សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​នៅ​កោះកុង

ខេត្ត​កោះកុង​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍​ធម្មជាតិ។ ខេត្ត​នេះ មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​ចំនួន ២៧​កន្លែង។

0:00 / 0:00

ទូក​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍ ឃុំ​តាតៃ​ក្រោម ស្រុក​កោះកុង ខេត្ត​កោះកុង ដែល​កំពុង​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ បាន​ធ្វើ​ដំណើរ​ពី​ស្ពាន​ភូមិ​ដូង ឆ្លងកាត់​ស្ទឹង​តាតៃ ឆ្ពោះ​ទៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់ ដែល​មាន​ចម្ងាយ​៥​គីឡូ​ម៉ែត្រ។

នៅ​ពេល​ធ្វើ​ដំណើរ​តាម​ទូក អ្នក​ទេសចរ​អាច​គយគន់​ទេសភាព ធម្មជាតិ ព្រៃ​ភ្នំ និង​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ។

អ្នក​ទេសចរ​ម្នាក់​មក​ពី​ភ្នំពេញ លោក វុន ឡេង ដែល​កំពុង​ជិះ​ទូក​ដែល​ដឹក​ជញ្ជូន​ដោយ​ពលរដ្ឋ​ក្នុង​សហគមន៍ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​តំបន់​ទេសចរណ៍​ធម្មជាតិ​តាតៃ។ លោក​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​និង​ក្រុម​គ្រួសារ​មក​កម្សាន្ត​តំបន់​នេះ ៖ "បាទ​សប្បាយ​ដែល​តើ វា​ប្លែក​ភ្នែក​ណា ហើយ​នាំ​កូន​មក​លេង​ទាំង​អស់​គ្នា​សប្បាយ​ណា (សុណង) លោក​ពូ​ហេតុ​អី​បាន​ជ្រើសរើស​យក​តំបន់​តាតៃ? បាន​ឃើញ​កន្លែង​ហ្នឹង​ប្លែក​ហើយ​ថ្មី កន្លែង​ហ្នឹង​អាកាស​ធាតុ​ល្អ ហើយ​ព្រៃ​ស្រស់ៗ​មើល​ទៅ តាម​ទូក​ចេះ​តែ​ខ្លាច​តិចៗ​ដែរ ប៉ិន​យើង​មាន​អាវ​ការពារ​ពាក់​ដែរ"

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី អ្នកស្រី វណ្ណា និង​ក្រុម​គ្រួសារ​មាន​គ្នា​ប្រមាណ​១០​នាក់ ដែល​បាន​មក​ដល់​តំបន់​ទឹក​ធ្លាក់​តាតៃ បាន​ថ្លែង​ថា គាត់​បាន​ស្គាល់​តំបន់​ទេសចរណ៍​ធម្មជាតិ​តាតៃ​នេះ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​ទូរទស្សន៍ ៖ "ចៅៗ​ចេះ​តែ​ចង់​មក​ឃើញ។ ឃើញ​ហើយ​សប្បាយ​ទេ​ចៅ? សប្បាយៗ ទាំង​អស់​គ្នា ហើយ​ត្រជាក់​ស្រួល ខ្យល់​អាកាស​ត្រជាក់ ចៅ​អត់​មាន​ដាក់​ខោអាវ​ងូត​ទឹក​មក អត់​ដឹង​បើ​ដឹង​តែ​ទឹក​ធ្លាក់​ល្អ​អ៊ីចឹង​ដាក់​ខោអាវ​មក​ហើយ បើ​ដឹង​ថា​ទឹក​ធ្លាក់​ល្អ​អ៊ីចឹង​ដាក់​ខោអាវ​មក​ហើយ។ (សុណង) តើ​ចង់​ឲ្យ​មាន​ការ​កែ​លម្អ​អ្វី​ទៀត​ទេ?ខ្ញុំ​មើល​ទៅ​ល្អ​ហើយ ប៉ុន្តែ​កន្លែង​កាណូត​ចុះ​មក​មិញ​អត់​មាន​កំពង់​ផែ ចុះ​មក​ដូច​កុំ​ឲ្យ​ខ្លាច ព្រោះ​ក្មេងៗ​វា​ខ្លាច"

ប្រធាន​ផ្នែក​ដឹក​ជញ្ជូន​ភ្ញៀវ​របស់​សហគមន៍​ទេសចរណ៍​ធម្មជាតិ​តាតៃ​ក្រោម លោក ជា ច័ន្ទសេដ្ឋា បាន​ថ្លែង​ថា ទូក​ទេសចរណ៍​របស់​សហគមន៍​សម្រាប់​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​កម្សាន្ត​មាន​ចំនួន​២២​ទូក។ លោក​ថា ការ​នាំ​អ្នក​ទេសចរ​ខ្មែរ​និង​បរទេស ជិះ​កម្សាន្ត​តាម​ទូក​នេះ ទាំង​ទៅ​ទាំង​មក​មាន​តម្លៃ​១៦​ដុល្លារ​ដូច​គ្នា។ លោក​បន្ត​ថា មាន​កន្លែង​ជា​ច្រើន ដែល​ភ្ញៀវ​មក​កម្សាន្ត​នៅ​ទី​នេះ ហើយ​ជាប់​ចិត្ត ៖ "បាទ​ដឹក​ពី​មុខ​ស្នាក់ការ​សហគមន៍​ហ្នឹង ទៅ​ទឹក​ជ្រោះ ពី​សហគមន៍​ទៅ​តាតៃ​កោះ​អណ្ដែត​នៅ​តាតៃ​ក្រោម​នោះ ភ្ញៀវ​ទៅ​លេង​មាន​ភូមិ​បុរាណៗ​មាន​ច្រើន​កន្លែង ដែល​គេ​អភិរក្ស​ដើមឈើ​មាន​តម្លៃ​នៅ​ក្នុង​ស្រុក​យើង​ហ្នឹង គាត់​ទុក​ដើម្បី​ឲ្យ​ភ្ញៀវ​ទៅ​លេង ភ្ញៀវ​ក៏​ចូល​ចិត្ត​ទៅ​លេង​ខាង​ក្រោម​ផង ខាងលើ​ផង"

ក្រៅ​ពី​ការ​ជិះ​ទូក​ដែល​ដឹក​ជញ្ជូន​ដោយ​សហគមន៍​ទេសចរណ៍​មក​តំបន់​ទឹក​ធ្លាក់​តាតៃ​នេះ អ្នក​ទេសចរ​ខ្លះ​អុំទូក​លេង ហែល​ទឹក​លេង ងូត​ទឹក​ធ្លាក់​តាម​ល្បាក់​ថ្ម ជិះ​ខ្សែ​រ៉ត​ឆ្លង​កាត់​ស្ទឹង អង្គុយ​ស្ទូច​ត្រី និង​ខ្លះ​ស្រូប​យក​ខ្យល់​អាកាស ហើយ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា។

អ្នក​ទេសចរណ៍​បរទេស​ម្នាក់​ដែល​មក​ហែល​ទឹក​លេង​នៅ​ទឹក​ធ្លាក់​តាតៃ​ជាមួយ​គូរ​សង្សារ​របស់​គាត់ លោក ចន ម៉ុំាំងហ្គ័រ (John Mungir)មក​ពី​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ទាំង​ទឹក​មុខ​រីករាយ​ថា គាត់​ចូលចិត្ត​ធម្មជាតិ​នៅ​ទី​នេះ ៖ "ខ្ញុំ​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់​ចំពោះ​ធម្មជាតិ​នៅ​ទីនេះ ពីព្រោះ​មើល​ទៅ​ទឹក​ថ្លា​ល្អ មាន​ផ្ទាំង​ថ្ម មាន​កូន​ត្រី​តូចៗ​ជាច្រើន ជា​ពិសេស​មាន​កន្លែង​ហែល​ទឹក​ច្រើន​កន្លែង មើល​ទៅ​ស្រស់​ស្អាត ណាស់ រីឯ​អាកាសធាតុ​វិញ​មិន​ក្ដៅ​ពេក​ទេ"

មគ្គុទ្ទេសក៍​នាំ​ភ្ញៀវ​ទេសចរណ៍​របស់​ក្រុមហ៊ុន ហ្វ័ររីវឺ ខេត្ត​កោះកុង លោក ណែម ទីរិន ដែល​កំពុង​ថត​រូប​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​ទឹក​ធ្លាក់​តាតៃ បាន​រៀបរាប់​ថា ក្នុង​ខេត្ត​កោះកុង​មាន​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន។ ហើយ​ថា​ទឹក​ធ្លាក់​តាតៃ​នេះ ជា​ទី​កន្លែង​មួយ​ដែល​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​ចំពោះ​ភ្ញៀវ​ដែល​មក​ដល់​ខេត្ត​កោះកុង ដាច់ខាត​ត្រូវ​តែ​ឆ្លៀត​ចូល​លេង​និង​ងូត​ទឹក​ទី​នេះ និង​មើល​ព្រៃ​កោងកាង ៖ "ទី​មួយ​គឺ​កន្លែង​នេះ​ទឹក​ជ្រោះ​តាតៃ ទី​២​គឺ​នៅ​ស្ពាន​ក្រសោប​ព្រៃ​កោង​កាង ហើយ​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​គេ​ចូល​ចិត្ត​ទៅ​មើល​សាហ្វារីវឺ សួន​សត្វ និង​កាស៊ីណូ។ នៅ​បឹង​កាយ៉ាក ស្ពាន​ក្រសោប​ក៏​គេ​ធ្វើ​ជា​លក្ខណៈ​កោងកាង​ដែរ តែ​គេ​ធ្វើ​ជា​ស្ពាន​មួយ​យប់​ឡើង​អាច​ដើរ​យប់​ឡើង​អាច​ឃើញ​អំពិលអំពែក​ដែល​វា​បិទ​បើក​យប់​ឡើង​ដូច​ដើម​គ្រីស្តស្មាស​អ៊ីចឹង ស្អាត​ខ្លាំង​ណាស់"

ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ខេត្ត​នេះ​ក្នុង​មួយ​ឆ្នាំៗ មាន​ជាង​៦​ម៉ឺន​នាក់។ ហើយ​តំបន់​ទេសចរណ៍​ធម្មជាតិ​តាតៃ គឺ​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ប្រមាណ​ជាង​៣​ពាន់​ទៅ​៤​ពាន់​នាក់​ដោយសារ​ក្នុង​មួយ​ឆ្នាំ រមណីយដ្ឋាន​នេះ​ទើប​តែ​អភិវឌ្ឍន៍​ឡើង​នៅ​ឆ្នាំ​២០០៩ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ប៊ុន បៀវ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង។

ប្រធាន​សហគមន៍​ទេសចរ​ធម្មជាតិ​តាតៃ​ក្រោម លោក ទេព ម៉ាឡា មាន​ប្រសាសន៍​ថា ដើម្បី​ចូលរួម​ចំណែក​ពង្រឹង​វិស័យ​ទេសចរ​ធម្មជាតិ​ក្នុង​សហគមន៍​នេះ ពលរដ្ឋ​ដែល​រក​បាន​ពី​ការ​ផ្ដល់​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរ​បាន​រួម​ចំណែក​សម្រាប់​ការងារ​អភិវឌ្ឍន៍​ទេសចរណ៍​តំបន់​នេះ​បន្តិចបន្តួច។ លោក​ថា ក្នុង​១​ខែ​សហគមន៍​អាច​ទទួល​បាន​ប្រាក់​ចំណូល​ជាង​១​លាន​រៀល ទៅ​២​លាន​រៀល អាស្រ័យ​ទៅ​លើ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត​មិន​ទៀង​ទាត់​នោះ​ទេ ៖ "សហគមន៍​បាន​ថវិកា​មក​ពី​ណា ថវិកា​ទី​១​សេវា​ទូក​បង់​ឲ្យ​៥​ពាន់​រៀល សេវា​ទី២​លក់​សំបុត្រ​នៅ​ច្រក​ចូល​តំបន់​ទឹក​ធ្លាក់ គ្រាន់​តែ​បង់​ឲ្យ​យោធា​អស់​២៥​ភាគរយ។ អ៊ីចឹង​សហគមន៍​បាន​ផ្នែក​តូច​មួយ​បាន​ផល​ប្រយោជន៍​ពី​ភ្ញៀវ​ដែល​ចូល​មក សហគមន៍​ក៏​អត់​បាន​ប្រាក់​ខែ​ដែរ​គាត់​បាន​ផលប្រយោជន៍​ពី​ហ្នឹង​មក​គាត់​ទ្រទ្រង់​គណៈកម្មការ​ខ្លះ​គាត់​បែង​ចែក​ទៅ​ផ្នែក​រដ្ឋបាល មាន​ធ្វើ​ផ្លាក​សញ្ញា មាន​ធ្វើ​ធុង​សំរាម​មាន​អី​ធ្វើ​គ្រប់​យ៉ាង លុយ​ហ្នឹង​បាន​មក​តម្កល់​៥០​ភាគរយ​សម្រាប់​ទ្រទ្រង់​គណៈកម្មការ"

សហគមន៍​ទេសចរណ៍​តាតៃ​នេះ បាន​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​តំបន់​នេះ ចូល​រួម​ថែរក្សា​បរិស្ថាន និង​គ្រប់គ្រង​សំរាម ព្រោះ​តំបន់​ទេសចរណ៍​ធម្មជាតិ​តាតៃ​ជា​ប្រភព​ចំណូល​មួយ​ដ៏​សំខាន់​ដែល​បាន​ផ្ដល់​ការងារ​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍ នាំ​ឲ្យ​ពលរដ្ឋ​ក្នុង​ឃុំ​តាតៃក្រោម មាន​ជីវភាព​ធូរធារ និង​បាន​ដក​ខ្លួន​ពី​ការ​ប្រកប​មុខរបរ​នេសាទ និង​កាប់​រាន​ព្រៃឈើ ហើយ​ងាក​មក​អភិរក្ស​ធនធាន​ធម្មជាតិ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​វិញ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។