ភាព​រាំងស្ងួត​ប៉ះពាល់​ដំណាំ​ស្រូវ​ដល់​ខេត្ត​ចំនួន ៨

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បង្ហាញ​របាយការណ៍​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​សីហា ឆ្នាំ​២០១២ ថា ដំណាំ​ស្រូវ​វស្សា​ក្នុង​ខេត្ត​ចំនួន ៨ បាន​ប៉ះពាល់​ក្រៀម​ខ្វះ​ទឹក ដោយសារ​អាកាសធាតុ​រាំង​ស្ងួត​នៅ​កម្ពុជា ពី​ចុង​ខែ​កក្កដា ដល់​ខែ​សីហា។
ដោយ អ៊ុក សាវបូរី
2012-08-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រាំង​ស្ងួត កំពង់ស្ពឺ ៣០៥
កសិករ​ស្ទូង​ស្រូវ​លើ​ដី​ស្រែ​ដែល​គ្មាន​ទឹក នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ រូបថត​ឯកសារ
RFA/Sok Serey

អនុ​ប្រធាន​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី មាន​ប្រសាសន៍​ថា ទិន្នន័យ​រាំង​ស្ងួត​ក្នុង​ប្រទេស​កម្ពុជា របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​មន្ត្រី​នៅ​តាម​បណ្ដា​ខេត្ត​បាន​រាយការណ៍​មក​ស្ថាប័ន​នេះ ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​១២ ខែ​សីហា រហូត​ដល់​ថ្ងៃ​អង្គារ ទី​១៤ ខែ​សីហា ឃើញ​ថា ខេត្ត​ចំនួន ៨ កំពុង​ខ្វះ​ទឹក​នាំ​ឲ្យ​ប៉ះពាល់​ទាំង​ស្រូវ​ពង្រោះ​ សន្ទូង និង​សំណាប។

លោក​ថា របាយការណ៍​នេះ​មិន​ទាន់​បាន​ឯកភាព​ជាមួយ​របាយការណ៍​របស់​ក្រសួង​កសិកម្ម​នៅ​ឡើយ​ទេ។ លោក​ឲ្យ​ដឹង​ទៀត​ថា ដំណាំ​ស្រូវ​វស្សា​ក្នុង​ខេត្ត​ទាំង ៨ កំពុង​ខ្វះ​ទឹក មាន​ខេត្ត​កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ ស្វាយរៀង​ និង​ខេត្ត​កណ្ដាល៖ «ក្នុង ៨​ខេត្ត មាន ៤៦​ស្រុក ដែល​វា​ពាក់ព័ន្ធ​នឹង​ការ​រាំង​ស្ងួត​ហ្នឹង ហើយ​ក្នុង​ហ្នឹង​ការ​ប៉ះពាល់​វា​មិន​ទាន់​ខូចខាត គឺ​មាន​សំណាប ៦.៨៨៩​ហិកតារ ហើយ​សន្ទូង​ពង្រោះ​ហ្នឹង​មាន ៨២.៦២៦​ហិកតារ ហើយ​ការ​ខូចខាត​ដែល​យើង​ទទួល​មក​ការ​ខូចខាត​មក​ដល់​ពេល​នេះ គឺ​មាន​សំណាប ៧៥៩​ហិកតារ ​ស្រូវ​ពង្រោះ ៤.០១០​ហិកតារ។ ក្នុង​នោះ​ខេត្ត​ដែល​ថា ទទួល​រង​គ្រោះ​ដោយសារ​ការ​រាំង​ស្ងួត​នេះ​ខ្លាំង គឺ​មាន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ព្រៃវែង ​និង​ខេត្ត​ស្វាយរៀង។ ដោយ​ឡែក​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ភ្លៀង​ធ្លាក់​មក​ជា​បន្តបន្ទាប់ ២​ថ្ងៃ វា​ធ្វើ​ឲ្យ​ស្រូវ​ដែល​ក្រៀម​ស្វិត​នោះ គឺ​ថា​វា​មាន​ស្លឹក​ឡើង​ពណ៌​ខៀវ​ឡើង​វិញ ហើយ​អាច​សង្ឃឹម​ថា បើសិនជា​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់ ស្រូវ​ដែល​កំពុង​តែ​មាន​ការ​ប៉ះពាល់​នោះ​នៅ​តាម​បណ្ដាល​ខេត្ត​រង​គ្រោះ​ទាំង ៨ នឹង​អាច​មាន​សង្ឃឹម​រស់​ឡើង​វិញ ហើយ​អាច​មាន​ការ​ខូច​ខាត​បន្តិច​បន្តួច»

ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ លោក រស់ សិទ្ធ ថ្លែង​ថា ថ្វីត្បិត​តែ​ស្រុក​ឱរ៉ាល់ ជា​ប្រភព​ក្បាល​ម៉ាស៊ីន​ទឹក ប៉ុន្តែ​មិន​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​សំរាប់​ស្តុក​ទឹក​ទុក​ប្រើប្រាស់​បាន​ទេ។ ការ​ធ្វើ​ស្រែ​វស្សា គឺ​រំពឹង​លើ​ទឹក​ភ្លៀង​ទាំង​ស្រុង។ លោក​ថា នៅ​ក្នុង​ស្រុក​ឱរ៉ាល់ មាន​សំណាប​បាន​សាប​រួច​ចំនួន ៧៤៨​ហិកតារ ក្នុង​នោះ​ប៉ះពាល់​ធ្ងន់ ដែល​ជួប​កង្វះ​ទឹក​ជាង ១៤៥​ហិកតារ។

លោក រស់ សិទ្ធ៖ «វា​ហាក់​ដូច​ជា​មាន​កូន​រដូវ​ប្រាំង​មួយ​ដែល​កំពុង​តែ​រាតត្បាត យាយី​មក​លើ​ដំណាំ​ស្រូវ​ក្នុង​រយៈ​ពេល​ប្រហែល​ជា​ចូល ៣​សប្ដាហ៍​ហើយ ដែល​គ្មាន​ភ្លៀង»

លោក​បន្ថែម​ថា ដោយសារ​ស្រុក​ឱរ៉ាល់ ជួប​បញ្ហា​កង្វះ​ទឹក​ធ្វើ​ស្រែ​ញឹកញាប់ អ្នក​ស្រុក​នាំ​គ្នា​ប្តូរ​ពូជ​ស្រូវ​មក​ដាំ​ស្រូវ​ស្រាល គឺ​ពូជ​សែន​ពិដោរ និង​ពូជ​ស្រូវ​កណ្ដាល គឺ​ពូជ​ផ្កា​រំដួល តាម​ការ​ណែនាំ​របស់​ក្រសួង​កសិកម្ម។ ទន្ទឹម​នោះ​អង្គការ​ជីវិត​ថ្លៃថ្នូរ បាន​ចែក​ស្រូវ​ពូជ​ផ្កា​រំដួល ជាង ៣​ពាន់​គីឡូក្រាម​ដល់​កសិករ​ក្នុង​ស្រុក​ឱរ៉ាល់។

ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​ថ្លែង​ថា កសិករ​គួរ​រក​វិធី​បណ្ដោះអាសន្ន​មួយ គឺ​ប្រមូល​សំរាម​ស្លឹក​ឈើ​យក​ទៅ​បាច​ពី​លើ​ស្រូវ​ដែល​កំពុង​ដុះ ហើយ​ប្រឈម​នឹង​ដី​ស្ងួត​ខ្វះ​ទឹក​ដើម្បី​បន្ថយ​ការ​ក្រៀម​ឆាប់​ងាប់៖ «បើ​សិន​ជា​មាន​សន្សើម ​ឬ​ក៏​មាន​ភ្លៀង​ធ្លាក់​អី​ខ្លះៗ តិចៗ​អី ក៏​វា​ជួយ​ចាប់​ឫស​អា​សំណាប​នោះ​ថែម​បាន​ដែរ»

លោក​បណ្ឌិត​អះអាង​ថា ដោយសារ​តែ​ឆ្នាំ​២០១២ ទឹក​ភ្លៀង​ធ្លាក់​យឺត​ជាង​រាល់​ឆ្នាំ ប៉ុន្តែ​មិន​ទាន់​ចាត់​ទុក​ជា​មហន្តរាយ​នៃ​គ្រោះ​រាំង​ស្ងួត​ទៅ​លើ​ដំណាំ​ស្រូវ​វស្សា​ទេ ព្រោះ​រាល់​ឆ្នាំ​កសិករ​ទូទាំង​ប្រទេស​បញ្ចប់​ការ​ដក​ស្ទូង​នៅ​ក្រោយ​ភ្ជុំបិណ្ឌ។

មន្រ្តី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ថ្លែង​ឲ្យ​ដឹង​ថា ក្រសួង​កសិកម្ម ក្រសួង​ធនធាន​ទឹក និង​អាជ្ញាធរ​ខេត្ត ស្រុក កំពុង​ខ្វាត់ខ្វែង​កាយ​ប្រឡាយ​ពី​តំបន់​ដែល​មាន​ទឹក​ដក់​បង្ហូរ​ទឹក​ទៅ​កាន់​តំបន់​កំពុង​ខ្វះ​ទឹក។ លោក​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ខេត្ត​កំពត សំបូរ​ផ្ទៃ​ដី​ទំនេរ​ដែល​មិន​ទាន់​បាន​បង្កបង្កើន​ផល​ស្រូវ​នៅ​ឡើយ ទើប​គណៈកម្មាធិការ​ជាតិ​មិន​ទាន់​រាប់​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​នៃ​គ្រោះ​រាំង​ស្ងួត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល