ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីក្រុមនគរបាលស្រុក បានចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ស្ថិតនៅឃុំដូង កាលពីថ្ងៃទី១៦ និង១៧ សីហា។
ជំទប់ទី១ មកពីគណបក្ស សម រង្ស៊ី លោក អែម វឿន អះអាងនៅថ្ងៃទី១៨ សីហា ថា មេឃុំដូង នៃគណបក្សប្រជាជន លោក នាង សាមាន មានចេតនាបិទបាំងដំណឹងស្ដីពីការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ។ ជាពិសេស ពលរដ្ឋដែលមានទំនោរទៅរកគណបក្សប្រឆាំង។ លោកថ្លែងបន្តថា លោក នាង សាមាន ប្រាប់ដំណឹងនៃការចុះធ្វើអត្តសញ្ញាណប័ណ្ណនោះដល់មេភូមិ ឲ្យដើរប្រាប់ តែពលរដ្ឋទាំងឡាយណាដែលគេដឹងថាជាអ្នកគាំទ្រគណបក្សប្រជាជន។ ចំណែកពលរដ្ឋដែលគេដឹងថាមាននិន្នាការទៅរកគណបក្សប្រឆាំង មេភូមិមិនប្រាប់ដំណឹងនោះឲ្យដឹងឡើយ។
លោក អែម វឿន៖ «ក្រុមប្រឹក្សាមិនប្រជុំប្រាប់ បែរជាទៅប្រាប់មេភូមិឯណោះវិញ ដើម្បីឲ្យកៀរគរសមាជិករបស់ខ្លួនមកធ្វើអត្តសញ្ញាណប័ណ្ណ តែគណបក្សដទៃមិនបានអញ្ជើញ មិនប្រាប់គេឲ្យគេមកធ្វើទេ។ អ៊ីចឹង មេភូមិ គាត់ដើរហៅ ដែលមើលទៅឃើញថា គ្នាគាត់ ចុះអ្នកដែលមានបំណងចង់ស្នេហាប្រជាធិបតេយ្យ អ្នកចង់បោះឆ្នោតឲ្យគណបក្សផ្សេងហ្នឹង គេមិនទៅអញ្ជើញទេ យើងឃើញប្រជាពលរដ្ឋមករអ៊ូអ៊ីចឹង»។
លោក អែម វឿន បន្តថា លោកក៏ជាសមាជិកនៃក្រុមប្រឹក្សាឃុំដូង មួយរូប ដែលពលរដ្ឋបោះឆ្នោតជ្រើសរើសជាតំណាងរបស់ពួកគាត់ម្នាក់ដែរ ហើយគាត់ក៏មានសិទ្ធិនឹងទទួលដំណឹងនេះដែរ ដើម្បីនាំយកដំណឹងនោះប្រាប់ពលរដ្ឋ។ ផ្ទុយទៅវិញ លោកមេឃុំព្យាយាមលាក់លៀម មិនឲ្យសមាជិកនៃគណបក្សផ្សេង ក្រៅពីគណបក្សប្រជាជន បានដឹងនោះទេ។
ទាក់ទងនឹងករណីនេះដែរ សមាជិកក្រុមប្រឹក្សាឃុំ នៃគណបក្ស សិទ្ធិមនុស្ស និងជាជំទប់ទី២ លោក សូ ស៊ុត ថ្លែងថា ទង្វើរបស់មេឃុំដែលកំពុងប្រព្រឹត្តនេះ គឺផ្ទុយទៅនឹងគោលការណ៍ច្បាប់ ព្រោះមេឃុំគួរផ្ដល់ដំណឹងដល់គ្រប់សមាជិក នៃគណបក្សទាំងអស់ឲ្យបានដឹង ដើម្បីជៀសវាងការខកខានក្នុងការផ្ដល់ដំណឹងដល់ពលរដ្ឋ។
លោកបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណមានសារសំខាន់ណាស់ ព្រោះបើពលរដ្ឋមិនមានអត្តសញ្ញាណប័ណ្ណ វាអាចនាំឲ្យមានផលប៉ះពាល់ដល់ដំណើរការចុះឈ្មោះ និងការបោះឆ្នោតនៅឆ្នាំ២០១៣ ខាងមុខ៖ «បាទ ខ្ញុំបារម្ភកន្លែងហ្នឹងដែរ។ ទីមួយ អត់អត្តសញ្ញាណប័ណ្ណ។ ទីពីរ បើគណបក្សវា អត់ដល់អាយុ ក៏ធ្វើឲ្យដែរ ព្រោះខ្ញុំបានចាប់ជាប់ ខ្ញុំបានចាប់ជាប់ទើបមានប្រតិកម្មនៅកន្លែងនោះ។ អ៊ីចឹង ចង់ស្នើទៅរដ្ឋាភិបាលតែម្ដង សូមមន្ត្រីអត្តសញ្ញាណប័ណ្ណចុះធ្វើអត្តសញ្ញាណប័ណ្ណ សូមឲ្យជម្រាបជូនក្រុមប្រឹក្សាឃុំ សូមឲ្យក្រុមប្រឹក្សាឃុំ បានដឹង ដើម្បីអញ្ជើញប្រជាពលរដ្ឋគ្រប់និន្នាការគណបក្សនយោបាយ ធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីទៅបោះឆ្នោត នៅឆ្នាំ២០១៣»។
ឆ្លើយតបនឹងការចោទរបស់សមាជិកក្រុមប្រឹក្សាឃុំដូង នៃគណបក្សទាំងពីរនេះដែរ មេឃុំដូង លោក នាង សាមាន មានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាឃុំ នៃគណបក្សប្រឆាំង តែងរកលេសដើម្បីចោទមន្ត្រីរបស់គណបក្សប្រជាជនជានិច្ច បើទោះបីការលើកឡើងនោះ វាមិនសមហេតុផលយ៉ាងណាក៏ដោយ។ ព្រោះការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាឃុំ នៃគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្សនេះ គឺមានចេតនាបំភ្លៃការពិតតែប៉ុណ្ណោះ។
តាមពិត លោកមិនធ្លាប់បិទបាំង ឬលាក់លៀមដំណឹងនៃការចុះធ្វើអត្តសញ្ញាណប័ណ្ណរបស់ក្រុមនគរបាលស្រុកនោះឡើយ៖ «ការរើសអើងមិនរើសអើងនោះ ខ្ញុំអត់មានរើសអើងគណបក្សណាទេ។ ពីព្រោះផែនការរបស់មេឃុំ គឺដាក់ទៅឲ្យមេភូមិ គឺឲ្យតែអាយុ១៦ ឬ១៧ ឬ១៨ឆ្នាំ មានក្នុងបញ្ជី១ កូនចៅប្រជាពលរដ្ឋ ក្រុមគ្រួសារ គឺត្រូវចុះឈ្មោះរាយការណ៍ប៉ុស្តិ៍រដ្ឋបាលឃុំរដ្ឋ ហេតុផលនេះ គាត់លើកឲ្យតែផុតពីមាត់ទេ ខ្ញុំធ្វើអ្វី ខ្ញុំសុទ្ធតែមានផែនការមានកាលវិភាគរបស់ខ្ញុំត្រឹមត្រូវ។ ខ្ញុំអត់មានថា ទៅអញ្ជើញអ្នកនេះ អញ្ជើញអ្នកនោះ ឃើញមកអ៊ីចឹង ហៅមកភ្លាមៗនោះទេ។ អាហ្នឹង ផែនការចេញពីក្រសួងមហាផ្ទៃមក ចេញពីរដ្ឋាភិបាលមក សុទ្ធតែស្រង់ឈ្មោះមុន ឧទាហរណ៍ភូមិក មានគ្នាប៉ុន្មាននាក់ ភូមិខ ប៉ុន្មាននាក់ អ្នកនៅអចិន្ត្រៃយ៍ប៉ុន្មាន កម្មករប៉ុន្មាន អ្នកទៅក្រៅប្រទេសប៉ុន្មាន»។
លោក អែម វឿន ឲ្យដឹងថា កាលពីថ្ងៃទី១៦ និង១៧ សីហា ឆ្នាំ២០១២ ក្រុមនគរបាលស្រុកបានចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ ហើយការចុះធ្វើអត្តសញ្ញាណប័ណ្ណនេះ មានពលរដ្ឋជាច្រើនខកខានមិនបានធ្វើអត្តសញ្ញាណប័ណ្ណ។ ហេតុការណ៍នេះ នាំឲ្យពលរដ្ឋមួយចំនួនដែលមានទំនោរទៅគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្ស ចាត់ទុកថាមេឃុំដូង ព្យាយាមលាក់លៀមពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។