អ្នក​ពិគ្រោះ​យោបល់​ឯករាជ​ចូល​កាន់​តំណែង​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម

អ្នក​ពិគ្រោះ​យោបល់​ឯករាជ​ដែល​ត្រូវ​ជ្រើស​តាំង​សម្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ចូល​កាន់​ការងារ​ថ្មី​របស់​ខ្លួន​ហើយ នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០០៩​នេះ។

0:00 / 0:00

ការ​ប្រកាស​ចូល​កាន់​ការងារ​ថ្មី​របស់​អ្នក​ពិគ្រោះ​យោបល់​ឯករាជ​ប្រចាំ​សាលា​ក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​មួយ​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​កញ្ញា។

លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ណែនាំ​ឲ្យ​ស្គាល់​គឺ​ឯកឧត្ដម អ៊ុត ឈន គាត់​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​និង​រាជ​រដ្ឋាភិបាល​កម្ពុជា​តែងតាំង​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ឯករាជ​ប្រចាំ​សាលា​យើង​នេះ»

លោក អ៊ុត ឈន អគ្គសវនករ​ជាតិ​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហ​ប្រជាជាតិ​សម្រេច​ជ្រើស​តាំង​ជា​អ្នក​ពិគ្រោះ​យោបល់​ឯករាជ​សម្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០០៩។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​រសៀល​ថ្ងៃ​ពុធ លោក អ៊ុត ឈន ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា លោក​រីករាយ​នឹង​ការងារ​ថ្មី​នេះ ហើយ​បាន​ចាប់ផ្តើម​ការងារ​ជា​បណ្តើរៗ​ហើយ។

ចំពោះ​ចំណោទ​ថា តើ​លោក​ត្រូវ​ចាប់ផ្តើម​ការងារ​ដោយ​របៀប​ណា លោក អ៊ុត ឈន ថ្លែង ៖ «ការងារ​ដែល​ខ្ញុំ​ធ្វើ​គឺ​ផ្អែក​តាម​កិច្ច​ព្រមព្រៀង​នេះ គឺ​ខ្ញុំ​មាន​ភារកិច្ច​ទទួល​ព័ត៌មាន​ទាំងឡាយ​ដែល​អ្នក​ធ្វើការ​នៅ​ក្នុង​នេះ​អាច​លើក​សំណើ​ឡើង។ បើ​ពាក្យ​គេ​និយាយ​ក្នុង​នេះ គេ​និយាយ​ថា ពាក្យ​បណ្ដឹង​ឬ​ក៏​តវ៉ា។ អ៊ីចឹង​ភារកិច្ច​របស់​ខ្ញុំ​ទី​១​ត្រូវ​ទទួល​ពាក្យ​បណ្ដឹង​ឬ​ក៏​ពាក្យ​តវ៉ា​ដែល​បង​ប្អូន​លើក​ឡើង​នៅ​ក្នុង​នេះ ខ្ញុំ​មិន​គិត​ថា ពាក្យ​បណ្ដឹង​ឬ​ក៏​តវ៉ា​នោះ​ត្រឹមត្រូវ​ឬ​ក៏​ខុស​យ៉ាង​ណា​ទេ គឺ​ខ្ញុំ​ទទួល​ទាំង​អស់»

ទាក់ទង​នឹង​ការ​តែងតាំង​លោក អ៊ុត ឈន ជា​អ្នក​ពិគ្រោះ​យោបល់​ឯករាជ​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម ត្រូវ​បុគ្គលិក​ខ្មែរ​មួយ​រូប​ដែល​ធ្វើការ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម ថ្លែង​ស្វាគមន៍​ថា ៖ «បើ​តាម​ស្ដាប់​មើល​ជំហរ​គាត់​អី​គាត់​ហ្នឹង​ល្អ ហាក់​បី​ដូច​ថា​កិច្ច​ព្រមព្រៀង​ហ្នឹង​ច្បាស់លាស់​គួរ​ឲ្យ​ទុក​ចិត្ត​បាន»

ការ​តែងតាំង​ជា​អ្នក​ពិគ្រោះ​យោបល់​ឯករាជ​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម​របស់​លោក អ៊ុត ឈន ត្រូវ​បាន​ឲ្យ​ដឹង​ថា ជា​មុខ​តំណែង​បន្ថែម​មួយ​ទៀត​លើ​មុខ​តំណែង​បច្ចុប្បន្ន​របស់​លោក​ជា​អគ្គសវនករ​ជាតិ​កម្ពុជា​នៅ​ក្នុង​រាជ​រដ្ឋាភិបាល​កម្ពុជា។

លោក អ៊ុត ឈន ថ្លែង​ថា លោក​នឹង​បើក​ឲ្យ​មាន​មធ្យោបាយ​ទំនាក់​ទំនង​និង​ភ្នាក់ងារ​របស់​លោក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ លោក​សង្ឃឹម​ថា អ្នក​ដែល​មាន​បំណង​ដាក់​ពាក្យ​បណ្តឹង​ផ្សេងៗ​និង​ជឿ​ទុក​ចិត្ត​លើ​ការងារ​របស់​លោក ព្រោះ​លោក​នឹង​រក្សា​ការ​សម្ងាត់​ជូន​អ្នក​ដាក់​ពាក្យ​បណ្តឹង​ទាំង​នោះ។

សូម​ជម្រាប​ជូន​ថា ការ​តែងតាំង​អ្នក​ពិគ្រោះ​យោបល់​ឯករាជ​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម គឺ​ជា​យន្តការ​មួយ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​នៅ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម រួមទាំង​ជា​យន្តការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ផងដែរ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​ផ្នែក​រដ្ឋបាល​សាលា​ក្តី​ខ្មែរ​ក្រហម​ក្នុង​ពេល​កន្លង​មក៕