ការចោទនោះ ត្រូវប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនពិការ៣១៧ បដិសេធថាមានបញ្ជាពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឲ្យបោះព្រំដីនៅសល់ពីការអភិវឌ្ឍឲ្យច្បាស់លាស់ ដើម្បីបែងចែកដីសល់នោះទៅឲ្យទុរគតជន ឬយោធាដែលខ្វះខាត។
យោធាពិការជិត ១០០នាក់ បានលើកគ្នាទៅតវ៉ានៅមុខទីស្នាក់ការភូមិតេជោ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ទាមទារឲ្យប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនពិការ៣១៧ បែងចែកដីបម្រុងទុករបស់មជ្ឈមណ្ឌលនេះ ឲ្យបានត្រឹមត្រូវ។
យោធាពិការភ្នែកសងខាងឈ្មោះ ឡេង សារឿន ថ្លែងថា ដីបម្រុងទុកប្រមាណ ១០០ហិកតារ សល់ពីការបែងចែកដីឲ្យយោធិនពិការ ២៦៣គ្រួសារ ឥឡូវប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនពិការ៣១៧ គឺលោក ទិត ម៉េងឡុង បានវាស់ចែកឲ្យក្រុមសាច់ញាតិគាត់ ទើបយោធាពិការមិនសុខចិត្ត ព្រោះដីនៅសល់ លោក ហ៊ុន សែន ប្រកាសថាជាដីសម្រាប់បែងចែកឲ្យគ្រួសារយោធាពិការណាដែលមានកូនច្រើន ហើយខ្វះដីដាំដុះ។
លោក ឡេង សារឿន៖ «ដែលសម្ដេចសន្យាថា ដីដែលសេសសល់ហ្នឹង បើពិការណាដែលនៅក្រៅក្របខណ្ឌហ្នឹង យកមកដាក់ដីដែលសេសសល់ហ្នឹង។ ចុះឥឡូវនេះ ដីដែលសេសសល់ហ្នឹង គឺឧត្តមសេនីយ៍ទោ ទិត្យ ម៉េងឡុង គាត់វាស់វែងរៀបចំលក់ឲ្យឈ្មួញ និងរៀបចំឲ្យបុគ្គលិកគាត់អស់ទៅហើយ»។
យោធាពិការឈ្មោះ កើត ឡាញ ថ្លែងថា គាត់មានកូនច្រើន ហើយសង្ឃឹមថា កូនចៅយោធាពិការនឹងទទួលបានដីបម្រុងទុកជិត ១០០ហិកតារនោះ សម្រាប់ដាំដំណាំ។ តែបែរជាដីនោះត្រូវបានទៅអ្នកផ្សេងដែលមិនមែនជាជនពិការ ឬអ្នកខ្វះដីដាំដុះ គឺបានទៅលើជាសាច់ញាតិប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនពិការ៣១៧ ទៅវិញ៖ «ដូចខ្ញុំហ្នឹង អំបែងពេញខ្លួនប្រាណ ខូចភ្នែកអីហ្នឹង អាដីសល់បន្តិចបន្តួចគេចែកតែគ្នាគេ»។
ស្រដៀងគ្នាដែរ លោក អែល ម៉ាត់ អះអាងថា ប្រមុខរដ្ឋាភិបាលយកចិត្តទុកដាក់ជួយជនពិការ ប៉ុន្តែអ្នកគ្រប់គ្រងមជ្ឈមណ្ឌលជនពិការ៣១៧ បែរជាកេងយកដីបម្រុងជាកម្មសិទ្ធិគ្រួសារ ខណៈក្រុមយុវជនស្ម័គ្រចិត្តរៀបចំវាស់ដីបែងចែកប្លង់ជូនពលរដ្ឋនាពេលខាងមុខ៖ «ខ្ញុំម្នាក់ៗចង់បានដីនោះ ដាំដំណាំស្រូវ ដាំស្លឹកគ្រៃ ដាំពោត ដាំអីចិញ្ចឹមជីវិត»។
ឆ្លើយតបការចោទនោះ ឧត្តមសេនីយ៍ ទិត្យ ម៉េងឡុង ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនពិការ៣១៧ បដិសេធថា គាត់មិនបានបែងចែកដី ឬលក់ដីនោះទេ។ គាត់អនុវត្តបញ្ជាពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី បញ្ជាបីខែមកហើយ ឲ្យមជ្ឈមណ្ឌលនេះការពារដីនៅសល់ពីបែងចែកឲ្យយោធាពិការចំនួន ២៦៣គ្រួសារ ឲ្យបោះរបងថ្ម និងកាប់ឆ្ការព្រៃ ដើម្បីត្រៀមចែកឲ្យយោធា និងទុរគតជនដែលគ្មានទីលំនៅ ដែលរដ្ឋាភិបាលនឹងបញ្ជូនមក។ ទើបសកម្មភាពកាប់ឆ្ការ និងឈូសពង្រាបដីបម្រុងទុកនោះ បានធ្វើប្រមាណពីរខែនេះ។ លោកបញ្ជាក់ថា ដីបម្រុងទុកដែលនៅសល់ប្រមាណជាង ៨០ហិកតារ កំពុងត្រៀមទុកឲ្យខុទ្ទកាល័យចែកទៅទុរគតជន និងយោធាផ្សេងៗ។
លោកថា ជនពិការចំនួន ២៦៣គ្រួសារ កំពុងរស់នៅក្នុងមជ្ឈមណ្ឌលនេះបានទទួលចំណែកដីក្នុងមួយគ្រួសារ ក្បាលដី ៥០ម៉ែត្រ គុណនឹង ៣០០ម៉ែត្រ និងផ្ទះថ្មផ្ទាល់ដីមួយ។ លោកថា ការអនុវត្តបញ្ជាខុទ្ទកាល័យនាយករដ្ឋមន្ត្រីនោះ គាត់រងនូវការចោទពីជនពិការថា គាត់លក់ដីឲ្យទៅក្រុមហ៊ុន៖ «ដែលបានចែកជូនគាត់ផ្ទះមួយខ្នង ហើយនិងដី ១ហិកតារកន្លះ។ អីចឹង យើងបានធ្វើបញ្ចប់ហើយជំហានទីមួយនេះ ហើយយុវជនស្ម័គ្រចិត្ត ហើយនិងក្រុមបច្ចេកទេស គេនឹងធ្វើជំហានទី២ទៀត ហើយដល់រួចទៅ គាត់យកលេសថា ចប់ជំហានទី១ នៅកន្លែងចំណុចដែលត្រូវធ្វើសកម្មភាពនោះមិនធ្វើទេ។ អីចឹងគាត់នាំគ្នាទៅដណ្ដើមកាន់កាប់»។
មេឃុំតេជោអភិវឌ្ឍន៍ លោក ជឹម សឿន ថ្លែងថា ក្រោយពីមានការផ្អើលឈូរឆតវ៉ារបស់យោធាពិការក្នុងឃុំ លោកបានចុះពិនិត្យមើលដីបម្រុងទុកនោះ។ ដីនោះកំពុងតែបោះបង្គោលលើដី មានកាប់ព្រៃក្នុងដីនោះ និងមានឈូសឆាយដីនោះ។ ប៉ុន្តែអាជ្ញាធរឃុំមិនហ៊ានដោះស្រាយ ព្រោះជារឿងយោធាអាជ្ញាធរឃុំ គ្រាន់តែដឹងថា ដីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនពិការតំបន់៣១៧ ស្ថិតនៅក្នុងប្លង់ដីនៃឃុំតេជោអភិវឌ្ឍន៍ នេះ៖ «ឥឡូវខ្ញុំកំពុងតែមកមើលហេតុការណ៍ហ្នឹងហើយ គេកំពុងតែកាប់ដុតៗនេះ។ អ្នកទទួលដីថ្មីហ្នឹង ខ្ញុំអត់ហ៊ានចូលក្បែរទេ ខ្ញុំឈរមើលពីចម្ងាយ»។
យោធាពិការអះអាងថា ពួកគាត់នឹងតវ៉ាបន្តទៀត ដើម្បីដណ្ដើមយកដីបម្រុងទុកនោះ ឲ្យមានការបែងចែកដីតាមប្រកាសរបស់នាយករដ្ឋមន្ត្រី ថានឹងចែកដល់កូនចៅយោធាដែលជាជនពិការ ដែលរស់នៅដោយខ្វះដីដាំដំណាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។