អ្នក​វិភាគ៖ លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​ផ្អែក​លើ​ការ​កសាង​មូលដ្ឋាន​នីតិរដ្ឋ

អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម​មួយ​ចំនួន បាន​អះអាង​ថា ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​របស់​មនុស្ស ផ្អែក​លើ​ការ​កសាង​មូលដ្ឋាន​នីតិរដ្ឋ។
ដោយ តាំង សារ៉ាដា
2012-09-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឡៅ ម៉ុងហៃ ៣០៥
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១១។
RFA Photo

ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អះអាង​ផ្ទុយ​វិញ​ថា សេរីភាព​របស់​មនុស្ស អាច​កើត​មាន​ទៅ​បាន ត្រូវ​ចាប់​ផ្ដើម​ពី​ការ​អភិវឌ្ឍ​ជាតិ ជា​មូលដ្ឋាន​មុន​សិន។

មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល បាន​អះអាង​ថា សង្គម​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ទាម​ទារ​ការ​ចូល​រួម និង​ការ​គោរព​តាម​មតិ​ភាគ​ច្រើន ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល។ ដូច្នេះ មតិ​ភាគ​តិច​ត្រូវ​តែ​ជៀសវាង​ការ​បង្កើត​ឧបសគ្គ ឬ​មិន​គោរព​ឆន្ទៈ​នៃ​ការ​ដឹកនាំ​របស់​មតិ​ភាគ​ច្រើន។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​របស់​មនុស្ស ត្រូវ​ផ្ដើម​ចេញ​ពី​ការ​អភិវឌ្ឍ ការ​គោរព​សិទ្ធ​មនុស្ស និង​ការ​គ្រប់គ្រង​របស់​មតិ​ភាគ​ច្រើន៖ «និយាយ​ពី​សិទ្ធិ​សេរីភាព​នៅ​ក្នុង​បរិបទ​របស់​កម្ពុជា សិទ្ធិ​សេរីភាព គឺ​ស្ថិត​នៅ​លើ​ការ​អភិវឌ្ឍ គោរព​សិទ្ធិ​មនុស្ស ការ​ទទួល​នៃ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​គោរព និង​ការ​អនុវត្ត​អ្វី​ដែល​ជា​ប្រតិបត្តិ​កិច្ចការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស។ លទ្ធិប្រជាធិបតេយ្យ គឺ​យក​មតិ​ភាគ​ច្រើន​ជា​ធំ ហើយ​និង​ការ​ចូល​រួម​ជា​ធំ។ ដូច្នេះ ពហិការ​មិន​គួរ​មាន​ក្នុង​បរិបទ​នយោបាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នោះ​ទេ»

ប៉ុន្តែ ក្រុម​អ្នក​រិះគន់​បាន​បកស្រាយ​ថា ដើម្បី​ឲ្យ​មាន​ការ​គោរព​មតិ​ភាគ​ច្រើន​ទៅ​បាន លុះត្រា​មតិ​ភាគ​ច្រើន​នោះ កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ មិន​មាន​ការ​បំភិត​បំភ័យ និង​លួច​បន្លំ​សន្លឹក​ឆ្នោត។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​និរទេស​ក្នុង​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​ថា បាន​បំបិទ​សិទ្ធិ​នយោបាយ​របស់​ក្រុម​មតិ​ភាគ​តិច៖ «លទ្ធិប្រជាធិបតេយ្យ​មាន​ន័យ​ថា មតិ​ភាគ​ច្រើន​ធ្វើ​ការ​សម្រេច​កិច្ចការ​ធំៗ ប៉ុន្តែ​ត្រូវ​តែ​គោរព​សិទ្ធិ​មតិ​ភាគ​តិច។ ត្រូវ​តែ​ស្តាប់​យោបល់ ឬ​មួយ​ឲ្យ​មតិ​ភាគ​តិច​មាន​ឱកាស​ផ្តល់​យោបល់ គោរព​សិទ្ធិ​សេរីភាព​របស់​មតិ​ភាគ​តិច។ ទោះ​មាន​មតិ​ភាគ​ច្រើន​មែន តែ​មតិ​ភាគ​ច្រើន​នេះ មិន​អាច​សម្រេច​ជិះ​ជាន់​សម្លាប់​មតិ​ភាគ​តិច ដូច​នៅ​ប្រទេស​កម្ពុជា គឺ​បិទ​សម្លាប់​សិទ្ធិ​នយោបាយ​របស់​មតិ​ភាគ​តិច ដូច​នៅ​ប្រទេស​កម្ពុជា។ ដូច្នេះ ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន គឺ​មិន​មែន​ជា​លទ្ធិប្រជាធិបតេយ្យ»

ជុំវិញ​ទស្សនៈ​វិស័យ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នេះ​ដែរ អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា (ភូមា) បាន​បកស្រាយ​ថា សិទ្ធិ​សេរីភាព​របស់​មនុស្ស នឹង​មិន​អាច​កើត​មាន​ទៅ​បាន​ទេ ដរាប​ណា​សង្គម​នោះ​គ្មាន​យុត្តិធម៌៖ «សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ថា សង្គម​ដែល​អាច​មាន​ប្រជាធិបតេយ្យ​ខ្លាំង និង​ល្អ​ទៅ​បាន លុះត្រា​ណា​សន្តិសុខ និង​សិទ្ធិ​សេរីភាព​របស់​មនុស្ស ត្រូវ​បាន​ធានា​ដោយ​នីតិរដ្ឋ។ អ្នក​មិន​អាច​មាន​សន្តិសុខ​ទៅ​បាន​ដោយ​គ្មាន​សេរីភាព​នោះ​ឡើយ។ ដូច​អ្នក​ដឹង​ហើយ​ថា ជន​ផ្តាច់​ការ​តែង​លើក​ឡើង​អំពី​បញ្ហា​សន្តិសុខ ហើយ​គេ​បាន​យក​បញ្ហា​សន្តិសុខ​នេះ ជា​លេស​ក្នុង​ការ​ដក​ហូត​សិទ្ធិ​សេរីភាព​របស់​មនុស្ស»

អ្នកស្រី​មាន​ប្រសាសន៍​បន្ត​ថា សេរីភាព​របស់​មនុស្ស ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​សេរីភាព​ត្រូវ​ចាក​ឲ្យ​ផុត​ការ​ភ័យ​ខ្លាច និង​ធានា​ដោយ​នីតិរដ្ឋ។ ដូច្នេះ បើ​គ្មាន​នីតិរដ្ឋ​ទេ ក៏​គ្មាន​យុត្តិធម៌ សន្តិភាព និង​ការ​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា​របស់​ពលរដ្ឋ​នោះ​ដែរ។

ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ដែល​មាន​វ័យ ៦៧ឆ្នាំ រូប​នេះ ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ភូមា ចាប់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ អស់​រយៈពេល​ជាង ២០ឆ្នាំ ចាប់​ពី​ឆ្នាំ​១៩៨៨ ដល់​ឆ្នាំ​២០១០ ដោយ​សារ​មេ​បក្ស​ជំទាស់​ដ៏​ធំ​មួយ​នេះ បាន​ឈ្នះ​សំឡេង​ឆ្នោត ៥៩% ហើយ​ទទួល​បាន​អាសនៈ​ក្នុង​សភា​ជាង ៨០% ថែម​ទៀត។

ទាក់​ទិន​នឹង​ចក្ខុវិស័យ​ប្រកប​ដោយ​សន្តិភាព ក្នុង​ការ​កសាង​ប្រជាជាតិ​របស់​ភូមា តាម​យន្តការ​ប្រជាធិបតេយ្យ​នេះ​ដែរ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​អនុវត្ត​នីតិរដ្ឋ​នៅ​កម្ពុជា បាន​យល់​ស្រប​នឹង​ទស្សនៈ​វិស័យ​របស់​អ្នកស្រី អ៊ុង សានស៊ូជី។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា ទាំង​ប្រទេស​ភូមា ទាំង​កម្ពុជា ហាក់​មាន​ជំងឺ​តែ​មួយ គឺ​ជំងឺ​មិន​គោរព​អំណាច​ច្បាប់​ជា​ធំ និង​ការ​យក​បញ្ហា​សន្តិសុខ​ជាតិ មក​គំរាម​គាប​សង្កត់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​មនុស្ស៖ «ប្រទេស​ខ្លះ គេ​មាន​ច្បាប់​អំពី​សន្តិសុខ​ជាតិ​ហ្នឹង គេ​ប្រើប្រាស់​ថា អាហ្នឹង​វា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​ក៏​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ក្នុង​សង្គម​អី​អ៊ីចឹង​ទៅ។ ហ្នឹង គេ​ក៏​មាន​ច្បាប់​មួយ ដើម្បី​ដាក់​ទណ្ឌកម្ម ហើយ​យក​ច្បាប់​សន្តិសុខ​ហ្នឹង ដាក់​ទណ្ឌកម្ម​ដល់​អ្នក​តវ៉ា​ថា អាហ្នឹង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ម៉្លោះ​គេ​ចាប់​អ្នក​នោះ​ដាក់​ឃុំ​ឃាំង ហើយ​ប្រទេស​ខ្លះ​ដែល​មាន​ច្បាប់​ខ្លះ​អត់​កំណត់​ថា ឃុំ​ឃាំង​រយៈពេល​ប៉ុន្មាន​ទេ តែ​រហូត​អ៊ីចឹង​ទៅ»

ចំពោះ​បរិបទ​នៃ​ការ​ប្រើប្រាស់​សន្តិសុខ​ជាតិ មក​គំរាម​កំហែង និង​ដក​ហូត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នេះ​ដែរ លោក ចាន់ សុវេត មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) មាន​ប្រសាសន៍​ថា ប្រទេស​រីក​ចម្រើន​ជឿនលឿន​ក្នុង​ពិភព​លោក​ជាច្រើន អាច​ប្រើប្រាស់​យន្តការ​សន្តិសុខ​ជាតិ ដើម្បី​ដក​ហូត​សិទ្ធិ​របស់​មនុស្ស​បាន​តែ​ក្នុង​ពេល​ដែល​ប្រទេស​មាន​ភាព​អាសន្ន។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ជឿនលឿន​ទាំង​នេះ តែង​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់ និង​ថែម​ទាំង​មាន​ការពារ​សន្តិសុខ​ដល់​ក្រុម​អ្នក​តវ៉ា ឬ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ថែម​ទៀត៖ «ប្រសិន​បើ​យើង​ពិនិត្យ​ឆ្លុះ​បញ្ចាំង​ប្រទេស​កម្ពុជា យើង​ឃើញ​ថា បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ គឺ​ជា​រឿង​ចាំបាច់ ដោយ​សារ​តែ​ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​មួយ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ និង​កំពុង​តែ​បំពេញ​កាតព្វកិច្ច​ខ្លះ​សម្រាប់​ការពារ​នូវ​អំណាច​ខ្លះ​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​នោះ គឺ​បញ្ឈប់​ការ​តវ៉ា ឬ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាដើម។ ក្នុង​នាម​ខ្ញុំ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស ខ្ញុំ​មើល​ឃើញ​ថា ការ​ដក​ហូត​សិទ្ធិ​សេរីភាព ដែល​គ្មាន​ដែន​កំណត់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស»

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស (Human Rights Watch) លោក ប្រែត អាដាម (Brad Adams) ធ្លាប់​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល ២១ឆ្នាំ​ក្រោយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួច​មក ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​បោះ​ជំហាន​ថយ​ក្រោយ ដោយ​សារ​កម្ពុជា ខក​ខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ដែល​អាច​នាំ​ឲ្យ​ការ​អភិវឌ្ឍ​ប្រទេស​មិន​បាន​ជោគជ័យ។

ក្រុម​អ្នក​ឃ្លាំ​មើល​ខ្លះ​ឲ្យ​ដឹង​ថា ក្រៅ​ពី​កម្ពុជា បាន​រំលោភ​ដល់​ឆន្ទៈ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នោះ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក៏​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដែល​មាន​អាយុ ១៩ឆ្នាំ យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។ ការ​រំលោភ​ទាំង​នោះ មាន​ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បង្កើត​ច្បាប់​ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ដូច​ជា ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី។

ជាមួយ​គ្នា​នេះ គេ​ឃើញ​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​មាត្រា​ជាច្រើន បង្កប់​នូវ​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព ដូច​ជា​បទ​ញុះញង់ បទ​អត្ថាធិប្បាយ​លើ​សេចក្តី​សម្រេច​របស់​តុលាការ បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ បទ​បរិហារកេរ្តិ៍ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ជាដើម។

ប៉ុន្តែ មន្ត្រី​គណបក្ស​កាន់​អំណាច តែង​អះអាង​ថា ស្ថិរភាព​នយោបាយ​របស់​កម្ពុជា កំពុង​មាន​ភាព​ល្អ​ប្រសើរ​ជា​លំដាប់ ខណៈ​ពលរដ្ឋ​ខ្មែរ​ទូទៅ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ធ្លាប់​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​គ្រប់​បែប​យ៉ាង ដូច​ជា​សេរីភាព​ខាង​ជំនឿ​សាសនា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ​ជាដើម ដរាប​ណា​សេរីភាព​ទាំង​នោះ​មិន​ប៉ះពាល់​អ្នក​ដទៃ ឬ​សណ្ដាប់ធ្នាប់​សង្គម៖ «មាន​សេរីភាព​គ្រប់​បែប​យ៉ាង​ទាំង​អស់ ប៉ុន្តែ​អ្នក​ដែល​មាន​សេរីភាព​មិន​អាចយ​ក​សិទ្ធិ​ដែល​ច្បាប់​ឲ្យ​នោះ ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បាន​ឡើយ។ សេរីភាព​ហ្នឹង គឺ​កុំ​ឲ្យ​ប៉ះពាល់​ដល់​គេ អ្នក​ឯង​មាន​សេរីភាព មានៗ​ទៅ កុំ​ឲ្យ​តែ​ប៉ះពាល់​គេ គេ​អាច​ប្ដឹង​តវ៉ា ប្ដឹង​បរិហារកេរ្តិ៍​ត្រលប់​មក​វិញ​បាន»

ក្រុម​សិទ្ធិ​មនុស្ស​បាន​សង្កេត​ឃើញ​ថា រយៈពេល​ចុង​ក្រោយ​នេះ សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ តែង​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ក្រុម​អ្នក​តវ៉ា​អំពី​បញ្ហា​ដីធ្លី សិទ្ធិ​ការងារ និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ។ សមត្ថកិច្ច តែង​ចោទ​សកម្មជន​ទាំង​នោះ​ពី​បទ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ បំផ្លាញ​សន្តិសុខ​សាធារណៈ បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ការ​បង្កើត​តំបន់​អបគមន៍​ជាដើម។ រហូត​មក​ទល់​ពេល​នេះ គេ​ដឹង​ថា មាន​សកម្មជន​ដីធ្លី សកម្មជន​ការពារ​សិទ្ធិ​មនុស្ស អ្នក​នយោបាយ និង​អ្នក​សារព័ត៌មាន​ជាច្រើន​នាក់ កំពុង​រស់នៅ​និរទេស​គេច​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Castro De La Monreo

ពី Paris, France

Yes, I am agree with what ever you said, but to establish a strong constant democratic society not like you do thinking as cooking one ricepot. If you look back to the history of American society you will see how long it took, may be 100 or more years then what you gonna do? I don't think this regime last forever when you teach all those new generations from those teens who need to liberate themselves from one to another to have their real freedom but these things you can't plan today and implement tomorrow it is take might half of century. So, you should think if you are the real born with freedom. Don't fuel gas on flame and run to clab and yak, yak, yak from outside the country and say I am a clean guy never get involved with anything.

Oct 01, 2012 02:08 PM

អ្នក​អាន​អនាមិក

Rattha,I agree with you 100%
Cambodia today has no democracy !
The person who says Cambodia today has democracy is Youn !
Only youns can say Cambodia today has democracy !
Those Youn secrete agents can speak and write Khmer very good.Watch out for those Youns!

Sep 29, 2012 11:53 AM

អ្នក​អាន​អនាមិក

នយោបាយបរទេសចង់លេបយកទឹកដីខ្មែរល្អណាស់
តើយើងដែលឆ្ងល់ទេ?ពេលដីខ្មែរត្រូវយួនលេបជិតបានរាល់ថ្ងៃ ខ្មែរបែជាគ្មានចម្បាំងសុខស្រួលមានបាន
កាលពីដីខ្មែរមានអ្នកដឹកនាំ ដែលមានមនសិការជាតិពិត ដែលមិនមែនជាអាយ៉ងយួន
ហេតុអីខ្មែរមានចម្បាំងមិនឈប់?យួនធ្វើអោយប្រជាជនខ្មែរមើលឃើញថា ស្រុកមានសន្តិសុខសព្វថ្ងៃហើយ
មិននាំគ្នាប្រឆាំងនឹងការបាត់បង់ទឹកដី គិតតែនាំគ្នាដេកស្រួលនឹងលួចជាតិ។
សព្វថ្ងៃមិនខុសពីជំនាន់ជ័យជេដ្ធាទី២ទេ សុខៗជាមួយយួនអស់ព្រៃនគរបារៀនឹងបៀហ្វា

Sep 29, 2012 11:17 AM

អ្នក​អាន​អនាមិក

លោកតាសឺនសានធ្លាប់បានមានប្រសាសន៍ថា នៅពេល
ដែលពួកខ្មែរក្រហមកំពុងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ
វៀតណាមកាលនោះគេបានប្រាប់ទៅអង្គការសហ
ប្រជាជាតិថាកម្ពុជាក្រោមការដឺកនាំរបស់ប៉ុលពត
កំពុងសម្បូរសប្បាយអត់មានបញ្ហាអីទេ​ គឺពុំមានការកាប់សម្លាប់គ្នាទេ។ តើវៀតណាម
គេនិយាយយ៉ាងនេះមានន័យយ៉ាងដូចម្តេច?

Sep 30, 2012 07:18 AM

អ្នក​អាន​អនាមិក

តើបងប្អូនខ្មែរដែលឆ្ងល់ដូចខ្ញុំឬទេ ថាហេតុអ្វីពេលលោកផៃសីផាន និយាយម្ដងៗ
យើងមានការពិបាកស្ដាប់ពិបាកយល់ម្លេះ?ខ្ញុំមិននិយាយពីសម្ដីនយោបាយទេ
ខ្ញុំពិបាកស្ដាប់គាត់ ព្រោះគាត់និយាយម្ដៗហាក់ដូចជាចង់ស្ទះខ្យល់
ខ្ញុំអ្នកស្ដាប់ក៏ចង់ស្ទះខ្យល់ដែរ ហើយការលើកសម្លេងដាក់សម្លេងដូចជាខុសពីខ្មែរ
ផៃសីផាននិយាយស្ដីដូចជាមិនរលូនស្រួលស្ដាប់សោះ ហាក់ដូចជាខំប្រឹងយ៉ាងត្រដរ
ខ្មែរល្ងង់មិនចេះអក្សរ គេនិយាយងាយស្រួលស្ដាប់ជាងផៃសីផានឆ្ងាយណាស់

Sep 29, 2012 10:15 AM

ផៃ សីផាវ

មតិលោក ផៃ សីផាន ម្តងណាក៏ឆ្វេងរហូត។​ ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជានៅមានកំរិតទា​បបំផុត ការប្រើប្រពន្ធ័ឃោស្នាមិនស្នើភាពគ្នា មន្ត្រីរាជការមិនមានប័ន្ថសមាជិកគណះបក្សកាន់អំណាចស្ថិតក្នុងហានិភយ័នៃកាបាត់បង់ការងារ បងប្អូនអង្កេតមើល រដ្ឋលេខាធិការ រដ្ឋមន្រ្តីតែងយកឈ្នោះស្ថាបន្ថ័មរដ្ឋមកឃោស្នាគណបក្សនយោបាយ។

Sep 29, 2012 10:12 AM

មើល​មតិ​ទាំង​អស់.