ក្រុម​វេជ្ជបណ្ឌិត​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សុខភាព​ជន​ជាប់​ចោទ អៀង សារី

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង កាល​ពី​ថ្ងៃ​សុក្រ ទី២១ ខែ​កញ្ញា បាន​បើក​សវនាការ​ស្ដីពី​ស្ថានភាព​សុខភាព​ជន​ជាប់​ចោទ អៀង សារី ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រាជធានី​ភ្នំពេញ។
ដោយ ម៉ៅ សុធានី
2012-09-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អៀង សារី ៣០៥
២៨-មិថុនា-២០១១៖ អៀង សារី ក្នុង​អំឡុង​ពេល​សវនាការ​បឋម​នៃ​សំណុំ​រឿង ០០២ នៅ​ថ្ងៃ​ទី​២ នា​សាលាក្ដី​ខ្មែរ​ក្រហម។
Photo courtesy of ECCC

សវនាការ​សាកសួរ​វេជ្ជបណ្ឌិត​ពីរ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ជន​ជាប់​ចោទ អៀង សារី មាន​ជំងឺ​ហេវ​ហត់ និង​ចុះ​ខ្សោយ​កម្លាំង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ជា​បន្ទាន់ កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០១២។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ ទី២១ ថា ស្ថានភាព​សុខភាព​ជន​ជាប់​ចោទ អៀង សារី អាយុ ៨៦ឆ្នាំ ឋិត​ក្នុង​សភាព​ព្រួយ​បារម្ភ​នៅ​ឡើយ។ បន្ថែម​ពី​នេះ​ទៀត ក្រុម​វេជ្ជបណ្ឌិត ក៏​បាន​រក​ឃើញ​មាន​សញ្ញា​មិន​ប្រក្រតី នៅ​ឆ្អឹង​កញ្ចឹង​ក៖ «វេជ្ជបណ្ឌិត​ទាំង​ពីរ​រូប​បាន​ជម្រាប​ទៅ​អង្គ​ជំនុំ​ជម្រះ​អំពី​ស្ថានភាព​សុខភាព​របស់​លោក អៀង សារី ដែល​ថា​ស្ថានភាព​ជំងឺ​របស់​គាត់​ដែល​មាន​ភាព​ថេរ មាន​ន័យ​ថា ស្ថានភាព​ជំងឺ​ដែល​ហេវ​ហត់ និង​ចុះ​ខ្សោយ​នោះ។ បន្ថែម​ពី​នេះ បន្ទាប់​ពី​ស្កេន (Scan=ពិនិត្យ) ទៅ​លើ​កញ្ចឹង​ក គេ​បាន​រក​ឃើញ​ឆ្អឹង​កង​ក​របស់ អៀង សារី នោះ គឺ​រឹង ជា​ហេតុ​ធ្វើ​ឲ្យ​សរសៃ​ឈាម​ដែល​បញ្ជូន​ឈាម បញ្ចូល​ទៅ​ក្នុង​ខួរ​ក្បាល គឺ​ហាក់​ដូច​ជា​មាន​ភាព​មិន​គ្រប់គ្រាន់ នាំ​ឲ្យ​វិល​មុខ និង​ហេវ​ហត់​ជាដើម»

ក្រុម​វេជ្ជបណ្ឌិត​ពីរ​រូប ដែល​បាន​អញ្ជើញ​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​អង្គ​ជំនុំ​ជម្រះ​សាលា​ក្តី​ខ្មែរ​ក្រហម រួម​មាន​លោក​វេជ្ជបណ្ឌិត លឹម ស៊ីវត្ថា ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ជា​ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​សហភាព​ខ្មែរ-សូវៀត ព្រម​ទាំង​លោក​វេជ្ជបណ្ឌិត គី ស៊ូបួ គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​បេះដូង។

លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​បន្ត​ថា ក្រុម​គ្រូពេទ្យ​កំពុង​ពិចារណា​ថា តើ​គួរ​ធ្វើ​ការ​វះ​កាត់​ឆ្អឹង​កញ្ចឹង​ក អៀង សារី ឬ​យ៉ាង​ណា​ទេ។ លោក​បន្ត​ថា វេជ្ជបណ្ឌិត​ព្រួយ​បារម្ភ​ថា ការ​វះ​កាត់​នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ជន​ជាប់​ចោទ ដោយ​សារ​តែ​វ័យ និង​ជំងឺ​បេះដូង​ផង៖ «ហើយ​បើ​តាម​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត គឺ​ថា​ស្ថានភាព​ជំងឺ​របស់​គាត់ បើ​សិន​ជា​មាន​ការ​វះ​កាត់ អនុញ្ញាត​ឲ្យ​ឈាម​ឡើង​ទៅ​ខួរ​ក្បាល វា​ហាក់​ដូច​ជា​មាន​ហានិភ័យ​ខ្ពស់។ ឥឡូវ​នេះ ក្រុម​វេជ្ជបណ្ឌិត​កំពុង​ពិចារណា​ថា តើ​ដំណោះស្រាយ​មួយ​ណា ដែល​ធ្វើ​ឲ្យ​ជំងឺ​របស់ អៀង សារី បាន​ជា​សះ​ស្បើយ​ឡើង​វិញ»

ជន​ជាប់​ចោទ អៀង សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ក្នុង​សម័យ​ខ្មែរ​ក្រហម បាន​ត្រូវ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលា​ក្តី​ខ្មែរ​ក្រហម ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ និង​បទ​ចោទ​មួយ​ចំនួន​ទៀត ដូច​ជា​ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​សាសនា​ជាដើម។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា ការ​បញ្ជាក់​ប្រាប់​របស់​ក្រុម​វេជ្ជបណ្ឌិត​ពី​ស្ថានភាព​សុខភាព អៀង សារី កាល​ពី​ថ្ងៃ​សុក្រ នេះ គឺ​ជា​ព័ត៌មាន​ដ៏​សំខាន់​មួយ ដើម្បី​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម គិតគូរ​ពិចារណា និង​រិះ​រក​វិធានការ​សមស្រប ដើម្បី​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម អាច​បន្ត​ដំណើរ​ការ​កាត់​សេចក្តី​ដោយ​ពុំ​មាន​រាំង​ស្ទះ។

កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា អៀង សារី ដែល​មាន​ជំងឺ​បេះដូង និង​សុខភាព​ចុះ​ខ្សោយ​ហេវ​ហត់ បាន​ត្រូវ​ដឹក​ទៅ​ព្យាបាល​សង្គ្រោះ​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ក្រុម​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ អៀង សារី ចាក​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ឡើយ​ទេ ទើប​បណ្ដាល​ឲ្យ​លោក​អវត្តមាន​ពី​សវនាការ​សាលា​ក្តី​ខ្មែរ​ក្រហម។

សាលា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ បាន​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ អាយុ ៨០ឆ្នាំ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច និង​ជា​ភរិយា​របស់ អៀង សារី។ ការ​ដោះ​លែង​នេះ ដោយ​សារ​ជន​ជាប់​ចោទ អៀង ធីរិទ្ធ មាន​ជំងឺ​វង្វេងវង្វាន់ និង​បាត់​ការ​ចងចាំ​ធ្ងន់ធ្ងរ មិន​អាច​ចូល​រួម​ក្នុង​សវនាការ​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នករងគ្រោះម្នាក់ក្ងុងចំណោម៣០០០០០០នាក់

ពី USA

ខ្ញំុអស់សង្ឃិមយ៉ាងខ្លាំង ចំពោះតុលាមួយនេះ ដែលមិនបានធ្វើការរបស់ខ្លួនជូនអ្នករងគ្រោះ។ គិតតែពីប្រាក់ខែខ្លួនឯង។ គ្មានទេនៅក្នូងប្រវត្តិសាស្យពិភពលោកដែលប្រើពេលដ៍សែនមហាយូរដូចតុលាកានេះ។

Sep 24, 2012 01:36 AM

KHMER

ពី BOTHELL,WASHINGTON USA

I worry about Ieng sary no answer for Khmer rouge court.God court in the hospital can cuts off his life.I do not say doctor court.

Sep 22, 2012 10:57 PM

អ្នក​អាន​អនាមិក

ពួកជនបំរើចិននិងយួនដូចពូឈួយកុងតែងតែទទួលសំលាប់ចោលបំបឹតមាត់ឬដាក់គុកឲ្យរស់ទ្រុងមាសដូចសព្វថ្ងៃជាឧទាហរណ៏ស្រាប់!!!

Sep 22, 2012 07:46 PM

អ្នក​អាន​អនាមិក

ព្រោះតុលាការផ្លូវលោកមិនអាចកាត់ទោសទើបតុលាការផ្លូវព្រះធម៌កាត់ ទោសម្តងចាំមើលតើអ្នកខំគេចពីសំណាញ់ច្បាប់លោកតើអ្នកអាច
គេចពីច្បាប់ផ្ឡូវក្នុងបានដែរឬទេ?????

Sep 22, 2012 05:04 AM

Vitom

ពី USA

we wanted to see it now not after he die. if this court can not do their job why don't they step out and have the one who can do? we are hurting!!!!!

Sep 24, 2012 01:45 AM