និស្សិត​ខ្មែរ​ខេត្ត​សៀមរាប​៤​រូប​ទទួល​បាន​អាហារូបករណ៍​ប្រទេស​ថៃ

សិស្ស និង​និស្សិត​ខ្មែរ​ចំនួន ៤ នាក់ នៅ​ខេត្ត​សៀមរាប បាន​ទទួល​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​គ្រប់គ្រង​អាជីវកម្ម​អាកាសចរណ៍ ផ្នែក​ឧស្សាហកម្ម​ទេសចរណ៍ បដិសណ្ឋារកិច្ច និង​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ជំនួញ ពី​សកលវិទ្យាល័យ​មួយ​របស់​ប្រទេស​ថៃ។

0:00 / 0:00

ក្រុម​យុវជន​ខ្មែរ ដែល​មាន​ប្រុស ២ រូប និង​ស្រី ២ រូប​នោះ មាន​គម្រោង​ចាក​ចេញ​ពី​ប្រទេស​ទៅ​បន្ត​ការ​សិក្សា​នៅ​ឯ​សកលវិទ្យាល័យ ស៊ូរ៉ាត​ថានី រ៉ាចាផាត (Surathani Rajabhat) នៅ​ឯ​ប្រទេស​ថៃ​រយៈ​ពេល ៤​ឆ្នាំ ក្នុង​ពេល​ឆាប់ៗ។

សិស្ស និង​និស្សិត​ស្រី​ប្រុស​ចំនួន ៤ រូប របស់​ខេត្ត​សៀមរាប ទទួល​បាន​អាហារូបករណ៍​របស់​ប្រទេស​ថៃ នៅ​ក្នុង​ចំណោម​បេក្ខជន​ចំនួន​ប្រមាណ​ជាង ២០០​នាក់ ដែល​បាន​ដាក់​ពាក្យ​ប្រឡង​ប្រជែង​តាម​រយៈ​សកលវិទ្យាល័យ​ឯកជន​មួយ នៅ​ក្នុង​ខេត្ត​នេះ ឈ្មោះ សៅស៍អ៊ីស អេស៊ា (South-East Asia) កាល​ពី​ពេល​ថ្មីៗ។

លោក សៀន សុវណ្ណា ជា​សកលវិទ្យាធិការ នៃ​សកលវិទ្យាល័យ សៅស៍អ៊ីស អេស៊ា ក្នុង​ខេត្ត​សៀមរាប។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៧ ខែ​កក្កដា​ថា សកលវិទ្យាល័យ​របស់​លោក មាន​សកល​វិទ្យាល័យ​ជា​ដៃ​គូ​អន្តរជាតិ​ចំនួន​ជាង ១០ នៅ​តាម​បណ្ដា​ប្រទេស​អាមេរិក អឺរ៉ុប អាស៊ី​បូព៌ា និង​អាស៊ីអាគ្នេយ៍ ដើម្បី​ផ្ដល់​អាហារូបករណ៍​ឱ្យ​និស្សិត​ខ្មែរ ជា​រៀង​រាល់​ឆ្នាំ។ សកលវិទ្យាធិការ​ដដែល​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក គឺ​សកលវិទ្យាល័យ​របស់​លោក តែង​ផ្ដល់​អាហារូបករណ៍​ឱ្យ​និស្សិត​ខ្មែរ បាន​ទៅ​បន្ត​ការ​សិក្សា​ឯ​បរទេស។ ក៏​ប៉ុន្តែ​ឆ្នាំ​ខ្លះ គឺ​មិន​មាន​និស្សិត​បាន​ទទួល​អាហារូបករណ៍​ទេ ដោយសារ​តែ​ពួក​គេ នៅ​ខ្សោយ​ផ្នែក​ភាសា​បរទេស។

លោក សៀន សុវណ្ណា៖ «មូលហេតុ​នេះ​ហើយ សកល​វិទ្យាល័យ​យើង​បាន​រៀបចំ​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ថ្នាក់​អន្តរជាតិ ដែល​យើង​យក​ភាសា​អង់គ្លេស​ជា​យាន ក៏​ដូច​ជា​យើង​បំពេញ​បន្ថែម​ភាសា​អង់គ្លេស​សម្រាប់​កម្មវិធី​ថ្នាក់​ជាតិ​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​របស់​និស្សិត​សកល​វិទ្យាល័យ​សៅស៍អ៊ីស អេស៊ា យើង​ផ្ដល់​ឱកាស​ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​អាហារូបករណ៍ សម្រាប់​បន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ជា​ដៃ​គូ​នៅ​បរទេស​ផង ក៏​ដូច​ជា​គាត់​ទទួល​បាន​នូវ​ការ​ផ្លាស់ប្ដូរ​ការ​សិក្សា ឬ​ក៏​សិក្សា​នូវ​កម្មវិធី​រួម​គ្នា»។

កញ្ញា សម ច័ន្ទបូព៌ព្រឹក្ស គឺ​ជា​សិស្ស​ស្រី​ម្នាក់ ដែល​បាន​ទទួល​អាហារូបករណ៍​ផ្នែក​ការ​គ្រប់គ្រង​អាជីវកម្ម​អាកាសចរណ៍។ នាង​មាន​ប្រសាសន៍​ថា នាង​បាន​ស្រឡាញ់​ជំនាញ​នេះ ដោយសារ​តែ​នាង​មើល​ឃើញ​ថា នៅ​ឯ​ប្រទេស​ថៃ​បច្ចុប្បន្ន គឺ​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង។ ដូច្នេះ​ដោយសារ​តែ​នាង​ស្រឡាញ់​ប្រទេស​កម្ពុជា គឺ​នាង​នឹង​ប្រឹងប្រែង​រៀន​យក​ជំនាញ​នេះ​មក​ជួយ​កម្ពុជា ជា​ពិសេស គឺ​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍។

កញ្ញា សម ច័ន្ទបូព៌ព្រឹក្ស៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​ខ្ញុំ​ចេញ​ទៅ​រៀន​នៅ​ប្រទេស​ថៃ គឺ​ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​ ចំណេះ​ដឹង​កាន់​តែ​ជ្រាលជ្រៅ​ ខ្លួន​មាន​ឱកាស​ត្រឡប់​មក​វិញ​ចែក​រំលែក​បទ​ពិសោធន៍ របស់​ខ្ញុំ​ហ្នឹង ឱ្យ​យុវជន​ជំនាន់​ក្រោយ​ យល់​ដឹង​ឱ្យ​កាន់​តែ​ច្បាស់។ ខ្ញុំ​តាំង​ចិត្ត​ថា ខ្ញុំ​នឹង​ខិតខំ​រៀន​ ឱ្យ​បាន​ក្លាយ​និស្សិត​ឆ្នើម​នៅ​ទីនោះ ហើយ​នឹង​ធ្វើ​ជា​សិស្ស​គំរូ​ម្នាក់ តំណាង​ឱ្យ​ប្រទេស​កម្ពុជា​យើង»។

សកលវិទ្យាធិការ នៃ​សកល​វិទ្យាល័យ សៅស៍​អ៊ីស អេស៊ា បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១២-២០១៣ គេ​មាន​គម្រោង​ផ្ដល់​អាហារូបករណ៍​ជា​អន្តរជាតិ​ ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត​ឱ្យ​និស្សិត និង​បញ្ញវន្ត​ខ្មែរ ចំនួន ១៦ នាក់ អាច​ទៅ​បន្ត​ការ​សិក្សា​ឯ​បរទេស។

គំរោង​នេះ ធ្វើ​ឱ្យ​មាតាបិតា​សិស្ស​ខ្លះ​ពេញ​ចិត្ត​ថា វា​អាច​ជា​ស្ពាន​សម្រាប់​កូនៗ របស់​ពួក​គេ ក្នុង​ការ​ស្វែងរក​ចំណេះ​ដឹង​​ដ៏​ទូលំទូលាយ។

លោក ម៉ក់ សុខា គឺ​ជា​ឪពុក​របស់​សិស្ស​ស្រី​ម្នាក់ ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​ដែរ​នោះ មាន​ប្រសាសន៍​ថា វា​ជា​មោទនភាព​របស់​លោក​យ៉ាង​សំបើម បន្ទាប់​ពី​កូន​ស្រី​របស់​គាត់​បាន​រៀន​នៅ​ប្រទេស​កម្ពុជា​ អស់​រយៈ​ពេល ១២ ឆ្នាំ កន្លង​ទៅ ហើយ​បាន​សកលវិទ្យាល័យ សៅស៍អ៊ីស អេស៊ា ធ្វើ​ជា​ស្ពាន​ជួយ​រៀបចំ​ឱ្យ​កូន​ស្រី​របស់​គាត់​បាន​ទៅ​បន្ត​ការ​សិក្សា នៅ​បរទេស​ រៀន​យក​ជំនាញ​ច្បាស់លាស់ ហើយ​វិល​ត្រឡប់​មក​បម្រើ​មាតុភូមិ​វិញ ក្នុង​ពេល​អនាគត​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។