ទោះយ៉ាងណា អ្នកនយោបាយខ្លះបញ្ជាក់ថា យុទ្ធសាស្ត្រចាស់បូរាណនេះមិនត្រឹមត្រូវនឹងសភាពការណ៍នយោបាយបច្ចុប្បន្ននេះទេ ខណៈដែលអ្នកនយោបាយខ្លះអះអាងថា យុទ្ធសាស្ត្រនេះនៅតែឆ្លុះបញ្ចាំងការពិត ចំពោះជីវភាពអ្នកនយោបាយនៅស្រុកខ្មែរបច្ចុប្បន្ន។ ព្រោះថា អ្នកនយោបាយខ្មែរសព្វថ្ងៃនៅតែប្រឈមមុខនឹងគ្រោះថ្នាក់ មិនថា អ្នកចាញ់ ឬអ្នកឈ្នះសុទ្ធតែប្រឈមមុខនឹងគ្រោះថ្នាក់ដូចគ្នា។
សង្គ្រាមពាក្យសំដីក្នុងរឿងទំនាស់គ្នារបស់អ្នកនយោបាយខ្មែរសព្វថ្ងៃ បានធ្វើឲ្យគេនឹកឃើញពាក្យចាស់លោកបានពោលថា បើធ្វើនយោបាយត្រូវតែក្លាហាន ហ៊ានស្លាប់ ហ៊ានជាប់គុក និងហ៊ានរត់ចោលស្រុក ដោយសារធ្វើនយោបាយមិនចុះសម្រុងគ្នា។ ពាក្យមួយឃ្លានេះហាក់ឆ្លុះបញ្ចាំងរឿងពិតក្នុងជីវិតអ្នកនយោបាយខ្មែរសព្វថ្ងៃនៅឡើយ។
ជាអាទិ លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដែលពេលនេះភៀសខ្លួនចោលស្រុកទៅនៅប្រទេសបារាំងនោះ បានរំលឹកថា ពាក្យនេះបានឆ្លុះបញ្ចាំងជីវិតអ្នកនយោបាយតាំងពីអតីតកាលមកដល់សព្វថ្ងៃ រួមទាំងឪពុកលោក គឺលោក សម សារី ដែលជាអ្នកធ្វើនយោបាយជំនាន់ទសវត្សឆ្នាំ១៩៥០ បានភៀសខ្លួនចោលស្រុកទៅបរទេសដូចគ្នា។
បញ្ហានេះ លោក សម រង្ស៊ី ចោទថា ដោយសារតែរបបនយោបាយព្រៃផ្សៃ៖ «ពេលនោះក៏មានការលំបាកដែរ គឺមិនផ្ដាច់ការដូចសព្វថ្ងៃនេះទេ។ ប៉ុន្តែអ្នកនយោបាយក៏ប្រឈមមុខនឹងគ្រោះថ្នាក់ មានអ្នកខ្លះក៏បាត់បង់ជីវិតពេលនោះដែរ។ ប៉ុន្តែគ្មានអ្វីប្រៀបធៀបទៅបានសម័យខ្មែរក្រហម និងសម័យសព្វថ្ងៃនេះទេ»។
កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលបានចោទលោក សម រង្ស៊ី ថា មានទោសបំផ្លាញសម្បត្តិសាធារណៈ និងបទផ្សេងទៀត ដោយសារលោកដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទីមួយ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអតីតប្រធានរដ្ឋសភា ក៏ធ្លាប់មានទោស និងរត់ចោលស្រុកច្រើនដងដូចលោក សម រង្ស៊ី ដែរ។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សក៏មិនខុសគ្នាប៉ុន្មានដែរ បើទោះជាលោកមិនបានរត់ចោលស្រុក ក៏ជាប់គុកព្រៃសដែរ។ រឿងរ៉ាវទាំងនេះ រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទថា អ្នកនយោបាយទាំងនោះ ប្រព្រឹត្តខុសច្បាប់ប្រទេស។ តែមន្ត្រីបក្សប្រឆាំងទាំងនោះឆ្លើយថា នេះជាលេសរឿងកាច់កុងខាងនយោបាយ។
លោក ញឹក ប៊ុនឆៃ អតីតមេទ័ពគណបក្សហ៊្វុនស៊ិនប៉ិច ដែលបច្ចុប្បន្នជាអគ្គនាយកគណបក្សហ៊្វុនស៊ិនប៉ិច បានពន្យល់ថា ព្រោះខ្លាចគ្រោះថ្នាក់ដូចពាក្យចាស់ដូច្នេះ ទើបលោកព្យាយាមមិនធ្វើនយោបាយ តែចៃដន្យ លោកបានក្លាយជាអ្នកនយោបាយដោយមិនដឹងខ្លួន ដោយសារកាលៈទេសៈប្រទេសជាតិកើតសង្គ្រាម។
លោក ញឹក ប៊ុនឆៃ៖ «ខ្ញុំជម្រាបតាមត្រង់ថា ខ្ញុំតាំងចិត្តថា ចៀសឲ្យផុតធ្វើនយោបាយ ព្រោះមើលទៅយើងស្ដាប់ពាក្យបូរាណ គេតែងនិយាយថា ធ្វើនយោបាយច្រើនជួបប្រទះថា លោតទឹក ចងក រត់ចោលស្រុក អ៊ីចឹងហើយខ្ញុំមានគំនិតចៀសឲ្យផុតអារឿងនយោបាយហ្នឹង។ អត់ចូលចិត្តសោះពាក់អាវធំ ចងក្រវាត់ក។ អត់ចេះចងក្រវាត់កផង មកដល់ថ្ងៃនេះ ប៉ុន្តែត្រូវចងក្រវាត់ក ពាក់អាវធំរាល់ថ្ងៃ»។
ទោះយ៉ាងណា លោក ញឹក ប៊ុនឆៃ ដែលជាអតីតមេបក្សហ៊្វុនស៊ិនប៉ិច ដែលពេលនេះ ជាអគ្គលេខាបក្សថ្លែងថា បន្ទាប់ពីលោកប៊ិសបាត់បង់ជីវិតក្នុងសមរភូមិប្រយុទ្ធក្នុងជម្លោះប្រដាប់អាវុធជាមួយបក្សប្រជាជននៅខែកក្កដា ឆ្នាំ១៩៩៧ មក លោកចេះធ្វើនយោបាយបត់បែនតាមកាលៈទេសៈ កុំឲ្យដូចពាក្យចាស់បានពោលកន្លងមក៖ «ដល់ខ្ញុំមានពិសោធន៍ច្រើនអ៊ីចឹង! នយោបាយយើងត្រូវចេះបត់បែន ចេះក្ដៅ ចេះត្រជាក់ ដើម្បីសម្រេចគោលដៅរបស់យើង។ ដូចឯកឧត្ដម សម រង្ស៊ី គាត់រឹង អត់ទន់ភ្លន់ អត់បត់បែន ជួនកាលវារឹងវាបាក់ហើយ»។
បញ្ហាប្រឈមគ្រោះថ្នាក់របស់អ្នកនយោបាយខ្មែរនាទសវត្សនេះ ហាក់ចម្លងតាមផ្លូវចាស់ ដូចនៅទសវត្សឆ្នាំ១៩៥០ និងទសវត្សឆ្នាំ១៩៧០។
តាមប្រវត្តិសាស្ត្រ នៅទសវត្សឆ្នាំ១៩៥០ លោក សម សារី រួមទាំងអ្នកនយោបាយខ្លះទៀតបានរត់ចោលស្រុក និងខ្លះទៀតត្រូវបានគេសម្លាប់ ខ្លះជាប់គុក និងខ្លះទៀតរត់ចោលស្រុក។ នៅឆ្នាំ១៩៧០ សម្ដេចឪ នរោត្តម សីហនុ ដែលកាលនោះ ព្រះអង្គជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម ត្រូវលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច។ តុលាការយោធា លន់ នល់ បានកាត់ទោសព្រះអង្គពីបទក្បត់ជាតិ ដោយចោទថា ព្រះអង្គឲ្យទ័ពយៀកកុង ជ្រកកោននៅលើដីខ្មែរ។ ព្រះអង្គបានភៀសព្រះកាយរស់នៅស្រុកចិន។ អ្នកនយោបាយគាំទ្រព្រះអង្គត្រូវរបបថ្មីសម្លាប់ និងចាប់ដាក់គុកខ្លះទៀតរត់ចូលព្រៃតស៊ូ។
នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម ប៉ុល ពត បានវាយរំលំរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ វិញម្ដង។ លោក លន់ នល់ ភៀសខ្លួនឡើងឧទ្ធម្ភាគចក្ររត់ចោលស្រុកទៅរស់នៅសហរដ្ឋអាមេរិក។ ពួកខ្មែរក្រហមដែលចោទរបបលោក លន់ នល់ ថា ជាអាយ៉ងចក្រពត្តិអាមេរិក បានតាមកាប់សម្លាប់ សងសឹកមន្ត្រីរាជការ និងទាហាន លោក លន់ នល់ យ៉ាងសាហាវយង់ឃ្នង។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាម បានវាយផ្ដួលរំលំរបបខ្មែរក្រហម ប៉ុល ពត ម្ដងវិញ។ ប៉ុល ពត និងមន្ត្រីខ្មែរក្រហមឯទៀត បានភៀសខ្លួន រត់ចូលព្រៃតស៊ូប្រឆាំងវៀតណាម និងរបបថ្មីវិញ។ ក្រោយមក រដ្ឋាភិបាលថ្មីមួយទៀត ដែលមានលោក ហេង សំរិន ជាអ្នកដឹកនាំ ត្រូវបានបង្កើតឡើង។ ភាគីខ្មែរតស៊ូនៅព្រំដែនថៃ បានចោទរដ្ឋាភិបាលលោក ហេង សំរិន ថាជាអាយ៉ងវៀតណាម ហើយសង្គ្រាមបន្តរហូតដល់បោះឆ្នោតឆ្នាំ១៩៩៣។ នៅឆ្នាំ១៩៩៧ សង្គ្រាមបានផ្ទុះឡើងនៅកណ្ដាលទីក្រុងភ្នំពេញ រវាងកងទ័ពបក្សហ៊្វុនស៊ិនប៉ិច និងបក្សប្រជាជន បណ្ដាលឲ្យមេទ័ព និងមន្ត្រីហ៊្វុនស៊ិនប៉ិច ស្លាប់ជាច្រើន ខ្លះទៀតរត់ចោលស្រុកម្ដងទៀត។
ដំណើរនយោបាយក្រឡាប់ចាក់ ផ្លាស់ប្ដូរញឹកញាប់ដូច្នេះ ធ្វើឲ្យអ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរស្លាប់យ៉ាងច្រើន និងខ្លោចផ្សាគ្រប់ជំនាន់។
អ្នកវិភាគនយោបាយបានប្រដូចការផ្លាស់ប្ដូរនយោបាយ និងដណ្ដើមអំណាចគ្នារបស់អ្នកនយោបាយខ្មែរកន្លងមកទៅនឹងកង់រទេះធ្វើពីឈើត្រាចឈើធ្នង់។ មានន័យថា កង់ត្រាចធ្វើពីឈើអន់ ក៏ដូចកង់ធ្វើពីឈើធ្នង់ដែលជាឈើរឹងល្អក៏ដោយ ក៏អាចវិលកិនអាចម៍គោម្ដងម្នាក់ដូចតែគ្នា។ មានន័យថា អ្នកនយោបាយឈ្នះនិងចាញ់ សុទ្ធជាអ្នករងគ្រោះទាំងអស់គ្នា។
អ្នកវិភាគនយោបាយខ្លះថ្លែងថា បើទោះបីប្រទេសកម្ពុជា បានបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ នៅឆ្នាំ១៩៩៣ ដើម្បីបញ្ឈប់ហិង្សាដាក់អ្នកនយោបាយក៏ដោយ ក៏អ្នកនយោបាយខ្មែរនៅតែប្រឈមគ្រោះថ្នាក់ដដែល មិនថា មន្ត្រីបក្សប្រឆាំង ឬមន្ត្រីបក្សកាន់អំណាចទេ ម្នាក់ៗសុទ្ធតែព្រួយពីសន្តិសុខផ្ទាល់ខ្លួនដូចគ្នា ដោយសារតែនយោបាយកុងកាច់គ្នាមិនអនុលោមតាមលទ្ធិប្រជាធិបតេយ្យ។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រលយប្រាប់ពីការព្រួយបារម្ភអំពីសន្តិសុខផ្ទាល់ខ្លួនរបស់លោកដែរ ក្នុងពេលលោករៀបចំចេញដំណើរបេសកកម្មទៅតាមបណ្ដាខេត្តភាគខាងជើង៖ «និយាយអ៊ីចឹងស្រុកខ្មែរនិយាយអ៊ីចឹងបាន។ បើអ្នកណាគេតាមបាញ់តាមអីជារឿងរបស់គេ។ ខ្ញុំចេញម៉ោងប៉ុន្មានរឿងរបស់គេទេ ស្រុកឥឡូវនោះ...»។
លោកបណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ មានប្រសាសន៍ថា ជម្លោះអ្នកនយោបាយខ្មែរដែលចេះតែមានពីដើមមកទល់សព្វថ្ងៃ គឺដោយសារការកាន់អំណាចនៃរបបនីមួយៗប្រើកម្លាំងអាវុធ ដូចជាធ្វើរដ្ឋប្រហារ ធ្វើបដិវត្តន៍ ការលោភលន់ កាន់អំណាចតពូជជាដើម មិនតាមរយៈការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យ៖ «ពីព្រោះស្រុកខ្មែរមួយដែលអ្នកឈ្នះស្វាគមន៍ចាញ់ ហើយអ្នកចាញ់ត្រូវទទួលស្គាល់ច្បាស់ថា ចាញ់ទេ ហើយអំណាចកើតចេញពីរដ្ឋប្រហារ កើតចេញអំពីបដិវត្តន៍។ យើងមានតែពីរដងគត់ គឺឆ្នាំ១៩៥៥ ហើយនៅឆ្នាំ១៩៩៣។ ក្រៅពីហ្នឹងមកគឺផ្ដួលគ្នារហូត អ៊ីចឹង! អ្នកនយោបាយតែចាញ់រត់ចូលព្រៃ រត់ចោលស្រុកដូច លន់ នល់ ឡើងយន្តហោះអត់ទាន់ ប៉ុល ពត រត់ចូលព្រៃអត់ទាន់។ អ៊ីចឹង! អាហ្នឹងដោយសារអី? អំណាចមិនមែនកើតចេញពី ប្រជាធិបតេយ្យ»។
លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានឆ្លើយថា អ្នកនយោបាយសព្វថ្ងៃមានសេរីភាពពេញលេញធ្វើនយោបាយ មិនថាបក្សណានោះទេ។ លោកថា រឿងអ្នកនយោបាយនានាដែលរត់ចោលស្រុក និងមានទោសនោះ គឺមិនមែនហេតុផលនយោបាយទេ គឺដោយសារអ្នកនយោបាយទាំងនោះ ដូចជាលោក សម រង្ស៊ី សម្ដេចក្រុមព្រះជាដើម ប្រព្រឹត្តខុសច្បាប់។ តែបញ្ហាទាំងអស់ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុគ្រោះព្រមសម្រុះសម្រួលឡើងវិញជាច្រើនដង តាមគោលនយោបាយផ្សះផ្សាបង្រួបបង្រួមជាតិ។
លោក សុក ទូច បានរំលឹកថា អ្នកនយោបាយប្រទេសប្រជាធិបតេយ្យ មិនកាប់សម្លាប់គ្នាទេ ដែលអ្នកនយោបាយស្រុកខ្មែរគួរត្រាប់តាម។ នៅពេលដែលសួរថា តើពេលណាទើបអ្នកនយោបាយខ្មែររួចផុតពីការសម្លាប់ ឈប់ជាប់គុក ឈប់រត់ចោលស្រុកបន្តទៀត? លោក សុខ ទូច ឆ្លើយថា ដរាបណាអ្នកនយោបាយទាំងអស់ រួមទាំងប្រជាពលរដ្ឋខ្មែរផង យល់ច្បាស់ និងគោរពលទ្ធិប្រជាធិបតេយ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
