រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក អ៊ិត ប្រាង បានមានប្រសាសន៍ថា ក្រសួងនេះបានអនុញ្ញាតិឲ្យអគ្គិសនីកម្ពុជា (EDC) ដំឡើងថ្លៃចរន្តអគ្គិសនីនៅទីក្រុងភ្នំពេញ និងខេត្តមួយចំនួនទៀត នាពេលឆាប់ៗនេះ ដើម្បីប្រមូលថវិកាសងបំណុលចំនួន ៦លានដុល្លារអាមេរិក ដែលអគ្គិសនីកម្ពុជា បានជំពាក់វៀតណាម កន្លងមក។
ភាគីវៀតណាម បានផ្ញើលិខិតមកទាមទារប្រាក់បំណុលនោះ តាំងពីខែមករា ឆ្នាំ២០១២ កន្លងមកនេះ ប៉ុន្តែនៅមិនទាន់បានសងនៅឡើយ។
បំណុលដែលវៀតណាម កំពុងទាមទារនោះ គឺដោយសារតែអគ្គិសនីកម្ពុជា បានទិញចរន្តអគ្គិសនីពីប្រទេសវៀតណាម ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់នៅកម្ពុជា ដែលខ្វះខាតអគ្គិសនី។
តម្លៃថ្មីនៃចរន្តអគ្គិសនីនោះ មន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មិនបានប្រាប់ឲ្យដឹងជាមុនទេ រីឯថ្ងៃចាប់ផ្ដើមដំឡើងថ្លៃចរន្តអគ្គិសនីនោះ ក៏មិនត្រូវបានប្រាប់ឲ្យដឹងដែរ ដោយសារតែមន្ត្រីរូបនោះបានចាត់ទុកថា ស្ថិតនៅជាការសម្ងាត់នៅឡើយ។
តម្លៃចរន្តអគ្គិសនីនៅទីក្រុងភ្នំពេញ បច្ចុប្បន្ន មានតម្លៃខុសគ្នាតិច ឬច្រើន ទៅតាមចំនួនប្រើប្រាស់អគ្គិសនី ក្នុងនោះមានតម្លៃ ៣៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង តម្លៃ ៥៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង និងតម្លៃ ៧៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ នៅតាមខេត្តដទៃ គឺមានតម្លៃចាប់ពី ១.២០០រៀល ឡើងទៅ ក្នុងមួយគីឡូវ៉ាត់ម៉ោង។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក អ៊ិត ប្រាង បានមានប្រសាសន៍បញ្ជាក់នៅក្នុងកិច្ចប្រជុំក្រុមការងារទី៩ របស់រដ្ឋាភិបាលនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ ថា គ្មានថ្ងៃដែលអគ្គិសនីកម្ពុជា អាចបញ្ចុះថ្លៃចរន្តអគ្គិសនីបានឡើយ នៅថ្ងៃអនាគត៖ «វៀតណាម គេឡើង ៣០% ហើយយើងទិញពីវៀតណាម ១៣០ ឥឡូវឡើងដល់ ១៧០។ អីចឹង នឹងឡើងហើយ គ្មានសង្ឃឹមថាថ្ងៃណាមួយនឹងភ្លើងចុះ អត់សង្ឃឹមទេ ពីព្រោះនិន្នាការនេះ ជានិន្នាការសាកល ឡើងទាំងអស់គ្នា។ នៅកម្ពុជានេះ ប្រព័ន្ធរបស់កម្ពុជានៅសល់ប្រើប្រេងហ្នឹង វាពាក់កណ្ដាល។ ខំធ្វើវារីអគ្គិសនីមួយ ថាបានថោកបន្តិច ក៏ប៉ុន្តែបូកទៅគឺទប់មិនឲ្យឡើងថ្លៃខ្លាំងពេកប៉ុណ្ណឹង។ ប៉ុន្តែចាប់ផ្ដើមឡើងហើយ ថៃឡើងប្រហែលជាជាង ១០% ប៉ុន្តែវៀតណាម ឡើង ៣០%»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានមានប្រសាសន៍រិះគន់ថា ចរន្តអគ្គិសនីនៅភ្នំពេញ ដាច់ញឹកញាប់ និងបន្តឡើងថ្លៃធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ចរន្តអគ្គិសនី ជួបការលំបាក៖ «បើនិយាយទាំងអស់ហ្នឹង សុទ្ធតែឡើងថ្លៃបានទាំងអស់ ប៉ុន្តែស្រូវរបស់ខ្ញុំលក់វិញ វាមិនឡើងសោះ។ ស្រូវរបស់ខ្ញុំនេះ លក់ទៅវិញមានតែចុះថ្លៃ»។
ទាក់ទងនឹងបញ្ហាថ្លៃចរន្តអគ្គិសនីនេះដែរ ប្រធានក្រុមហ៊ុន ឡូរ៉ង់ (Loran) នាំចេញអង្ករ លោកឧកញ៉ា លឹម ប៊ុនហេង បានមានប្រសាសន៍ថា តម្លៃចរន្តអគ្គិសនីនៅកម្ពុជា គឺថ្លៃជាងប្រទេសថៃ និងវៀតណាម ធ្វើឲ្យការសម្ងួតស្រូវ និងកែច្នៃអង្ករ ចំណាយថវិកាច្រើន៖ «ខ្ញុំប្រើសព្វថ្ងៃនេះ បើក្រោម ៨ម៉ឺនគីឡូវ៉ាត់ម៉ោង ក្រុមហ៊ុនខ្ញុំហ្នឹង ក្រោម ៨ម៉ឺនគីឡូវ៉ាត់ម៉ោង នៅក្នុងតម្លៃ ៨៥០រៀលក្នុងមួយគីឡូវ៉ាត់។ បើខ្ញុំបានប្រើដល់ ៨ម៉ឺនគីឡូវ៉ាត់ម៉ោង មកនៅ ៧៥០រៀលក្នុងមួយគីឡូវ៉ាត់។ កាលដែលខ្ញុំបានសុំ គឺសុំតម្លៃ ៦០០រៀលក្នុងមួយគីឡូវ៉ាត់ ប៉ុន្តែក្រសួងថា អត់បាន»។
ប្រទេសកម្ពុជា បច្ចុប្បន្ន ត្រូវការទិញចរន្តអគ្គិសនី ចំនួន ៤៥% ពីប្រទេសថៃ (Thailand) វៀតណាម (Vietnam) និងឡាវ (Lao) ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងស្រុក។
ប្រទេសកម្ពុជាតែងតែខ្វះខាតចរន្តអគ្គិសនីយ៉ាងខ្លាំង នៅរដូវប្រាំង ប៉ុន្តែមិនសូវខ្វះខាតច្រើនទេ នៅរដូវវស្សា ដោយសារតែរោងចក្រវារីអគ្គិសនី ដែលដើរដោយកម្លាំងទឹក អាចដំណើរការផលិតថាមពលអគ្គិសនីប្រើប្រាស់បានជាបណ្ដើរៗហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។