នេះជាគោលដៅនៃកិច្ចសហការជាដៃគូរជាមួយរាជរដ្ឋាភិបាល ក្នុងការការពារធនធានធម្មជាតិ ជាពិសេស គឺធនធានមច្ឆជាតិ ដែលរងការបំផ្លាញស្ទើរវិនាសផុតពូជ ដោយការប្រើឧបករណ៍នេសាទខុសច្បាប់ ។ មន្ត្រីគម្រោងគ្រប់គ្រងធនធានធម្មជាតិនៃអង្គការស្ដារកម្ពុជាបានឲ្យដឹងថា «សហគមន៍នេសាទក្ដីឈ្វិត» ជាគម្រោងទី៣ ស្ដីពីការបង្កើតសហគមន៍នេសាទ នៅក្នុងខេត្តពោធិ៍សាត់។
កិច្ចព្រមព្រៀងកន្លែងនេសាទសហគមន៍មួយកន្លែង ត្រូវបានអាជ្ញាធរជំនាញ និងអាជ្ញាធរដែនដីយល់ព្រមចុះហត្ថលេខាប្រគល់សិទ្ធិឲ្យប្រជាពលរដ្ឋភូមិក្ដីឈ្វិត ស្ថិតក្នុងឃុំ ស្រែស្ដុក ស្រុកកណ្ដៀង ខេត្ត ពោធិ៍សាត់គ្រប់គ្រង និងថែរក្សាដោយដាក់ឈ្មោះថា «កន្លែងនេសាទសហគមន៍ក្ដីឈ្វិត» ដោយមានការសម្របសម្រួល និងការជួយឧបត្ថម្ភគាំទ្រពីអង្គការស្ដារកម្ពុជា។
អ្នកស្រី អ៊ូ ឧស្សាហ៍ ជាមន្ត្រីគម្រោងគ្រប់គ្រងធនធានធម្មជាតិនៃអង្គការស្ដារកម្ពុជា។ អ្នកស្រីបានឲ្យ ដឹងថា ទម្រាំបានឈានដល់ការចុះកិច្ចព្រមព្រៀងបង្កើតកន្លែងនេសាទសហគមន៍ក្ដីឈ្វិតនេះឡើង អង្គការស្ដារកម្ពុជា ត្រូវធ្វើការងារយ៉ាងច្រើន ដូចជា ការចុះទៅសិក្សាទីតាំង និងប្រមូលព័ត៌មាន ដើម្បីឲ្យដឹងថា តើគួរយកចំណុចណាធ្វើជាកន្លែងនេសាទសហគមន៍ ដើម្បីដាក់សំណើទៅស្ថាប័នជំនាញ និងអាជ្ញាធរដែនដីសុំបង្កើតសហគមន៍នេសាទមួយ ដែលសមស្របទៅនឹងស្ថានភាពភូមិសាស្ត្រ និងជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
អ្នកស្រី អ៊ូ ឧស្សាហ៍៖ «តាំងពីជំហានដំបូងអង្គការបានផ្ដល់ព័ត៌មានឲ្យអាជ្ញាធរដែនដី និងអាជ្ញាធរជំនាញសុំឲ្យពួកគាត់ចូលរួមរហូត។ ដូច្នេះ ដល់ពេលធ្វើកិច្ចព្រមព្រៀង គឺគាត់បានដឹងរួចអស់ហើយ វាមិនមានការលំបាកអ្វីទេ
ចំពោះការអនុវត្តគម្រោងនេះ»។
ធនធានជលផល គឺជាធនធានធម្មជាតិដ៏សំខាន់មួយ សម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់សហគមន៍ប្រជាពលរដ្ឋ ក្នុងការចិញ្ចឹមជីវិតគ្រួសារ។ ដោយមើលឃើញពីគុណតម្លៃនៃធនធាននេះ និងដោយសង្កេតឃើញថា សហគមន៍ប្រជាពលរដ្ឋនៅតំបន់ជនបទ ដែលជាម្ចាស់នៃធនធានទាំងនេះ មិនទាន់យល់ដឹងច្បាស់ពីការគ្រប់គ្រងព្រមទាំងមិនទាន់ទទួលបានផលតាមលក្ខខណ្ឌសមធម៌ ចំពោះធនធានទាំងនេះផង ទើបអង្គការស្ដារកម្ពុជា សម្រេចចិត្តក្នុងការជួយបង្កើតកន្លែងនេសាទសហគមន៍ក្ដីឈ្វិតនេះឡើង ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋមានឱកាសទទួលផលពីធនធានទាំងនេះប្រកបដោយនិរន្តរភាព។ យ៉ាងនេះក្ដី មន្ត្រីគម្រោងគ្រប់គ្រងធនធានធម្មជាតិនៃអង្គការស្ដារកម្ពុជា អ្នកស្រី អ៊ូ ឧស្សាហ៍ មានប្រសាសន៍ថា អង្គការស្ដារកម្ពុជា បានទទួលការស្វាគមន៍ និងគាំទ្រយ៉ាងសកម្មពីអាជ្ញាធរដែនដី និងអាជ្ញាធរជំនាញ។
មេឃុំស្រែស្ដុក គឺលោក ផៃ គឹមសឿន មានប្រសាសន៍ថា កន្លងទៅតំបន់ក្ដីឈ្វិតពោរពេញទៅដោយការនេសាទខុសច្បាប់។ លោកថា ការបង្កើតសហគមន៍នេសាទនៅតំបន់នេះ ពិតជាតម្រូវការយ៉ាងចាំបាច់ ដើម្បីជួយទប់ស្កាត់បទល្មើសនេសាទ ដូចជា ប្រើឧបករណ៍ឆក់ជាដើម ដែលជាការបំផ្លាញធ្ងន់ធ្ងរដល់មច្ឆជាតិ។
លោក ផៃ គឹមសឿន៖ «កន្លងទៅវាមានបញ្ហាដូចជា បទល្មើសនេសាទកើតមានយ៉ាងអនាធិបតេយ្យ។ ពិសេស គឺបញ្ហាភ្លើងឆេះព្រៃដោយគ្មានអ្នកថែរក្សា និងគ្មានការគ្រប់គ្រង។ ការបង្កើតជាសហគមន៍នេសាទ ដើម្បីឲ្យប្រជាពលរដ្ឋ គាត់ចូលរួមក្នុងការការពារ វាជាការប្រសើរបំផុត ហើយវានឹងផ្ដល់ផលប្រយោជន៍ច្រើន ដល់ប្រជាពលរដ្ឋភូមិក្ដីឈ្វិត និងក្នុងឃុំស្រែស្ដុកទាំងមូល»។
ក្រសួងមហាផ្ទៃបានយល់ព្រមជាគោលការណ៍តាមរយៈសេចក្ដីជូនដំណឹងលេខ ៤៦០ ស.ជ.ណ ចុះ ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១២ អនុញ្ញាតឲ្យអង្គការស្ដារកម្ពុជា អនុវត្តគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងខេត្តគោលដៅចំនួន ៦ ក្នុងប្រទេសកម្ពុជា គឺខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ស្ពឺ តាកែវ កំពត និងស្វាយរៀង។ សម្រាប់ខេត្តពោធិ៍សាត់ អង្គការស្តារកម្ពុជា មានគម្រោងអនុវត្តផែនការគ្រប់គ្រងធនធានព្រៃឈើលើគោលដៅចំនួន ៣ នៃស្រុកក្រគរ រួមមាន ឃុំក្បាលត្រាច ឃុំអន្សាចំបក់ និងឃុំអន្លង់ត្នោត។ ចំណែកផែនការគ្រប់គ្រងធនធានជលផល គឺនៅឃុំ១ ក្នុងស្រុកកណ្ដៀង គឺឃុំស្រែស្ដុក។ គម្រោងទាំងនេះទទួលការគាំទ្រថវិកាដោយអង្គការ ហ្វ័រ៉ុមស៊ីត (Forum Syd) និងអ៊ីអ៊ីឌី (EED)។
កិច្ចព្រមព្រៀងកន្លែងនេសាទសហគមន៍ក្ដីឈ្វិត មានការចុះហត្ថលេខាយល់ព្រមប្រគល់ ដោយនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផងដែរ។
អភិបាលរងស្រុកកណ្ដៀង លោក គឺ គឹមណូ មានប្រសាសន៍ថា ការអនុញ្ញាតឲ្យមានដែននេសាទសហគមន៍នេះ ស្ថិតក្នុងទិសដៅកែទម្រង់វិស័យជលផលរបស់រាជរដ្ឋាភិបាល តាមអនុក្រឹត្យលេខ ៣៧ ដែលរួមមាន ការលុបចោលឡូត៍នេសាទជុំវិញបឹងទន្លេសាបទុកសម្រាប់ឲ្យប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារ និងជាកន្លែងអភិរក្សជលផល។
លោក គឺ គឹមណូ៖ «ដូច្នេះ បងប្អូន ដែលជាសហគមន៍ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមអ្វីដែលមានចែងក្នុងលក្ខន្តិកៈនៃកិច្ចព្រមព្រៀង។ ចំណែកប្រជាពលរដ្ឋក្នុងភូមិឃុំទាំងអស់គ្នា ក៏ត្រូវខិតខំចូលរួមជាមួយសហគមន៍ ដើម្បីការពារធនធានជលផលឲ្យនៅគង់វង្ស និងមាននិរន្តរភាព»។
ផ្ទៃដីព្រៃលិចទឹកចំនួន ៧៨៤ ហិកតារ ត្រូវបានអាជ្ញាធរដែនដី និងអាជ្ញាធរជំនាញផ្ដល់ឲ្យសហគមន៍ប្រជាពលរដ្ឋភូមិក្ដីឈ្វិត ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ រក្សាទុកជាតំបន់ដែននេសាទសហគមន៍ ដែលក្នុងនោះ មានបឹងមួយទំហំ ១៧ ហិកតារ ត្រូវបានទុកជាតំបន់អភិរក្សត្រីមេពូជ ជាទីដែលត្រូវហាមឃាត់ដាច់ខាត មិនឲ្យធ្វើការនេសាទទាំងរដូវបិទ និងបើកការនេសាទ។
នេះជាកិច្ចព្រមព្រៀងបង្កើតកន្លែងសហគមន៍នេសាទទី៣ ដែលមានការសម្របសម្រួលពីអង្គការស្ដារកម្ពុជា នៅក្នុងឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ព្រមព្រៀងបង្កើតកន្លែងសហគមន៍នេសាទទី១ ស្ថិតក្នុងភូមិធ្លាអំពិល និងកន្លែងសហគមន៍នេសាទទី២ ស្ថិតក្នុងភូមិចំរេះ។
ទោះជាយ៉ាងនេះក្ដី ក្រុមអង្គការសង្គមស៊ីវិល ដែលតាមដានកំណែទម្រង់វិស័យជលផលដោយមធ្យោបាយបង្កើតដែននេសាទសហគមន៍មានកង្វល់ក្ដីចំពោះអំពើពុករលួយកើតចេញពីប្រជាសហគមន៍ខ្លួនឯង ដែលឧទាហរណ៍នេះធ្លាប់បានកើតឡើងជាច្រើនកន្លែងរួចហើយ នៅខេត្តមួយចំនួនជុំវិញបឹងទន្លេសាប នាពេលកន្លងទៅ បង្កឲ្យមានការវិនាសពូជត្រីជាដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។