វប្បធម៌​លើក​តម្កើង​មេដឹកនាំ​ក្នុង​សង្គម​ខ្មែរ

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា អ្នកដឹកនាំ​រដ្ឋាភិបាល​សព្វថ្ងៃ​មិន​ទទួល​យក​ការ​រិះគន់​អំពី​សកម្មភាព​ដឹកនាំ​របស់​ខ្លួន​ដោយ​មាន​ការ​ខ្វះ​ចន្លោះ​នោះ​ទេ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​បាន​ចាត់​ទុក​ក្រុម​អ្នក​រិះគន់​ទាំង​នោះ ជា​អ្នក​ប្រឆាំង​នឹង​ខ្លួន​ទៅ​វិញ។
ដោយ ទីន ហ្សាការីយ៉ា
2012-09-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មេដឹកនាំ​ជាន់ខ្ពស់ និង​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន ត្រូវ​បាន​អ្នក​គាំទ្រ និង​អ្នក​នៅ​ក្រោម​បង្គាប់​លើក​តម្កើង និង​ចាត់​ទុក​ជា​មនុស្ស​ដ៏​សំខាន់ និង​ខ្ពង់ខ្ពស់​ហួស​ផុត​ពី​កម្រិត​ជា​មនុស្ស។

ការ​លើក​តម្កើង​មេដឹកនាំ​ប្រទេស​បែប​នេះ ត្រូវ​បាន​អ្នក​វិភាគ និង​អ្នក​ឃ្លាំមើល​សង្គម បាន​លើក​ឡើង​ថា ជា​វប្បធម៌​បន្សល់​ទុក​តាំង​ពី​សម័យ​ដើម ដែល​គេ​ចាត់​ទុក​មេដឹកនាំ​ជា​មនុស្ស​សំខាន់​គ្មាន​អ្នក​ប្រៀប​បាន​នោះ។

អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត បាន​ឲ្យ​ដឹង​ថា នេះ​ជា​វប្បធម៌ ឬ​ទម្លាប់​ត​គ្នា​ពី​មុន​មក ដែល​គេ​ប្រើ​ពាក្យ​ល្អៗ​សម្រាប់​ហៅ​មេដឹកនាំ​មាន​តាំង​ពី​ជំនាន់​មុនៗ​មក រួម​មាន​នៅ​សម័យកាល​បារាំង ធ្វើ​អាណានិគម​និយម​លើ​កម្ពុជា របប​សង្គម​រាស្ត្រ​និយម របប​ខ្មែរ​ក្រហម បន្ត​រហូត​មក​ដល់​របប​បច្ចុប្បន្ន ដែល​គេ​ហៅ​មេដឹកនាំ ឬ​គោរព​មេដឹកនាំ​ជា​មនុស្ស​អស្ចារ្យ​នោះ។

អ្នកស្រី ជា វណ្ណាត៖ «ពាក្យ​ខ្មែរ​មួយ​ចេះ​តែ​ប្រើ​ពាក្យ​ថា ហៃ​អើៗ អា​ជ័យ​ធ្លាក់​ទឹក​ហើយ​ចេះ​តែ​ហៃអើៗ មិន​មាន​ភាព​ស្មោះត្រង់​ពិត​ប្រាកដ ឃើញ​ខុស​ហើយ​មិន​ហ៊ាន​ថា​ខុស​ទៀត។ ខ្ញុំ​ឃើញ​អត្ថបទ​នៅ​ក្នុង​ទស្សនាវដ្ដី​ផ្ការីក សម័យ​ខ្មែរ​ក្រហម គេ​សរសេរ​ថា មូលហេតុ​ធ្វើ​ឲ្យ​រំលំ​លឿន​ហ្នឹង គឺ​មូលហេតុ​មួយ​នៅ​ក្នុង​ចំណោម​មូលហេតុ​ឯ​ទៀតៗ​ហ្នឹង ដោយសារ​ថា អ្នក​ខាង​លើ (មន្ត្រី​ធំ ឬ​មេដឹកនាំ) ចង់​ឮ​យ៉ាង​ម៉េច គឺ​អ្នក​ខាង​ក្រោម​ហ្នឹង​បំផ្លើស ឬ​បំប៉ោង​ទៅ​តាម​រឿង​ហ្នឹង»

នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ គេ​ហៅ​មេដឹកនាំ​លោក​សេនាប្រមុខ លន់ នល់ ជា​វីរជន​ដ៏​ឆ្នើម​បំផុត​ជាដើម។ នៅ​សម័យ​ខ្មែរ​ក្រហម គេ​ប្រើ​ពាក្យ​ថា បក្ស​ដ៏​ភ្លឺស្វាង មហា​រុងរឿង មហាអស្ចារ្យ គឺ​គេ​សំដៅ​ទៅ​លើ​មេដឹកនាំ​នៅ​ជំនាន់​នោះ។

ដោយ​ឡែក​នៅ​ក្នុង​របប​បច្ចុប្បន្ន អ្នក​គាំទ្រ​រដ្ឋាភិបាល ឬ​អ្នក​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​នានា បាន​ប្រើ​ពាក្យ​ខ្ពង់ខ្ពស់ ដូចជា​នៅ​ក្នុង​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ រហូត​ដល់​សូម្បី​តែ​ហត្ថលេខា​ក៏​គេ​ចាត់​ទុក​ថា ជា​ការ​ចុះ​ហត្ថលេខា​ដ៏​ខ្ពង់ខ្ពស់​ដែរ។

ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា ការ​ប្រើ​ពាក្យ​ល្អៗ ឬ​ការ​មិន​ហ៊ាន​រិះគន់​ទៅ​លើ​ការដឹកនាំ​នោះ មិន​មែន​ជា​រឿង​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​វិភាគ​បាន​លើក​ជា​ឧទាហរណ៍​ថា អ្នកដឹកនាំ​នៅ​ក្នុង​របប​មុនៗ​នោះ ដោយសារ​តែ​ការ​លើក​តម្កើង​មេដឹកនាំ​នោះ​ហើយ ទី​បំផុត​របប​នោះ​ដួល​រំលំ​ទៅ​វិញ ព្រោះ​តែ​ការ​យល់​ស្រប​រហូត​របស់​មន្ត្រី​នៅ​ក្រោម​បង្គាប់ ដោយ​ហេតុ​ថា គេ​ឃើញ​មេដឹកនាំ "ធ្វើ​ខុស​ក៏​ថា​ត្រូវ ឃើញ​ធ្វើ​ត្រូវ​ក៏​ថា​ត្រូវ" នោះ។

អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត បាន​បញ្ចេញ​ទស្សនៈ​ទៀត​ថា នៅ​ក្នុង​របប​ប្រកាន់​យក​នូវ​លទ្ធិប្រជាធិបតេយ្យ​សំខាន់ អ្នក​ដឹកនាំ​មិន​ត្រូវ​បង្ហាញ​អំពី​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​បន្លាច​មន្ត្រី​ថ្នាក់​ក្រោម​នោះ​ទេ។ អ្នកស្រី​អះអាង​ថា ការ​ប្រើ​ពាក្យ​ល្អៗ​ហៅ​មេដឹកនាំ​បែប​នេះ មិន​មែន​សំដៅ​ថា អ្នក​ទាំង​នោះ​ស្មោះ​នឹង​មេដឹកនាំ​របស់​ខ្លួន​ទាំង​ស្រុង​នោះ​ឡើយ។

អ្នកស្រី ជា វណ្ណាត៖ «កូន​គាត់​មាន​ឱកាស​រៀន​សូត្រ​ល្អ​ហើយ គឺ​ថា លោក​មិន​ចង់​ឲ្យ​ជិះ​ទូក​ហ្នឹង​ក្រឡក​ទូក​ទេ គាត់​ត្រូវ​តែ​គាំទ្រ តែ​អ្នក​មិន​ពេញ​ចិត្ត​វិញ មិន​មាន​ការ​ឲ្យ​យោបល់​ទេ ការ​ដែល​គេ​យល់​ឃើញ​ផ្សេង មេដឹកនាំ​ហ្នឹង​ចោទ​ថា ប្រឆាំង»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​ប្រើ​ពាក្យ​ល្អៗ ឬ​ការ​ផ្ដល់​គោរមងារ​ទៅ​ឲ្យ​មេដឹកនាំ​នោះ ជា​ការ​ល្អ​មួយ​សម្រាប់​ជា​ការ​លើក​ទឹក​ចិត្ត​មេដឹកនាំ​ប្រទេស។ ប៉ុន្តែ​ការ​ប្រើ​ពាក្យ​ល្អ ឬ​ការ​ផ្ដល់​បរម​ងារ​ណា​មួយ​នោះ នៅ​ក្នុង​ពិភពលោក​គេ​មាន​ស្តង់ដារ​វាស់វែង ហើយ​គេ​ផ្ដល់​រង្វាន់​ជូន​មេដឹកនាំ ដូចជា​រង្វាន់ ណូបែល (Nobel) ជាដើម។ ក៏​ប៉ុន្តែ​ការ​ផ្ដល់​រង្វាន់​នោះ គេ​ត្រូវ​វាស់​ស្ទង់​លទ្ធផល​នៃ​ការ​ដឹកនាំ​មេដឹកនាំ​ទាំង​នោះ ដូចជា​មេដឹកនាំ​ធ្វើ​ឲ្យ​មាន​ស្តង់ដារ គោលការណ៍​គោរព​សិទ្ធិ​មនុស្ស​ល្អ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​រួច​ផុត​ពី​ភាព​ក្រីក្រ និង​កត្តា​ផ្សេងៗ​ទៀត។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ផ្ដល់​កិត្តិយស​ទៅ​លើ​មេដឹកនាំ ឬ​ការ​ផ្ដល់​គោរមងារ​នោះ ជា​ការ​ប្រសើរ។ ផ្ទុយ​ទៅ​វិញ ការ​ផ្ដល់​កិត្តិយស​តាម​រយៈ​ការ​ហៅ ដូចជា​ពាក្យ "ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់" ជាដើម លុះ​ត្រា​នៅ​ក្នុង​សង្គម​នោះ​មាន​ស្តង់ដារ​វាស់​មួយ​ថា តើ​មេដឹកនាំ​នោះ​មាន​ប្រវត្តិ​រូប​ដឹកនាំ​យ៉ាង​ដូច​ម្ដេច​ខ្លះ ទើប​ទទួល​បាន​ការ​កោត​សរសើរ​ដូច្នោះ?

លោក កែម ឡី៖ «ស្អី​ក៏​ល្អ ស្អី​ក៏​យើង​សរសើរ វា​ទៅ​ទាំង​ដោក​ទាំង​ជាល​ហើយ រុញ​ឲ្យ​ធ្លាក់​ទឹក​ទាំង​អស់​គ្នា​ថ្ងៃ​ណា​មួយ​មិន​ខាន​ទេ។ យើង​ហ៊ាន​ទាយ​អ៊ីចឹង។ ប្រសិន​យើង​មិន​តោង​គ្នា មិន​ប្រាប់​គ្នា មិន​ជួយ​រំលឹក​គ្នា អ្វី​ដែល​ធ្វើ​ខុស​នោះ វា​នឹង​ធ្វើ​ឲ្យ​ត្រឡប់​ទៅ​ក្រោយ​វិញ អ៊ីចឹង​ហើយ​នៅ​ក្នុង​ពិភពលោក​ហ្នឹង គេ​រក​ឃើញ​រូបមន្ត​មួយ​ដ៏​ល្អ ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ល្អ ឲ្យ​មាន​ស្ថិរភាព បំបាត់​អំពើ​ហិង្សា មិន​ឲ្យ​មាន​គម្លាត​អ្នក​មាន និង​អ្នក​ក្រ ទាល់​តែ​អ្នក​ហ្នឹង​រៀបចំ​ឲ្យ​មាន​ស្តង់ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស អ៊ីចឹង​គេ​ត្រូវ​តែ​ធ្វើ​អ៊ីចឹង ហើយ​គេ​ថា ប្រសិន​បើ​ការ​អភិវឌ្ឍន៍​ហ្នឹង​មួយ​លឿន ដែល​មិន​មាន​ប្រជាធិបតេយ្យ មិន​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍ​ហ្នឹង​មិន​ឋិតថេរ​ទេ»

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា ការ​ប្រើ​ពាក្យ​សរសើរ​មេដឹកនាំ​នៅ​ក្នុង​សង្គម​កម្ពុជា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​នេះ បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ ប៉ុន្តែ​ការ​ប្រើ​ពាក្យ​ទាំង​នោះ សុទ្ធតែ​ជា​ពាក្យ​កុហក​ទៅ​វិញ​ទេ។

នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន ភាគច្រើន​គេ​ឲ្យ​តម្លៃ​មនុស្ស​ទៅ​លើ​សម្ភារៈ លុយកាក់ បុណ្យស័ក្ដិ ដែល​ផ្ទុយ​អំពី​សង្គម​ជឿនលឿន​មួយ​ចំនួន ដែល​គេ​ឲ្យ​តម្លៃ​មនុស្ស​ទៅ​លើ​ចំណេះដឹង ជាតិ​និយម ការដឹកនាំ​ប្រទេស​មិន​ឲ្យ​បាត់​បង់​ទឹក​ដី គេ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ស្រាវជ្រាវ​រក​ឃើញ​បច្ចេកទេស​អ្វី​ដែល​ថ្មី​ជា​ដើម។

ក្រុម​អ្នក​វិភាគ​បាន​បញ្ជាក់​ថា ការ​លើក​សរសើរ​មេដឹកនាំ ទោះ​បី​ជា​ត្រូវ​ក៏​សរសើរ​ខុស​ក៏​សរសើរ​នោះ មាន​កត្តា​មួយ​ចំនួន ដូចជា​ប្រព័ន្ធ​ដោះស្រាយ​បញ្ហា ទាំង​ក្នុង​តុលាការ និង​ក្រៅ​តុលាការ​គ្មាន​ភាព​យុត្តិធម៌ សង្គម​មាន​និទណ្ឌភាព​ច្រើន គឺ​ភាព​គ្មាន​ទោសពៃរ៍។ មួយ​ទៀត ដោយសារ​តែ​មនុស្ស​នៅ​មាន​ការ​យល់​ដឹង​នៅ​មាន​កម្រិត​មិន​បាន​យល់​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន។ ការ​រស់​នៅ​ក្នុង​សង្គម​ស្ថិត​នៅ​ក្នុង​ការ​គាប​សង្កត់ និង​ភាព​ភ័យ​ខ្លាច។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​លើក​ឡើង​ថា ដើម្បី​កុំ​ឲ្យ​មនុស្ស​រស់​នៅ​ក្នុង​សង្គម​មាន​ការ​ភ័យ​ខ្លាច ហើយ​ជៀសវាង​ការ​សរសើរ​មេដឹកនាំ​ទាំង​ខុស​នោះ គេ​ត្រូវ​កសាង​សមត្ថភាព​ចំណេះ​ដឹង​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ឲ្យ​ពួកគាត់​មាន​ភាព​រឹងមាំ​មិន​ឲ្យ​ពឹង​ផ្អែក​លើ​គេ។

លោក កែម ឡី៖ «បើ​ចង់​ឲ្យ​សង្គម​យើង​ឋិតថេរ មាន​ការវិវឌ្ឍន៍​ស្មើ​ភាព​គ្នា ទាល់តែ​សង្គម​ហ្នឹង​ឃើញ​ល្អ​ថា​ល្អ ឃើញ​អាក្រក់​ថា​អាក្រក់ ហើយ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​ទៀត គ្រោះថ្នាក់ ឥឡូវ​ហ្នឹង​សង្គម​យើង​ធ្វើ​ឲ្យ​មនុស្ស​មាន​វប្បធម៌​អាក្រក់ គឺ​ការ​និយាយ​កុហក និយាយ​សរសើរ​តែម្ដង ស្អី​ក៏​សរសើរៗ ហើយ​និយាយ​ត្រង់ៗ​នៅ​ក្នុង​សង្គម​គេ​ថា អា​ហ្នឹង​ជា​មនុស្ស​មួយ​គ្រោះថ្នាក់ ថ្ងៃ​ណា​មួយ​គេ​បាញ់​សម្លាប់ ថ្ងៃ​ណា​មួយ​គេ​បុក ថ្ងៃ​ណា​មួយ​មាន​បញ្ហា​ដល់​គ្រួសារ​ទៅ​វិញ»

លើស​ពី​នេះ​ទៀត ការ​លើក​តម្កើង​មេដឹកនាំ ឬ​អ្នក​នៅ​ក្រោម​បង្គាប់ មិន​ហ៊ាន​រិះគន់​មេដឹកនាំ​របស់​ខ្លួន​នោះ ដោយសារ​តែ​គេ​ខ្លាច​បាត់បង់​តួនាទី ឬ​ផលប្រយោជន៍​បុគ្គល ដែល​ករណី​នេះ​បាន​ចាត់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​ជា​ច្រើន​ជំនាន់​មក។ បញ្ហា​នេះ​ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា ជា​ដំណើរ​ការ​ផ្ទុយ​ពី​របប​ប្រជាធិបតេយ្យ។

អ្នក​វិភាគ​បាន​ហៅ​មេដឹកនាំ​ដែល​ទទួល​យក​តែ​ពាក្យ​ទំយើ​របស់​អ្នក​ហែហម​នោះ​ថា មិន​មែន​ជា​មេដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ដោយ​ហេតុ​ថា សង្គម​ប្រជាធិបតេយ្យ​គេ​មាន​យន្តការ​លើក​បញ្ហា​ដាក់​ចំពោះ​មុខ ហើយ​រួម​គ្នា​ដោះស្រាយ។ អ្នកដឹកនាំ​ទទួល​យក​ការ​រិះគន់​របស់​ក្រុម​សង្គម​ស៊ីវិល និង​ក្រុម​គណបក្ស​ប្រឆាំង ដើម្បី​ធ្វើ​ការ​កែប្រែ ឬ​អភិវឌ្ឍន៍​បន្ថែម​នូវ​ចំណុច​ដែល​ខ្វះ​ចន្លោះ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

a

បណ្ឌិតពិតប្រាកដមិនមែនរៀនដើម្បីបានងា នោះទេ តែបណ្ឌិតក្លែងក្លាយរីករាយនឹងងានេះណាស់

Dec 26, 2012 05:32 AM

អ្នក​អាន​អនាមិក

ក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ​ ការប្រើពាក្យលើកតំកើង និងពាក្យសរសើរ វាជាវប្បធម៌មួយគួរឲព្រួយបារម្មណ៍ គួរឲខ្លាច ។​ ប៉ុន្តែបែជាការពេញចិត្តរបស់អ្នកដឹកនាំទៅវិញ ។​

Nov 30, 2012 11:22 PM

អ្នក​អាន​អនាមិក

លោក កែម ឡី ខ្ញុំពេញចិត្តពីការបកស្រាយរបស់លោកហើយខ្ញុំយល់ថាថ្នាក់ដឹកនាំក៏
កំពុងពិចារណាទៅលើកូនចៅក្រោមឪវាទរវៀងអ្នកមានសមត្ថភាពការងារ និង អ្នក
ឆ្នើមខាងអែបអបដែរ។

Sep 06, 2012 04:28 AM

អ្នក​អាន​អនាមិក

ពិតណាស់ហើយអ្នកប្រើពាក្យបញ្ជោរក៏ដើម្បីផលប្រយោជន៍ណាមួយរបស់ខ្លួនបើទោះបីថាមិនពេញចិត្តទាំងស្រុងក្តី ម្យ៉ាងទៀតគាត់អាចគិតយល់ពីចរឹកម្នាក់នឹងដែលចូលចិត្តភាពបញ្ចើចបញ្ចើរនេះផងដែរ។ ផ្ទុយទៅវិញពាក្យរិះគន់ត្រូវបានគេយកប្រើពីក្រោយខ្នងជាលក្ខណម៉ាត់ចាបម៉ាត់ព្រាបដើម្បីបន្ថយកំហឹងប៉ុណ្ណោះដោយសារអ្នកដឹកនាំយើងជាមនុស្សញាំជោរនោះ៕

Sep 05, 2012 09:53 PM

អ្នក​អាន​អនាមិក

នៅក្នុងបទអត្ថាធិប្បាយមួយរបស់សយសុភាព សយសុភាពបានហៅលោកកែមឡីថាជាបាវបម្រើ ឬជាមនុស្ស ប៉្រូដូរបាយស៊ី ។ បើអញ្ចឹង មានតែសយសុភាពជាមនុស្ស "បញ្ជោរដូរបាយស៊ី" ។ ក្រុម "បញ្ជោរដូរបាយស៊ីនេះ" ក៏រួមមានបណ្ឌិត និងឯកឧត្ដម គ្មានការងារធ្វើមួយចំនួនដែរ។

Sep 05, 2012 09:04 PM

មើល​មតិ​ទាំង​អស់.