គ្រួសារ​អ្នក​ស្លាប់​ត្រូវ​គេ​ទារ​ប្រាក់​១​ពាន់​​ដុល្លារ​សម្រាប់​ទិញ​ក្របី​សែន​កុំ​ឲ្យ​ចង្រៃ

បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​គ្រូ​បូរាណ​ជន​ជាតិ​ដើម​ភាគ​តិច នៅ​ភូមិ​កាជន​លើ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី បាន​ព្យាបាល​ជំងឺ​រយៈ​ពេល​មួយ​សប្ដាហ៍។
ដោយ រដ្ឋា វីសាល
2012-10-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច នៅ​ក្នុង​ភូមិ​នោះ មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​អ្នក​ស្លាប់​យក​សព​ចេញ​ពី​ភូមិ​ទេ ប្រសិន​បើ​គ្រួសារ​សព​មិន​ព្រម​ផ្ដល់​ប្រាក់ ១០០០ ដុល្លារ​សម្រាប់​ទិញ​ក្របី​មួយ​នឹម​សែន​កុំ​ឲ្យ​កើត​មាន​គ្រោះ​ចង្រៃ​ដល់​អ្នក​ភូមិ តាម​ជំនឿ​របស់​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​នោះ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី រាយការណ៍​ថា ភរិយា​របស់​អ្នក​ស្លាប់ បាន​ព្យាយាម​អង្វរករ​សុំ​ប្រគល់​ប្រាក់​មួយ​លាន​រៀល កាល​ពី​រសៀល​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ ២០១២ ដើម្បី​នាំ​សព​ប្ដី​ចេញ​ពី​ភូមិ​ទៅ​ធ្វើ​បុណ្យ ក៏​ប៉ុន្តែ ក្រុម​សហគមន៍​ជន​ជាតិ​ដើម​មិន​យល់​ព្រម។

ភរិយា​អ្នក​ដែល​ស្លាប់ គឺ​អ្នកស្រី លូ ហាវ អាយុ ៤៧ មាន​ប្រសាសន៍​បញ្ជាក់​ថា គាត់​បាន​បង់​ប្រាក់​រហូត​ដល់ ២ លាន ៥ សែន​រៀល ទៅ​ឲ្យ​អ្នក​ភូមិ​ទើប​អាច​នាំ​សព​មក​កាន់​លំនៅឋាន​បាន។

​អ្នកស្រី លូ ហាវ៖ «សុំ​គេ​អង្វរ​គេៗ អត់​ព្រម។ គេ​ដាច់ ១.០០០ ហើយ​គេ​ថា គេ​យល់​យោគ​យើង​ផង។ អាក្រក់​ដែរ ធ្វើ​ម៉េច​គេ​ជំរិត​យើង​ហើយ យើង​ឲ្យ​គេ​ទៅ​កុំ​ឲ្យ​ពិបាក​រញ៉េរញ៉ៃ។បើ​យើង​មិន​ឲ្យ​គេ ក៏​គេ​មិន​ឲ្យ​ប្ដី យើង​មក​យក​សព​មក​ដែរ​គេ​ឲ្យ​កប់​នៅ​ដី​គេ។ខ្ញុំ​ថា​ពីរ​លាន​កន្លះ ក៏​ឲ្យ​គេ​ទៅ​ឲ្យ​តែ​បាន​ប្ដី​មក​ផ្ទះ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ឲ្យ​គាត់​ទៅ កុំ​ឲ្យ​ពាក់ព័ន្ធ​ស្អី​ទៀត»។

ប្រជាពលរដ្ឋ​ដែល​ស្លាប់​មាន​ឈ្មោះ យឹម បូរា អាយុ ៤៧ ឆ្នាំ រស់​នៅ​ឃុំ​កោះ​សំពាយ ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង មាន​ជំងឺ​ថ្លើម​ប្រភេទ សេ (C) ហើម​ពោះ​ធ្ងន់ធ្ងរ។ ក៏​ប៉ុន្តែ ក្រុម​គ្រួសារ​មាន​ជំនឿ​ថា អ្នក​ជំងឺ ត្រូវ​អំពើ​ធ្មប់ ទើប​នាំ​ទៅ​ព្យាបាល​ដោយ​គ្រូ​បូរាណ​ឈ្មោះ លន់។

អ្នក​តំណាង​រាស្ត្រ​ខេត្ត​រតនគិរី លោក ប៊ូ ឡាំ ចាត់​ទុក​ការ​ព្យាបាល​របស់​គ្រូ​បូរាណ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​ការ​ទារ​ប្រាក់​ច្រើន​លើសលប់​ពី​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ដើម ដើម្បី​សែន​ព្រេន គឺ​ជា​ប្រការ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Turn to Jesus Christ, and abandon those pagan gods.

Oct 08, 2012 12:51 AM