កិច្ចប្រជុំពេញមួយព្រឹកមានរបៀបវារៈសំខាន់ចំនួន៤ និងពុំបានពិភាក្សាពីការផ្ដល់ជំនួយហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅកម្ពុជាឡើយ។ គណៈកម្មាធិការនេះបានសម្រេចអនុម័តលើសូចនាករតាមដានរួម និងពិនិត្យផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០១៤-២០១៨ និងយុទ្ធសាស្ត្រ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ។
គណៈកម្មាធិការសម្របសម្រួលរវាងរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានអនុម័តយល់ព្រមលើសូចនាករតាមដានរួមគ្នា ដែលនឹងធានាបាននូវតម្លាភាពក្នុងការប្រើប្រាស់ជំនួយធនធាន និងទទួលបានលទ្ធផលពីការអភិវឌ្ឍចំគោលដៅ។
ការអនុម័តនេះគឺមានការចូលរួមពីសំណាក់តំណាងអង្គទូតនៃប្រទេសម្ចាស់ជំនួយ រួមនឹងដៃគូអភិវឌ្ឍន៍ចំនួនជាង ៨០នាក់ ព្រមទាំងតំណាងក្រសួងវិស័យទាំងអស់នៃរដ្ឋាភិបាលកម្ពុជា។
ប្រធាននាយកដ្ឋានគោលនយោបាយនៃគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក រស់ សាលីន មានប្រសាសន៍ថា បន្ទាប់ពីការព្រមព្រៀងនេះ សូចនាករតាមដានរួមនឹងត្រូវអនុវត្តន៍នៅដើមឆ្នាំ២០១៣៖ «នៅក្នុងកម្រិតប្រជុំរបស់យើងហ្នឹង គឺយើងមិននិយាយទៅដល់ការសន្យាផ្ដល់ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ទេ តែក្នុងយន្តការទ្វេភាគីរវាងដៃគូអភិវឌ្ឍន៍នៅតែបន្ត។ ភាគច្រើនរបៀបវារៈរបស់យើងហ្នឹងផ្ដោតទៅលើឯកសារគោលនយោបាយថ្មីៗ ដែលយើងរៀបចំសម្រាប់ពេលខាងមុខ ហើយជាការប្ដេជ្ញារបស់វិស័យ របស់ក្រសួងស្ថាប័ននីមួយៗ ដើម្បីសម្រេចបានគោលដៅដែលអភិវឌ្ឍន៍នោះ។ អ៊ីចឹងក្នុងតារាងសូចនាករនោះបង្ហាញពីគោលដៅអ្វីខ្លះដែលសម្រេចបាន សកម្មភាពអ្វីខ្លះ និងក្នុងពេលវេលាជាមធ្យមណាមួយ»។
ក្នុងពិធីបើកកិច្ចប្រជុំឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថា សូចនាករតាមដានរួមគ្នាបង្ហាញការប្រឹងប្រែងរួមគ្នា ទាំងធនធាន ទាំងបច្ចេកទេស និងជាក្របខណ្ឌសម្រាប់ឆ្លុះបញ្ចាំង និងពិចារណាដើម្បីធានា និងបង្កើន ប្រសិទ្ធភាពនៃភាពជាដៃគូ។
មុនមានកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរវាងរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នេះ មានតំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួនជាង ១០០ បានប្រជុំដាក់អនុសាសន៍ និងគោលជំហររបស់ខ្លួនចំនួន ២២ចំណុច ដោយស្នើកែទម្រង់គណៈកម្មាធិការរៀបចំការបោះឆ្នោត កែទម្រង់ប្រព័ន្ធតុលាការ កែទម្រង់ដីធ្លីដោយតម្លាភាព និងការគ្រប់គ្រងចំណូលធនធាន ប្រេង ឧស្ម័ន និង រ៉ែ ។ល។
នៅក្នុងកិច្ចប្រជុំលើកទី១៩ នេះ មានតំណាងអង្គការសង្គមស៊ីវិលចំនួន៣ បានចូលរួមដើម្បីដាក់សំណើរបស់ពួកគេ។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បានសាទរការទទួលយកសេចក្ដីថ្លែងការណ៍រួមរបស់អង្គការមិនមែនរដ្ឋាភិបាល។ លោកសង្ឃឹមថា ទាំងរដ្ឋាភិបាល ម្ចាស់ជំនួយ និងអង្គការមិនមែនរដ្ឋាភិបាល នឹងបន្តធ្វើការរួមគ្នាដើម្បីប្រសិទ្ធភាពនៃការអភិវឌ្ឍ៖ «ហើយយើងខ្ញុំក៏សង្ឃឹមដែរថា នឹងមានការបើកឱកាសអោយទូលាយទៀត ដើម្បីអោយសង្គមស៊ីវិលយើងបានចូលរួមពិភាក្សានៅក្នុងអភិវឌ្ឍន៍ប្រកបដោយតម្លាភាព និងការចូលរួមពីគ្រប់ជ្រុងពីគ្រប់ភាគីទាំងអស់ក្នុងសង្គម»។
ស្របគ្នានេះអង្គការអន្តរជាតិចំនួន៨ រួមមានអង្គការ ហ្រ្វីដឹម ហោស (Freedom House) អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) គ្លបល វីនេស (Global Witness) និងអង្គការវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្ស និងការអភិវឌ្ឍ (Forum-Asia) ជាដើម បានផ្ញើលិខិតទៅបណ្ដាប្រទេសម្ចាស់ជំនួយ ជាពិសេសឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចធំៗចំនួន៣ នៅកម្ពុជា។
លិខិតនោះទាមទារថា ប្រទេសម្ចាស់ជំនួយបដិសេធជំនួយថ្មីៗ ផ្នែកសកម្មភាពដល់រដ្ឋាភិបាលកម្ពុជា និងធានាថា ជំនួយអន្តរជាតិនឹងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្សនៅកម្ពុជា។ អង្គការទាំងនោះព្រួយបារម្ភលើការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសករណីឃុំខ្លួនប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ សកម្មជនដីធ្លីនៅបឹងកក់ និងបុរីកីឡា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។