មន្ត្រី​ប្រចាំការ​នៅ​ក្រៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​អាហារ

មន្រ្តី​អាវុធ​ហត្ថ​និង​នគរបាល​ប្រចាំការ​នៅ​ក្រៅ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​អះអាង​ថា ទើប​នឹង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​អាហារ​ប្រចាំ​ថ្ងៃ​ចំនួន ១៥.០០០​រៀល​ក្នុង​សប្តាហ៍​នេះ បន្ទាប់​ពី​អាក់ខាន​ពុំ​បាន​បើក​តាំង​ពី​ខែ​តុលា ឆ្នាំ​២០០៩ ដល់​ខែ​មករា ឆ្នាំ​២០១០​មក​នោះ។

មន្រ្តី​អាវុធ​ហត្ថ​និង​នគរបាល​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​សម្ដែង​នូវ​សេចក្តី​រីករាយ​ដោយ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​អាហារ​នោះ ក្រោយ​ពី​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​មក ៖ «សប្បាយ​ចិត្ត​ណាស់! ជួយ​ការ​ឧបត្ថម្ភ​ហូប​ចុក​របស់​យើង​ហ្នឹង។ អរគុណ​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ជួយ​ផ្សាយ​ឲ្យ​ថ្នាក់​លើ​ដឹង។ ឥឡូវ​ហ្នឹង​បាន​ប្រគល់​លុយ​ប្រគល់​កាក់​ហ្នឹង​ឲ្យ​គ្រប់​ចំនួន​ហើយ អរគុណ​ចំពោះ​ថ្នាក់​លើ​ដែល​ខិត​ខំ​ឧបត្ថម្ភ​លុយ​ហ្នឹង​បើក​បាន​ឲ្យ​គ្រប់ៗ​ចំនួន​ទាំង​អស់ ពី​ខែ​១០​មក រហូត​ដល់​ខែ​១​ហ្នឹង»

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី អ្នក​ស្រី អ៊ុក សាវបូរី រាយ​ការណ៍​ឲ្យ​ដឹង​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ និង​ខែ​មករា ឆ្នាំ​២០១០ ក្រុម​មន្រ្តី​អាវុធ​ហត្ថ​និង​នគរបាល​ប្រចាំការ​នៅ​ក្រៅ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ត្អូញត្អែរ​ពី​បញ្ហា​ប្រាក់​ឧបត្ថម្ភ​អាហារ​ប្រចាំ​ថ្ងៃ​ក្នុង​មួយ​ថ្ងៃ ១៥.០០០​រៀល​របស់​ពួក​គាត់​ប្រមាណ ៥០​នាក់ បាន​អាក់ខាន​បើក​ដោយ​មិន​បាន​ប្រាប់​ពី​មូល​ហេតុ។

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ម៉ៅ ចាន់តារា បាន​បំភ្លឺ​ថា ការ​យឺតយ៉ាវ​មិន​បាន​បើក​ប្រាក់​ឧបត្ថម្ភ​អាហារ​ដល់​មន្រ្តី​អាវុធ​ហត្ថ​ប្រចាំការ​នៅ​ក្រៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ទាំង​នោះ​គឺ​មក​ពី​រដ្ឋ​កំពុង​ខ្វះ​ថវិកា៕