WHO ស្នើសុំ​ឲ្យ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​បំបាត់​ការ​ឃោសនា​ថ្នាំ​ជក់

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​មើល​ឃើញ​ថា ការ​រំលោភ​លើ​បញ្ញត្តិ​ដែល​នៅ​ជា​ធរមាន ស្ដីពី​វិធានការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី​នៅ​កម្ពុជា នៅ​តែ​បន្ត​កើត​មាន។

0:00 / 0:00

ប្រការ​នេះ​ជំរុញ​អោយ​អង្គការ​សុខភាព​ពិភពលោក បើក​វគ្គ​សិក្សា​អប់រំ​មន្ត្រី​មក​ពី​តាម​បណ្ដា​ខណ្ឌ​ចំនួន៩ ក្នុង​រាជធានី​ភ្នំពេញ ពី​បទដ្ឋាន​ច្បាប់​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំ​ជក់ និង​បាន​ទទូច​អោយ​មន្ត្រី​ពាក់ព័ន្ធ​ចូល​រួម​ទប់​ស្កាត់។

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ដឹកនាំ​មួយ​ចំនួន​របស់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ តុលា ដើម្បី​សុំ​ឲ្យ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​បំបាត់​ការ​ឃោសនា​នានា ពាក់ព័ន្ធ​ដល់​ឧស្សាហកម្ម​ថ្នាំ​ជក់។

តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​កម្ពុជា លោក ភីធឺ វ៉ាន់ម៉ារេន (Pieter Van Maaren) មាន​ប្រសាសន៍​ថា ការ​រំលោភ​ទៅ​លើ​បញ្ញត្តិ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​បារី នៅ​បន្ត​កើត​មាន​នៅ​ពាសពេញ​ពិភពលោក។ លោក ភីធឺ បន្ត​ថា ក្នុង​ពេល​នេះ​ឧស្សាហកម្ម​ថ្នាំ​ជក់​កំពុង​ស្វះ​ស្វែង​បង្កើន​អោយ​មាន​ការ​ប្រើប្រាស់​អោយ​បាន​កាន់​តែ​ច្រើន​នូវ​ផលិត​ផល​ថ្នាំ​ជក់ ដែល​បង្ក​អោយ​មាន​ទំនាស់​ផល​ប្រយោជន៍​រវាង​សមត្ថកិច្ច​ដែល​អ្នក​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ និង​ឧស្សាហកម្ម​ថ្នាំ​ជក់។

លោក ភីធឺ វ៉ាន់ម៉ារេន៖ «ក្នុង​នាម​អង្គការ​សុខភាព​ពិភពលោក និង​ក្នុង​នាម​ផល​ប្រយោជន៍​សាធារណៈ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​យ៉ាង​មុត​មាំ​ដល់​អ្នក​ទាំង​អស់​គ្នា ដែល​មាន​វត្តមាន​នៅ​ទីនេះ នៅ​ថ្ងៃ​នេះ អោយ​នៅ​ឆ្ងាយ​ពី​ភាព​ជា​ដៃគូ និង​ជំនួប​ជាមួយ​នឹង​ឧស្សាហកម្ម​ថ្នាំ​ជក់។ ក្នុង​ករណី​ដែល​មិន​ជា​ជៀស​បាន នៅ​ពេល​មាន​ទំនាក់​ទំនង​ជាមួយ​ឧស្សាហកម្ម​ថ្នាំ​ជក់ ឬ​ជាមួយ​អ្នក​ដែល​ធ្វើ​ការងារ​ដើម្បី​ផល​ប្រយោជន៍​ថ្នាំ​ជក់ ត្រូវ​តែ​អោយ​មាន​ទំនួល​ខុស​ត្រូវ និង​តម្លាភាព»

លោក ភីធឺ វ៉ាន់ម៉ារេន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ការ​អនុវត្ត​អនុក្រឹត្យ ស្ដីពី​វិធានការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់ ដោយ​មាន​ការ​ចូល​រួម​ពី​អភិបាល អភិបាលរង​ខណ្ឌ និង​អធិការ អធិការរង នគរបាល មក​ពី​ខណ្ឌ​ទាំង៩។

រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​មួយ កាល​ពី​ឆ្នាំ​២០១១ ស្ដីពី​វិធានការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ថ្នាំ​ជក់។ មាត្រា៦ នៃ​អនុក្រឹត្យ​បាន​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី​គ្រប់​ទម្រង់​ទាំង​អស់ ទោះ​ជា​រូបភាព​ណា​ក៏ដោយ មាន​ដូច​ជា ការ​ផ្សាយ​តាម​ផ្ទាំង​រូបភាព បដា ប៉ាណូ ឆត្រ យានយន្ត​ចល័ត ប័ណ្ណ​ផ្សព្វផ្សាយ និង​សម្ភារៈ​ផ្សេងៗ។ល។ ការ​ប្រព្រឹត្ត​ល្មើស នឹង​ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍​អក្សរ ដក​ហូត​សម្ភារៈ​ផ្សព្វផ្សាយ ផ្អាក​អាជីវកម្ម​បណ្ដោះ​អាសន្ន និង​បិទ​អាជីវកម្ម​ក្នុង​ករណី​មិន​រៀង​ចាល។

អភិបាលរង​រាជធានី​ភ្នំពេញ អ្នកស្រី ទូច សារ៉ុម មាន​ប្រសាសន៍​ថា ការ​ប្រព្រឹត្ត​ល្មើស​នៅ​បន្ត​កើត​មាន​តាម​ទម្រង់​មួយ​ចំនួន ហើយ​សកម្មភាព​ត្រួត​ពិនិត្យ​ក៏​ត្រូវ​បាន​រឹត​បន្តឹង៖ «នៅ​មាន​ទម្រង់​ខ្លះ នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី​នៅ​មាន​សេសសល់​មួយ​ចំនួន​តូច មាន​ជាអាទិ៍ ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​រយៈ​ផ្ទាំង​រូបភាព ឆត្រ និង​លើ​ទូ​លក់​បារី​តែ​ម្តង។ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​ថ្នាំ​ជក់ និង​អ្នក​ពាក់ព័ន្ធ​អោយ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី និង​ចេញ​លិខិត​ប្រគល់​ភារកិច្ច​ទៅ​ខណ្ឌ​ទាំង៩ អោយ​ដក​ហូត​សម្ភារៈ​ផ្សាយ​ពាណិជ្ជកម្ម ដែល​បំពាន​ទៅ​នឹង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល»

របាយការណ៍​វិទ្យាស្ថាន​ស្ថិតិ អោយ​ដឹង​ថា នៅ​ឆ្នាំ​២០១១ ពលរដ្ឋ​កម្ពុជា​ពេញ​វ័យ​ប្រមាណ ២លាន​នាក់ ប្រើប្រាស់​ផលិត​ផល​ថ្នាំ​ជក់ ក្នុង​នោះ​មាន ១,៤លាន​នាក់ ជក់​បារី និង​ជាង​កន្លះ​លាន​នាក់​ទៀត ចុក​ថ្នាំ​ជក់។ ចំណែក​អត្រា​មរណៈ​ដែល​ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក ក្នុង​ឆ្នាំ​២០១១ បង្ហាញ​ថា នៅ​កម្ពុជា មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១សែន​នាក់ បាន​ស្លាប់​ដោយ​សារ​ជំងឺ​ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ជក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។