សាលាក្ដី​ខ្មែរ​ក្រហម​តែងតាំង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ថ្មី

សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​២ ធ្នូ​នេះ តែង​តាំង​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ថ្មី​ជំនួស​លោក រ៉ូប៊ឺត ពឺទីត (Robert Petit) ដែល​បាន​សុំ​លា​លែង​ចេញ​ពី​មុខ​តំណែង។

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ពលរដ្ឋ​និយម​ហៅ​ថា តុលាការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​២ ធ្នូ​នេះ ឲ្យ​ដឹង​ថា លោក អាន់ឌ្រូ ខេលៃ (Andrew T. Cayley) មក​ពី​ប្រទេស​អង់គ្លេស ត្រូវ​បាន​តែង​តាំង​ ជា​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ថ្មី​ជំនួស​លោក រ៉ូប៊ឺត ពឺទីត ដែល​បាន​សុំ​លា​លែង​ចេញ​ពី​មុខ​តំណែង។

ការ​តែងតាំង​លោក អាន់ឌ្រូ ខេលៃ មក​ពី​ចក្រភព​អង់គ្លេស​ជា​សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​សម្រាប់​តុលាការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម និង​លោក នីកូឡាស គុមចាញ (Nicholas Koumjian) មក​ពី​សហរដ្ឋ​អាមេរិក ជា​សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​បម្រុង​នេះ គឺ​បន្ទាប់​ពី​មាន​ការ​តែង​តាំង​ពី​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ និង​មាន​ការ​អនុម័ត​យល់​ព្រម​ពី​ឧត្តម​ក្រុម​ប្រឹក្សា​អង្គចៅក្រម​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក អាន់ឌ្រូ ខេលៃ ធ្លាប់​បាន​ធ្វើ​ជា​មេធាវី​ការពារ​ក្តី​ឯកជន​ឲ្យ​លោក ឆាល ថេល័រ (Charles Taylor) នៅ​តុលាការ​ពិសេស​សម្រាប់​ប្រទេស​សេរ៉ាលីអូន និង​លោក អ៊ីវ៉ាន ឃឺម៉ាក (Ivan Cermak) នៅ​ក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​អតីត​ប្រទេស​យូហ្គោស្លាវី។

លោក អាន់ឌ្រូ ខេលៃ ធ្លាប់​បាន​ធ្វើ​ជា​អ្នក​ពិគ្រោះ​យោបល់​ជាន់​ខ្ពស់​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម ICC ក្នុង​នាម​ជា​កម្រិត​ទទួល​ខុស​ត្រូវ​លើ​ការ​ស៊ើប​អង្កេត​នៅ​ទីក្រុង​ដាហ្វ័រ និង​ជា​បន្ត​បន្ទាប់​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​លើក​ដំបូង​នៅ​ទីក្រុង​ដាហ្វ័រ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​សរសេរ​ថា លោក អាន់ឌ្រូ ខេលៃ ធ្លាប់​ធ្វើ​ជា​អ្នក​ប្រឹក្សា​ជាន់​ខ្ពស់​ឲ្យ​ព្រះ​រាជអាជ្ញា​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី។ គាត់​ក៏​ជា​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ស៊ើប​អង្កេត​បន្ត ប្រឆាំង​នឹង​ឧត្តមសេនីយ៍ វ៉ាក់ កូ ម្លាឌីក (Ratko Mladic) និង​ធ្លាប់​បាន​ដឹក​នាំ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​អន្តរជាតិ​លើក​ដំបូង​ទៅ​លើ​សមាជិក​កងទ័ព​រំដោះ​កូសូវ៉ូ៕