កាំង ហ្កេកអ៊ាវ និយាយ​ពី​មន្ទីរ​ស-២៤

ជន​ជាប់​ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ឲ្យ​ដឹង​ថា មន្ទីរ​ស-២៤ គឺ​ជា​សាខា​មួយ​នៃ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង ដែល​គាត់​និយាយ​ថា​ជា​គុក​ឥត​ជញ្ជាំង ហើយ​មាន​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ឃុំ​ឃាំង​នៅ​ទី​នោះ​ដើម្បី​អប់រំ​កែប្រែ​ឡើង​វិញ។

0:00 / 0:00

ឌុច បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ថា អ្នក​រស់នៅ​ក្នុង​មន្ទីរ​ស-២៤​នោះ​មាន​សិទ្ធិ​និង​លក្ខណៈ​មួយចំនួន​ដូច​គ្នា​នឹង​សហករណ៍​ក្នុង​មូលដ្ឋាន​ដែរ គឺ​មិន​ឋិត​នៅ​ក្រោម​ការសម្រេច​ផ្ទាល់​ពី​គណៈអចិន្រ្តៃយ៍​មជ្ឈិម​ឬ​លេខា​ភូមិភាគ​គ្រប់​ករណី​ទេ។

ក៏​ប៉ុន្តែ ឌុច បញ្ជាក់​ដែរ​ថា ៖ «ស-២៤ ប្រមូល​ផ្តុំ​មនុស្ស​ដែល​មាន​ស្លាកស្នាម​រួច​ទៅ​ហើយ។ ឯ​ចំណែក​សហករណ៍​មូលដ្ឋាន គេ​ប្រមូល​ផ្តុំ​មនុស្ស​ទៅ​តាម​វណ្ណៈ​ដែល​គេ​មិន​ជឿ​ទុក​ចិត្ត។ ខុស​គ្នា​ត្រង់​ហ្នឹង។ ទី​ពីរ​ខុស​គ្នា​នៅ​ស-២៤ ភាគ​ច្រើន​ជា​អតីត​យុទ្ធ​ជន យុទ្ធ​នារី របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា។ មិន​សូវ​មាន​គ្រួសារ​ចូល​ទៅ​នៅ​ទី​នោះ​ប៉ុន្មាន​ពេក​ទេ។ ឯ​ចំណែក​សហករណ៍​មូលដ្ឋាន ភាគ​ច្រើន​គឺ​ជា​មនុស្ស​ដែល​មាន​គ្រួសារ»

ឌុច បាន​និយាយ​ទៀត​ថា ការងារ​នៅ​មន្ទីរ​ស-២៤ ព្រៃស គឺ​គ្រប់គ្រង​ផ្ទាល់​ដោយ​កម្មាភិបាល​ឈ្មោះ មិត្ត នន់, ហ៊ុយ ហៅ, ហ៊ុយស្រែ និង​មិត្ត ហ៊រ ដែល​ជា​បុគ្គលិក​មន្ទីរ​ស-២១​ដែរ។ រីឯ​មនុស្ស​ដែល​ត្រូវ​បញ្ជូន​ទៅ​ទី​នោះ​ជា​អ្នក​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ក្រុម​សមាសភាព ដែល ឌុច ពន្យល់​ថា ជា​មនុស្ស​មាន​ទោស​ពាក់​កណ្តាល។

ចំពោះ​កាតព្វកិច្ច​របស់ ហ៊ុយ និង ហ៊រ ឌុច និយាយ​ដូច្នេះ ៖ «ទាំង​ពីរ​នាក់​ត្រូវ​ធានា​ចំពោះ​មុខ​ខ្ញុំ ក៏​ដូច​ជា​ចំពោះ​មុខ​បក្ស​ដែរ ធ្វើ​ម៉េច​កុំ​ឲ្យ​ពួក​សមាសភាព​នេះ​បះបោរ​បាន ធ្វើ​ម៉េច​កុំ​ឲ្យ​សមាសភាព​រត់​រួច»

ឌុច និយាយ​ថា កំហុស​ធ្ងន់​នៅ​មន្ទីរ​ស-២៤​មាន​ពីរ​យ៉ាង។ ទី​មួយ គឺ​មាន​ផែនការ​រក​បះបោរ និង​ការរក​រត់​ចេញ​ពី​ទី​នោះ ហើយ​កំហុស​មិន​ខ្នះខ្នែង​ក្នុង​ការងារ​ជា​កំហុស​ទី​ពីរ​ដែល​គេ​នៅ​អប់រំ បើ​មិន​បាន​សម្រេច​ទេ​ទើប​គេ​សម្រេច​កម្ទេច។

ឌុច អះអាង​ថា មិន​មាន​ការសម្លាប់​មនុស្ស​នៅ​មន្ទីរ​ស-២៤​នៅ​ព្រៃស​ទេ ព្រោះ​មនុស្ស​ដែល​មាន​កំហុស​នៅ​ទី​នោះ ខ្លះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ស-២១ និង​ខ្លះ​ទៀត​ត្រូវ​បញ្ជូន​ទៅ​សម្លាប់​នៅ​ជើងឯក​ផ្ទាល់​តែម្តង។

ចំពោះ​ការបែងចែក ឌុច កំណត់​ដូច្នេះ ៖ «អ្នក​ដែល​ត្រូវ​បញ្ជូន​ទៅ​ជើងឯក​ផ្ទាល់ គឺ​ពេល​ណា​គេ​វិភាគ​ឃើញ​ថា មនុស្ស​នោះ​មិន​មាន​សារសំខាន់​សួរ​យក​ចម្លើយ ហើយ​ចម្លើយ​ក៏​មិន​មាន​វែង​ឆ្ងាយ​ដែរ​ទេ នេះ​គឺ​បញ្ជូន​ទៅ​ជើងឯក​ផ្ទាល់។ មនុស្ស​ណា​ដែល​យើង​ខ្ញុំ​យល់​ថា មាន​សារសំខាន់​សម្រាប់​យក​ចម្លើយ ហ្នឹង​គឺ​បញ្ជូន​មក​ភ្នំពេញ​ដើម្បី​យក​ចម្លើយ​សម្រាប់​ស៊ើប​ការណ៍​ត​ទៅ​ទៀត»

ឌុច ទទួល​ស្គាល់​ថា មាន​កុមារ​នៅ​មន្ទីរ​ស-២៤​ចំនួន​១៦០​នាក់​ត្រូវ​បញ្ជូន​ទៅ​សម្លាប់​នៅ​ជើងឯក ព្រោះ​ជា​គោលការណ៍​បក្ស​កុម្មុយនីស្ត​កម្ពុជា ខ្លាច​កុមារ​កំព្រា​ទាំង​នោះ​សងសឹក។

សូម​ជម្រាប​ដែរ​ថា មន្ទីរ​ស-២៤ គឺ​ជា​កន្លែង​សម្រិត​សម្រាំង​មនុស្ស​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ព្រៃស ជាយ​ក្រុង​ភ្នំពេញ ដែល​ជា​សាខា​របស់​មន្ទីរ​ស-២១ ស្ថិត​នៅ​អតីត​វិទ្យាល័យ​ទួលស្វាយព្រៃ​ដែល​ជា​កន្លែង​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ និង​តំបន់​ជើងឯក​គឺ​ជា​កន្លែង​សម្លាប់​អ្នក​ទោស​តែម្តង៕