បក្ស​នយោបាយ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រយៈពេល ១៥​ថ្ងៃ បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១២។

នៅ​ពេល​នេះ​ដែរ​គណបក្ស​ដែល​បាន​ដង្ហែ​ក្បួន​ធំ​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ មាន​ដូចជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស សម រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស ហ៊្វុនស៊ិនប៉ិច ជាដើម ដោយ​មាន​ការ​ដើរ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​នានា។

គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១២ បាន​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ដោយ​មាន​ការ​ដើរ​ដង្ហែ​ក្បួន​ចំនួន​ជាង ២​ម៉ឺន​នាក់​កាត់​មុខ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​ភ្នំពេញ។

អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ប្រជាជន និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​នេះ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ ខាង​មុខ​នេះ។

លោក កែប ជុតិមា៖ «យើង​ឃើញ​ថា ១៥​ថ្ងៃ ២​សប្ដាហ៍​នេះ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​សន្ធឹក​សន្ធាប់​ពី​ប្រជាជន​រាជធានី​ភ្នំពេញ ហើយ​នេះ​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សកម្មជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា របស់​យើង កាន់​តែ​ប្រឹងប្រែង​ថែម​ទៀត​ក្នុង​ការងារ ...ភស្តុតាង​អ្នក​ភ្នំពេញ បាន​វាយ​តម្លៃ​ហើយ​ថា យើង​ជា​អ្នក​ធ្វើ មិន​មែន​ជា​អ្នក​ថា​ទេ»

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ដែរ​ថា គណបក្ស សម រង្ស៊ី បាន​ដើរ​ក្បួន​ដ៏​ធំ​មួយ​ដែរ ដែល​មាន​មនុស្ស​ចូលរួម​ជាង ១​ម៉ឺន​នាក់ នៅ​ទីក្រុង​ភ្នំពេញ៖ «ជា​ទូទៅ​យើង​ឃើញ​ប្រជារាស្ត្រ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន ប្រៀបធៀប​នឹង​ឆ្នាំ​ទៅ ដោយ​គេ​មិន​សូវ​មាន​ការ​ភ័យ​ខ្លាច​ដូច​រាល់​ដង​ទេ ក៏ប៉ុន្តែ​យើង​ដឹង​ថា មាន​ព្រឹត្តិការណ៍​នៃ​ការ​រៀបចំ​ដើម្បី​លួច​សន្លឹក​ឆ្នោត​នោះ មាន​ភាព​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ»

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​បញ្ចប់ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១២។
យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​បញ្ចប់ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១២។ (RFA/Sok Serey)

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស លោក យ៉ែម បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិ​មនុស្ស​បាន​ដង្ហែ​ក្បួន​ចំនួន​ជាង ៧០០​នាក់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បិទ​បញ្ចប់​យុទ្ធនាការ​នេះ៖ «សារ​នយោបាយ ទាំង​រាល់​សកម្មភាព​ទាំង​អស់​ដែល​យើង​ចុះ​ទៅ​ផ្ទាល់​នៅ​មូលដ្ឋាន គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គាត់​ភ្ញាក់​រលឹក ហើយ​លោក​ដឹង​រឿង​ពិត។ ...គាត់​បាន​យល់​ដឹង ហើយ​គាត់​គាំទ្រ​គណបក្ស​សិទ្ធិ​មនុស្ស​ខ្លាំង​មែន​ទែន»

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ទុំ សម្បូរណ៌ បាន​មាន​ប្រសាសន៍​ថា មាន​អ្នក​គាំទ្រ​ចំនួន​ជាង ៣.០០០​នាក់ បាន​ដើរ​ដង្ហែ​ក្បួន​នៅ​ភ្នំពេញ៖ «លទ្ធផល​នៃ​ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ហ្នឹង គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទទួល​បាន​លេខ ៣ នៅ​ទូទាំង​ប្រទេស ជាង ១.៤០០​ឃុំ​សង្កាត់​ហ្នឹង​នៅ​ទូទាំង​ប្រទេស។ ម្ល៉ោះ​ហើយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច សង្ឃឹម​ថា នឹង​មាន​ការ​គាំទ្រ ហើយ​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ នឹង​ក្រោក​ឡើង​គាំទ្រ​ហ៊្វុនស៊ិនប៊ិច ច្រើន​ជាង​មុន​បាទ!»

ទោះ​បី​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មិន​បាន​បង្ហាញ​ការ​ហែ​ក្បួន​តាម​ដង​ផ្លូវ​ធំៗ​នោះ​មែន ប៉ុន្តែ​ការ​បិទ​ថ្ងៃ​យុទ្ធនាការ ថ្ងៃ​ទី​១ ខែ​មិថុនា គឺ​មាន​ន័យ​ថា គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ចំនួន ១០ ត្រូវ​តែ​ឈប់​ឃោសនា​ចាប់​ពី​ថ្ងៃ​ទី​១ មិថុនា ត​ទៅ ហើយ​រង់ចាំ​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១២។

ទាក់ទង​នឹង​ការ​ធានា​សន្តិសុខ​សម្រាប់​ឃោសនា​បោះ​ឆ្នោត​កន្លង​មក​នេះ ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា កង​កម្លាំង​នគរបាល​បាន​ផ្ដល់​កិច្ច​ការពារ​សន្តិសុខ​បាន​យ៉ាង​ល្អ​ប្រសើរ៖ «ថ្វី​ត្បិត​តែ​មាន​ការ​ប្ដឹងផ្ដល់​ខ្លះ​ទៅ NEC ទៅ PEC ក៏​ប៉ុន្តែ តួនាទី និង​ភារកិច្ច​របស់​យើង​ខ្ញុំ​ធ្វើ​បាន​ល្អ ដោយសារ​តែ​ការពារ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​លោក​ឃោសនា​បោះ​ឆ្នោត​ទទួល​បាន​សុវត្ថិភាព»

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា ធ្លាប់​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​ជាង ៩​លាន​នាក់ នឹង​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៣ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។

ការ​បោះ​ឆ្នោត​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវការ​ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣​រសៀល ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។ ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ នឹង​ដំណើរការ​នៅ​ឯ​ការិយាល័យ​បោះ​ឆ្នោត​សរុប ១៨.១០៧​ការិយាល័យ និង​មណ្ឌល​បោះ​ឆ្នោត​សរុប ១.៦៣៣​កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។