បញ្ហា​ចម្រូងចម្រាស​ជុំវិញ​ច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​បក្ស​នយោបាយ

ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​​សម្រាប់​គណបក្ស​នយោបាយ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ​រហូត​​មក​ដល់​ពេល​នេះ។
ដោយ ម៉ម មុនីរតន៍
2012-08-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បោះ​ឆ្នោត ៣០៥
ពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ លើក​បង្ហាញ​ម្រាម​ដៃ បន្ទាប់​ពី​បាន​ចូល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រួច កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១២។
RFA/Sok Serey

បើ​ទោះ​ជា​បែប​នេះ​ក្តី ក្រុម​អង្គការ​សង្គម​ដែល​មាន​បេសកកម្ម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និង​គណបក្ស​​នយោបាយ​មួយ​ចំនួន​អះ​អាង​ថា សេចក្ដី​ព្រាង​នៃ​ច្បាប់​នេះ​កំពុង​ដំណើរការ​នៅ​ឡើយ និង​ជំរុញ​ឲ្យ​រួច​រាល់​នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ខាង​មុខ។ ក៏​ប៉ុន្តែ​បញ្ហា​នេះ​មន្រ្តី​រដ្ឋាភិបាល​បញ្ជាក់​ថា បើ​ទោះ​មាន​ការ​​ជំរុញ​បែប​ណា​ក៏​ដោយ ក៏​ច្បាប់​នេះ​នឹង​មិន​​លេច​ជា​រូប​រាង​បាន​ឡើយ ដរាប​ណា​ប្រមុខ​រដ្ឋាភិបាល​មិន​ផ្ដល់​ការ​យល់​ព្រម​ណា​មួយ​នោះ។

អង្គការ​សង្គម​​ស៊ីវិល និង​គណបក្ស​នយោបាយ​​មួយ​ចំនួន​មាន​ជំនឿន​ដោយ​មុតមាំ​ថា សេចក្ដី​ព្រាង​សម្រាប់​ច្បាប់​​​​គ្រប់​គ្រង​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត នឹង​ត្រូវ​ដាក់​ជូន​រដ្ឋាភិបាល​នៅ​មុន​​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ខាង​មុខ​នេះ ដើម្បី​អនុម័ត​យល់​ព្រម និង​​ធ្វើ​សេចក្ដី​​សម្រេច។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel)។ លោក​មាន​ប្រសាសន៍​ថា ច្បាប់​ស្ដី​ពី​ការ​គ្រប​គ្រង​ហិរញ្ញវត្ថុ​នេះ​ពិត​ជា​មាន​សារសំខាន់ និង​ចាំ​បាច់​​ដែល​អាច​ធានា​បាន​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ និង​ការ​ប្រកូក​ប្រជែង​មួយ​ដោយ​ស្មើ​ភាព និង​យុត្តិធម៌​សម្រាប់​គណបក្ស​នយោបាយ​នីមួយៗ។

លោក គល់ បញ្ញា បន្ត​ថា៖ «ឲ្យ​ព័ត៌មាន​ស្ដី​ពី​ហិរញ្ញវត្ថុ​គណបក្ស​ហ្នឹង ឲ្យ​មតិ​សាធារណជន​បាន​ដឹង​ពី​ច្បាប់​ហ្នឹង​​ជា​ចំណុច​ដែល​សំខាន់​បំផុត ហើយ​​គឺ​ថា គេ​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​​បើក​ព័ត៌មាន​ស្តី​ពី​របាយការណ៍​ចំណូល​ចំណាយ​របស់​ខ្លួន​សម្រាប់​រៀបចំ​ការ​ឃោសនា​បោះ​ឆ្នោត​ហ្នឹង។ អា​ហ្នឹង​ជា​ចំណុច​ស្នូល​ច្បាប់​គេ​ចង់​បាន​អ៊ីចឹង ​​យ៉ាង​ហោច​ណាស់​ក៏​អ្នក​បោះ​ឆ្នោត​មាន​ព័ត៌មាន​គ្រប់​គ្រាន់​​តើ​ថា គណបក្ស​ណា​បាន​ចំណូល​ប៉ុន្មាន​ចំណាយ​ប៉ុន្មាន​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត »

ទាំង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​ដែល​មាន​បេសកកម្ម​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​បោះ​ឆ្នោត និង​មន្ត្រី​គណបក្ស​នយោបាយ​មួយ​ចំនួន​ចាត់​ទុក​ថា មន្ត្រី​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ប្រាថ្នា​មិន​ឲ្យ​ចង់​ឲ្យ​មាន​ច្បាប់​ស្ដី​ពី​ការ​គ្រង​គ្រង​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​ក្នុង​ពេល​យុទ្ធនាការ​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ។

ក្នុង​ន័យ​នេះ​ហើយ​ដែល​ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​គិត​ថា ភាព​យឺត​យ៉ាវ​ក្នុង​​ការ​ពន្លឿន​ច្បាប់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​​គណបក្ស​នយោបាយ​នេះ នៅ​តែ​ជា​ឧបសគ្គ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

បើ​ទោះ​ជា​បែប​ណា​ក៏ដោយ កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ក្នុង​នោះ​មាន​ អង្គការ ខុមហ្វ្រែល អង្គការ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស និង​ប្រតិបត្តិការ អង្គការ និកហ្វិច អង្គការ​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យ​ភាព​សង្គម​ជាដើម បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​បង្កើត​ច្បាប់​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ បាន​លើក​ឡើង​ថា យោង​ទៅ​លើ​ភាព​​ចាំបាច់ និង​​បន្ទាន់​នៃ​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​នយោបាយ​ក្នុង​ការ​ធានា​ឲ្យ​​មាន​សមភាព យុត្តិធម៌ តម្លាភាព និង​សុចរិត​ភាព​​នៅ​​​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​គណបក្ស​នយោបាយ​​ក្នុង​ពេល​​បោះ​ឆ្នោត និង​ដើម្បី​ទប់​ស្កាត់​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​នយោបាយ​​ដែល​នាំ​​ឲ្យ​​ជះ​ឥទ្ធិពល​អវិជ្ជមាន​​ដល់​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត និង​ដោយ​ហេតុ​​ថា កម្ពុជា​មិន​ទាន់​មាន​​ច្បាប់​នេះ ក្នុង​នាម​​ក្រុម​​ការងារ​​នៃ​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​ស្ដី​ពី​ហិរញ្ញវត្ថុ​នយោបាយ សូម​​អំពាវ​​នាវ​​ដល់​រដ្ឋាភិបាល​ ស្ថាប័ន​នីតិប្បញ្ញត្តិ មាន​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​ជា​ដើម ស្នើ​​រៀប​ចំ​ឲ្យ​​មាន​ច្បាប់​​ស្ដី​ពី​ហិរញ្ញវត្ថុ​នយោបាយ​​ឲ្យ​បាន​​ឆាប់​តាម​​ដែល​អាច​ធ្វើ​ទៅ​​បាន។

លោក គល់ បញ្ញា គិត​ថា បើ​ទោះ​ជា​សំណើ​របស់​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ដែល​​ទាមទារ​ចង់​ឲ្យ​មាន​ក្របខ័ណ្ឌ​ច្បាប់​នេះ ក្នុង​ន័យ​កែ​លម្អ​ប្រព័ន្ធ​នៃ​ការ​បោះ​ឆ្នោត​ទៅ​តាម​ស្តង់ដារ ដោយ​មាន​ការ​ចាប់​អារម្មណ៍​តិច​តួច​​ពី​រដ្ឋាភិបាល និង​គណបក្ស​កំពុង​គ្រប់​គ្រង​អំណាច​យ៉ាង​ណា​ក្តី តែ​លោក​ថា សេចក្ដី​ព្រាង​ដែល​កំពុង​ដំណើរ​នៅ​ពេល​នេះ​​នៅ​តែ​បន្ត និង​ជំរុញ​ឲ្យ​ចេញ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ខាង​មុខ ដោយ​ចៀស​មិន​បាន។

លោក គល់ បញ្ញា៖ «បាទ! យើង​ព្យាយាម យើង​ព្យាយាម​ឲ្យ​បាន​មុន ២០១៣ ហ្នឹង។ នៅ​ឆ្ងាយ​ដែរ ប៉ុន្តែ​យើង​ខិត​ខំ​បន្ត​ទៀត កំពុង​តែ​​ធ្វើ​ទៀត​ក្នុង​ខែ​៨ ខែ​៩។ វា​ប្រហែល​ជា​សេចក្ដី​ព្រាង​ខ្លះ​នៅ​ខែ​៩ សេចក្ដី​ព្រាង​ច្បាប់»

តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក សុន ឆ័យ ដែល​តែង​ទាម​ទារ​ចង់​មាន​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​នេះ ពន្យល់​ថា គេ​ហាក់​មាន​ជំនឿ​តិច​ណាស់​​ក្នុង​ការ​ចេញ​ច្បាប់​នេះ​ដើម្បី​អនុវត្ត​​នោះ ដោយសារ​តែ​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មាន​ឆន្ទៈ​ពិត​ប្រាកដ។

លោក សុន ឆ័យ អះ​អាង​ថា អ្វី​ដែល​គណបក្ស​កំពុង​កាន់​អំណាច​មាន​ភាព​ចង្អៀតចង្អល់​ក្នុង​ការ​ពន្លឿន​ច្បាប់​ស្តី​ពី​ច្បាប់​ហិរញ្ញវត្ថុ​នៃ​គណបក្ស​នយោបាយ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នោះ ក៏​ដោយ​សារ​តែ​រដ្ឋាភិបាល​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​​ឱកាស​នៃ​ការ​​ប្រមូល​សន្លឹក​ឆ្នោត​តាមរយៈ​ការ​ប្រើ​ប្រាស​ទឹក​លុយ​​​ជា​ថ្នូរ​នឹង​ការ​បោះ​ឆ្នោត​នោះ។

លោក សុន ឆ័យ៖ «ព្រោះ​ដឹង​ថា ឥទ្ធិពល​ពេល​ដែល​ប្រទេស​យើង​មាន​ភាព​ក្រីក្រ យើង​ដឹង​ហើយ មន្ត្រី​រាជការ​​របស់​យើង​ស្ទើរ​តែ​មិន​រស់​បាន ...​ការ​ទទួល​បាន​លុយ​ប្រាក់​ខែ​ហ្នឹង​ហើយ។ ប្រជាពលរដ្ឋ​យើង​ភាគ​​ច្រើន​ក្រី​ក្រ ដូច្នេះ​ឥទ្ធិពល​លុយ​នោះ​ជា​មធ្យោបាយ​សម្រាប់​ទិញ​សន្លឹក​ឆ្នោត​ហ្នឹង​សំខាន់​ណាស់ ពី​ព្រោះ​ដោយ​សារ​ក្រ​ពះ​ហ្នឹង​វា​ឃ្លាន​ពេក ម្ល៉ោះ​ហើយ​អា​លុយ​កាក់​ពេល​បោះ​ឆ្នោត​​ដែល​គេ​ឲ្យ​​ហ្នឹង គឺ​ថា​គ្នា​បោះ​ទៅ​តាម​ឆន្ទៈ​មិន​បាន​ទេ»

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​រក​ឃើញ​ថា ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ពិភព​លោក​តែង​ត្រូវ​បាន​គេ​អនុវត្ត និង​តាក់​តែង​ឡើង​នូវ​ប្រព័ន្ធ​នៃ​ការ​គ្រប់​គ្រង​ច្បាប់​ហិរញ្ញវត្ថុ ឬ​ការ​គ្រប់​គ្រង​​​លុយ​ដោយ​តម្លាភាព​សម្រាប់​គណបក្ស​នយោបាយ​​ក្នុងរយៈ​​ពេល​បោះ​ឆ្នោត ដើម្បី​បែង​ចែក​ការ​ឃោសនា​មួយ​ដោយ​ស្មើ​ភាព។

ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា​វិញ ក្រុម​អ្នក​វិភាគ​គិត​ថា ដោយ​សារ​តែ​ខ្វះ​ប្រព័ន្ធ​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​​នេះ​ហើយ ទើប​គណបក្ស​គ្រប់​គ្រង​អំណាច​ត្រូវ​​រង​ការ​រិះគន់​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​រយៈ​ការ​ទិញ​ទឹក​ចិត្ត​​ក្នុង​ពេល​បោះ​ឆ្នោត​ម្តងៗ និង​​ស្ដី​បន្ទោស​គ្នា​​ទៅ​វិញ​ទៅ​មក​មិន​ចេះ​ចប់។ បញ្ហា​ទាំង​នេះ​ត្រូវ​បាន​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី ឬ​មាន​ធន​ធាន​ទ្រព្យ​សម្បត្តិ​ស្ដួច​ស្ដើង អះអាង​ថា ការ​ចាញ់​ប្រៀប​នោះ ក៏​ព្រោះ​តែ​កម្លាំង​​ធនធាន​មាន​កម្រិត និង​ខ្សត់ខ្សោយ​​ជាង​ជា​ដើម។

អនុ​ប្រធាន​គណបក្ស​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ គឺ​លោក ចាន់ យ៉េត។ លោក​ពិត​ជា​ប្រាថ្នា​ចង់​ឲ្យ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​នេះ​ចេញ​ជា​រួប​រាង​ឡើង។

លោក ចាន់ យ៉េង គិត​ថា អ្វី​ដែល​រដ្ឋាភិបាល​ពុំ​មាន​ចេតនា​ក្នុង​ការ​ជំរុញ​ឲ្យ​ច្បាប់​នេះ​ដំណើរ​ការ​នោះ ក៏​ព្រោះ​តែ​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចង់​​ឃើញ​គណបក្ស​នយោបាយ​ផ្សេង​មាន​ប្រៀប​ជាង​ខ្លួន៖ «បាទ! តាម​ដែល​ខ្ញុំ​សង្កេត​ឃើញ តាម​ការ​ពិត​ទៅ​គេ... អើ​បើ​និយាយ​មិន​ឲ្យ​ការ​ចលនា​​របស់​គណបក្ស​តូចៗ​វា​អាច​មាន​សន្ទុះ»

នៅ​ក្នុង​យុទ្ធនាការ​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កន្លង​ទៅ​នេះ មាន​​គណបក្ស​​នយោបាយ​ចំនួន ១០ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ក្នុង​ចំណោម​គណ​បក្ស​ទាំង​​នោះ​ មាន​គណបក្ស​​ មួយ​ចំនួន​ត្រៀម​​ចំណាយ​លុយ​ប្រមាណ ១​លាន​ដុល្លារ ទន្ទឹម​នឹង​គណបក្ស​​ផ្សេង​ទៀត​ប្រឹង​ឃោសនា​ដោយ​ប្រើ​ការ​អប់រំ​ប្រជាជន​ជា​កត្តា​ចម្បង​ លើ​ការ​ឃោសនា​បោះ​ឆ្នោត​​​នេះ។

ស្ថិត​ក្រោម​ហេតុ​ផល​នេះ អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា គណបក្ស​​ដែល​ចំណាយ​ថវិកា​ច្រើន គឺ​​មាន​អាទិភាព​ដើម្បី​ទទួល​បាន​​ជ័យជំនះ​ច្រើន​ជាង​​គណបក្ស​ដទៃ​ដែល​មិន​ប្រើ​ថវិកា​ដើម្បី​រក​សំឡេង​ឆ្នោត។ នៅ​ក្នុង​អាណត្តិ​​ទី​៣ នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កន្លង​ទៅ​នេះ មន្ត្រី​របស់​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​ថា ខ្លួន​ចំណាយ​ថវិកា​ប្រមាណ ១​លាន​ដុល្លារ។

ចំណែក​គណបក្ស​សិទ្ធិ​មនុស្ស​ប្រើ​ប្រាស​ទឹក​ប្រាក់​ក្នុង​ការ​បោះ​ឆ្នោត​ប្រមាណ ៥០​ម៉ឺន​ដុល្លារ នៅ​គ្រា​គណបក្ស​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា​គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ចលនា​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សម្ព័ន្ធ​​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ តាម​ការ​ប៉ាន់​ស្មាន​នៃ​ការ​ចំណាយ​លើ​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​របស់​គណបក្ស​ទាំង​៥ ចន្លោះ​ប្រមាណ​ពី ៧​ពាន់​ដុល្លារ ទៅ ៣​ម៉ឺន​ដុល្លារ​​អាមេរិក។ ដោយ​ឡែក​ទាំង​​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រូវ​បាន​​គេ​ទម្លាយ​ឲ្យ​ដឹង​ពី​ចំនួន​លុយ​​​ក្នុង​ការ​ចំណាយ​ពេល​ឃោសនា​បោះ​ឆ្នោត​នោះ​ទេ។

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា ឲ្យ​ដឹង​ថា បើ​ទោះ​ជា​ការ​ព្យាយាម​ក្នុង​ការ​តាក់​តែង​នូវ​សេចក្ដី​ព្រាង​ច្បាប់​ក្នុង​ន័យ​ប្រាថ្នា​ទាម​ទារ​ឲ្យ​មាន​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​​នេះ​យ៉ាង​ណា​ក្ដី តែ​លោក​អះ​អាង​ថា នោះ​ទំនង​នឹង​មិន​អាច​ទៅ​រួច​នោះ​ទេ។ ក្នុង​ន័យ​នេះ​លោក​ថា លទ្ធភាព​ដែល​អាច​ជំរុញ​ឲ្យ​មាន​ច្បាប់​នេះ​ដំណើរ​ការ​ទៅ​បាន គេ​ត្រូវ​រង់​ចាំ​ការ​ផ្ដល់​ភ្លើង​ខៀវ​ជា​មុន​សិន​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន។

លោក ជាម យៀប៖ «ខ្ញុំ​សូម​ជម្រាប​ថា អ្វី​ៗ​ទាំង​អស់​លុះ​ត្រា​តែ​លទ្ធភាព​របស់​រាជ​រដ្ឋាភិបាល សម្ដេច​តេជោ​លោក​អាច​​មាន​លទ្ធភាព អា​ហ្នឹង​បាន​នេះ​ទៅ​បាន...»

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ព្រមាន​ថា ដរាប​ណា​ច្បាប់​នេះ​មិន​ត្រូវ​បាន​គេ​តាក់​តែង​ឡើង និង​​យក​ទៅ​អនុវត្ត​ទេ​នោះ​ នោះ​មាន​ន័យ​ថា គណបក្ស​នយោបាយ​​ដែល​មាន​ថវិកា ឬ​ធនធាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង គឺ​ជា​អ្នក​ដែល​មាន​ប្រៀប​​ក្នុង​បោះ​ឆ្នោត នៅ​គ្រា​​ម្ចាស់​ឆ្នោត​មិន​ទាន់​បាន​បំពេញ​តម្រូវ ឬ​កាតព្វកិច្ច​ជា​មូលដ្ឋាន​​​ក្នុង​នាម​ជា​ម្ចាស់​ឆ្នោត​បាន​នៅ​ឡើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

nico

ពី Khmer paris france

IF NO LAW FIXED AND UNDER LAW CONTROL FOR VOTING FINANCE , CPP WILL BE WIN AS USUAL.

Aug 16, 2012 07:35 AM