គ.ជ.ប.​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពី​ការ​​បោះ​ឆ្នោត​នៅ​ទូទាំង ២៤ រាជធានី ខេត្ត ដើម្បី​ឲ្យ​ពលរដ្ឋ​ត្រៀម​លក្ខណៈ​​​ចូល​រួម​ពិនិត្យ និង​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន។
ដោយ ដែន អយុធ្យា និង ទេព សុរ៉ាវី
2012-08-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បោះ​ឆ្នោត ៣០៥
ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១២។
RFA/Sok Serey

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា ថា យុទ្ធនាការ​នេះ គ.ជ.ប. ក៏​បាន​​​ជំរុញ​ឲ្យ​មន្ត្រី​ដឹកនាំ​តាម​រាជធានី-​ខេត្ត ​ក្រុមប្រឹក្សា​ឃុំ​​-​សង្កាត់ ស្មៀន​ឃុំ​-សង្កាត់ និង​តំណាង​​ស្ថាប័ន ឲ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅ​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា យុទ្ធនាការ​នេះ​មាន​គោល​ដៅ​កែ​លម្អ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ដែល​​ត្រូវ​រៀបចំ​បញ្ជី​បោះឆ្នោត​មួយ​ប្រកប​ដោយ​គុណភាព​សំរាប់​បំរើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣។

លោក ទេព នីថា បន្ថែម៖ «សូម​មេត្តា​យក​ចិត្ត​ទុក​ដាក់​បំពេញ​ឯកសារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចូន​ឯក​សារ​មក គ.ជ.ប. លុប​ឈ្មោះ​អ្នក​មិន​ស្រប​ច្បាប់ ឬ​ក៏​អ្នក​អស់​លក្ខខណ្ឌ​ទៅ​តាម​ច្បាប់​បោះ​ឆ្នោត​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ហើយ​ក៏​សូម​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ចេញ​ឯក​សារ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​បំពេញ​លក្ខខណ្ឌ​ចុះ​ឈ្មោះ​បោះ​ឆ្នោត»

សេចក្ដី​ប្រកាស​ព័ត៌មាន គ.ជ.ប. ចុះ​ថ្ងៃ​ទី​១៤ ខែ​សីហា ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ អន្តរាគមន៍​ទៅ​មេ​ឃុំ ចៅ​សង្កាត់ និង​​ស្មៀន​ឃុំ សង្កាត់ ឲ្យ​ចូល​រួម​បំពេញ​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​ស្រប​តាម​ប្រតិទិន​កំណត់​របស់ គ.ជ.ប.។

បន្ថែម​លើ​នេះ គ.ជ.ប. បាន​ស្នើ​ទៅ​មន្ត្រី​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​នៅ​គ្រប់​ម្ចាស់​រោងចក្រ​សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​នានា ត្រូវ​អនុញ្ញាត​ឲ្យ​​និយោជិត កម្មករ កម្មការិនី បាន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ឲ្យ​បាន​គ្រប់​គ្នា។

យ៉ាង​ណា​ក៏​ដោយ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ឲ្យ​ចូល​រួម​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឬ​លុប​ឈ្មោះ​ស្ទួន ​លុប​ឈ្មោះ​សមាជិក​គ្រួសារ​ដែល​ស្លាប់ ឬ​ផ្លាស់​ទីលំនៅ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​នា​ដើម​ខែ​កញ្ញា ត​ទៅ។

ទាក់​ទិន​បញ្ហា​នេះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel)។ លោក​បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​ខ្លួន​បាន​ត្រៀម​ភ្នាក់ងារ​ចំនួន ២៥០​នាក់ ដើម្បី​ឃ្លាំ​មើល និង​ផ្ដល់​ការ​អប់រំ​ប្រជាពលរដ្ឋ​ជុំវិញ​​ដំណើរ​​​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ឆ្នាំ​២០១២។ ជាង​នេះ​ទៅ​ទៀត ខុមហ្វ្រែល ក៏​មាន​កម្មវិធី​អប់រំ​ព័ត៌មាន​ជុំវិញ​ការងារ​បោះ​ឆ្នោត​តាម​វិទ្យុ និង​ទូរស័ព្ទ​ថែម​ទៀត។

លោក គល់ បញ្ជា៖ «បើ​សិន​ជា​ពួកគេ​មាន​ចម្ងល់​អី គេ​អាច​ទូរស័ព្ទ​មក​សារ​សំឡេង ដើម្បី​ស្តាប់​ការ​ពន្យល់​អំពី​រឿង​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត តាម​រយៈ​លេខ ០១០ ៨០២ ៧៧៧ និង ០១៥ ៨០២ ៧៧៧ និង​ផ្សាយ​តាម​វិទ្យុ​អេហ្វអឹម ១០៥​មេហ្គាហឺត្ស ពី​ម៉ោង ៧​កន្លះ ដល់​ម៉ោង ៨​កន្លះ ជា​រៀង​រាល់​ព្រឹក»

លោក​បន្ត​ថា កង្វល់​បាត់​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​តែ​ជា​បញ្ហា​ចោទ​ក្នុង​ថ្ងៃ​បោះ​​​​ឆ្នោត។ ក្រៅ​ពី​នេះ លោក គល់ បញ្ញា បញ្ជាក់​ថា សំរាប់​កម្មករ ឬ​ពលរដ្ឋ​ផ្លាស់ប្ដូរ​ទីលំនៅ​ថ្មី​នៅ​មាន​ផល​វិបាក​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

ទោះ​យ៉ាង​ណា លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ដើម្បី​ជំរុញ​ឲ្យ​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​​ឆ្នោត​ឆ្នាំ​២០១២ មាន​ដំណើរ​ការ​ល្អ គ.ជ.ប. កំពុង​ផលិត​ស្ប៉ត​អប់រំ និង​ត្រៀម​ចាក់​ផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ និង​តាម​មេក្រូ ​ក្នុង​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

រយៈពេល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ សង្កាត់ ​ឆ្នាំ​នេះ មាន​រយៈពេល ៤២​ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២។

​​រី​ឯ​ពេល​វេលា​នៃ​ការ​ចុះ​ឈ្មោះ​តំណាង​គណបក្ស​នយោបាយ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​​​ទី​៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២។ ចំណែក​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ (កើត​មុន ឬ​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​១៩៩៥) ដែល​មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឬ​បាន​ផ្លាស់​ទី​លំនៅ​ចូល​ក្នុង​ឃុំ​សង្កាត់​មាន​សិទ្ធិ​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ការិយាល័យ​ណា​មួយ​ក្នុង​ឃុំ​សង្កាត់​ដែល​ខ្លួន​កំពុង​រស់​នៅ។

គ.ជ.ប.​ប្រកាស​ឲ្យ​ចុះ​ឈ្មោះ​សង្កេតការណ៍​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឲ្យ​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ ចុះ​ឈ្មោះ​សង្កេតការណ៍​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣។

គ.ជ.ប. បាន​កំណត់​ពេល​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អន្តរជាតិ ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​ដោយ​ត្រូវ​ចុះ​ឈ្មោះ​នៅ​ទីស្ដីការ គ.ជ.ប. ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៣។

ដោយ​ឡែក​តំណាង​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ចាត់​តាំង​តំណាង​ពេញ​សិទ្ធិ​របស់​ខ្លួន​ម្នាក់ ដើម្បី​សង្កេត​ការ​មើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ សង្កាត់​នីមួយៗ ដោយ​ត្រូវ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​តំណាង​របស់​ខ្លួន​ទៅ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ តាម​ទម្រង់​បែប​បទ​លេខ ១០ ០៧ ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២។

រី​ឯ​ការ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​តំណាង​គណបក្ស​នយោបាយ​ក្នុង​ដំណាក់កាល​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ គណបក្ស​នយោបាយ​ដែល​មាន​បញ្ជី​បេក្ខជន​ឈ្មោះ​បោះ​ឆ្នោត មាន​សិទ្ធិ​បញ្ជូន​តំណាង​ពេញ​សិទ្ធិ ១​នាក់ និង​តំណាង​បម្រុង ១​នាក់ ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត ដើម្បី​ចូល​រួម​សង្កេត​មើល​ការ​បោះ​ឆ្នោត​តាម​ការិយាល័យ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Hoy Yuth

ពី Kampong Cham

Most of those who support the opposition parties may be discouraged as they are advised that CPP will always win the election. Then they do not vote or do not even register. Opposotion party will not win, I believe. However, all of those who support them should vote them. At least they will have some seats in the assembly and be able to prevent CPP from committing more bad things to Cambodia. In short, all Khmer citizens qualified to vote should be encouraged to vote. Thanks,

Aug 15, 2012 09:25 PM

CheyVorman007

ពី AngKor Wat

ខ្មែរអើយតួរល្ខោនមុននឹងចេញមកសម្តែងគេលាបផាត់ដុសខាត់
មុខយ៉ាងស្អាតមើលមិនឃើញស្លាកស្នាមទេ បើខ្មុំឮនឹងត្រចៀក
ច្បាស់ចែសហើយហ្នឹង វិធិលួចសម្លេងឆ្នោតគេមានល្បិចកល
ច្រើនប្រភេទ តើអ្នកសង្ឃឹមបានទេ?តើត្រូវរកមធ្យោបាយយ៉ាង
ណាដើម្បីទប់ស្កាត់?

Aug 15, 2012 05:51 AM