ប្រធានក្រុមការងារគណបក្សសមរង្ស៊ីខេត្តកំពង់ឆ្នាំង គឺលោក ថោង ភាជ បានចោទប្រកាន់ថាកាលពីព្រលប់ថ្ងៃទី២១ កក្កដាកន្លងទៅ នៅពេលលោកចាក់ផ្សាយសាររបស់លោកប្រធាន សម រង្ស៊ី ស្រាប់តែលោក នៅ ស៊ីម មេឃុំនិងជាប្រធានគណបក្សប្រជាជនកម្ពុជាឃុំនេះ បានធ្វើការរារាំងនិងប្រើពាក្យអសុរោះមកលើរូបលោកទៀតផង ។
លោក ថោង ភាជ បានឲ្យដឹងថា ៖ «មុននឹងខ្ញុំចាក់ហ្នឹងអត់មានឮសំឡេងអីទេ ស្រាប់តែដល់ពេលដែលខ្ញុំចាក់បានប្រហែលជាកន្លះម៉ោងចប់សារនោះភ្លាម ស្រាប់តែលោកគណបក្សប្រជាជនគាត់រៀបមេក្រូ ហើយគាត់លើកឡើងចាក់ឡងជាមួយខ្ញុំតែម្ដង ។ ដល់ពេលនោះខ្ញុំប្រកាន់ទីថាខ្ញុំបានចាក់មុនខាងគណបក្សប្រជាជនដែលជាមេឃុំហ្នឹង ។ មានបញ្ហាអ៊ីចឹងហើយ CEC គាត់មកឃាត់ខ្ញុំក៏ស្ដាប់តាម CEC ខ្ញុំក៏បិទមេក្រូ ។ ពេលមេក្រូនោះបិទទាំងអស់គ្នាស្រាប់តែមេឃុំលោកបានប្រកាសមាត់ទទេ ហើយឲ្យអាចម៍ឲ្យនោមមកដល់ខ្ញុំ ។ គាត់ថា "ស្អីខ្លាំងស្អី អ្ហែងបានតែថា អាចម៍អី បើអាចម៍ទេ អាចម៍តែឯងទៅ កុំឲ្យរំលោភគេបរិហារកេរ្តិ៍អីអ៊ីចឹង"» ។
មេឃុំប្រឡាយមាស លោក នៅ ស៊ីម បដិសេធការចោទប្រកាន់នេះ ។ លោកមានប្រសាសន៍ថាគឺគណបក្សសមរង្ស៊ីទេដែលមិនគោរពច្បាប់ ព្រោះតាមប្រតិទិនដែលឯកភាពដោយ CEC គឺគណបក្សប្រជាជនកម្ពុជាត្រូវឃោសនានៅទីនេះ ហើយលោកក៏បានចាក់ផ្សាយពីកម្មវិធីនយោបាយ១១ខ របស់គណបក្សប្រជាជនកម្ពុជាជាធម្មតាពុំមានការរារាំងឬរំខានចំពោះនរណាឡើយ ។
លោក នៅ ស៊ីម បានបញ្ជាក់ថា ៖ «វាមិនជាអសុរោះអីជ្រៅជ្រះទេ បើគាត់ដាក់មកសុទ្ធតែជេរគេផង គេមិនថាផង ។ យើងគ្រាន់តែថាពាក្យធ្ងន់ពាក្យអី ដូចថាវាមិនផ្អែមល្ហែម ដូចយើងនិយាយទ្រង់ខឹងដែរ ។ គាត់មិនគោរពបុព្វសិទ្ធិកិច្ចការ យើងអប់រំទៅវាមានបញ្ហាអ៊ីចឹងទៅណា៎ ។ ហើយខ្ញុំដូចជាមិនចង្អៀតចង្អល់អីទេ ការឃោសនាធ្វើម៉េចឲ្យតែវាត្រូវតាមពេលវេលា ។ រំលោភលើប្រតិទិនយើងផង ហើយវាអ៊ីចេះផងស្នាក់ការយើងវាជាប់គ្នាជិតគ្នា ហើយខាងប្រជាជនត្រូវធ្វើ ហើយគាត់ទៅធ្វើ» ។
ប្រធាន CEC ឃុំប្រឡាយមាស លោក ខ្វាន់ ផល្លី មានប្រសាសន៍ថាទំនាស់នេះកើតចេញពីការមិនយោគយល់គ្នា ។ លោកបន្តថាលោកនឹងអញ្ជើញភាគីទាំងពីរមកសម្របសម្រួលក្នុងពេលឆាប់ៗខាងមុខនេះ ។
លោក ខ្វាន់ ផល្លី បានមានប្រសាសន៍ថា ៖ «បើតាមកម្មវិធីប្រតិទិនដែលដាក់ចូលមកដល់ CEC ខ្ញុំនេះ គឺគណបក្សប្រជាជន ប្រតិទិនរបស់គណបក្សនយោបាយខាងគណបក្សប្រជាជន ។ ប៉ុន្តែនៅវេលាម៉ោង៥ជារៀងរាល់ថ្ងៃរបស់គាត់ ជួនកាលគាត់ចាក់ ជួនកាលគាត់អត់ចាក់ទេ ។ ដល់ពេលអ៊ីចឹងប្រហែលជាគណបក្ស លោក សម រង្ស៊ី គាត់ឮសូរគណបក្សប្រជាជនគាត់អត់ចាក់ បានគាត់ចាក់ហ្នឹង» ។
មន្រ្តីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មានប្រសាសន៍ថាគណបក្សនយោបាយទាំងអស់គួរតែពង្រឹងការគោរពច្បាប់បោះឆ្នោតគួបផ្សំនឹងការយោគយល់អធ្យាស្រ័យគ្នាផង ដើម្បីឲ្យដំណើរការបោះឆ្នោតអាចនឹងប្រព្រឹត្តទៅដោយរលូន ៕
