តាមរយៈដីកាបញ្ជូនរឿងទៅជំនុំជម្រះដែលសាលាក្តីខ្មែរក្រហមទើបបានចេញផ្សាយ នាពេលថ្មីៗនេះ បានឲ្យដឹងបន្ថែមថា ឌុច មិនមានរោគសញ្ញាផ្លូវចិត្ត ឬវិកលចរិតដែលជាមូលហេតុនាំឲ្យមានការសម្លាប់រង្គាលមនុស្ស នៅមន្ទីរស-២១ ឬគុកទួលស្លែងនៃរបបខ្មែរក្រហមនោះឡើយ។
ដីកាបញ្ជូនរឿងចំនួន ៨៦ទំព័រ ដែលលម្អិតអំពីការសម្លាប់មនុស្ស នៅគុកទួលស្លែងក្រោមស្នាដៃរបស់ ឌុច សរសេរទៀតថា ឌុច គឺជាមនុស្សទទួលខុសត្រូវរាល់ទង្វើទាំងអស់របស់គាត់ ព្រមទាំងធ្វើឲ្យថ្នាក់លើរបស់គាត់ចាប់អារម្មណ៍។ ហើយថា ទាំងអតីតកាលនិងបច្ចុប្បន្ន ឌុច គឺជាមនុស្សមានចិត្តមានះនិងងប់ងុល។
លោក កា សាវុធ ដែលជាមេធាវីរបស់ ឌុច មិនអាចទាក់ទងបាននៅថ្ងៃច័ន្ទនេះ ដើម្បីបំភ្លឺបន្ថែមពីសុខភាពផ្លូវចិត្តរបស់ ឌុច នោះបានឡើយ។
អតីតអ្នកធ្លាប់ធ្វើការជាមួយ ឌុច បានឲ្យដឹងអំពីចរិតរបស់ ឌុច យ៉ាងដូច្នេះថា ៖ «គាត់ការងារម៉ឺងម៉ាត់ណាស់ បទបញ្ជាអីមួយហ្នឹង សុទ្ធតែចង្អុលមុខ ញេញធ្មេញ។ រឿងហ្នឹងខ្ញុំធ្លាប់និយាយកន្លែងសវនាការម្ដងហើយ ថ្ងៃតទល់ជាមួយ ឌុច កាលហ្នឹង គេបញ្ចាំងខ្សែភាពយន្តឲ្យខ្ញុំនិយាយពីរឿងចរិតរបស់ ឌុច ថ្ងៃហ្នុង ឌុច ច្រឡោតតូងតែម្ដង។ ហើយច្រឡោតទៅ បានតុលាការគេទះតុ លែងឲ្យនិយាយពីចរិតរបស់គាត់។ ដល់ថ្ងៃរសៀល បាន ឌុច គេចូលមកវិញ គេសារភាពថា គេបានធ្វើមែន ព្រោះកាលហ្នឹងវាមិនបានគិត ដល់មួយរយៈទៅ ដេកគិតទៅឃើញ»។
ចំណែកឯលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថា ភាពព្រៃផ្សៃរបស់ខ្មែរក្រហម គឺទាក់ទងនឹងគំនិតជាតិជ្រុលនិយម ៖ «ជាទូទៅ យើងនៅក្រោមអាណានិគម ក្រោមសង្រ្គាម ហើយយើងមិនដែលមានអារម្មណ៍ថា យើងមានភាពឯករាជជាបុគ្គល ឬក៏ជាជាតិសាសន៍មួយអ៊ីចឹង អ៊ីចឹងគំនិតជាតិនិយមជ្រុលហ្នឹង វាធ្វើឲ្យមនុស្សហ្នឹងទទួលយកមនោគមន៍វិជ្ជា ដែលជាទូទៅជាការភូតកុហក ដែលជាការដែលមិនអាចធ្វើទៅបាន ហើយវាឈានដល់ការកាប់សម្លាប់ ឬក៏ការបែកបាក់គ្នា។ ហើយយើងថា អាហ្នឹង ធ្វើឲ្យមនុស្សដូចថា នៅក្នុងទីដែលងងឹតមើលអត់ឃើញ ដល់ពេលយើងត្រឡប់មកវិញ យើងសំឡឹងទៅខាងក្រោយ យើងឃើញថា នេះគឺជាបញ្ហា។ ហើយអានេះមិនមែនជាភាពឆ្កួតវង្វេង ឬក៏មានជំងឺសរសៃប្រសាទទេ គឺថា ជាការរើបម្រាស់ជាបុគ្គល ដើម្បីអត្តសញ្ញាណជាតិ ដែលប្រើប្រាស់មនោគមន៍វិជ្ជាដើម្បីឈោងចាប់យក»។
ប្រធានអង្គភាពជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម គឺលោកស្រី គាត បូផល បានឲ្យដឹងថា ឌុច រងការប្តឹងពីជនរងគ្រោះជាភាគីបណ្តឹងរដ្ឋប្បវេណីជាង ៦០នាក់។
ចំណែកឯចៅក្រមស៊ើបអង្កេត យូ ប៊ុនឡេង ថ្លែងឲ្យដឹងដែរថា ឌុច ដែលរងការចោទពីរករណី គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនោះ ទំនងជាប្រឈមនឹងការកាត់ទោស ជាលើកដំបូង នៅក្នុងខែតុលា ខាងមុខនេះ៕
