោក យ៉ា ណាវុធ៖ «ខ្ញុំ​យល់​ថា​ធម្មតា​ទេ​ប្រទេស​នីមួយៗ​គេ​តែងតែ​គិត​អំពី​ផល​ប្រយោជន៍​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​គេ​នីមួយៗ យើង​សួរ​ខ្លួន​ឯង​ថា​ហេតុ​អ្វី​បាន​ជា​ប្រទេស​ខ្លះ​គេ​ចូលចិត្ត​ជួល​ពលករ​ដែល​មិន​មាន​ឯកសារ​ដែល​យើង​ហៅ​ថា​ពលករ​ខុស​ច្បាប់​នោះ គឺ​កាល​ណា​បើ​យើង​ជួល​ពលករ​ខុស​ច្បាប់​មាន​ន័យ​ថា​វា​ចំណេញ។ ជួន​កាល​ដល់​ពេល​ដែល​ត្រូវ​បើក​ប្រាក់​ខែ យើង​មិន​បើ​ប្រាក់​ខែ​ឲ្យ​យើង​ហៅ​ប៉ូលិស​មក​ចាប់​ទៅ​នេះ​ក៏​ជា​ការ​មួយ​ចំណេញ។ ហើយ​បើ​យើង​ជួល​ពលករ​មួយ​ស្រប​ច្បាប់​វា​ត្រូវ​បង់​តម្លៃ​ច្រើន រត់ការ​ឯកសារ​ផ្លូវ​ច្បាប់ ច្រើន​បង់​ប្រាក់​កម្រៃ​ផ្សេងៗ មួយ​ទៀត​មាន​កាតព្វកិច្ច​ការពារ​អ្នក​ទាំង​អស់​នោះ​ផង​ដែរ»។

លោក យ៉ា ណាវុធ ថ្លែង​ដូច្នេះ​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ស្ដីពី ការ​ពង្រឹង​សមត្ថភាព និង​ភាព​ម្ចាស់ការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​រាល់​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស​ដល់​ភាគី​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២២ មីនា ។

ទាក់ទង​បញ្ហា​នេះ អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ មាន​ប្រសាសន៍​ថា ភាគី​កម្ពុជា​ក៏​ចង់​បាន​អនុស្សរណៈ​យោគយល់​គ្នា ឬ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី រវាង​ប្រទេស​ទាំង​ពីរ ក្នុង​គោលដៅ​ការពារ​ពលករ​ដែរ។ អ្នកស្រី​បន្ត​ថា ការ​យឺតយ៉ាវ​គឺ​ដោយសារ​ភាគី​ទាំង​ពីរ​មិន​ទាន់​ស៊ី​សង្វាក់​គ្នា​នៅ​ក្នុង​ខ្លឹមសារ​មួយ​ចំនួន ពីព្រោះ​អនុសារណៈ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ព្រាង​នៅ​ឡើយ។ ក្រុម​ការងារ​នេះ​នឹង​ជំរុញ​ទៅ​ស្ថានទូត​ម៉ាឡេស៊ី​ឲ្យ​មាន​ការ​ជួប​គ្នា​ឡើង​វិញ​ដើម្បី​ពន្លឿន​ការ​ចុះ​អនុសារណៈ​រួម​គ្នា​នេះ។

អ្នកស្រី ជូ ប៊ុនអេង៖ «វា​មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ ព្រោះ​វា​ពាក់ព័ន្ធ​ជាមួយ​និង​ស្ថានភាព​នយោបាយ​ក៏​ដូច​ជា​ស្ថានភាព​នៃ​គោលនយោបាយ​នៅ​ក្នុង​ប្រទេស​នីមួយៗ​ពីព្រោះ​នៅ​ពេល​ណា​ដែល​យើង​ចុះ​អនុស្សរណៈ​យើង​និង​អនុវត្ត​រួម​គ្នា។ អ៊ីចឹង​មាន​រឿង​ខ្លះ​គេ​អនុវត្តន៍​បាន​នៅ​ប្រទេស​គេ តែ​មិន​អាច​អនុវត្ត​បាន​នៅ​ប្រទេស​យើង។ រឿង​ខ្លះ​យើង​អនុវត្តន៍​បាន​នៅ​ប្រទេស​យើង​បាន​តែ​មិន​អាច​អនុវត្ត​នៅ​ប្រទេស​គេ។ ចាំ​បាច់​ឲ្យ​មាន​ការ​សម្របសម្រួល​ផ្លូវ​កណ្ដាល​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា»។

ភារធារី​នៃ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា លោក រ៉ាចា សៃហ្វូ រ៉ាយហ្សូវ៉ាន់ (Raja Saifful Ridzuwan) បាន​ឆ្លើយតប​នៅ​ក្នុង​សិក្ខាសាលា​នោះ​ថា មាន​អនុសារណៈ អ៊ឹម.អូ.យូ (MOU) ចំនួន ២ គឺ​អនុស្សរណៈ​ស្ដីពី​ការ​ទប់ស្កាត់​ការ​ជួញ​ដូរ និង​អនុស្សរណៈ​ស្ដីពី​ការ​បញ្ជូន​កម្លាំង​ការងារ។ ទាំង​ពីរ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណើរការ​ចរចា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឡើយ។

អនុស្សរណៈ​យោគយល់​គ្នា ឬ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ស្ដីពី​ការ​បញ្ជូន​កម្លាំង​ពលកម្ម​ទៅ​ប្រទេស​ម៉ាឡេស៊ី​នេះ គឺ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឡើង នៅ​អំឡុង​ឆ្នាំ​២០១០ ប៉ុន្តែ​ត្រូវ​បាន​បញ្ជូន​ទៅ​មក​ប្រទេស​សាមី​វិញ ដោយសារ​តែ​មិន​ត្រូវ​រ៉ូវ​គ្នា​នៅ​ក្នុង​ខ្លឹមសារ​មួយ​ចំនួន៕

កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។

មតិ (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Why Ms. Mou Sok Huor is quiet now with Khmer Ladies who are working in Malaysia now? Or maybe she gets any profit from those private companies already? Some people said that Ms. Mou Sok Huor is very closed with the Director of ACRA, Mr. An Bunhak

Mar 27, 2012 10:58 AM

អ្នក​អាន​អនាមិក

WHERE IS THE REAL DEMOCRACY IN CAMBODIA?POLICE ALWAYS SIDE TO PRIVATE COMPANIES WHO SENT OUR CAMBODIAN PEOPLE TO WORK LIKE SLAVES IN MALAYSIA.

Mar 27, 2012 10:54 AM

អ្នក​អាន​អនាមិក

Better stop sending Cambodian poor people to work as slaves in Malaysia anymore!

Mar 27, 2012 01:19 AM

អ្នក​អាន​អនាមិក

សូមអស់លោកដែលមាននៅក្នុងរួបខាងលើ និងរដ្ឋាភិបាលជួយដល់ កូនខ្មែរដែលកំពុងតែធ្វើការនៅប្រទេម៉ាឡេស៊ីផង ព្រោះក្រុមហ៊ុនបញ្ជូនទាំងអស់ ហាក់ជិះសេសលែងដៃហើយ ចាប់តាំងពីគេបានបិតមក...ជួយផងគ្រប់ទីកន្លែងហើយ....សំឡេងវេទនា

Mar 25, 2012 01:17 AM

អ្នក​អាន​អនាមិក

hun sen has correctly decided to close temporrary to stop those company bring people to work in Malaysia but who take care them in Malaysia where they are working . NGO ? Opposition party ? Hun sen? .

Mar 24, 2012 01:09 AM

មើល​មតិ​ទាំង​អស់.