ពលរដ្ឋ​ត្អូញត្អែរ​ចំពោះ​សេវា​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​មន្ត្រី​ពន្ធដារ

ពលរដ្ឋ​ដែល​បាន​ប្រកាស​បង់​ពន្ធ​រួច​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​ការ​លំបាក​នៅ​ពេល​ចង់​ទៅ​បង់​ពន្ធ ដោយ​សារ​តែ​កន្លែង​លក់​ពន្ធ​តិច​ពេក និង​សេវា​នៃ​ការ​ប្រមូល​ពន្ធ​របស់​ក្រុម​មន្ត្រី​ពន្ធដារ​មិន​គួរ​ជា​ទី​ពេញ​ចិត្ត។
ដោយ វណ្ណ វិចារ
2012-08-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ មិន​អាច​ទៅ​បង់​ពន្ធ​បាន​ទេ ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ត​ទៅ ព្រោះ​ផុត​កំណត់​ថ្ងៃ​ប្រមូល​ពន្ធ​ទៅ​ហើយ។

ពលរដ្ឋ​ដែល​បាន​បង់​ពន្ធ​រួច បាន​រិះគន់​ថា មន្ត្រី​ពន្ធដារ​បំពេញ​ការងារ​មិន​បាន​ល្អ ក្នុង​ការ​បង់​ពន្ធ​ឆ្នាំ​នេះ។

អ្នក​រត់​ម៉ូតូ​ឌុប​មាន​ទី​លំនៅ នៅ​សង្កាត់​ទំនប់ទឹក លោក ជា រស់ មាន​ប្រសាសន៍​ថា ពេល​ទៅ​បង់​ពន្ធ​នៅ​សាខា​ពន្ធដារ​ខណ្ឌ​ចំការមន មាន​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​ត្រូវ​ប្រជ្រៀត​គ្នា​រង់ចាំ។ លោក​បន្ត​ថា មន្ត្រី​ពន្ធដារ​ចាប់​បើក​ទ្វារ​ធ្វើ​ការ​នៅ​ម៉ោង​ប្រាំបី​កន្លះ ហើយ​ធ្វើ​ការ​ប្រហែល​២ម៉ោង​បិទ​ទ្វារ​វិញ​បាត់។ លោក​បន្ត​ថា លោក​មិន​ពេញ​ចិត្ត​នឹង​អាកប្បកិរិយា​ធ្វើ​ការ​របស់​មន្ត្រី​នៅ​ទីនោះ​ឡើយ៖ «ខ្លះ​ទៅ​ពីរ​ដង​អត់​បាន។ យ៉ាប់ រឿង​ធ្វើ​ការ​រយៈពេល​ខ្លី​ពេក អ្នក​លក់​ធម្មតា តែ​គេ​និយាយ​ថា ប្រាក់​ខែ​តិច​អ៊ីចឹង ក៏​ចេះ​តែ​ធ្វើ​ការ​យក​រួច​ខ្លួន​ទៅ»

លោក ជា រស់ បន្ត​ថា លោក​មាន​សាច់ញាតិ​លោក​មួយ​ចំនួន​នៅ​ទី​ជនបទ មិន​ទាន់​បាន​បង់​ពន្ធ​ឡើយ។

អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​កង់​បី អ្នក​រត់​តាក់ស៊ី មួយ​ចំនួន​ទៀត និយាយ​ស្រដៀង​គ្នា​ថា ការ​ប្រមូល​ពន្ធ​ឆ្នាំ​នេះ បង់​តាម​តម្លៃ​កំណត់ តែ​ពួក​គាត់​ត្រូវ​ចំណាយ​ថ្លៃ​បំពេញ​លិខិត​ស្នាម ដែល​មន្ត្រី​ពន្ធដារ​ជួយ​សរសេរ​ជា​មធ្យម​ពី ៥.០០០​រៀល ទៅ​១០.០០០​រៀល។ ពួក​គាត់​អះអាង​ថា ចំពោះ​សេវា​របស់​មន្ត្រី​ពន្ធដារ​វិញ ក្រុម​មន្ត្រី​នៅ​តែ​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​ទៅ​កាន់​អ្នក​បង់​ពន្ធ​នៅ​ឡើយ។

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់​ទង​មន្ត្រី​ជាន់​ខ្ពស់ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ទេ នៅ​ថ្ងៃ​ទី​០៣ សីហា ឆ្នាំ​២០១២។

ទោះ​ជា​យ៉ាង​នេះ​ក្តី បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​២៦ កក្កដា បាន​ជូន​ដំណឹង​ថា សូម​ឲ្យ​យានយន្ត​ធ្វើ​ការ​បង់​ពន្ធ​តាម​ការ​កំណត់ ជៀសវាង​ការ​ប្រជ្រៀត​គ្នា​ធ្វើ​ឲ្យ​អសកម្ម​ដល់​ការ​ផ្តល់​សេវា​របស់​មន្ត្រី​ពន្ធដារ បាន​ន័យ​ថា ភាព​អសកម្ម​ទាំង​ឡាយ​របស់​មន្ត្រី​ពន្ធដារ អាច​មក​ពី​អ្នក​ទៅ​បង់​ពន្ធ ខ្វះ​របៀប​រៀបរយ។

យ៉ាង​ណា​ក៏​ដោយ អ្នក​សម្រប​សម្រួល​បណ្ដាញ​រួប​រួម ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​លក់​ពន្ធ​នៅ​កម្ពុជា តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រង់ចាំ​អស់​ជាច្រើន​ថ្ងៃ ហើយ​កន្លែង​បង់​ពន្ធ​នៅ​ឆ្ងាយ ពិបាក​ក្នុង​ការ​បង់​ពន្ធ។

លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​របៀប​ប្រមូល​ពន្ធ ដើម្បី​បង្កើន​ចំណូល​ពន្ធ​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។ លោក សន ជ័យ បញ្ជាក់​ថា ប្រសិន​បើ​ចំណុច​អសកម្ម​កើត​ឡើង​ដោយ​សារ​ប្រាក់​ខែ​មន្ត្រី​ទាប រដ្ឋាភិបាល​គួរ​តែ​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្ត្រី​ឲ្យ​បាន​សមរម្យ៖ «ក្នុង​រដូវ​ប្រមូល​ពន្ធ​ហ្នឹង គួរ​ណាស់​តែ​ប្រមូល​ពន្ធ​តាម​ឃុំ-សង្កាត់ ធ្វើ​ម៉េច​ឲ្យ​សេវា​បង់​ពន្ធ​ជា​សេវា​គំរូ ដែល​ធ្វើ​ឲ្យ​ងាយ​ស្រួល​ទទួល​យក​ពី​អ្នក​ដែល​បំពេញ​កាតព្វកិច្ច»

លោក សន ជ័យ បន្ត​ថា បើ​ប្រមូល​ពន្ធ​មិន​បាន​តាម​ការ​កំណត់ រដ្ឋាភិបាល​ក៏​ជួប​បញ្ហា​ខ្វះខាត​ចំណូល​ក្នុង​ការ​ថែ​រក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ទៀត​ផង។

ការ​ប្រមូល​ពន្ធ​ឆ្នាំ​២០១២ រយៈពេល ៥ខែ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ដល់​ថ្ងៃ​ទី​១៥ កក្កដា និង​ពន្យារ​រយៈពេល​រហូត​ដល់​បំណាច់​ខែ​កក្កដា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល