ក្រៅពីនេះ ទឹកស្ទឹងមោងក្រខ្វក់ ក៏ដោយសារសត្វពាហនៈ គោក្របីចុះត្រាំផងដែរ។ អ្នកស្រុកប្រមាណ ៨០% នៅតែបន្តប្រើប្រាស់ទឹកស្ទឹងមោងនោះ។
នៅអមសងខាងដងស្ទឹងមោង ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង គេសង្កេតឃើញសំរាម មានថង់ផ្លាស្ទីកជាដើម ត្រូវបានគេបោះបង់ចោល នៅតាមមាត់ស្ទឹងពាសវាលពាសកាល។ សំរាមទាំងនោះនៅពេលមានខ្យល់បក់បោកម្ដងៗ បានហោះហុយឡើងលើព្រោងព្រាតធ្លាក់ចូលទៅក្នុងទឹកស្ទឹងនោះថែមទៀត។ បញ្ហានេះ គេនៅពុំទាន់ឃើញមានក្រុមអាជ្ញាធរយកចិត្តទុកដាក់ និងចាត់វិធានការទប់ស្កាត់ទេ។ ប៉ុន្តែផ្ទុយទៅវិញមានតែអ្នកភូមិ បាននាំគ្នាយកទឹកស្ទឹងគគ្រិចនោះប្រើប្រាស់រហូតកើតមានជំងឺរាករូសថែមទៀត។
ពលរដ្ឋម្នាក់ឈ្មោះ ងួន ផល្លី រស់នៅភូមិគារ ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ លោកថ្លែងថា ទឹកនៅក្នុងស្ទឹងមោង មានស្ថានភាពគគ្រិច។ មានប្រជាពលរដ្ឋខ្លះ សង់ផ្ទះធ្វើបង្គន់បង្ហូរចូលក្នុងទឹកស្ទឹងថែមទៀត។ លោកថា ពុំមានប្រជាពលរដ្ឋណាម្នាក់ចូលរួមថែទាំអនាម័យទឹកស្ទឹងនោះឲ្យបានស្អាតល្អនោះទេ។ បញ្ហាទឹកស្ទឹងមោងគគ្រិចនេះ បានកើតមានជារៀងរាល់ឆ្នាំ។
លោក ងួន ផល្លី៖ «បូមដាក់ពាងដាំទឹកផឹក បូមពីស្ទឹងមក គក់ខោអាវបោកទឹកពាង មិនដែលចុះទេឥឡូវ។ កាលពីឆ្នាំ ១៩៨១ និង ១៩៨២ ធ្លាប់ចុះទៅស្ទឹង។ ដល់ឥឡូវអត់ដែលចុះទេ តាំងពីមានម៉ាស៊ីននេះមក។ ប៉ុន្តែគេអ្នកចុះនៅតែចុះ ក្របីគោសេះ មានអ្នកបន្ទោបង់នៅតាមស្ទឹង»។
ប្រជាពលរដ្ឋនៅស្រុកម៉ោងឫស្សីប្រមាណ ៨០% បានប្រើប្រាស់ទឹកស្ទឹងមោងជាប្រចាំ។ ប្រជាពលរដ្ឋ ដែលបានយកទឹកស្ទឹងមោងទៅប្រើប្រចាំថ្ងៃនោះ អ្នកខ្លះកើតមានជំងឺរាករូសដោយសារតែទឹកមិនស្អាត ហើយពួកគេយកទឹកស្ទឹងនោះទៅបរិភោគ ដោយពុំបានចម្អិន ឬដាំទឹកនោះឲ្យពុះបានត្រឹមត្រូវ។
លោក ជា រស់ មេភូមិគារ១ ស្ថិតក្នុងឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ លោកបានបញ្ជាក់ថា មានប្រជាពលរដ្ឋខ្លះ ដែលជាអ្នកមានលំនៅឋានអមនៅសងខាងដងស្ទឹងមោងនេះ ពួកគេពុំបានយកចិត្តទុកដាក់ជួយថែរក្សាទឹកស្ទឹងនោះឲ្យស្អាតល្អទេ។ ផ្ទុយទៅវិញ ពួកគេបានបោះកាកសំណល់ផ្សេងៗ នៅតាមមាត់ស្ទឹង បង្ហូរទឹកសំអុយគគ្រិចចូលស្ទឹង និងមានប្រជាពលរដ្ឋភាគច្រើនបាននាំគ្នាចុះងូតទឹកស្ទឹង និងបោកគក់ខោអាវក្នុងទឹកស្ទឹងជាប្រចាំ។ ពួកគេពុំបានដួស ឬដងយកទឹកនោះទៅប្រើប្រាស់ឲ្យផុតពីស្ទឹងទេ។ ក្រៅពីការបំពុលបរិស្ថានទឹកស្ទឹងមោង ដោយក្រុមមនុស្សនៅមានសត្វពាហនៈ គោក្របីជាច្រើនក្បាល ត្រូវបានគេដឹកឲ្យចុះផឹកទឹក និងឲ្យដេកត្រាំទឹកស្ទឹងមោងឫស្សីជាហូរហែថែមទៀតផង។
លោក ជា រស់៖ «មិនថាតែម្ដុំហ្នឹងទេ តាមដងស្ទឹង និងទាំងអស់ ហើយការណែនាំបានចុះមកបង្រៀនពីការថែទាំអនាម័យ ដើម្បីសុខភាពតែប្រជាពលរដ្ឋអត់សូវយកចិត្តទុកដាក់។ ការបង្រៀនបានលើកពីការថែទាំសុខភាព និងការពារបរិស្ថាន មានគ្រូខាងបរិស្ថានចុះមកណែនាំឲ្យយើងចេះជួយសំអាតគ្នា តាំងពីផ្ទះសំបែងឡើង។ កុំឲ្យចោលសំរាមចោលអីអ៊ីចឹង ប្រមូលដាក់ដុត។ តែគ្រួសារខ្លះយកចិត្តទុកដាក់ គ្រួសារខ្លះមិនសូវយកចិត្តទុកដាក់ ដូចក្នុងស្ទឹងមិនអាចថា ហាមឃាត់អ្នកណាមួយបាន»។
លោក អ៊ុត ជឿន ជាប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ស្រុកមោងឫស្សី។ លោកបានកត់សម្គាល់ថា បញ្ហាបរិស្ថានមិនស្អាតនៅក្នុងទឹកស្ទឹងមោងឫស្សីនេះ លោកបានមើលឃើញច្រើនឆ្នាំមកហើយ ហើយបានលើកយកបញ្ហានេះទៅជជែកពិភាក្សាគ្នា នៅក្នុងអង្គប្រជុំក្រុមប្រឹក្សាស្រុកដែរ។ លោកថា ទឹកស្ទឹងមោងគគ្រិចណាស់។ ប៉ុន្តែ ក្ដីកង្វល់ ដែលលោកបានលើកឡើងនោះ ត្រូវរងការស្ដីបន្ទោសពីគណៈអភិបាលស្រុកមោងឫស្សីទៅវិញ។
លោក អ៊ុត ជឿន៖ «ការបំពុលបរិស្ថានក្នុងទឹកស្ទឹងទី១ គេមើលឃើញប្រជាពលរដ្ឋមួយចំនួនធ្វើទ្រុងជ្រូកបង្ហូរចូលក្នុងស្ទឹងអ្នកខ្លះធ្វើបង្គន់បង្ហូរចូលក្នុងស្ទឹង នៅតាមមាត់ស្ទឹងមានប្រជាពលរដ្ឋមួយចំនួននាំគ្នាបន្ទោបង់ពាសពេញ ពាសវាលពាសកាល មានតាំងពីសត្វងាប់មាន់ងាប់បោះចោលឆ្កែងាប់បោះចោលក្នុងស្ទឹង ធ្វើឲ្យទឹកស្ទឹងមានមេរោគច្រើន»។
នៅតាមដងស្ទឹងក្នុងស្រុកមោងឫស្សីនោះដែរ គេសង្កេតឃើញមានសំរាម មានថង់ប្លាស្ទិកត្រូវបានគេបោះចោលពាសវាលពាសកាល។ នៅពេលមានខ្យល់បក់បោកមកម្ដងៗ ធ្វើឲ្យថង់សំរាមនោះ និងធូលី បានហុយឡើងលើធ្លាក់ចូលទឹកស្ទឹងនោះថែមទៀត។ បញ្ហានេះ គេពុំឃើញមានអ្នកណាម្នាក់យកចិត្តទុកដាក់ ក្នុងការថែរក្សាអនាម័យទេ។ លោក លោក ជា រស់ មេភូមិគារ បន្តថា ពួកគេដឹងតែពីនាំគ្នាចុះប្រើប្រាស់ទឹកស្ទឹងនោះ។ មានប្រជាពលរដ្ឋខ្លះមានជំងឺថែមទៀត។ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅស្រុកមោងឫស្សីក៏បានបូមទឹកស្ទឹងមិនល្អនោះ យកទៅដាក់ក្នុងអាងស្តុកទឹកនោះ ហើយបន្ទាប់មកបានចែកចាយទៅប្រជាពលរដ្ឋជាអតិថិជនប្រើប្រាស់ នៅតាមលំនៅឋាន ស្ថាប័ន មន្ទីរ គ្រឹះស្ថានឯកជននានា ទូទាំងស្រុកមោងឫស្សី ថែមទៀត។
លោក ជា រស់៖ «បងមើលសូម្បីនៅតាមថ្នល់ កាក់សំណល់ដែលថា មានសេវាកម្មប្រមូលហើយហ្នឹង ក៏មិនដាក់ឲ្យគេប្រមូលទេ។ វាដឹកយកទៅដាក់រាយចោលនៅថ្នល់អ៊ីចឹង។ ប្រជាជនមិនទាន់យល់។ ពួកគេប្រើប្រាស់ទឹកនៅទូទាំងស្រុក ហើយតែអ្នកនៅជាប់ដងស្ទឹងហ្នឹងប្រើទាំងអស់។ នៅផ្តុំផ្សារក៏ប្រើទឹកហ្នឹងដែរ ទឹកគីឡូ បូមពីទឹកស្ទឹងដូចគ្នា»។
ដើម្បីដោះស្រាយបញ្ហាទឹកស្ទឹងមិនល្អស្អាត ដែលបង្កឡើងដោយការបំពុលបរិស្ថាននេះ មានមតិខ្លះលើកឡើងថា ទាំងមន្ត្រីរាជការ មន្ត្រីបរិស្ថាន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវតែនាំគ្នាចូលរួមទប់ស្កាត់ ធ្វើការអប់រំ ដើម្បីទទួលបានអនាម័យល្អ ថែទាំទឹកស្ទឹងមោង ក្នុងស្រុកមោងឫស្សីឲ្យបានស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
លោក យិន ម៉េង លី ជាប្រធានសម្របសម្រួលអង្គការ អាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង។ លោកសម្ដែងការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានយកទឹកស្ទឹងមោងប្រើប្រាស់ដោយពុំមានអនាម័យ។ លោកថា នៅពេលលោកធ្វើដំណើរទៅតាមដងស្ទឹងមោង លោកពិនិត្យឃើញថា ស្ថានភាពទឹកស្ទឹងគគ្រិចខ្លាំងណាស់ ហើយទឹកស្ទឹងក្នុងស្រុកមោងឫស្សីនេះ ត្រូវបានប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាប្រចាំថ្ងៃថែមទៀត។
លោក យិន ម៉េង លី៖ «យើងមើលឃើញប្រជាពលរដ្ឋគាត់លក់ដូរនៅមាត់ស្ទឹងនេះ ហើយបោះសម្ភារៈចូលទៅក្នុងស្ទឹង ហើយគាត់ងូតនៅក្នុងស្ទឹង ហើយខែនេះមានទឹកស្ទឹងតិច នៅស្ងៀមទ្រឹង មានកន្លែងបាតស្ទឹងខ្លះគោកថែមទៀត។ បើយើងនិយាយពីផលប៉ះពាល់ (គឺ) ប៉ះពាល់ច្រើនណាស់»។
លោកបន្តថា ផលប៉ះពាល់ទាំងនោះ និងកើតមាននៅពេលប្រជាពលរដ្ឋយកទឹកស្ទឹងគគ្រិចនោះទៅបរិភោគប្រចាំថ្ងៃ ហើយអាចប៉ះពាល់ដល់សុខភាព កើតមានជំងឺផ្សេងៗ ធ្ងន់ធ្ងរ។ លោកថា នៅពេលមានប្រជាពលរដ្ឋកើតមានជំងឺនោះ ពួកគេនឹងត្រូវការចំណាយលុយកាក់ព្យាបាលជំងឺ។ បញ្ហានេះ មិនមែនគ្រាន់តែជាការចំណាយលុយរបស់ប្រជាពលរដ្ឋផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែវាទាក់ទិនទៅដល់ខ្ទង់ចំណាយថវិកាជាតិរបស់រដ្ឋាភិបាលកម្ពុជាថែមទៀតលើផ្នែកសុខាភិបាល។
លោកបន្តថា ដូច្នេះហើយបញ្ហានេះ ត្រូវតែមានការយកចិត្តទុកដាក់អោយបានខ្ពស់បំផុត។ ក្រុមអាជ្ញាធរត្រូវចាត់វិធានការពន្យល់ប្រជាពលរដ្ឋ អប់រំពួកគាត់ឲ្យបានយល់ពីផលប៉ះពាល់នានា ដែលបង្កឡើងដោយការបំពុលបរិស្ថាន។ ម្យ៉ាងវិញទៀត នៅតាមទីប្រជុំជន និងទីផ្សារលក់ដូរជាប់មាត់ស្ទឹងមោងនោះ ត្រូវរៀបចំឲ្យមានធុងសំរាមសម្រាប់ដាក់សំរាមឲ្យបានត្រឹមត្រូវ។ ខាងមន្ត្រីបរិស្ថានត្រូវមានវិធានការចុះទៅកាន់ភូមិឃុំ ទីតាំងលក់ដូរទាំងនោះ ពន្យល់ប្រជាពលរដ្ឋ និងក្រុមអាជីវករឲ្យពួកគេបានយល់ដឹងពីផលប៉ះពាល់ ដែលកើតចេញការបំពុលបរិស្ថាន៕