សមត្ថកិច្ច៖ អាកាសយានដ្ឋាន​សៀមរាប​ជា​គោលដៅ​ឧក្រិដ្ឋជន​គ្រឿង​ញៀន

សមត្ថកិច្ច​ប្រឆាំង​គ្រឿង​ញៀន បាន​កត់​សម្គាល់​ឃើញ​ថា ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទាក់​ទាញ​អ្នក​ទេសចរ​បរទេស​ដ៏​សំខាន់​របស់​កម្ពុជា ក៏ប៉ុន្តែ​ក្នុង​រយៈពេល ពីរ​បី​ខែ​ចុង​ក្រោយ​នេះ ក្រុម​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន​ខ្លះ បាន​យក​ខេត្ត​នេះ​ធ្វើ​ជា​គោល​ដៅ​នៃ​ការ​នាំ​គ្រឿង​ញៀន​ឆ្លង​កាត់ ដើម្បី​បន្ត​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត។
ដោយ ហង្ស សាវយុត
2012-10-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គ្រឿង​ញៀន ៣០៥
២៧-កញ្ញា-២០១២៖ ស្ត្រី​ជន​ជាតិ​ថៃ ឈ្មោះ ឥន្ធនូ ស៊ូធី (Inthanu Suthee) ត្រូវ​ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ខេត្ត​សៀមរាប ចាប់​ខ្លួន​ជាមួយ​នឹង​វត្ថុ​តាំង​គ្រឿង​ញៀន​ជាង ៥គីឡូក្រាម។
RFA/Hang Savyouth

ការ​កត់​សម្គាល់​របស់​សមត្ថកិច្ច​នេះ បន្ទាប់​ពី​ក្នុង​រយៈពេល​ប្រមាណ ២ខែ​ជាប់ៗ​គ្នា​នេះ គឺ​គេ​ចាប់​បាន​គ្រឿង​ញៀន​ចំនួន​ជាង ២០គីឡូក្រាម ដែល​ឆ្លង​កាត់​តាម​ច្រក​ប្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប។

កម្លាំង​កង​រាជ​អាវុធហត្ថ និង​ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ ២នាក់ និង​រឹបអូស​យក​បាន​គ្រឿង​ញៀន​ប្រភេទ​កូកាអ៊ីន (Cocaine) ចំនួន​ជាង ១១គីឡូក្រាម​ជា​ថ្មី​ទៀត កាល​ពី​ល្ងាច​ថ្ងៃ​ទី៨ ខែ​តុលា កន្លង​ទៅ។ ការ​ចាប់ និង​រឹបអូស​យក​បាន​ថ្នាំ​ញៀន​នេះ នៅ​ពេល​ដែល​សមត្ថកិច្ច​ប្រចាំ​ប្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប មាន​ការ​សង្ស័យ ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់។

លោក​វរសេនីយ៍​ឯក ញឹម សិលា ជា​មេ​បញ្ជា​ការ​រង​នៃ​កង​រាជ​អាវុធហត្ថ ខេត្ត​សៀមរាប លោក​បាន​មាន​ប្រសាសន៍​ថា កង​កម្លាំង​របស់​លោក​ដែល​សហការ​ជាមួយ​ប៉ូលិស នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន និង​មន្ត្រី​គយ​ផង បាន​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​ចំនួន ២នាក់ និង​រឹប​អូស​យក​បាន​ថ្នាំ​ញៀន​ប្រភេទ​កូកាអ៊ីន ចំនួន​ជិត ១១គីឡូក្រាម​កន្លះ៖ «ការ​ចាប់​ហ្នឹង គឺ​វា​ឆ្លង​កាត់​ប្រលាន​សៀមរាប មួយ​ត្រែនស៊ីត (Transit=ដំណើរ​ឆ្លង​កាត់) ហើយ​គយ គាត់​មាន​ការ​ឆែក​ទៅ​ឃើញ ក៏​គាត់​ហៅ​ទាំង​ប៉ូលិស ទាំង​អាវុធហត្ថ។ អីចឹង យើង​ឆែក​ទៅ យើង​ឃើញ​មាន​ម្សៅ​កូកាអ៊ីន ១១គីឡូ ៤០០ក្រាម​ជាង ថា​ជិត ១១គីឡូ​កន្លះ​ចុះ។ ចាប់​បាន​ហ្នឹង ២នាក់។ ដំណើរ​របស់​គាត់​មក​ពី​ទីក្រុង​សៅថ៍ប៉ូឡូ ប្រទេស​ប្រេស៊ីល មក​សិង្ហបុរី ពី​សិង្ហបុរី មក​ខេត្ត​សៀមរាប»

ស្ត្រី​ថៃ ២នាក់ ដែល​សមត្ថកិច្ច​ចម្រុះ​បាន​ចាប់​ខ្លួន​នោះ គឺ​ម្នាក់​ឈ្មោះ យ៉ាង ណូប៉ាវ៉ារ៉ាផន (Yang Nopa waraphorn) អាយុ ២០ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ចាយ ផន អូរ៉ាឈុន (Chay porn Orachun) អាយុ ២៦ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា កន្លង​ទៅ ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​ម្នាក់​ឈ្មោះ ឥន្ធនូ ស៊ូធី (Inthanu Suthee) អាយុ ៤៩ឆ្នាំ នៅ​ពេល​ដែល​ស្ត្រី​រូប​នោះ​ធ្វើ​ដំណើរ​មក​ដល់​ប្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ហើយ​សមត្ថកិច្ច​បាន​ឆែក​ឆេរ​រក​ឃើញ​គ្រឿង​ញៀន​មេតំហ្វេតាមីន (Methamphetamin) ទម្ងន់ ៥គីឡូ និង ៦៤០​ក្រាម​ម្តង​មក​ហើយ​នោះ។

លោក​វរសេនីយ៍​ទោ នន់ សុផាន្នី ជា​ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន នៃ​ស្នងការ​នគរបាល ខេត្ត​សៀមរាប លោក​បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា រហូត​មក​ដល់​ដើម​ខែ​តុលា សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ជា​ទ្រង់ទ្រាយ​ធំ ដែល​ឆ្លង​កាត់​តាម​ប្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ចំនួន ៣លើក​ហើយ។ ការ​បង្ក្រាប​ចំនួន ៣លើក​នេះ គឺ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​ថៃ ចំនួន ៤នាក់ និង​បុរស​ហ្វីលីពីន ចំនួន ១នាក់ ព្រម​ទាំង​រឹបអូស​យក​បាន​គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន និង​កូកាអ៊ីន ចំនួន​ជាង ២០គីឡូក្រាម​កន្លះ។

មន្ត្រី​ដដែល​បាន​កត់​សម្គាល់​ឃើញ​ថា ក្រុម​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន បាន​ចាប់​ផ្ដើម​ជ្រើស​យក​ប្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ធ្វើ​ជា​គោល​ដៅ​នៃ​ការ​នាំ​គ្រឿង​ញៀន​ឆ្លង​កាត់៖ «នៅ​ខេត្ត​សៀមរាប គឺ​ជា​សញ្ញាណ​ថ្មី ដែល​ឧក្រិដ្ឋជន​វា​ប្រើប្រាស់​ដី​ប្រលាន​យន្តហោះ​ខេត្ត​សៀមរាប ហ្នឹង ជា​ចំណុច​ឆ្លង​កាត់ វា​អត់​ចូល​ទេ វា​ឆ្លង​កាត់​ទៅ​ប្រទេស​ទី៣ ហើយ​គោល​ដៅ​ចុង​បំផុត គឺ​ទីក្រុង​បាងកក ឯណោះ។ មាន​ន័យ​ថា អា​រូបភាព​ធំៗ​នេះ គឺ​ជា​សញ្ញា​មួយ​ដែល​ឱ្យ​សមត្ថកិច្ច​យើង​កាន់​តែ​ពង្រឹង​នូវ​សមត្ថភាព​ប្រុង​ប្រយ័ត្ន​ថែម​ទៀត»

មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា ក្រៅ​ពី​ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ធំៗ គឺ​ក្នុង​រយៈពេល ៩ខែ​ឆ្នាំ​២០១២ គេ​បាន​បង្ក្រាប​ការ​ចែក​ចាយ និង​ប្រើប្រាស់​គ្រឿង​ញៀន​តូច​តាច​ចំនួន ២៩ករណី​ផ្សេង​ទៀត។

អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន ប្រទេស​កម្ពុជា បាន​ចាត់​ទុក​ថា បច្ចុប្បន្ន​ក្រុម​ឧក្រិដ្ឋជន​ចែក​ចាយ​គ្រឿង​ញៀន​ថា បាន​ប្រើ​រូបភាព​តូចៗ​ប្រៀប​ដូច​ជា​ហ្វូង​ស្រមោច​ដែល​ពាំ​អង្ករ។

ក្នុង​ផែនការ​ជាតិ នៃ​ទិសដៅ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​រយៈពេល ៥ឆ្នាំ ចាប់​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១០ របស់​ក្រសួង​មហាផ្ទៃ បាន​ឱ្យ​ដឹង​ថា ប្រភេទ​គ្រឿង​ញៀន​សំយោគ​ខ្លះ​នៅ​តែ​បន្ត​ឆ្លង​កាត់​ពី​តំបន់​ត្រីកោណ​មាស តាម​ព្រំដែន​នៃ​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ ស្រុក​ថាឡាបរិវ៉ាត់ និង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ឆ្លង​កាត់​ទៅ​ខេត្ត​កំពង់ធំ ដើម្បី​យក​មក​ចែក​ចាយ​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ពាយ័ព្យ​មួយ​ចំនួន ដូច​ជា​ខេត្ត​សៀមរាប បាត់ដំបង បន្ទាយមានជ័យ និង​ក្រុង​ប៉ោយប៉ែត ជាដើម។ ចំណែក​ឯ​ប្រភេទ​គ្រឿង​ញៀន​ខ្លះ​ទៀត ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​នាំ​ចូល​មក​តាម​រយៈ​ជើង​ហោះ​ហើរ។

លោក​ឧត្តមសេនីយ៍ មាស វីរិទ្ធ ជា​អគ្គ​លេខាធិការ​រង នៃ​អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន បាន​មាន​ប្រសាសន៍​ថា ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ញៀន​អន្តរជាតិ តែង​តែ​រិះ​រក​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​ចរាចរ​គ្រឿង​ញៀន នៅ​តាម​ប្រទេស​ជាច្រើន។ មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា កម្ពុជា បាន​ចាប់​អារម្មណ៍​ទៅ​លើ​ប្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប និង​ប្រលាន​យន្តហោះ​ដទៃ​ទៀត​ជា​យូរ​មក​ហើយ​ថា ក្រុម​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន អាច​នឹង​យក​គោល​ដៅ​ទាំង​នោះ ដើម្បី​ឆ្លង​កាត់​គ្រឿង​ញៀន។

ដូច្នេះ អាជ្ញាធរ​ក៏​បាន​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​សមត្ថកិច្ច​ជាច្រើន​ផ្នែក នៅ​តាម​កន្លែង​ទាំង​នោះ​ឱ្យ​ចេះ​ឆែក​ឆេរ និង​ទប់ស្កាត់​គ្រឿង​ញៀន​រួច​ហើយ​ដែរ៖ «ដោយ​សារ​យើង​ដឹង​ថា កម្ពុជា​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន ប្រើប្រាស់​ជា​កន្លែង​ដើម្បី​ឆ្លង​កាត់​ការ​ចរាចរណ៍​គ្រឿង​ញៀន​របស់​គេ។ យើង​បាន​បណ្ដុះ​បណ្ដាល​មន្ត្រី​ដែល​បម្រើ​ការ​នៅ​ឯ​ប្រលាន​យន្តហោះ ទាំង​សមត្ថកិច្ច​គយ សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍ ទាំង​សមត្ថកិច្ច​សន្តិសុខ និង​សមត្ថកិច្ច​ដែល​គ្រប់គ្រង​យានដ្ឋាន ឱ្យ​គាត់​យល់​ដឹង​ពី​បច្ចេកទេស​នៃ​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន ដោយ​ការ​លួច​លាក់ ឬ​ក៏​មាន​តាម​វ៉ាលី ឬ​ក៏​មាន​តាម​បញ្ញើ ដែល​អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ​បាន»

អគ្គ​លេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៩ខែ​ឆ្នាំ​២០១២ គេ​បាន​បង្ក្រាប និង​រឹបអូស​សារធាតុ​គីមី​បាន​ជាច្រើន​តោន ព្រម​ទាំង​ឧបករណ៍​សម្រាប់​ផលិត​ជា​គ្រឿង​ញៀន រួម​និង​គ្រឿង​ញៀន​ប្រភេទ​កូកាអ៊ីន ចំនួន​ជាង ៤០គីឡូក្រាម​ផង សរុប​ជា​ទឹក​ប្រាក់​នៃ​គ្រឿង​ញៀន​ដែល​បាន​រឹប​អូស​ទាំង​នោះ មាន​ប្រមាណ​ជាង ៥លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល