មាតាបិតា​សិស្ស​សុំ​ឲ្យ​អាជ្ញាធរ​លុប​បំបាត់​ល្បែង​ហ្គេម​នៅ​ខេត្ត​ពោធិ៍សាត់

មាតាបិតា និង​អាណាព្យាបាល​សិស្ស​ជា​ច្រើន​នាក់​បាន​ប្រតិកម្ម​ចំពោះ​ល្បែង​ហ្គេម​កុំព្យូទ័រ​ជា​ច្រើន កន្លែង​នៅ​ក្រុង​ពោធិ៍សាត់ ដែល​បាន​បើក​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​ធ្វើ​ឲ្យ​កុមារ និង​យុវវ័យ​មួយ ចំនួន​វក់​លេង​ហ្គេម​បោះបង់​ចោល​ការ​សិក្សា។
ដោយ មណ្ឌល កែវ
2012-07-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មាតាបិតា និង​អាណាព្យាបាល​សិស្ស​ទាំង​នោះ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​លុប​បំបាត់​ល្បែង​ហ្គេម​នេះ​ផង។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​ជា​ច្រើន​នាក់ បាន​ឲ្យ​ដឹង​ថា កូន​ចៅ​ពួក​គាត់​បាន​វក់​នឹង​ការ​លេង​ហ្គេម​តាម​កុំព្យូទ័រ និង​គេច​មិន​ចូល​សាលា​រៀន។

បុរស​ឈ្មោះ សុខ ខេង ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចម្ការ​ចេក​ខាង​ជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់។គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា​ថា កូន​ប្រុស​គាត់​បាន​គេច​សាលា​អស់​ជា​ច្រើន​ថ្ងៃ រហូត​ដល់​ពេល​ដែល​គ្រូ​ប្រចាំ​ថ្នាក់​ផ្ញើ​លិខិត​មក​ព្រមាន ទើប​គាត់​ដឹង។ គាត់​ថា ដល់​គាត់​តាម​ដាន​ទៅ​ទើប​ដឹង​ថា កូន​គាត់​គេច​ទៅ​លេង​ហ្គេម (Game)។

លោក  សុខ ខេង៖ «វា​ប៉ះពាល់​ដល់​ក្មេង​កូន​ខ្ញុំ​កូន​គេ នៅ​ម្ដុំ​ផ្ទះ​ខ្ញុំ​ក្រោយ​ប៉ុស្តិ៍​លេខ ១០ មាន​បើក​ល្បែង​ហ្គេម ធ្វើ​ឲ្យ​ក្មេងៗ វា​លែង​រៀន​លែង​សូត្រ។ វា​នៅ​សម្ងំ​លេង​ហ្គេម​នៅ​ហ្នឹង។មិន​ដឹង​ជា​នៅ​ក្នុង​ហ្នឹង​មាន​អ្វី​ខ្លះ​បាន​ជា​ក្មេងៗ វា​វក់​លែង​ចង់​រៀន​សូត្រ​អី​អស់​ហើយ»។

ស្ត្រី​អ្នក​ភូមិ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​បន្ថែម​ថា ត្រង់​ម្ដុំ​ខាង​ក្រោយ​ប៉ុស្តិ៍​លេខ ១០ និង​ខាង​មុខ​សាលា​បឋម​សិក្សា​ពោធិ៍សាត់​ជា​ដើម ក៏​មាន​បើក​ល្បែង​ហ្គេម​កុំព្យូទ័រ​យ៉ាង​គគ្រឹកគគ្រេង​ដែរ។

សំឡេង៖ «ពី​មុន​មាន​ល្បែង​ភ្នាល់​បាល់។ តែ​ឥឡូវ​គេ​បើក​ជា​ល្បែង​ហ្គេម​ស៊ី​សង​ដាក់​លុយ។កូន​ខ្ញុំ​អី​ទៅ​លេង​នៅ​ហ្នឹង ចោល​រៀន​ចោល​សូត្រ​អី​អស់​ហើយ។ យើង​និយាយ​យ៉ាង​ម៉េច​ក៏​វា​អត់​ស្ដាប់​ដែរ​វា​លួច​ទៅ​លេង​មិន​ចូល​សាលា​ទេ»។

ប្រភព​ពី​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ល្បែង​ហ្គេម​កុំព្យូទ័រ​ជា​ច្រើន​កន្លែង​កំពុង​ដំណើរ​ការ​នៅ​ទូទាំង​ក្រុង​ពោធិ៍សាត់។ ប្រជា​ពលរដ្ឋ​ទាំង​នោះ​បារម្ភ​ថា បើ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ នៅ​តែ​បណ្ដោយ​ឲ្យ​ល្បែង​ហ្គេម​ជ្រក​ក្រោម​ផ្លាក​សាលា​បង្រៀន​កុំព្យូទ័រ​បន្ត​បើក​ដោយ​គ្មាន​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ដូច្នេះ កុមារ និង​យុវវ័យ​ជា​ច្រើន នឹង​បាត់បង់​អនាគត ដោយសារ​តែ​ពួក​គេ​វក់​លេង​ហ្គេម​បោះបង់​ចោល​ការ​សិក្សា។

នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ផ្ទះ​ព្រៃ​លោក ពេជ្រ ស៊ីផាន់ ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​បើក​ល្បែង​ហ្គេម​កុំព្យូទ័រ នៅ​ក្នុង​សង្កាត់​នេះ​មែន។ ប៉ុន្តែ​លោក​ថា គេ​សុទ្ធតែ​មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​ជំនាញ គឺ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ ដូច្នេះ អាជ្ញាធរ​ដែន​ដី​មិន​មាន​លទ្ធភាព​អ្វី​ទៅ​ហាម​ឃាត់​គេ​បាន​ឡើយ។

លោក ពេជ្រ ស៊ីផាន់៖ «ខាង​ខ្ញុំ​ធ្លាប់​ទៅ​សួរ​នាំ​គេ​ដែរ គេ​បាន​ឲ្យ​លិខិត​អនុញ្ញាត​ពី​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ឲ្យ​មើល។ ដល់​តែ​គេ​មាន​ច្បាប់​អ៊ីចឹង យើង​ក៏​មិន​ដឹង​ធ្វើ​អី​គេ​ដែរ​ហ្នឹង»។

ទាក់​ទិន​ចំពោះ​បញ្ហា​នេះ ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្ត​ពោធិ៍សាត់ គឺ​លោក អ៊ូ ឆៃ មាន​ប្រសាសន៍​ថា មន្ទីរ​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​សាមីជន​បើក​ធ្វើ​អាជីវកម្ម​អ៊ីនធើរណិត (Internet) ពុំ​មែន​ឲ្យ​បើក​ល្បែង​ហ្គេម​នោះ​ទេ។ លោក​ថា មន្ទីរ​វប្បធម៌ ជា​អ្នក​ត្រួត​ពិនិត្យ​បញ្ហា​ហ្គេម​ក្នុង​កុំព្យូទ័រ​នេះ។

លោក អ៊ូ ឆៃ៖ «បាទ! អា​ហ្នឹង​យើង​ផ្ដល់​ច្បាប់​ឲ្យ​គេ​បើក​អ៊ីនធើរណេត​មើល​ព័ត៌មាន​ផ្សេងៗ។តែ​បើ​ខាង​ហ្គេម គឺ​ខាង​មន្ទីរ​វប្បធម៌​ជា​អ្នក​គ្រប់គ្រង»។

យ៉ាង​នេះ​ក្ដី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ពោធិ៍សាត់​លោក អ៊ុក សាវុធ មាន​ប្រសាសន៍​ថា មន្ទីរ​ធ្លាប់​បាន​ហាម​ឃាត់​កន្លែង​អាជីវកម្ម​អ៊ីនធើរណេត មិន​ឲ្យ​បើក​លេង​ប្រភេទ​ហ្គេម ដែល​មាន​លក្ខណៈ​ជា​ល្បែង​ស៊ីសង​ទេ។ ជា​ពិសេស គឺ​កន្លែង​អាជីវកម្ម​អ៊ីនធើរណេត ដែល​មាន​ទីតាំង​នៅ​ជិត​សាលា​រៀន។ លោក​ថា នឹង​ចុះ​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​បញ្ហា​នេះ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

សុំមិនបពេ្ចញឈ្មោះ

ពី ភ្នំពេញ

ហេ្គមអាចញ្ឈប់បាន ព្រោះក្នុងប្រទេសមានបំរើសេវាអនឡញហេ្គម​(Server Online Games) និយាយឲចំបើបិតទីកន្លែងផ្តល់សេវាហ្តេម

Jul 23, 2012 10:27 AM

Dara

ពី Phnom Penh

ល្បែងហ្គេមមានគ្រប់កន្លែងក្នុងក្រុងភ្នំពេញ ធ្វើឲយុវសិស្សភាគច្រើនគេចសាលានិងបោះបង់ការសិក្សា អនាគតរបស់យុវជនប្រឈមនឹងផលវិបាកដ៏ធ្ងន់ធ្ងរ ព្រោះថាយុវជន ជាទំពាំងស្នងឫស្សី។ទោះបី ចំណូលដែលបានមក ពី ល្បែងហ្គេមនេះ វាមិនស្មើនឹងការខាតបង់ របស់យុវជន ប្រទេសជាតិ ប្រឈមនឹងការបាត់បង់ធនធានមនុស្ស ដែលធ្វើឲការអភិវឌ្ឍន៍មានចលនាថយក្រោយ មិនអាចប្រៀបជាមួយបណ្តាប្រទេសក្នុងតំបន់។

Jul 23, 2012 02:15 AM