ក្រសួង​ឧស្សាហកម្ម​គ្រោង​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស

ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មាន​ផែនការ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ទប់ទល់​នឹង​ការ​ខាត​បង់​ថវិកា​រដ្ឋ ដែល​បាន​ចំណាយ​នៅ​ឆ្នាំ​២០១២ នេះ ដោយសារ​តែ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្ពស់​កន្លង​មក។
ដោយ សុខ សេរី
2012-07-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទុន លាង ៣០៥
រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង ធ្វើ​សន្និសីទ​កាសែត​អំពី​គម្រោង​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២ កក្កដា ឆ្នាំ​២០១២។
RFA/Sok Serey

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ប្រកាស​ថា ក្រសួង​នេះ​អនុញ្ញាត​ឲ្យ​អគ្គិសនី​កម្ពុជា ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​ពេល​ខាង​មុខ​នេះ បើ​មិន​ដូច្នោះ​ទេ អគ្គិសនី​កម្ពុជា មិន​អាច​បន្ត​រង​ការ​ខាត​បង់​ប្រាក់​ចំណូល​ទៀត​ឡើយ។

ការ​ខាត​បង់​ប្រាក់​ចំណូល​នោះ គឺ​ច្រើន​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១២ នេះ នៅ​គ្រា​ដែល​តំលៃ​ប្រេង​សាំង​បាន​ឡើង​ថ្លៃ​ខ្ពស់​រហូត​ដល់ ៥.៩០០​រៀល​ក្នុង​មួយ​លីត្រ ប្រៀប​ធៀប​នៅ​ពេល​នេះ តំលៃ​ប្រេង​សាំង​បាន​ធ្លាក់​តម្លៃ​មក ៥.០០០​រៀល​ក្នុង​មួយ​លីត្រ។ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ អគ្គិសនី​កម្ពុជា (EDC) បាន​ទទួល​ប្រាក់​ចំណេញ​ចំនួន​ជាង ៣០​លាន​ដុល្លារ​អាមេរិក​ពី​ការ​លក់​ចរន្ត​អគ្គិសនី នៅ​គ្រា​ដែល​តំលៃ​ប្រេង​សាំង​នៅ​ថោក។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជាក់លាក់​ទេ​ថា តើ​ការ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នោះ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ណា និង​មាន​តំលៃ​ប៉ុន្មាន​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង នៅ​តាម​តំបន់​នីមួយៗ។

តំលៃ​ចរន្ត​អគ្គិសនី​នៅ​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន​មាន​តំលៃ​ខុស​គ្នា​តិច​ច្រើន​ទៅ​តាម​ចំនួន​ប្រើប្រាស់​អគ្គិសនី។ ក្នុង​នោះ​មាន​តម្លៃ ៣៥០ តំលៃ ៥៥០​រៀល និង​តំលៃ ៧៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ប្រៀបធៀប​នឹង​ខេត្ត និង​តំបន់​ដទៃ​ទៀត គឺ​តំលៃ ១.២០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង និង​តំលៃ​លើស​នេះ​ទៀត​ក៏​មាន។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល កំពុង​តែ​រៀបចំ​ឲ្យ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ឆាប់ៗ​នេះ​ហើយ៖ «ឆ្នាំ​នេះ​ទេ ប្រេង​ឡើង​ធ្វើ​ឲ្យ​ចំណូល​អគ្គិសនី​ហ្នឹង​មិន​បាន​តាម​បំណង ដោយសារ​អត់​ទាន់​ឡើង​ថ្លៃ​ភ្លើង (អគ្គិសនី) អ៊ីចឹង​ថ្លៃ​ភ្លើង​នឹង​អាច​សុំ​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បើ​សិន​មិន​ឡើង អគ្គិសនី​កម្ពុជា ខាត​ហើយ»

លោក​បាន​បន្ត​ថា មូលហេតុ​ដែល​តម្លៃ​អគ្គិសនី​កម្ពុជា ថ្លៃ​ជាង​ប្រទេស​ជិត​ខាង គឺ​ដោយសារ​តែ​កម្ពុជា មាន​រោងចក្រ​ផលិត​អគ្គិសនី​ភាគ​ច្រើន​ប្រើប្រាស់​ប្រេង​ឥន្ធនៈ។

ទាក់ទង​នឹង​បញ្ហា​គម្រោង​ឡើង​ថ្លៃ​អគ្គិសនី​នេះ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ខាង​ផ្នែក​ពាណិជ្ជកម្ម នៃ​អគ្គិសនី​កម្ពុជា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។

អាជីវករ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា គ្រួសារ​របស់​នាង​ប្រើប្រាស់​ចរន្ត​អគ្គិសនី​អស់​ចំនួន​ជាង ៣០០​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ខែ និង​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង ២៦​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

នាង​មិន​សប្បាយ​ចិត្ត​ចំពោះ​គម្រោង​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ខាង​មុខ​នេះ​ទេ៖ «...​កាល​ណា​ឯកជន​ឡើង​ថ្លៃ​តាម​ចិត្ត ប្រជារាស្ត្រ​រស់​នៅ​ងាប់​ហើយ ពិបាក​ងាប់​ហើយ ភ្លើង។ អ្នក​រត់​ម៉ូតូ​ឌុប​អី​ក៏​គេ​ត្រូវ​ការ​ភ្លើង​ប្រើ​ដែរ ដល់​ពេល​គាត់​ធ្វើ​អ៊ីចឹង ខ្ញុំ​អត់​គាំទ្រ​ទេ។ រដ្ឋ​មិន​គួរ​ធ្វើ​អ៊ីចឹង​ទេ រដ្ឋ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​ចូល​រួម​ដេញ​ថ្លៃ»

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ត្រូវ​ការ​ទិញ​ចរន្ត​អគ្គិសនី​ចំនួន ៤៥% នៅ​ទូទាំង​ប្រទេស​ពី​ប្រទេស​ថៃ វៀតណាម និង​ឡាវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

khmer in PP

ពី PP

ផ្តូរពីតំឡើងថ្លៃសាំង ទៅជាតំឡើងថ្លៃភ្លើងវិញ
ម្យ៉ាងដែល

Jul 03, 2012 11:50 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

This is a new method to kill The poor. Bravo EDC!

Jul 03, 2012 12:35 PM

ប្រជាជន

ពី ភ្នំពេញ

នេះហើយជាយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ!!

Jul 03, 2012 09:11 AM

Sihanoukville

ពី Sihanoukville

It is funny to hear this news. I can't see the good solution from EDC to response the needs and complaint from consumer. Here the electricity always cut off 2 or 3 times per days and it is often working without electricity for haft day and the KW extremely increases likely double pay in each month.Some areas connect electricity form other countries, gasoline's price is better and hydro dam constructed but why its price is increasing. What else is government planning to increase?

Jul 03, 2012 12:33 AM

ហេតុនិងផល

ក្នុងនាមជាអ្នកបរិដ្ឋានម្នាក់ខ្ញុំសូមសំណូមពរអោយយើងទាំងអស់គ្នាចូលរួមសន្សំសំចៃការប្រើប្រាស់ភ្លើងទៅ វាជួយកាត់បន្ថយបំរែបំរួលអាកាសធាតុផង និងជួយសន្សំលុយផង ។បើការប្រើប្រាស់របស់យើងកាត់បន្ថយ ស្រុកខ្មែរអាចមិនចាំបាច់ទិញភ្លើងពីយួន នេះហើយជាកត្តាដែលមិនអាចអោយភ្លើងឡើងថ្លៃ ធម្មតាទេបើអ្នកលក់គេឡើងហើយតើមានអ្នកណាសុខចិត្តរកស៊ីខាតនោះ។ វារីអគ្គិសនីយើងកំពុងតែសាងសង់ជាបន្តបន្តាប់តែយើងត្រូវដឹងថា មិនទាន់អាចបានប្រើប្រាស់នៅឡើយទេ។សូមចូលរួមពិចារណាផង??? សាំងឡើងថ្លៃតាំងពី២០១១ តើអត់មានបងប្អូនណាសសើរថាមិចគេអត់ឡើងថ្លៃភ្លើងទេរឺ?

Jul 03, 2012 09:38 AM

អ្នក​អាន​អនាមិក

នេះជាការសំលាប់ប្រជាជនដោយប្រយោល

Jul 02, 2012 11:29 PM

មើល​មតិ​ទាំង​អស់.