ពលរដ្ឋឲ្យដឹងថា ការព្យាបាលអ្នកជំងឺដោយគ្មានជំនាញច្បាស់លាស់ និងការអនុវត្តផ្ទុយពីក្រមសីលធម៌របស់គ្រូពេទ្យក្នុងសង្គមកម្ពុជា ជាដើមចមនាំឲ្យពលរដ្ឋដកសេចក្តីទុកចិត្ត និងងាយទៅរកសេវាព្យាបាលនៅក្រៅប្រទេស។
កន្លងមក ក្រុមគ្រូពេទ្យតាមមន្ទីរពេទ្យនានាក្នុងប្រទេសកម្ពុជា ពិសេសមន្ទីរពេទ្យរដ្ឋទទួលរងការរិះគន់ធ្ងន់ធ្ងរពីសាធារណៈថា បានប្រើអាកប្បកិរិយាមិនសមរម្យទៅលើអ្នកជំងឺ និងមានពេទ្យខ្លះទៀត គ្មានជំនាញពិតប្រាកដ។
បញ្ហានេះ និស្សិតពេទ្យ និងអ្នកជំងឺមួយចំនួន បានដាស់ស្មារតីឲ្យក្រុមគ្រូពេទ្យរូបណាបានអនុវត្តផ្ទុយវិជ្ជាជីវៈគ្រូពេទ្យ ឲ្យងាកមករកផ្លូវត្រូវ ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត និងផ្តល់តម្លៃជាថ្មី។
យុវជន ទូច សត្យា ជានិស្សិតពេទ្យឆ្នាំទី៤ នៃសកលវិទ្យាល័យអន្តរជាតិ អាយ.យូ (IU) ក្នុងចំណោមមិត្តភ័ក្ដិជានិស្សិតពេទ្យរាប់រយនាក់ទៀត លោកបានឲ្យដឹងនៅថ្ងៃសុក្រ ទី១០ ខែសីហា ថា សង្គមខ្មែរសព្វថ្ងៃនេះ គ្រូពេទ្យកំពុងបម្រើការតាមមន្ទីរនានា ពិសេសបុគ្គលិកមន្ទីរពេទ្យរដ្ឋ ត្រូវអ្នកជំងឺរិះគន់ថា ប្រើអាកប្បកិរិយាមិនសមរម្យ ឬប្រមាថអ្នកជំងឺ និងប្រើប្រាស់តួនាទីផ្ទុយវិជ្ជាជីវៈគ្រូពេទ្យ។
លោកថា សព្វថ្ងៃនេះមានគ្រូពេទ្យខ្លះគ្មានឯកទេសពិតប្រាកដ ហើយវិនិច្ឆ័យរោគបំភ័យអ្នកជំងឺ ដើម្បីឲ្យអ្នកជំងឺចំណាយថវិកាកាន់តែច្រើន ក្នុងមន្ទីរពេទ្យ ឬគ្លីនិកឯកជនរបស់ខ្លួន។
និស្សិតពេទ្យរូបនេះសង្កត់ធ្ងន់ថា ការដែលគ្រូពេទ្យគ្មានជំនាញច្បាស់លាស់ ឬក៏គ្រូពេទ្យគ្មានសីលធម៌របស់ពេទ្យខ្មែរ ជាដើមហេតុនាំឲ្យពលរដ្ឋអស់ជំនឿ និងងាកទៅរកសេវាព្យាបាលជំងឺជាមួយមន្ទីរពេទ្យប្រទេសជិតខាងកម្ពុជា។
យុវជនរូបនេះឲ្យដឹងថា គ្រូពេទ្យមានតួនាទីជួយសង្គ្រោះជីវិតមនុស្ស ទោះអ្នកជំងឺស្ថិតក្នុងគ្រួសារតោកយ៉ាក ឬគ្រួសារអ្នកមានទ្រព្យធនបែបណាក្តី ក៏ត្រូវទទួលបានការព្យាបាលស្មើភាពគ្នា ដោយមិនត្រូវរើសអើង ឬមើលឃើញតែលុយកាក់ជាធំនោះទេ។
ទាក់ទិនបញ្ហានេះ ស្ត្រីអ្នកជំងឺឈ្មោះ ថេង វិចិត្រ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា រូបគាត់បានធ្លាក់ខ្លួនឈឺ កាលពី២ឆ្នាំមុន និងបានទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ ប៉ុន្តែត្រូវគ្រូពេទ្យប្រាប់ថា ជំងឺគាត់មិនអាចព្យាបាលបាន និងទាមទារវះកាត់។ គ្រូពេទ្យបានបន្លាចថា ជំងឺគាត់ជាជំងឺមហារីក ដូច្នេះបើមិនវះកាត់ទេ មិនអាចព្យាបាលឲ្យជាសះស្បើយទេ។
ដោយសង្កេតឃើញគ្រូពេទ្យហាក់មើលប្រាក់ជាធំ ស្ត្រីអ្នកជំងឺរូបនេះ បានងាកទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។ នៅមន្ទីរពេទ្យប្រទេសវៀតណាម បន្ទាប់ពីគ្រូពេទ្យពិនិត្យរោគសញ្ញា ដោយយកចិត្តទុកដាក់រួចមក គ្រូពេទ្យវៀតណាម បញ្ជាក់ថា ជំងឺគាត់អាចព្យាបាលមិនចាំបាច់វះកាត់ និងមិនមែនជាជំងឺមហារីកដូចគ្រូពេទ្យខ្មែរវិនិច្ឆ័យរោគសញ្ញាទេ។
ស្ត្រីរូបនេះបានថ្លែងថា រូបគាត់ស្ទើរអស់ជំនឿ និងស្ទើរអស់ទំនុកចិត្ត និងគ្មានជំនឿទៅលើការវិនិច្ឆ័យរោគរបស់គ្រូពេទ្យស្រុកខ្មែរទៀតហើយ ព្រោះយល់ថា គ្រូពេទ្យស្រុកខ្មែរភាគច្រើន ហាក់មិនមានជំនាញពិតប្រាកដ គ្មានសីលធម៌ និងអនុវត្តផ្ទុយពីវិជ្ជាជីវៈជាគ្រូពេទ្យ។
លោកស្រីស្នើឲ្យមន្ត្រីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជួយជំរុញឲ្យគ្រូពេទ្យកំពុងបម្រើការនៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសកម្ពុជា ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈជាគ្រូពេទ្យឲ្យបានត្រឹមត្រូវ ដើម្បីឲ្យពលរដ្ឋផ្តល់ទំនុកចិត្ត និងរក្សាសេចក្តីថ្លៃថ្នូររបស់គ្រូពេទ្យ។
អ្នកស្រី ថេង វិចិត្រ មានសេចក្តីតក់ស្លុតពេលដឹងថា ការវិនិច្ឆ័យរោគសញ្ញារបស់គ្រូពេទ្យ នៃមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ ទៅលើជំងឺរបស់គាត់ គ្មានជំនាញច្បាស់លាស់។
សាធារណជន ឬគ្រួសារសាច់ញាតិជនរងគ្រោះ បានចោទប្រកាន់ថា បុគ្គលិកនៃមន្ទីរពេទ្យរដ្ឋមិនបានយកចិត្តទុកដាក់ថែរក្សាចំពោះអ្នកជំងឺទាំងឡាយណា ដែលស្ថិតក្នុងគ្រួសារក្រីក្រ ឬអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ ដែលគ្មានសាច់ញាតិមកជួយធានានោះទេ ដោយគ្រូពេទ្យបានទុកឲ្យអ្នកជំងឺនៅឯកោ និងគ្មានការព្យាបាល។
លោកវេជ្ជបណ្ឌិត ហេង តៃគ្រី ជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកថ្លែងថា ពេលខ្លះក្រុមគ្រូពេទ្យមិនសូវយកចិត្តទុកដាក់ជាមួយអ្នកជំងឺ ដូចការចោទខ្លះមែន ប៉ុន្តែលោកថា ការឆក់កណ្ដៀតនេះ ដោយសារតែក្រុមគ្រូពេទ្យទាំងនោះ ធ្វើការច្រើនម៉ោង ឬក៏មានបុគ្គលិកពេទ្យខ្លះធ្វើការស្ទើរពេញ២៤ម៉ោង ព្រោះត្រូវវេនយាម និងមានអ្នកជំងឺច្រើនជាដើម។
ករណីនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមាន និងស្នើឲ្យគ្រូពេទ្យ ទោះបម្រើការងារតាមមន្ទីរពេទ្យឯកជន ឬមន្ទីរពេទ្យរដ្ឋក្តី ត្រូវគោរពវិជ្ជាជីវៈគ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន និងមិនត្រូវសួររកប្រាក់ពីអ្នកជំងឺ មុនការព្យាបាលនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។