ឆ្លើយទៅនឹងសំណួរបញ្ជាក់ពីមេធាវីរបស់គាត់ តើអ្នកធ្លាប់សម្លាប់មនុស្សដោយផ្ទាល់ដៃឬទេ? ឌុច បានឆ្លើយដូច្នេះថា ៖ «ខ្ញុំពិតជាបានណែនាំគេអំពីយុទ្ធវិធីសម្លាប់។ ខ្ញុំពិតជាបានប្រគល់ឈ្មោះឲ្យគេតាមគោលការណ៍ ឲ្យតែកាលណាសួរចប់ មេគេថាអឺពេញចិត្ត ខ្ញុំឲ្យកូនចៅខ្ញុំយកចេញទៅ។ ដូច្នេះថាឲ្យសម្លាប់ផ្ទាល់ដៃ សុំនិយាយមួយម៉ាត់ម្តងទៀតថា អត់ដែលសម្លាប់មនុស្សដោយផ្ទាល់ដៃទាល់តែសោះ»។
បើទោះជា ឌុច បដិសេធការសម្លាប់មនុស្សដោយផ្ទាល់ដៃក៏ដោយ ក៏ ឌុច ក្នុងឋានៈជាប្រធានមន្ទីរនគរបាល១៣ នៅឃុំអមលាំង ខេត្តកំពង់ស្ពឺ និងមន្ទីរស-២១ ភ្នំពេញ មិនបានច្រានចោលឧក្រិដ្ឋកម្មគ្រប់បែបយ៉ាងដែលកើតមាននៅមន្ទីរទាំងពីរនេះឡើយ។
ឌុច បានបញ្ជាក់ថា ៖ «បើគ្មានខ្ញុំនៅទីនេះជាអ្នកបញ្ជាឲ្យអនុវត្តគោលការណ៍ឲ្យបានម៉ត់ចត់ទេ អាហ្នឹងគេផ្លាស់អ្នកផ្សេងទៀតក៏ពិតមែន ក៏ប៉ុន្តែនៅក្នុងទីនោះខ្ញុំជាបង្គោលឲ្យគេទាំងអស់គ្នាអនុវត្តគោលការណ៍នេះ ដូច្នេះឧក្រិដ្ឋកម្មនេះវានៅលើខ្ញុំ អត់ឆ្លើយដាក់អ្នកនរណាទេ»។
លោក ថោង សារឿន អាយុ៥៨ឆ្នាំ នៅស្រុកកៀនស្វាយ ដែលមកចូលរួមក្នុងសវនាការ ឌុច នាថ្ងៃទី៨ មេសានេះ បានសម្តែងទស្សនៈគាត់ចំពោះការសារភាពរបស់ ឌុច ដូច្នេះថា ៖ «មិនជឿទាំងស្រុង។ វាឆ្លើយយកតែរួចខ្លួន»។
ក្នុងអង្គសវនាការនៅថ្ងៃទី៦នេះ ដែលសួរដេញដោលជាសំខាន់អំពីសកម្មភាពផ្សេងៗទាក់ទងជាមួយមន្ទីរ១៣នៅកំពង់ស្ពឺនោះ ឌុច បានប្រាប់អង្គសវនាការថា គាត់បានប្រើក្មេងៗកសិករដែលមានអាយុក្រោម១៨ឆ្នាំសម្រាប់ធ្វើជាអ្នកសម្លាប់អ្នកទោស។
ឌុច បាននិយាយថា មានអ្នកទោសចំនួនប្រហែល២០០ទៅ៣០០នាក់ត្រូវបានសម្លាប់នៅមន្ទីរ១៣ក្នុងចន្លោះពីឆ្នាំ១៩៧១ដល់១៩៧៥។ អ្នកទោសទាំងនោះមានទាំងអ្នកត្រូវចាប់មកពីក្រៅតំបន់រំដោះនិងអ្នកនៅក្នុងតំបន់រំដោះដែលត្រូវពួកខ្មែរក្រហមចោទថាជាគិញឬជាខ្មាំងរបស់បដិវត្តន៍។
នៅពេលជម្រាបសួរអំពីឈ្មោះ ឌុច និងកេរ្តិ៍ឈ្មោះរបស់មន្ទីរ១៣ ស្រ្តីអ្នកស្រុកអមលាំងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាច ឌុច រករឿង បានប្រាប់វិទ្យុអាស៊ីសេរីដូច្នេះថា ៖ «ខ្លាចណាស់ ជំនាន់នោះគេចាប់ទៅហើយអត់ដែលអ្នកណាបានត្រឡប់មកផ្ទះវិញទេ។ ចាប់ទៅឃើញតែស្លាប់»។
ឌុច បានជម្រាបជូនអង្គសវនាការសាលាក្តីខ្មែរក្រហមថា មន្ទីរ១៣ ហៅកាត់ថា ម-១៣ ជាយន្តការសម្លាប់មនុស្ស ហើយចាប់តាំងពីកកើតមកមានអ្នកទោសប្រហែលជា១០នាក់ប៉ុណ្ណោះត្រូវបានដោះលែង។ អ្នកទោសក្រៅពីនោះត្រូវបានសម្លាប់ចោលទាំងអស់ ដែលភាសាបដិវត្តន៍ហៅថាកម្ទេច៕
