អ្នក​អភិរក្ស​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​ឈើ

កម្មវិធី​អប់រំ​នៅ​តាម​សហគមន៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​បង្ហាញ​ថា ព្រៃ​ឈើ​គឺ​ជា​ផ្នែក​ធម្មជាតិ​ដ៏​សំខាន់​មួយ​របស់​ភព​ផែន​ដី។ ព្រៃ​ឈើ​បាន​ទ្រទ្រង់​ជីវិត​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ព្រៃ ហើយ​​​ក៏​ជា​ប្រភព​​ផ្ដល់​ថាមពល និង​របប​អាហារ​ដល់​មនុស្ស​សត្វ​ទាំង​អស់។
ដោយ ហង្ស សាវយុត
2012-06-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កាប់​ឈើ​នៅ​សៀមរាប305
ព្រៃ​នៅ​ក្បែរ​ប្រាសាទ​បុរាណ​បឹង​មាលា​ក្នុង​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប ទទួល​រង​ការ​កាប់​រាន​យក​ដី។ រូប​ថត​ថ្ងៃ​ទី​១ សីហា ២០០៩។
RFA Photo/Savyouth

អ្នក​ជំនាញ​ផ្នែក​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ដាស់​តឿន​ថា បច្ចុប្បន្ន​នេះ​គឺ​ជា​ដំណាក់កាល​មួយ​ដែល​ជន​កម្ពុជា គ្រប់​រូប ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រី​រដ្ឋាភិបាល​គ្រប់​កម្រិត ត្រូវ​ភ្ញាក់​ខ្លួន ហើយ​នាំ​គ្នា​ការពារ​ព្រៃ​ឈើ និង​​ធម្មជាតិ​ឡើង​វិញ ដោយសារ​តែ​កន្លង​ទៅ កម្ពុជា​ធ្លាប់​បាន​ទទួល​រងគ្រោះ​មហន្តរាយ​ខ្លះៗ ដែល​ជា​សញ្ញា​បណ្តាល​មក​ពី​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​សារ​តែ​ការ​បាត់បង់​ព្រៃ​ឈើ និង​បិរស្ថាន​​នោះ។

ការ​ស្រាវជ្រាវ​អំពី​ព្រៃ​ឈើ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា បាន​បាត់បង់​ព្រៃ​ឈើ​ប្រមាណ ១៣% ក្នុង​ចំណោម​ផ្ទៃដី​ជាង ១៣​លាន​ហិកតារ ដែល​មាន​ព្រៃ​ឈើ​ កាល​ពី​អំឡុង​មុន​ឆ្នាំ​១៩៧០។

លោក វន មុនិន្ទ ជា​ព្រឹទ្ធ​បុរស​នៃ​មហាវិទ្យាល័យ​ព្រៃ​ឈើ មក​ពី​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម។ លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ខេត្ត​មួយ​ចំនួន​គឺ​ជា​តំបន់​ព្រៃ​ឈើ​ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង ដូច​ជា​ខេត្ត​ស្ទឹងត្រែង មាន​ព្រៃស្រោង​ស្ដុក ដែល​ជា​ធនធាន​សំខាន់​មួយ​អាច​ធានា​បាន​នូវ​និរន្តរភាព​នៃ​​បរិយាកាស​ល្អ។ នៅ​ខេត្ត​កំពង់ស្ពឺ គឺ​ជា​តំបន់​ព្រៃ​ដែល​ស្ទើរ​ពាក់​កណ្ដាល​ស្រោង​ស្ដុក និង​ពាក់​កណ្ដាល​ស្រោង ដែល​​​ផ្ដល់​ផលប្រយោជន៍​ដោយ​ប្រយោល​លើ​ការ​ទាក់ទាញ​​ទេសចរណ៍។

ចំណែក​នៅ​​ខេត្ត​ព្រះវិហារ​វិញ គឺ​មាន​តំបន់​ព្រៃ​ពាក់​កណ្ដាល​ស្រោង និង​កន្លែង​ខ្លះ​ជា​ព្រៃ​របោះ ហើយ​ស្រទាប់​នៃ​ដី គឺ​មាន​វាល​ស្មៅ​គ្រប​ដណ្ដប់ ដែល​បង្កើត​ជា​សក្ដានុពល​នៃ​ការ​រស់​នៅ​ របស់​ពពួក​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ។ នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ មាន​តំបន់​ព្រៃ​ពពួក​ចុល្លព្រឹក្ស និង​ជា​ព្រៃ​របោះ​ដែល​ជា​ធនធាន​សំខាន់ និង​ជា​ទី​សុខដុមរមនា​របស់​ពពួក​សត្វ​ព្រៃ ហើយ​ចំពោះ​ខេត្ត​សៀមរាប ខេត្ត​បន្ទាយមានជ័យ និង​បាត់ដំបង​វិញ គឺ​ជា​តំបន់​ទំនាប ហើយ​សំបូរ​ព្រៃ​លិច​ទឹក ដែល​ជា​សក្ដានុពល​ខាង​ជម្រក និង​ជា​ប្រព័ន្ធ​ជីវចម្រុះ​សំខាន់​សម្រាប់​មច្ឆា​ជាតិ។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ធនធាន​ព្រៃ​ទាំង​នោះ​មួយ​ភាគ​កំពុង​បាត់បង់​បន្ត​បន្ទាប់។

លោក វន មុនិន្ទ បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា ពេល​បច្ចុប្បន្ន​មិន​ទាន់​ស្ថិត​ក្នុង​កម្រិត​នៃ​ការ​ប្រកាស​អាសន្ន​ទៅ​លើ​ការ​គំរាម​កំហែង​ពី​គ្រោះ​ធម្មជាតិ​ ក្នុង​រឿង​បាត់បង់​ធនធាន​ព្រៃ​ឈើ​ធ្ងន់ធ្ងរ​ក៏ដោយ​ ក៏​ត្រូវ​តែ​ពង្រឹង​ការ​ថែទាំ​ព្រៃ​ឈើ​ឡើង​វិញ។

លោក វន មុនិន្ទ៖ «​ព្រោះ​ឥឡូវ​ជា​ដំណាក់កាល​ដែល​យើង​ត្រូវ​ភ្ញាក់​ខ្លួន ទាំង​ស្ថាប័ន​ថ្នាក់​ទាប​តាំង​ពី​កម្រិត​មូលដ្ឋាន កម្រិត​កណ្ដាល និង​ថ្នាក់​ជាតិ។ យើង​ត្រូវ​តែ​គាំពារ និង​ការពារ​ធនធាន​យើង ព្រោះ​ប្រទេស​យើង​មាន​ជួប​គ្រោះ​មហន្តរាយ​មួយ​ចំនួន ដូច​ជា​បញ្ហា​ក្ដៅ​យើង​ជួប​ប្រទះ ហើយ​បញ្ហា​គ្រោះ​រាំង​ស្ងួត​ក៏​យើង​មាន ហើយ​ការ​បំផ្លិចបំផ្លាញ​ដោយ​ខ្យល់​ព្យុះ។ អ៊ីចឹង​ធៀប​នឹង​ប្រទេស​ជិត​ខាង​យើង​នៅ​មាន​លក្ខណៈ​​មួយ​នៅ​ទប់​ស្កាត់​អាច​ការពារ និង​ធានា​បាន ទោះ​បី​ជា​មាន​ការ​ប្រែប្រួល​ ដែល​យើង​គិត​ថា ជិត​ដល់​ប្រកាស​ភាព​អាសន្ន​ក៏ដោយ​ ក៏​យើង​ត្រូវ​គិត​ថា យើង​ជា​អ្នក​មួយ​ដែល​មាន​ទទួល​រង​ឥទ្ធិពល​ខ្លាំង​ជាង​ប្រទេស​អ្នក​មាន ប្រទេស​ដែល​គេ​បាន​អភិវឌ្ឍន៍​ហើយ»

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ឈ្មោះ អឹម.អេស.អឹម.អ៊ី កម្ពុជា (M S M E Cambodia) កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្មវិធី​អប់រំ​ប្រជាពលរដ្ឋ​កម្ពុជា នៅ​តាម​សហគមន៍​ឱ្យ​ចេះ​ស្រឡាញ់​ធនធាន​ធម្មជាតិ​ ការពារ និង​ដាំ​ព្រៃ​ឈើ​ឡើង​វិញ។

លោក​ ស៊ុន បូរេត ជា​អនុ​ប្រធាន​គំរោង​របស់​អង្គការ M S M E Cambodia។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​តាម​​តំបន់ គឺ​បាន​ធ្វើ​ឱ្យ​សហគមន៍​ដែល​ធ្លាប់​តែ​ទទួល​ផល​ប្រយោជន៍​ពី​ព្រៃ​ឈើ​ មាន​ការ​ព្រួយ​បារម្ភ​អំពី​ជីវភាព និង​អនាគត​របស់​គេ ហើយ​ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​ គឺ​ជា​ការ​ព្រួយ​បារម្ភ​របស់​យើង​ទាំង​អស់​គ្នា ហេតុ​ដូច្នេះ​ហើយ ទើប​អង្គការ​របស់​លោក​ បាន​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​អំពី​សារសំខាន់​របស់​ព្រៃ​ឈើ និង​ការពារ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​របស់​សហគមន៍​ជា​ច្រើន​នោះ​។

លោក​ ស៊ុន បូរេត៖ «សព្វ​ថ្ងៃ​នេះ​គំរោង​របស់​ខ្ញុំ​ធ្វើ​នៅ ៣១ តំបន់​ការពារ ឬ​ក៏​សហគមន៍​ព្រៃ​ឈើ ធ្វើ​នៅ​ខេត្ត​កោះកុង ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ខេត្ត​ឧត្តរមានជ័យ និង​សៀមរាប ជាដើម ដូច​ជា​តំបន់​ព្រៃ​ត្បែងខាង​លិច។ យើង​គិត​ថា ការ​ព្រួយ​បារម្ភ​ក៏​មាន ក៏​ប៉ុន្តែ​សំខាន់​បំផុត​នោះ គឺ​យើង​ចូល​រួម​ជាមួយ​ខាង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​យើង ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​យើង មាន​ចំណេះ​ដឹង​ខ្ពស់​ក្នុង​ការ​ថែ​រក្សា​ធនធាន​ដែល​គាត់​មាន ដើម្បី​ឱ្យ​ជីវភាព​របស់​គាត់​រីក​ចំរើន​ ដោ​យសារ​ការ​ថែរក្សា គ្រប់គ្រង និង​ការ​ដក​ហូត អនុផល​ពី​ព្រៃ​ឈើ ឬ​ក៏​ការ​ប្រើប្រាស់​ធនធាន​ជីវចម្រុះ»

សហគមន៍​ការពារ​ព្រៃ​ឈើ​មួយ​ចំនួន​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ព្រៃ​ឈើ​​បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

លោក យាប វណ្ណៈ ជា​តំណាង​​សហគមន៍​ព្រៃ​ឈើ​ត្បែង​ខាង​លិច នៅ​ក្នុង​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប។ លោក​បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក អ្នក​ភូមិ​របស់​លោក​បាន​បង្កើត​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ២០០​ហិកតារ ហើយ​ពេល​បច្ចុប្បន្ន​នេះ ព្រៃ​សហគមន៍​របស់​លោក ក្រៅ​តែ​ពី​​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​អ្នក​ភូមិ គឺ​បាន​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ និង​អ្នក​ទេសចរណ៍​ផង។

លោក យាប វណ្ណៈ៖ «នៅ​ក្នុងព្រៃ​សហគមន៍​របស់​ខ្ញុំ​បាទ សព្វ​ថ្ងៃ​មាន​សត្វ​ព្រៃ ឈ្លូស ជ្រូក​ព្រៃ ហើយ​តំបន់​ទឹក​ជប់ ដែល​មាន​ទឹក​ខួប​ប្រាំង​វស្សា។ មាន​ភ្ញៀវ​ទេសចរណ៍​គាត់​ទៅ​ទស្សនា​ធម្មជាតិ គាត់​បាន​ចុះ​ទៅ​សិក្សា​នៅ​ក្នុង​ព្រៃ​សហគមន៍​របស់​ខ្ញុំ គាត់​ចាប់​អារម្មណ៍​ខ្លាំង ហើយ​ផល​ប្រយោជន៍​ពី​ព្រៃ មាន​ផ្សិត​ឈើ​ ផ្សិត​ដំបូក ផ្សិត​ទន្សោង ផ្សិត​ក្ងោក​អី​ហ្នឹង អាច​មាន​ដុះ ដាក់​លក់​ហូរហែ​ដែរ ប៉ុន្មាន​អាទិត្យ​មុន​សំបូរ​មែន​ទែន»

លោក តឹក វណ្ណារ៉ា ជា​ប្រធាន​សមាគម​ថែរក្សា​បរិស្ថាន​ និង​វប្បធម៌។ លោក​បាន​មាន​ប្រសាសន៍​ថា ធនធាន​ធម្មជាតិ​សំបូរ​ គឺ​អាច​​ផ្ដល់​លំនឹង​ក្នុង​ការ​ចិញ្ចឹម​ជីវិត​យ៉ាង​ប្រសើរ​ ហើយ​និង​ធានា​ទៅ​លើ​ការ​ប្រើប្រាស់​ផែនដី​របស់​ពិភពលោក​បាន​យូរ​អង្វែង​ផង។

អ្នក​ជំនាញ​ព្រៃ​ឈើ​បាន​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​នេះ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថយ​​ចុះ​ចំនួន ដោយសារ​តែ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ការ​រុក​រាន​យក​ដី​ព្រៃ​ធ្វើ​ស្រែ​ចំការ​ និង​កត្តា​មួយ​ទៀត គឺ​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

ការ​សិក្សា​របស់​ជំនាញ​ព្រៃ​ឈើ​បាន​ឱ្យ​ដឹង​ថា កាល​ពី​អំឡុង​មុន​ឆ្នាំ​១៩៧០ នៅ​ប្រទេស​កម្ពុជា មាន​គម្រប​​ព្រៃឈើ​ប្រមាណ ៧៣% នៃ​ផ្ទៃ​ដី​របស់​ប្រទេស បើ​គិត​ជា​ទំហំ​​​មាន​ជាង ១៣​លាន​ហិកតារ ក៏​ប៉ុន្តែ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ គំរប​ព្រៃ​ឈើ​បាន​បាត់បង់ គឺ​នៅ​សល់​ប្រមាណ ៥៩.៩% ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល