នៅពេលនេះដែរគណបក្សដែលបានដង្ហែក្បួនធំជាងគេនៅរាជធានីភ្នំពេញ មានដូចជា គណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្ស ហ៊្វុនស៊ិនប៉ិច ជាដើម ដោយមានការដើរដង្ហែក្បួនតាមដងផ្លូវនានា។
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២ បានបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ ដោយមានការដើរដង្ហែក្បួនចំនួនជាង ២ម៉ឺននាក់កាត់មុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងភ្នំពេញ។
អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា និងជាអនុប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា នៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា ប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រគណបក្សនេះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ។
លោក កែប ជុតិមា៖ «យើងឃើញថា ១៥ថ្ងៃ ២សប្ដាហ៍នេះ បានបង្ហាញនូវការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីប្រជាជនរាជធានីភ្នំពេញ ហើយនេះក៏បានលើកទឹកចិត្តឲ្យសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា របស់យើង កាន់តែប្រឹងប្រែងថែមទៀតក្នុងការងារ ...ភស្តុតាងអ្នកភ្នំពេញ បានវាយតម្លៃហើយថា យើងជាអ្នកធ្វើ មិនមែនជាអ្នកថាទេ»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ដែរថា គណបក្ស សម រង្ស៊ី បានដើរក្បួនដ៏ធំមួយដែរ ដែលមានមនុស្សចូលរួមជាង ១ម៉ឺននាក់ នៅទីក្រុងភ្នំពេញ៖ «ជាទូទៅយើងឃើញប្រជារាស្ត្រមានការចូលរួមយ៉ាងច្រើន ប្រៀបធៀបនឹងឆ្នាំទៅ ដោយគេមិនសូវមានការភ័យខ្លាចដូចរាល់ដងទេ ក៏ប៉ុន្តែយើងដឹងថា មានព្រឹត្តិការណ៍នៃការរៀបចំដើម្បីលួចសន្លឹកឆ្នោតនោះ មានភាពជាច្រើន ដែលធ្វើឲ្យយើងមានការព្រួយបារម្ភ»។

ចំណែកឯអ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា គណបក្សសិទ្ធិមនុស្សបានដង្ហែក្បួនចំនួនជាង ៧០០នាក់នៅរាជធានីភ្នំពេញ ដើម្បីបិទបញ្ចប់យុទ្ធនាការនេះ៖ «សារនយោបាយ ទាំងរាល់សកម្មភាពទាំងអស់ដែលយើងចុះទៅផ្ទាល់នៅមូលដ្ឋាន គឺធ្វើឲ្យប្រជាពលរដ្ឋខ្មែរគាត់ភ្ញាក់រលឹក ហើយលោកដឹងរឿងពិត។ ...គាត់បានយល់ដឹង ហើយគាត់គាំទ្រគណបក្សសិទ្ធិមនុស្សខ្លាំងមែនទែន»។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ទុំ សម្បូរណ៌ បានមានប្រសាសន៍ថា មានអ្នកគាំទ្រចំនួនជាង ៣.០០០នាក់ បានដើរដង្ហែក្បួននៅភ្នំពេញ៖ «លទ្ធផលនៃការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ហ្នឹង គណបក្សហ៊្វុនស៊ិនប៉ិច បានទទួលបានលេខ ៣ នៅទូទាំងប្រទេស ជាង ១.៤០០ឃុំសង្កាត់ហ្នឹងនៅទូទាំងប្រទេស។ ម្ល៉ោះហើយគណបក្សហ៊្វុនស៊ិនប៉ិច សង្ឃឹមថា នឹងមានការគាំទ្រ ហើយគ្រប់មជ្ឈដ្ឋានទាំងអស់ នឹងក្រោកឡើងគាំទ្រហ៊្វុនស៊ិនប៊ិច ច្រើនជាងមុនបាទ!»។
ទោះបីគណបក្សនយោបាយផ្សេងៗទៀតដែលចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មិនបានបង្ហាញការហែក្បួនតាមដងផ្លូវធំៗនោះមែន ប៉ុន្តែការបិទថ្ងៃយុទ្ធនាការ ថ្ងៃទី១ ខែមិថុនា គឺមានន័យថា គ្រប់គណបក្សនយោបាយទាំងអស់ចំនួន ១០ ត្រូវតែឈប់ឃោសនាចាប់ពីថ្ងៃទី១ មិថុនា តទៅ ហើយរង់ចាំពិនិត្យមើលលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី៣ មិថុនា ឆ្នាំ២០១២។
ទាក់ទងនឹងការធានាសន្តិសុខសម្រាប់ឃោសនាបោះឆ្នោតកន្លងមកនេះ ស្នងការនគរបាលក្រុងភ្នំពេញ លោក ទូច ណារ៉ុថ បានមានប្រសាសន៍ថា កងកម្លាំងនគរបាលបានផ្ដល់កិច្ចការពារសន្តិសុខបានយ៉ាងល្អប្រសើរ៖ «ថ្វីត្បិតតែមានការប្ដឹងផ្ដល់ខ្លះទៅ NEC ទៅ PEC ក៏ប៉ុន្តែ តួនាទី និងភារកិច្ចរបស់យើងខ្ញុំធ្វើបានល្អ ដោយសារតែការពារឲ្យគ្រប់គណបក្សនយោបាយលោកឃោសនាបោះឆ្នោតទទួលបានសុវត្ថិភាព»។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា ធ្លាប់បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ឲ្យដឹងថា ប្រជាពលរដ្ឋចំនួនជាង ៩លាននាក់ នឹងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។
ការបោះឆ្នោតនឹងចាប់ផ្ដើមជាផ្លូវការចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។ ការបោះឆ្នោតខាងមុខនេះ នឹងដំណើរការនៅឯការិយាល័យបោះឆ្នោតសរុប ១៨.១០៧ការិយាល័យ និងមណ្ឌលបោះឆ្នោតសរុប ១.៦៣៣កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
