សេដាក​រៀបចំ​យុទ្ធសាស្ត្រ​១០​ឆ្នាំ​សម្រាប់​កសិករ​ក្លាយ​ជា​អ្នក​លក់​អង្ករ

សហគមន៍​កសិកម្ម​ចំនួន​៣២ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ក្រសួង​កសិកម្ម និង​បុគ្គលិក​អង្គការ​សេដាក (CEDAC) ប្រមាណ ៨០នាក់ ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០១២ និយាយ​អំពី​ការ​រីក​ចម្រើន​របស់​សហគមន៍​កសិកម្ម ក្នុង​ប្រទេស​កម្ពុជា។
ដោយ អ៊ុក សាវបូរី
2012-10-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យ៉ង សាំងកុមារ សេដាក ៣០៥
លោក​បណ្ឌិត យ៉ង សាំងកុមារ ប្រធាន​អង្គការ​សេដាក (CEDAC) ក្នុង​សិក្ខា​សាលា​បូក​សរុប​ភាព​រីក​ចម្រើន​របស់​សហគមន៍​កសិកម្ម និង​យុទ្ធសាស្ត្រ​១០ឆ្នាំ នា​សណ្ឋាគារ​ខេមបូឌីយ៉ាណា (Cambodiana Hotel) កាល​ពី​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០១២។
RFA/Ouk Savborey

អគ្គនាយករង​នៃ​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម លោក ស៊្រុន សុខុម ថ្លែង​ថា បណ្ដាញ​កសិករ​ធម្មជាតិ បាន​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​ប្រែប្រួល ជា​មូលហេតុ​នាំ​ឲ្យ​ផលិតកម្ម​ស្បៀង មាន​ស្ថិរភាព​រហូត​ជួយ​ជំរុញ​ឲ្យ​មាន​ការ​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​លើស​ផែនការ៖ «ឆ្នាំ​២០១៥ នេះ ឲ្យ​មាន​អង្ករ​យ៉ាង​តិច ១លាន​តោន សម្រាប់​ធ្វើ​ការ​នាំ​ចេញ។ បើ​សិន​ជា​យើង​ទាំង​អស់​គ្នា អ្នក​នៅ​ភ្នំពេញ អ្នក​រៀបចំ​គោល​នយោបាយ​អង្គុយ​តែ​សរសេរ អង្គុយ​តែ​សូត្រ នៅ​តែ​កន្លែង​ទេ វា​មិន​អាច​ដំណើរ​ការ​នោះ ក្លាយ​ទៅ​ជា​ការ​ពិត​ជាក់​ស្ដែង​បាន​ទេ មាន​តែ​សហគមន៍​កសិកម្ម​ហ្នឹង​ហើយ ដែល​ដំណើរ​ការ​ទៅ​មុខ បំពេញ​ភារកិច្ច​នេះ​បាន»

ប្រធាន​អង្គការ​សេដាក បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​ថា កសិករ​គួរ​តែ​ឈប់​លក់​ស្រូវ មក​លក់​ជា​អង្ករ​វិញ ទើប​ធ្វើ​ឲ្យ​អ្នក​ផលិត​ស្រូវ​ចំណេញ​បាន​អង្កាម ដែល​វា​ជួយ​បង្កើន​ជីជាតិ​ដី។ ទី២ វា​បាន​កន្ទក់​សម្រាប់​ចំណី​សត្វ​ចិញ្ចឹម។ លោក​ថា ការ​យក​ស្រូវ ១០០​គីឡូក្រាម ទៅ​កិន វា​នឹង​បាន​អង្កាម និង​កន្ទក់ ៣០​ទៅ ៣៥គីឡូក្រាម។ មូលហេតុ​នេះ ១០ឆ្នាំ​ខាង​មុខ ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២២ អង្គការ​សេដាក មាន​គម្រោង​គាំទ្រ​កសិករ ១សែន​នាក់ ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ក្លាយ​ទៅ​ជា​ម្ចាស់​ម៉ាស៊ីន​កិន​ស្រូវ ដើម្បី​បន្ថយ​ការ​លក់​ស្រូវ​ជា​វត្ថុ​ធាតុ​ដើម​ទាំង​ស្រុង ដោយ​មិន​បាន​កែច្នៃ៖ «ការ​ប្រាក់​នោះ​ថ្លៃ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ចំណេញ​របស់​យើង។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ យើង​ចង់​បង្ហាញ​អំពី​សាមគ្គីភាព​រវាង​កសិករ និង​កសិករ និង​ចូល​រួម​ទុន​គ្នា​ទៅ។ ក៏ប៉ុន្តែ បើ​សិន​ជា​រាជ​រដ្ឋាភិបាល​មាន​ទុន​ដាក់​មក​បន្ថែម​អ៊ីចឹង នោះ​ជា​ការ​ល្អ​មែន​ទែន»

ប្រធាន​បណ្ដាញ​កសិករ​អាស៊ី លោក អ៊ួន សុផល ថ្លែង​ថា ដើម្បី​ធ្វើ​ជំនួញ​ស្រូវ​របស់​សហគមន៍ កសិកម្ម​បច្ចុប្បន្ន​នៅ​ខ្វះ​ទុន​ក្នុង​ការ​ទិញ​ម៉ាស៊ីន​ស្រូវ​មក​កែច្នៃ​ស្រូវ ទៅ​ជា​អង្ករ​សម្រាប់​លក់។ អ្នក​ផលិត​ស្រូវ​ភាគ​ច្រើន បង្ខំ​ចិត្ត​លក់​ស្រូវ​ភ្លាមៗ បន្ទាប់​ពី​ច្រូត​រួច ព្រោះ​ខ្វះ​ទុន។ លោក​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់​ប្រាក់​កម្ចី​យក​ការ​ប្រាក់​ទាប​បំផុត ឲ្យ​កសិករ​ខ្ចី​ធ្វើ​ដើម​ទុន​កែច្នៃ​កសិកម្ម។

ប្រធាន​សហគមន៍​មហា​សាំង​រុងរឿង ខេត្ត​កំពង់ស្ពឺ លោក ដុំ ដន ថ្លែង​ថា កសិករ​មិន​ចង់​លក់​ស្រូវ​ក្នុង​តម្លៃ​ថោក ហើយ​ខាត​អង្កាម និង​កន្ទក់​ទេ ប៉ុន្តែ​កសិករ​ខ្វះ​ទុន​ក្នុង​ការ​បង្កើន​កសិកម្ម ជាពិសេស ការ​ចង់​ចូល​រួម ១០ឆ្នាំ​ខាង​មុខ ឲ្យ​មាន​ម៉ាស៊ីន​កិន​ស្រូវ​តាម​សហគមន៍។ លោក​ចង់​ឲ្យ​ក្រសួង​កសិកម្ម​ជួយ​ផ្តល់​ទុន​បន្ថែម​ទៅ​លើ​ទុន​ដែល​កសិករ​កំពុង​នាំ​គ្នា​ចូល​ហ៊ុន​សន្សំ៖ «ទិញ​ម៉ាស៊ីន​កិន​ស្រូវ​នោះ វា​ត្រូវ​ការ​ទុន​ច្រើន​ដែរ»

ស្រដៀង​គ្នា​ដែរ ប្រធាន​សហគមន៍​កសិកម្ម​ភ្នំ​ដំរី​រមៀល ខេត្ត​តាកែវ លោក ណុប អង ថ្លែង​ថា កសិករ​ក្នុង​សហគមន៍​នេះ​នឹង​សន្សំ​ទិញ​ម៉ាស៊ីន​កិន​ស្រូវ​ខ្នាត​តូច ដើម្បី​កែច្នៃ​ស្រូវ​ទៅ​ជា​អង្ករ ហើយ​ក៏​រំពឹង​ថា នឹង​ទទួល​បាន​ប្រាក់​កម្ចី​ពី​រាជ​រដ្ឋាភិបាល ដែល​នឹង​យក​ការ​ប្រាក់​ថោក។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម​នៃ​ក្រសួង​កសិកម្ម និង​ជា​ទីប្រឹក្សា​បណ្ដាញ​កសិករ​ធម្មជាតិ លោក ម៉ាក់ សឿន ថ្លែង​ថា មុន​នឹង​ក្រសួង​កសិកម្ម​ចេញ​មុខ​ជួយ​ខ្ចី​លុយ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ផ្តល់​ឲ្យ​កសិករ​ខ្ចី​បាន លុះត្រា​តែ​ប្រជាកសិករ​មាន​សមត្ថភាព​ចេះ​ធ្វើ​ផែនការ​សិន និង​ចេះ​ធ្វើ​តារាង​ចំណូល​ចំណាយ​ឲ្យ​មាន​តុល្យភាព​ត្រឹមត្រូវ។ លោក​ថា បច្ចុប្បន្ន​ក្រសួង​កសិកម្ម និង​ធ្វើ​ជា​អ្នក​គាំទ្រ និង​សម្របសម្រួល ឃ្លាំ​មើល​ការងារ​របស់​កសិករ​ឲ្យ​ដំណើរ​ការ​ល្អ​សិន មុន​នឹង​ឈាន​ទៅ​រក​ការ​ខ្ចី​លុយ​មក​បង្កើន​របរ​កសិកម្ម៖ «តើ​ចំណេញ​ប៉ុន្មាន? ចំណូល​ប៉ុន្មាន? ការ​ចាត់​ចែង​ហ្នឹង គឺ​គេ​ខាង​ស្ថាប័ន​ហិរញ្ញវត្ថុ គឺ​គេ​មើល​អា​ហ្នឹង​ហើយ បាន​គេ​ឲ្យ​យើង។ អ៊ីចឹង គឺ​ទាក់​ទង​ខាង​សមត្ថភាព»

មន្ត្រី​កសិកម្ម លោក ស៊្រុន សុខុម ថ្លែង​ថា គិត​មក​ដល់​ដើម​ខែ​តុលា ឆ្នាំ​២០១២ ដំណាំ​ស្រូវ​វស្សា​ទាំង​ស្រូវ​ព្រោះ និង​សន្ទូង ទើប​អនុវត្ត​បាន​ជាង ២លាន​ហិកតារ តែ​បាន​លើស​ផែនការ ១០៤%។ លោក​ថា នៅ​ខេត្ត​ប៉ែក​និរតី មួយ​ចំនួន​មាន​ខេត្ត​កំពត តាកែវ ជាដើម មិន​ទាន់​បាន​បញ្ចប់​ការ​ដក​ស្ទូង​នៅ​ឡើយ ដោយ​សារ​ទឹក​ភ្លៀង មិន​ទាន់​ធ្លាក់​គ្រប់​កន្លែង។ កាល​ពី​ដើម​រដូវ​វស្សា គ្រោះ​រាំង​ស្ងួត​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​នៅ​ខេត្ត​បាត់ដំបង ខូច​អស់​ជាង ១ម៉ឺន​ហិកតារ និង​ខេត្ត​ដទៃ​ទៀត ខូច​ស្រូវ​បង្កើន​រដូវ​សរុប​ជាង ២ម៉ឺន ២ពាន់​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

គំនិតល្អ ព្រោះកសិករកម្ពុជាត្រូវបានមូលធនកណ្តាលកេងប្រវ័ញ្ញយូរឆ្នាំហើយ។

Oct 12, 2012 09:28 PM