អ្នក​សេដ្ឋកិច្ច៖ កម្ពុជា​មាន​ទីតាំង​ភូមិសាស្ត្រ​ប្រសើរ​សម្រាប់​ត​ភ្ជាប់​ទីផ្សារ​ទំនិញ

អ្នក​សេដ្ឋកិច្ច​អះអាង​ថា ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ ប្រទេស​កម្ពុជា​មាន​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ​ប្រសើរ​ជាង​ប្រទេស​ដ៏​ទៃ ព្រោះ​នៅ​ចំណុច​កណ្ដាល ហើយ​ជិត​នឹង​ប្រទេស​ចិន ដែល​ងាយ​ស្រួល​ក្នុង​ត​ភ្ជាប់​ទំនិញ​ទៅ​កាន់​ទីផ្សារ។
ដោយ អាន ស៊ីថាវ
2012-07-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប៉ុន្តែ ឈាន​ទៅ​ដល់​សមាហរណកម្ម​តំបន់ ដែល​ប្រទេស​កម្ពុជា​រំពឹង​ថា នឹង​អាច​ទទួល​បាន​ប្រយោជន៍​ជា​អតិបរមា​នោះ កម្ពុជា​ត្រូវ​ដោះ​ស្រាយ​កត្តា​ប្រឈម​ មួយ​ចំនួន ដូចជា ការ​លើក​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម។ មាន​ន័យ​ថា ការ​ពង្រីក​មុខ​ទំនិញ​នាំ​ចេញ និង​ការ​ពង្រីក​ហេដ្ឋារចនាសម្ពន្ធ​ជា​ដើម។

កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​ល្អ ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​សមាហរណកម្ម​តំបន់​អាស៊ាន នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ប៉ុន្តែ ប្រទេស​កម្ពុជា​មិន​ទាន់​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ​ពី​សមាហរណកម្ម​តំបន់​នេះ​ទេ។

កត្តា​ខាង​លើ​នេះ​ដោយ​សារ​តែ​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ក្នុង​តំបន់ មាន​ទំហំ​តូច​ណាស់ បើ​ធៀប​នឹង​ប្រទេស​ឯ​ទៀត​នៅ​ក្នុង​តំបន់​នេះ។ តួយ៉ាង​នៅ​ពេល​ដែល​ប្រទេស​អាស៊ាន​ទាំង​អស់ មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​នោះ បាន​ដាក់​សម្ពាធ​កម្ពុជា ឲ្យ​បង្កើត​ប្រាក់​ចំណូល​មិន​មែន​ពន្ធគយ សម្រាប់​ទ្រទ្រង់​ចំណាយ​របស់​រដ្ឋាភិបាល​នៅ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បញ្ហា​ប្រឈម​ដែល​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​សម្រាប់​ការ​តភ្ជាប់​ទំនាក់ទំនង​ និង​សមាហរណកម្ម​ក្នុង​តំបន់​នោះ គឺ​ប្រទេស​កម្ពុជា​ត្រូវ​មាន​ការ​ធ្វើ​ពិពិធ​កម្ម​មុខ​ទំនិញ​នាំ​ចេញ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ដើម។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ធ្លាប់​មាន​ប្រសាសន៍​ថា ការ​តភ្ជាប់​រវាង​ប្រទេស​កម្ពុជា​ទៅ​តំបន់​អាស៊ាន​ផ្សេង​ទៀត​ឲ្យ​មាន​លំហូរ​ទាំង​ទំនិញ និង​វិស័យ​ផ្សេង​ទៀត គឺ​ទាម​ទារ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ការ​ពង្រីក​ផ្លូវ​ថ្នល់ ផ្លូវ​ដែក​ផ្លូវ​ទឹក និង​កំពង់ផែ​ជា​ដើម។

លោក ចម ប្រសិទ្ធ៖ «ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ គឺ​រៀប​ចំ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​អាស៊ាន​ហ្នឹង មាន​ទំនាក់ទំនង​ចូល​គ្នា​កសាង​ផ្លូវ ហៃវ៉េ (High Way) កសាង​ខ្សែ​រថភ្លើង ឬ​អាកាសចរ ទំនាក់​ទំនង​គ្នា​យ៉ាង​ម៉េច​រៀបចំ​ឲ្យ​អាស៊ាន​កាន់​តែ​ប្រទាក់​ក្រឡា​គ្នា​ថែម​ទៀត ដើម្បី​ចរាចរ​ទំនិញ​កាន់​តែ​ស្រួល​ មនុស្ស​ចេញ​ចូល​កាន់​តែ​ស្រួល»។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ កម្ពុជា​ជា​ប្រទេស​ដែល​ទទួល​ផល​ចម្បង​មួយ​ពី​គំនិត​ផ្ដួច​ផ្ដើម​ត​ភ្ជាប់​ទំនាក់​ទំនង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​អាស៊ាន ដោយសារ​តែ​ទីតាំង​យុទ្ធសាស្ត្រ និង​អំណោយ​ផល​ខាង​សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​ក្នុង​តំបន់​អាស៊ាន ដែល​ស្ថានភាព​នៅ​ជិត​នឹង​ប្រទេស​ចិន ជា​សម្បត្តិ​ដ៏​សំខាន់​មួយ ដែល​បើក​ឱកាស​ឲ្យ​កម្ពុជា ទាញ​យក​ពី​អត្ថប្រយោជន៍​ពី​បណ្ដាញ​ផលិតកម្ម និង​ការ​ពង្រីក​ទីផ្សារ។

បញ្ជាក់​បន្ថែម​​ពី​បញ្ហា​នេះ ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ លោក ស៊ុន ចាន់ថុល ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ពង្រីក ការ​ត​ភ្ជាប់ ឬ​ការ​ពង្រីក​ផ្លូវ​នៅ​ក្នុង​ប្រទេស ជា​កត្តា​សំខាន់ មុន​នឹង​ប្រទេស​កម្ពុជា​សាង​សង់​ផ្លូវ​សម្រាប់​ត​ភ្ជាប់​ទៅ​ប្រទេស​ដ៏​ទៃ។

លោក ស៊ុន ចាន់ថុល៖ «ឲ្យ​យើង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​ឲ្យ​បាន​គ្រប់​គ្រាន់ ទី​មួយ គឺ​យើង​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​នេះ ពី​រាជធានី​ភ្នំពេញ​ទៅ​ទី​រួម​ខេត្ត​របស់​យើង​ឲ្យ​បាន​សិន។ ជំហាន​ទី​ពីរ ត​ភ្ជាប់​ពី​ខេត្ត​ទៅ​ខេត្ត។ ជំហាន​ទី​បី ត​ភ្ជាប់​ពី​ខេត្ត​ទៅ​ស្រុក។ យើង​ធ្វើ​Connectivity (ភ្ជាប់​ទំនាក់ទំនង) ផ្ទៃ​ក្នុង​យើង។ បើ​បាន​ហើយ យើង​ធ្វើ​ទៅ​ប្រទេស​ជិត​ខាង»។

បើ​ទោះ​ជា​ប្រទេស​កម្ពុជា មាន​គម្រោង​កែ​លម្អ​ផ្លូវ​ថ្នល់ ផ្លូវ​ដែក ស្ពាន ផ្លូវ​ទឹក និង​កំពង់​ផែ​សំខាន់ៗ ជា​ច្រើន​កំពុង​សាង​សង់ ឬ​កំពុង​ជឿន​លឿន​ទៅ​មុខ​ក៏​ដោយ ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធ​ស្ថាប័ន ដូច​ជា​ប្រពន្ធ​រដ្ឋបាល និង​ជំនាញ​សម្រាប់​លំហូរ​ទំនិញ និង​ប្រជាជន​ឆ្លង​កាត់​ព្រំដែន​ជា​ដើម មាន​ភាព​យឺត​យ៉ាវ ហើយ​ក្លាយ​ជា​ឧបសគ្គ​ដល់​ចលនា​ប្រជាជន ការ​ដឹក​ជញ្ជូន និង​ការ​សម្រប​សម្រួល​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់។

អ្នក​វិភាគ​ផ្នែក​ធុរកិច្ច​នានា និង​អ្នក​នាំ​ចេញ​បាន​អះអាង​ថា ការ​ពង្រីក​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​មុខ​ទំនិញ គឺ​មាន​ទំនាក់​ទំនង​ទៅ​វិញ​ទៅ​មក ដែល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ការ​ពង្រីក​ផ្លូវ​ថ្នល់ ផ្លូវ​ដែក ផ្លូវ​ទឹក កំពង់ផែ ស្ពាន និង​ការ​ផលិត​អគ្គិសនី ហើយ​អ្នក​វិភាគ​ទាំង​នោះ​បាន​លើក​ឡើង​បញ្ហា​ប្រឈម​ទាក់​ទង និង​ការ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នៅ​មាន​នៅ​ឡើយ ដែល​ផ្សា​ភ្ជាប់​ទៅ​នឹង​ភាព​មាន​ការ​រីក​ចំរើន​តិច​តួច​នៃ​ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ។

ទីប្រឹក្សា​ធុរកិច្ច​នៃ​វិទ្យាស្ថាន វីខេពីថល (V Capital) លោក ឌិន វិរៈ មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​២០ កក្កដា​ថា ផ្នែក​មួយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​តម្លៃ​អគ្គិសនី​របស់​ប្រទេស​កម្ពុជា គឺ​មាន​តម្លៃ​ខ្ពស់​ដោយសារ​តែ​ប្រទេស​កម្ពុជា​នាំ​ចូល​ប្រេង​ពី​ប្រទេស​ជិត​ខាង ដែល​ជា​ឧបសគ្គ​ចម្បង​មួយ​ចំពោះ​ការ​បង្កើត​សហគ្រាស​ធន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា។

លោក ឌិន វិរៈ៖ «ចំណាយ​ទៅ​លើ​ថាមពល​ហ្នឹង​មាន​អគ្គិសនី មាន​ប្រេង​មាន​អី​ហ្នឹង​នៅ​ខ្ពស់ ហើយ​មូលហេតុ​អី​នៅ​ខ្ពស់ ដោយសារ​ប្រទេស​កម្ពុជា​យើង​នាំ​ចូល​សាំង​ពី​ប្រទេស​វៀតណាម សិង្ហបុរី ថៃ ជិត​ខាង​យើង។ យើង​អត់​មាន​លទ្ធភាព​នាំ​ចូល​ផ្ទាល់​អំពី​ប្រទេស​ផលិត​ប្រេង​ផង»។

ប្រធាន​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ និង​ជា​ប្រធាន​ក្រុមហ៊ុន​ខ្មែរ​ហ្វូត (Khmer Food) លោក​ឧកញ៉ា គឹម សាវុធ ធ្លាប់​មាន​ប្រសាសន៍​ថា ក្រៅ​អំពី​បន្ទុក​ចំណាយ​អគ្គិសនី​រាំង​ស្ទះ​ដល់​ការ​ផលិត។ ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ធៀប​នឹង​ប្រទេស​អាស៊ាន​ផ្សេងៗ ទៀត ក៏​កម្ពុជា​នៅ​មាន​តម្លៃ​ខ្ពស់​ជាង​គេ​ប្រមាណ​បី​ដង។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា រហូត​ដល់​ពេល​នេះ តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន មាន​ការ​ចូល​រួម​ដោះ​ស្រាយ​ពី​គ្រប់​ភាគី​ទាំង​អស់ ដែល​បាន​ជំរុញ​ឲ្យ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន រួម​ទាំង​ចំណាយ​ផ្សេង​ទៀត ទាក់​ទង​នឹង​ការ​នាំ​ចេញ បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សំគាល់។ ប៉ុន្តែ លោក​បញ្ជាក់​ថា តម្លៃ​ដែល​បាន​កាត់​បន្ថយ​នេះ នៅ​តែ​មាន​តម្លៃ​ខ្ពស់​ជាង​គេ​នៅ​ឡើយ នៅ​ក្នុង​តំបន់។

ឧកញ៉ា គឹម សាវុធ៖ «ខ្ញុំ​ចាប់​ផ្ដើម​នាំ​ចេញ​ដំបូង គឺ​យើង​ចំណាយ​គិត​ជា​តោន មួយ​តោន​យើង​ចាយ​អស់ ៤៥​ដុល្លារ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ជួប​ភ្ញៀវ​វៀតណាម ខ្ញុំ​និយាយ​ទៅ គេ​ស្ដាប់​ហើយ​គេ​សើច។ ដល់​ពេល​ខ្ញុំ​សួ​គេ​វិញ គេ​ថា​គេ​នាំ​ចេញ​គេ​ចំណាយ​អស់ ១៥​ដុល្លារ។ ខ្ញុំ​សួរ​ចាយ​អី​ខ្លះ មិន​គិត​អី​ខ្លះ គាត់​ថា Everything (ទាំងអស់) ចាប់​ពី​មុខ​ឃ្លាំង​រហូត​ដល់​ចុះ​កប៉ាល់»។

របាយការណ៍​ប្រចាំ​ឆ្នាំ ២០១១ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍ​កម្ពុជា បាន​បង្ហាញ​ថា កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ ជា​បញ្ហា​ចម្បង​មួយ​ក្នុង​ការ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង។ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ថ្នល់ មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ ទោះ​បី​ជា​មាន​កម្មវិធី​ជួសជុល​កែ​លម្អ​ក្ដី ក៏​ប្រព័ន្ធ​ផ្លូវ​ដែក​នៅ​តែ​មាន​លក្ខណៈ​ទន់​ខ្សោយ និង​មិន​សូវ​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​ទេ។ ចំពោះ​កំពង់ផែ​វិញ ប្រសិទ្ធភាព​បាន​កើន​ឡើង​ហើយ ប៉ុន្តែ​បន្ទុក​ចំណាយ​តាម​ផ្លូវ​ទឹក នៅ​តែ​មាន​កម្រិត​ខ្ពស់។ ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តែ​មាន​តម្លៃ​ខ្ពស់ និង​មិន​គ្រប់​គ្រាន់។

ការ​អង្កេត​អំពី​ថ្នាក់​គ្រប់គ្រង​អាជីវកម្ម ធ្វើ​ឡើង​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum) បាន​ដាក់​ការ​ផ្គត់ផ្គង់​ហេដ្ឋារចនាសម្ព័ន្ធ​មិន​គ្រប់គ្រាន់ ស្ថិត​ក្នុង​លំដាប់​លេខ​បី ក្នុង​ចំណោម​ឧបសគ្គ​ចម្បង​ដល់​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។ អំពើ​ពុក​រលួយ​​ស្ថិត​នៅ​លំដាប់​លេខ​១ និង​របប​ការិយាធិបតេយ្យ​គ្មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​ស្ថិត​នៅ​លំដាប់​លេខ ២ នៅ​ឆ្នាំ ២០០៨។ ប៉ុន្តែ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​មិន​គ្រប់​គ្រាន់​នេះ​មាន​ភាព​ប្រសើរ​ឡើង ដែល​ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ ៤  នៅ​ឆ្នាំ ២០០៩ និង ២០១០។

ចំណុច​នេះ​បង្ហាញ​ថា វិស័យ​ឯកជន​ខ្វះ​ទំនុក​ទុក​ចិត្ត​លើ​ការ​ផ្គត់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ដើម្បី​បំពេញ​តម្រូវ​ការ​ផ្នែក​អាជីវកម្ម​ ។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ ២០១១ របស់​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល ដើម្បី​អភិវឌ្ឍ​កម្ពុជា (CDRI) បាន​បង្ហាញ​ថា ភាគ​រយ​ផ្លូវ​ថ្នល់​​ក្រាល​កៅស៊ូ​ នៅ​កម្ពុជា ឈរ​នៅ​លំដាប់​ថ្នាក់​ទាប​បំផុត​ទី​ពីរ ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​បន្ទាប់​ពី​ប្រទេស​ឡាវ។

ប្រទេស​កម្ពុជា មាន​ផ្លូវ​ថ្នល់​ក្រាល​កៅស៊ូ តិច​ជាង​ប្រទេស​អាស៊ាន​ឯ​ទៀត ចំនួន​ពីរ​ដង​ដល់​ប្រាំ​ដង ដែល​ឆ្លុះ​បញ្ចាំង​អំពី​ការ​តភ្ជាប់​មាន​កម្រិត​ទាប និង​ហេដ្ឋារចនាសម្ពន្ធ​មាន​គុណភាព​អន់​ខ្សោយ នៅ​ប្រទេស​កម្ពុជា។

ក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា ស្ថាន​ភាព​អន់​ខ្សោយ​នៃ​បណ្ដាញ​ផ្លូវ​ថ្នល់ បាន​ចូល​រួម​ចំណែក​មួយ​ភាគ នៅ​ក្នុង​បន្ទុក​ដ៏​នៃ​ការ​ដឹក​ជញ្ជូន​នៅ​ប្រទេស​កម្ពុជា និង​កង្វះ​បណ្ដាញ​ផ្លូវ​ថ្នល់​សម្រាប់​ការ​ដឹក​ជញ្ជូន​អាច​ក្លាយ​ជា​ឧបសគ្គ​រារាំង​ដល់​កំណើន​សេដ្ឋកិច្ច នៅ​បរិបទ​នៃ​ការ​ធ្វើ​សមាហរណកម្ម​តំបន់​សេដ្ឋកិច្ច​អាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ផ្ទុយពីវៀតណាម ថ្វីបើរបបកុម្មុយនិស មេដឹកនាំគេមានការស្នេហាជាតិ​និងផ្តល់ភាពទុកចិត្តចំពោះប្រជាជនគេ។​ ឯខ្មែរ គ្មានការទទួលខុសត្រូវ មួលបង្កាច់ប្រជាជនឯង លើសពីនេះ ពួកគេធ្វើស្រែ លើខ្នងរាស្រ្ត។

Jul 22, 2012 09:08 PM

UN SOPHAT

ពី Phnom Penh

ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ យើងត្រូវដល់ការធ្វើផ្លូវថ្នល់ និងផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម-ឧស្សាហកម្មជាដើម ។

Jul 22, 2012 08:52 AM