នេះគឺជាសវនាការបឋមលើកដំបូងមួយដែលពិនិត្យលើភស្តុតាង សាក្សី និងការប្ដឹងនានា ដែលពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋរបស់ ឌុច ដែលប្រព្រឹត្តនៅមន្ទីរឃុំឃាំងស-២១ ឬគុកទួលស្លែង នៅគុកព្រៃស និងកន្លែងសម្លាប់មនុស្សជើងឯក កាលពីជិត៣០ឆ្នាំមុន។
ប្រធានចៅក្រមអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម គឺលោកចៅក្រម និល ណុល បានគូសបញ្ជាក់អំពីចំណុចសំខាន់នៃសវនាការបឋមលើសំណុំរឿង ឌុច នេះ យ៉ាងដូច្នេះថា ៖ «វាគឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវឱកាសពិសេសតែមួយគត់ដែលអាចឲ្យជនរងគ្រោះអាចចូលរួមយ៉ាងពេញលេញក្នុងដំណើរការជំនុំជម្រះក្ដីនេះ។ តុលាការនឹងទទួលនូវកាតព្វកិច្ចនេះដោយគោរពយ៉ាងពេញលេញនូវការទាមទារឲ្យការជំនុំជម្រះក្ដីមួយប្រកបដោយយុត្តិធម៌និងប្រព្រឹត្តទៅបានឆាប់រហ័ស»។
លោកចៅក្រម និល ណុល ថ្លែងបន្តថា សវនាការនាថ្ងៃនេះក៏នឹងពិនិត្យលើអញ្ញត្រកម្ម ពិនិត្យលើពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី និងបញ្ជីឈ្មោះសាក្សីជាដើម។ ក្នុងនោះអ្នកជំនាញខ្មែរក្រហមមួយចំនួនដែលបានចុះក្នុងបញ្ជីក៏នឹងពិនិត្យដើម្បីហៅមកធ្វើសក្ខីកម្មផងដែរ។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយថាតើអ្នកស្រាវជ្រាវរួមទាំងអ្នកឯកទេសក្នុងចំនួនណានឹងប្រឈមការកោះហៅក្នុងសំណុំរឿង ឌុច នៅឡើយទេ។ ក៏ប៉ុន្តែ លោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានស្រាវជ្រាវលើឧក្រិដ្ឋកម្មខ្មែរក្រហមបានថ្លែងថា លោកនឹងបំពេញកាតព្វកិច្ចនេះ។
លោក ឆាំង យុ បានមានប្រសាសន៍ថា ៖ «អានេះវាជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ បានន័យថា នៅពេលដែលប្រព័ន្ធតុលាការមួយត្រូវការកោះហៅ អាហ្នឹងយើងត្រូវតែទៅ ប៉ុន្តែខ្ញុំគិតថា វាមិនផ្ដល់ប្រយោជន៍អីច្រើនទេ ដោយសារថាខ្ញុំមិនមែនជាអ្នកវិភាគ ឬក៏ជា Scholar ហើយភ័ស្តុតាងទៀតសោតក៏វាមានបរិបូរ ហូរហៀរ»។
សូមជម្រាបថា ឌុច បានរងការចោទលើបទឧក្រិដ្ឋចំនួន៤ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម អំពើទារុណ្ឌកម្ម និងអំពើមនុស្សឃាត។
លោក វ៉ាន់ ណាត ដែលចូលរួមតាមដានសវនាការនាថ្ងៃនេះថ្លែងថា សវនាការបឋមនេះគឺមានន័យជាខ្លាំងសម្រាប់រូបលោកដែលធ្លាប់ជាអ្នករងគ្រោះក្រោមស្នាដៃរបស់ ឌុច។
លោក វ៉ាន់ ណាត បានបញ្ជាក់ថា ៖ «មានន័យសម្បើមណាស់ បើន័យយើងរៀបរាប់មិនអស់ទេ ព្រោះយប់មិញបើគិតទៅខ្ញុំសម្រាន្តមិនសូវលក់ដែរ ខ្ញុំចេះតែបន់ឲ្យតែភ្លឺនឹងអាលមកមើលគេ ព្រោះថាមានតែខ្ញុំទេ ប្រជាជនខ្មែរយើងសម័យនោះស្លាប់ជាប់រាប់លាននាក់ ហើយយើងចង់ដឹងថាតើលទ្ធផលអ្នកដែលបានប្រព្រឹត្តសាងអំពើរបៀបហ្នឹងមកលើប្រជារាស្ត្រយើងតើគេទទួលផលយ៉ាងម៉េច? អាហ្នឹងជាន័យសំខាន់សម្រាប់ខ្ញុំ»។
ក៏ប៉ុន្តែការវិនិច្ឆ័យលើសំណុំរឿង ឌុច យ៉ាងណានោះ គឺសាលាក្តីវិសាមញ្ញប្រកាសថានឹងបន្តធ្វើនៅថ្ងៃស្អែកទៀត៕
