អ្នក​វិភាគ៖ រដ្ឋាភិបាល​មិន​ទាន់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បាន​ទាំង​ស្រុង​នៅ​ឡើយ

ក្នុង​ការ​គ្រប់គ្រង​ប្រទេស រដ្ឋាភិបាល​មាន​តួនាទី និង​មាន​កាតព្វកិច្ច​សំខាន់​ណាស់​ឆ្លើយ​តប​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​រដ្ឋាភិបាល​ត្រូវ​តែ​បំពេញ។ កាតព្វកិច្ច​ទាំង​នោះ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដូច​ជា ការពារ​មិន​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស កាតព្វកិច្ច​នៃ​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​ធានា​ឲ្យ​មាន​ការ​គោរព​ច្បាប់​ជាដើម។
ដោយ ទីន ហ្សាការីយ៉ា
2012.12.04
បឹង​កក់ អាស៊ាន ៣០៥ ប្រជា​សហគមន៍​ដែល​មាន​បញ្ហា​ដីធ្លី ឈរ​កាន់​បដា​រូបថត​លោក​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែល​មាន​សរសេរ​អក្សរ​ជា​សញ្ញា​ប្រកាស​អាសន្ន SOS នា​តំបន់​បឹង​កក់ នៅ​ថ្ងៃ​១៨ វិច្ឆិកា ឆ្នាំ​២០១២។
RFA/Vichey Anandh

ថ្វី​ត្បិត​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បាន​មួយ​ចំនួន​ក្ដី រួម​មាន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន​ជាដើម ប៉ុន្តែ​នៅ​មាន​ករណី​មួយ​ចំនួន​ទៀត​ដែល​រដ្ឋាភិបាល​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ឡើយ។

ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ធ្វើ​សកម្មភាព​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​សំខាន់ៗ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​កំពូល​របស់​ប្រទេស។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​តួនាទី និង​កាតព្វកិច្ច​សំខាន់ៗ​មួយ​ចំនួន រួម​មាន យន្តការ​គ្រប់គ្រង​ស្ថាប័ន​របស់​រដ្ឋ​តាំង​ពី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ការ​បង្កើត​ទំនាក់​ទំនង​ការទូត ការ​ផ្ដល់​សេវា​សាធារណៈ ការ​ធានា​នូវ​សណ្ដាប់​ធ្នាប់​សង្គម ការ​ធានា​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​ធានា​នូវ​សិទ្ធិ​សង្គមកិច្ច ការ​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស និង​ផ្សេងៗ​ទៀត។

ប៉ុន្តែ លោក កែម ឡី បាន​បញ្ជាក់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ តួនាទី​របស់​រដ្ឋាភិបាល​មាន​ដែន​កំណត់ ស្រប​ទៅ​នឹង​សង្គម​ប្រជាធិបតេយ្យ៖ «ដែន​កំណត់​ហ្នឹង​មិន​ជ្រៀតជ្រែក​តុលាការ មិន​ជ្រៀតជ្រែក​កិច្ចការ​នីតិប្បញ្ញត្តិ ហើយ​ផ្ដល់​ឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​នានា​ឲ្យ​ធ្វើ​ជា​ដៃគូ​របស់​រដ្ឋាភិបាល»

លោក កែម ឡី បាន​លើក​ឡើង​ទៀត​ថា រដ្ឋាភិបាល​មិន​ទាន់​បំពេញ​តួនាទី និង​កាតព្វកិច្ច​ល្អ​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស​បាន​ល្អ​នៅ​ឡើយ​ទេ។ នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ និង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន សម​ទៅ​នឹង​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ដែល​ខ្លួន​បាន​ទទួល​ស្គាល់​ហើយ​នោះ។ លោក កែម ឡី បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ធ្វើ​មិន​ល្អ​នោះ​មាន​ផ្នែក​សង្គមកិច្ច និង​ផ្នែក​ផ្សេងៗ​មួយ​ចំនួន​ទៀត៖ «ផ្នែក​សង្គមកិច្ច​ហ្នឹង​ដោយ​សារ​តែ​រដ្ឋាភិបាល​មិន​ទាន់​រៀប​ឲ្យ​មាន​សមភាព​សេដ្ឋកិច្ច ការ​ទទួល​បាន​ឱកាស​បាន​ស្មើៗ​គ្នា ការ​ទទួល​គាំទ្រ​ខាង​ផ្នែក​សង្គមកិច្ច យើង​ឃើញ​សេចក្ដី​ប្រកាស​របស់​អាស៊ាន​ឲ្យ​មាន​ការ​គាំទ្រ​មនុស្ស​ចាស់​ជរា តែ​យើង​ធ្វើ​អត់​បាន យើង​មាន​មនុស្ស​ជរា​ជិត ១លាន​នាក់​កំពុង​ប្រឈម​នឹង​ភាព​ក្រីក្រ ទី២ កុមារ​គ្មាន​ទីពឹង កុមារ​អនាថា កុមារ​ក្រីក្រ ក៏​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​លំបាក»

បន្ថែម​ពី​លើ​នេះ​ទៀត នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ក្រុម​អ្នក​ច្បាប់ និង​អ្នក​វិភាគ​បាន​រក​ឃើញ​ថា រដ្ឋាភិបាល​មិន​ទាន់​បំពេញ​តួនាទី និង​កាតព្វកិច្ច​របស់​ខ្លួន​បាន​ល្អ​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ គឺ​រដ្ឋាភិបាល​មិន​ទាន់​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ រដ្ឋាភិបាល​មិន​ទាន់​ធានា​ឲ្យ​មាន​ការ​គោរព​ច្បាប់​បាន​ល្អ​នៅ​ឡើយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត សុខ ទូច បាន​ពន្យល់​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូច្នេះ​រដ្ឋាភិបាល​កំពុង​តែ​បំពេញ​ដំណើរ​នៃ​កាតព្វកិច្ច​របស់​ខ្លួន។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា កាតព្វកិច្ច​ទាំង​អស់​នោះ រដ្ឋាភិបាល​មិន​ទាន់​ធ្វើ​បាន​ពេញ​លេញ​ទេ​នោះ ដូច​ជា រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ ផ្ទុយ​ទៅ​វិញ ការ​អនុវត្ត​ច្បាប់​នៅ​ពេល​បច្ចុប្បន្ន​មិន​ទាន់​ស្រប​ទៅ​នឹង​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ៖ «ខ្លះ​ទៅ​អនុវត្ត​ច្បាប់​លឿន​ទៅ ខ្លះ​ទៀត​អនុវត្ត​ច្បាប់​យឺត។ មក​ទល់​ពេល​នេះ​មិន​ទាន់​អនុវត្ត​ច្បាប់​តុលាការ​នៅ​តាម​រក​នីតិវិធី​បំពេញ​បន្ថែម​ទៅ អីចឹង​ទេ មិន​ទាន់​ដំណើរ​ការ​បាន​ស្មើៗ​គ្នា​ទៅ​តាម​ដែល​ថា​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ សង្គម​មួយ​ទទួល​បាន​ភាព​យុត្តិធម៌ គឺ​មនុស្ស​ទាំង​អស់​ទទួល​បាន​យុត្តិធម៌​ស្មើៗ​គ្នា គ្មាន​ទាប​គ្មាន​ខ្ពស់ គេ​ហៅ​ថា នីតិរដ្ឋ​នោះ កម្ពុជា មិន​ទាន់​មាន​ទេ»

ទាក់​ទង​នឹង​បញ្ហា​នេះ គម្រោង​យុត្តិធម៌​ពិភពលោក (WJP) បាន​សរសេរ​លំអិត​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ របស់​ខ្លួន​ថា កម្ពុជា ធ្លាក់​ចុះ​នូវ​ការ​គោរព​ច្បាប់ និង​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​នីតិរដ្ឋ។ ក្នុង​របាយការណ៍​សរសេរ​ថា ប្រទេស​កម្ពុជា មាន​ពិន្ទុ​ទាប​បំផុត​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ពីព្រោះ​ថា ការ​អនុវត្ត​ច្បាប់ និង​យុត្តិធម៌​ស៊ីវិល នៅ​ទូទាំង​ពិភពលោក កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​៩៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​៩៧។

ម្យ៉ាង​វិញ​ទៀត អ្នក​វិភាគ​បាន​ពន្យល់​ថា រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត​សមរម្យ និង​មាន​ទី​ជម្រក​សមរម្យ​ជាដើម។ ផ្ទុយ​ទៅ​វិញ ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នៅ​តំបន់​មួយ​ចំនួន​នោះ មិន​មែន​ជា​សកម្មភាព​ធានា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទី​ជម្រក​រស់នៅ​សមរម្យ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នោះ​ទេ។ ឧទាហរណ៍ ករណី​អភិវឌ្ឍ​នៅ​តំបន់​បឹងកក់ និង​បុរីកីឡា ជាដើម។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បកស្រាយ​ថា រដ្ឋាភិបាល​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់ និង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ទៅ​តាម​ជំហាន​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន។ លោក ផៃ ស៊ីផាន អះអាង​ថា ប្រទេស​ជឿន​លឿន​មួយ​ចំនួន​ក៏​មិន​អាច​បំពេញ​កាតព្វកិច្ច​ក្នុង​ពេល​តែ​មួយ​បាន​ល្អ​ទាំង​ស្រុង​នោះ​ដែរ គេ​ធ្វើ​ទៅ​តាម​ដំណាក់​កាលៗ៖ «ដូច្នេះ អ្វីៗ​មាន​តម្លៃ​របស់​វា អ្វី​ដែល​យើង​កំពុង​តែ​ដើរ យើង​ថែ​រក្សា​ឲ្យ​មាន​សន្តិភាព ស្ថិរភាព​នៅ​ក្នុង​សង្គម ទី២ រក្សា​នូវ​ការ​អភិវឌ្ឍ វឌ្ឍនភាព​នៃ​សេដ្ឋកិច្ច ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច (Economic Growth)»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ច្បាប់​បាន​បំភ្លឺ​ថា កាតព្វកិច្ច​របស់​រដ្ឋាភិបាល​មាន​ចែង​ច្បាស់​លាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​ដែល​កំណត់​តួនាទី​របស់​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​តំណាង​ឲ្យ​អំណាច​នីតិប្រតិបត្តិ ពោល​គឺ​មាន​តួនាទី​អនុវត្ត​ច្បាប់ ជា​ស្ថាប័ន​មាន​តួនាទី​អនុវត្ត​ច្បាប់ ធ្វើ​យ៉ាង​ណា​ឲ្យ​រដ្ឋធម្មនុញ្ញ​ការពារ​រដ្ឋធម្មនុញ្ញ មាន​ន័យ​ថា រាល់​កាតព្វកិច្ច​ដែល​រដ្ឋធម្មនុញ្ញ​ចែង រដ្ឋាភិបាល​ត្រូវ​បំពេញ​តួនាទី​នោះ ពិសេស​ត្រូវ​ការពារ​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​បណ្ឌិត សុខ សំអឿន បាន​លើក​ហេតុផល​ថា អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​នូវ​កាតព្វកិច្ច​របស់​ខ្លួន ដូច​ជា​សិទ្ធិ និង​សេរីភាព​ប្រជាពលរដ្ឋ​ជាដើម៖ «តាំង​ពី​ឆ្នាំ​១៩៩៣ មក ពេល​នេះ​ជិត ២០​ឆ្នាំ​ហើយ រដ្ឋាភិបាល​ខំ​ធ្វើ​ច្បាប់​ច្រើន តែ​មិន​បាន​គោរព​ច្បាប់​ឲ្យ​បាន​គ្រប់​សព្វ​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ»

លើស​ពី​នេះ​ទៀត អ្វី​ដែល​ជា​កត្តា​សំខាន់​មួយ​ទៀត​ដែល​រដ្ឋាភិបាល​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ រដ្ឋាភិបាល​មិន​ដែល​បាន​ធ្វើ​សមាជ​ជាតិ​នោះ​ទេ។ លោក​បណ្ឌិត សុខ សំអឿន បាន​លើក​ឡើង​ថា ការ​ធ្វើ​សមាជ​ជាតិ​មាន​សារសំខាន់​ណាស់​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ពាំនាំ​នូវ​អ្វី​ដែល​ជា​ក្ដី​កង្វល់ និង​បញ្ហា​ប្រឈម​នានា​របស់​ពួក​គេ​លើក​ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ដូច​ដែល​នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម ដែល​អតីត​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ ធ្លាប់​បាន​ធ្វើ​នៅ​ក្នុង​ពេល​ព្រះអង្គ​បាន​គ្រប់គ្រង​ប្រទេស​នោះ។

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បំភ្លឺ​ថា នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម គេ​ធ្វើ​សមាជ​ជាតិ​នោះ​ដោយ​សារ​នៅ​ក្នុង​របប​នោះ​ជា​របប​ឯក​បក្ស ប៉ុន្តែ​សព្វ​ថ្ងៃ កម្ពុជា ជា​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច្នេះ​គណបក្ស​នយោបាយ​នីមួយៗ​បាន​ធ្វើ​សមាជ​របស់​ខ្លួន ដើម្បី​លើក​ពី​បញ្ហា​នោះ​ទៅ​រដ្ឋាភិបាល​ហើយ។

ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី រដ្ឋធម្មនុញ្ញ​មាត្រា​១៤៧​ថ្មី ចែង​ថា សមាជ​ជាតិ​បើក​ឲ្យ​ប្រជារាស្ត្រ​ជ្រាប​ដោយ​ផ្ទាល់ អំពី​កិច្ចការ​ផ្សេងៗ​ដែល​ជា​ប្រយោជន៍​ជាតិ និង​ការ​លើក​ពី​បញ្ហា និង​សំណូម​ពរ​ជូន​រដ្ឋាភិបាល​ដោះស្រាយ។ ហើយ​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ទៅ​ចូល​រួម​ក្នុង​សមាជ​ជាតិ។ មាត្រា​១៤៨ ចែង​ថា សមាជ​ជាតិ​ប្រជុំ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ នៅ​ដើម​ខែ​ធ្នូ តាម​ការ​កោះ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី។ សមាជ​ជាតិ ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជា​ធិបតី​ភាព​នៃ​ព្រះមហាក្សត្រ។

ប្រជាពលរដ្ឋ​កម្ពុជា មាន​កំណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ក៏​កើន​ទៅ​តាម​នោះ​ដែរ។ អ្វី​ដែល​រដ្ឋាភិបាល​មិន​ទាន់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បាន​ទាំង​ស្រុង​នោះ អ្នក​វិភាគ​បាន​ពន្យល់​ថា រដ្ឋាភិបាល​ធ្វើ​កិច្ចការ​បច្ចុប្បន្ន​មិន​ទាន់​មាន​ប្លង់​មេ​ច្បាស់​លាស់ ភាគ​ច្រើន​រដ្ឋាភិបាល​អនុវត្ត​កិច្ចការ​នានា​នោះ​ទៅ​តាម​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។