អនុប្រធានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី មានប្រសាសន៍ថា ទិន្នន័យរាំងស្ងួតក្នុងប្រទេសកម្ពុជា របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលមន្ត្រីនៅតាមបណ្ដាខេត្តបានរាយការណ៍មកស្ថាប័ននេះ ចាប់ពីថ្ងៃអាទិត្យ ទី១២ ខែសីហា រហូតដល់ថ្ងៃអង្គារ ទី១៤ ខែសីហា ឃើញថា ខេត្តចំនួន ៨ កំពុងខ្វះទឹកនាំឲ្យប៉ះពាល់ទាំងស្រូវពង្រោះ សន្ទូង និងសំណាប។
លោកថា របាយការណ៍នេះមិនទាន់បានឯកភាពជាមួយរបាយការណ៍របស់ក្រសួងកសិកម្មនៅឡើយទេ។ លោកឲ្យដឹងទៀតថា ដំណាំស្រូវវស្សាក្នុងខេត្តទាំង ៨ កំពុងខ្វះទឹក មានខេត្តកំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ ស្វាយរៀង និងខេត្តកណ្ដាល៖ «ក្នុង ៨ខេត្ត មាន ៤៦ស្រុក ដែលវាពាក់ព័ន្ធនឹងការរាំងស្ងួតហ្នឹង ហើយក្នុងហ្នឹងការប៉ះពាល់វាមិនទាន់ខូចខាត គឺមានសំណាប ៦.៨៨៩ហិកតារ ហើយសន្ទូងពង្រោះហ្នឹងមាន ៨២.៦២៦ហិកតារ ហើយការខូចខាតដែលយើងទទួលមកការខូចខាតមកដល់ពេលនេះ គឺមានសំណាប ៧៥៩ហិកតារ ស្រូវពង្រោះ ៤.០១០ហិកតារ។ ក្នុងនោះខេត្តដែលថា ទទួលរងគ្រោះដោយសារការរាំងស្ងួតនេះខ្លាំង គឺមាននៅក្នុងខេត្តកំពង់ស្ពឺ ព្រៃវែង និងខេត្តស្វាយរៀង។ ដោយឡែកនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់មកជាបន្តបន្ទាប់ ២ថ្ងៃ វាធ្វើឲ្យស្រូវដែលក្រៀមស្វិតនោះ គឺថាវាមានស្លឹកឡើងពណ៌ខៀវឡើងវិញ ហើយអាចសង្ឃឹមថា បើសិនជាមានភ្លៀងធ្លាក់បន្តបន្ទាប់ ស្រូវដែលកំពុងតែមានការប៉ះពាល់នោះនៅតាមបណ្ដាលខេត្តរងគ្រោះទាំង ៨ នឹងអាចមានសង្ឃឹមរស់ឡើងវិញ ហើយអាចមានការខូចខាតបន្តិចបន្តួច»។
ប្រធានការិយាល័យកសិកម្មស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក រស់ សិទ្ធ ថ្លែងថា ថ្វីត្បិតតែស្រុកឱរ៉ាល់ ជាប្រភពក្បាលម៉ាស៊ីនទឹក ប៉ុន្តែមិនមានប្រព័ន្ធធារាសាស្ត្រសំរាប់ស្តុកទឹកទុកប្រើប្រាស់បានទេ។ ការធ្វើស្រែវស្សា គឺរំពឹងលើទឹកភ្លៀងទាំងស្រុង។ លោកថា នៅក្នុងស្រុកឱរ៉ាល់ មានសំណាបបានសាបរួចចំនួន ៧៤៨ហិកតារ ក្នុងនោះប៉ះពាល់ធ្ងន់ ដែលជួបកង្វះទឹកជាង ១៤៥ហិកតារ។
លោក រស់ សិទ្ធ៖ «វាហាក់ដូចជាមានកូនរដូវប្រាំងមួយដែលកំពុងតែរាតត្បាត យាយីមកលើដំណាំស្រូវក្នុងរយៈពេលប្រហែលជាចូល ៣សប្ដាហ៍ហើយ ដែលគ្មានភ្លៀង»។
លោកបន្ថែមថា ដោយសារស្រុកឱរ៉ាល់ ជួបបញ្ហាកង្វះទឹកធ្វើស្រែញឹកញាប់ អ្នកស្រុកនាំគ្នាប្តូរពូជស្រូវមកដាំស្រូវស្រាល គឺពូជសែនពិដោរ និងពូជស្រូវកណ្ដាល គឺពូជផ្ការំដួល តាមការណែនាំរបស់ក្រសួងកសិកម្ម។ ទន្ទឹមនោះអង្គការជីវិតថ្លៃថ្នូរ បានចែកស្រូវពូជផ្ការំដួល ជាង ៣ពាន់គីឡូក្រាមដល់កសិករក្នុងស្រុកឱរ៉ាល់។
ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ បានថ្លែងថា កសិករគួររកវិធីបណ្ដោះអាសន្នមួយ គឺប្រមូលសំរាមស្លឹកឈើយកទៅបាចពីលើស្រូវដែលកំពុងដុះ ហើយប្រឈមនឹងដីស្ងួតខ្វះទឹកដើម្បីបន្ថយការក្រៀមឆាប់ងាប់៖ «បើសិនជាមានសន្សើម ឬក៏មានភ្លៀងធ្លាក់អីខ្លះៗ តិចៗអី ក៏វាជួយចាប់ឫសអាសំណាបនោះថែមបានដែរ»។
លោកបណ្ឌិតអះអាងថា ដោយសារតែឆ្នាំ២០១២ ទឹកភ្លៀងធ្លាក់យឺតជាងរាល់ឆ្នាំ ប៉ុន្តែមិនទាន់ចាត់ទុកជាមហន្តរាយនៃគ្រោះរាំងស្ងួតទៅលើដំណាំស្រូវវស្សាទេ ព្រោះរាល់ឆ្នាំកសិករទូទាំងប្រទេសបញ្ចប់ការដកស្ទូងនៅក្រោយភ្ជុំបិណ្ឌ។
មន្រ្តីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ថ្លែងឲ្យដឹងថា ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងអាជ្ញាធរខេត្ត ស្រុក កំពុងខ្វាត់ខ្វែងកាយប្រឡាយពីតំបន់ដែលមានទឹកដក់បង្ហូរទឹកទៅកាន់តំបន់កំពុងខ្វះទឹក។ លោកឲ្យដឹងដែរថា ក្នុងខេត្តកំពត សំបូរផ្ទៃដីទំនេរដែលមិនទាន់បានបង្កបង្កើនផលស្រូវនៅឡើយ ទើបគណៈកម្មាធិការជាតិមិនទាន់រាប់បញ្ចូលទៅក្នុងរបាយការណ៍នៃគ្រោះរាំងស្ងួត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
