កាលពីថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១២ គណៈរដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាការពារជាតិកម្ពុជា ដើម្បីទទួលខុសត្រូវលើការងារសំខាន់ៗក្នុងនយោបាយការពារជាតិរបស់កម្ពុជា។ ការអនុម័តនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ចាត់ទុកថា ជាសញ្ញាណវិជ្ជមានមួយក្នុងវិស័យការពារជាតិនៅកម្ពុជា។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ នៅថ្ងៃទី២៩ កញ្ញា មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការអនុម័តលើសេចក្តីព្រាងច្បាប់នេះ ដោយសារតែច្បាប់នេះជាយន្តការសំខាន់ សម្រាប់រៀបចំយុទ្ធសាស្ត្រនយោបាយការពារជាតិកម្ពុជា។ លោកបន្តថា នៅក្នុងរយៈពេលដែលកម្ពុជា មិនទាន់មានច្បាប់ឧត្តមក្រុមប្រឹក្សាការពារជាតិ កម្ពុជាបានជួបប្រទះនូវការលំបាកជាច្រើន នៅក្នុងគោលនយោបាយការពារជាតិ ដូចជាការរៀបចំយុទ្ធសាស្ត្រការពារបូរណភាពទឹកដី និងការអនុវត្តតួនាទី សមត្ថកិច្ច របស់កងយោធពលខេមរភូមិន្ទជាដើម។
លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា កងទ័ពកម្ពុជានឹងមានកិត្តិសព្ទល្បីខ្ទរខ្ទារនៅលើសកលលោក ប្រសិនបើច្បាប់ស្ដីពីឧត្តមក្រុមប្រឹក្សាការពារជាតិ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៖ «ដល់ទៅមានឧត្តមក្រុមប្រឹក្សាការពារជាតិហ្នឹង អាចមានសំឡេងតែមួយ ហើយនឹងកន្លែងគិតគូរតែមួយ ទាំងការទូត និងកិច្ចការពារ (ក្នុងយោធា) ពេលហ្នឹង គឺអាចចាត់តាំងនៅសេនាធិការមួយ»។
លោក ឡៅ ម៉ុងហៃ បន្តថា កាលពីរយៈពេលដែលថៃ លើកទ័ពឈ្លានពានចូលទឹកដីកម្ពុជា កងទ័ពកម្ពុជា នៅមិនទាន់ត្រៀមខ្លួនការពារជាតិបានរួចរាល់នៅឡើយ ដែលធ្វើឲ្យពិបាកក្នុងការទប់ទល់។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១២ បង្ហាញថា សេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ជាច្បាប់រៀបចំអង្គការកំពូល ទាក់ទងជាមួយនឹងស្ថាប័នព្រះមហាក្សត្រ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីទទួលខុសត្រូវលើការងារសំខាន់ៗ ក្នុងការធានារដ្ឋធម្មនុញ្ញ ការពារឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងការធានាការអនុវត្តតួនាទី ភារកិច្ច សមត្ថកិច្ច របស់កងយោធពលខេមរភូមិន្ទ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ច្បាប់ថ្មីនេះហាក់ដូចជាយឺតពេលបន្តិចហើយ។ លោកបន្តថា ច្បាប់នេះ បើសិនជាបង្កើតមុនកងទ័ពថៃ ចូលឈ្លានពានតំបន់ប្រាសាទព្រះវិហារ ពិតជាអាចឲ្យកម្ពុជា អនុវត្តនយោបាយការពារជាតិបានប្រសើរជាងពេលកន្លងទៅ។ តែទោះយ៉ាងណា លោករំពឹងថា ច្បាប់ថ្មីនេះនឹងអាចផ្តល់កិត្យានុភាពសម្រាប់កងទ័ពកម្ពុជា ឲ្យសក្ដិសមជាប្រទេសមានកងកម្លាំងដ៏ខ្លាំងក្លាសម្រាប់ការពារជាតិ។
តាមរយៈការប្រយុទ្ធជាមួយទ័ពថៃ នាពេលកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទ័ពក្នុងនាមឧត្តមសេនីយ៍ផុតលេខ អាចមានសិទ្ធិបញ្ជាកម្លាំងគ្រប់ប្រភេទ ដើម្បីការពារជាតិ។
រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ចែងថា ព្រះមហាក្សត្រជាអគ្គមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ទ។ ចំពោះសមាសភាពនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ក៏មានព្រះមហាក្សត្រជាព្រះអធិបតី នាយករដ្ឋមន្ត្រី ជាអនុប្រធានឧត្តមក្រុមប្រឹក្សាជាតិ និងមន្ត្រីរដ្ឋាភិបាល ជាសមាជិក។ ច្បាប់ថ្មីនេះ ត្រូវគេរំពឹងថា នឹងដាក់ឲ្យរដ្ឋសភាអនុម័តនាពេលឆាប់ៗខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។