ជនជាតិ​ដើម​ភាគ​តិច​នឹង​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​​ភាគ​តិច​លើក​ទី​១៨

សមាជិក​សកម្ម​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច អាយរ៉ាម គ្រោង​នឹង​ប្រារព្ធ​ទិវា​អន្តរជាតិ​ជន​ជាតិ​ដើម​ពិភពលោក​ខួប​លើក​ទី​១៨ នៅ​ថ្ងៃ​ទី​៩ សីហា ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​សណ្ដាន់ ខែត្រ​កំពង់ធំ ដើម្បី​លើក​ពី​បញ្ហា​ប្រឈម​នានា​របស់​ជន​ជាតិ​ភាគ​តិច​ឲ្យ​រដ្ឋាភិបាល​បាន​ដឹង និង​ជួយ​ដោះស្រាយ។
ដោយ ទីន ហ្សាការីយ៉ា
2012-08-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិ​ដើម​ភាគ​តិច ៣០៥
៩-សីហា-២០១០: ជន​ជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​ក្រុង​ចំនួន ១៦ ​ចូល​រួម​ប្រារព្ធ​ទិវា​ជន​ជាតិ​ដើម​ភាគ​តិច​អន្តរជាតិ​លើក​ទី​១៦ នៅ​ខេត្ត​សៀមរាប។
RFA/Uon Chhin

អ្នក​សម្របសម្រួល​សមាជិក​សកម្ម​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច អាយរ៉ាម លោក អ៊ំ ម៉ិច បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ សីហា ថា ជនជាតិ​ដើម​ចំនួន ១៥ ខែត្រ ក្រុង នឹង​រៀប​ចំ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក​នៅ​ថ្ងៃ​ទី​៩ សីហា ដែល​ធ្វើ​ឡើង​នៅ​ក្នុង​វត្ត​ងន ឃុំ​ងន ស្រុក​សណ្ដាន់ មាន​ជនជាតិ​ដើម​ភាគ​តិច​ចូល​រួម​ជាង ៤០០​នាក់ និង​មាន​អភិបាល​ខែត្រ​ចូល​រួម​ផង​ដែរ។

លោក​បញ្ជាក់​ថា ការ​រៀបចំ​កម្មវិធី​នេះ ក្នុង​គោល​បំណង​សំខាន់​ឲ្យ​តំណាង​ជនជាតិ​ដើម​នានា លើក​បញ្ហា​ប្រឈម​ទាំង​ឡាយ​ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ ដូច​ជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដោយសារ​តែ​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុន​កន្លង​មក​ជាដើម៖ «គាត់​មាន​ព្រៃ​សម្រាប់​ដើរ​បោច​វល្លិ ដង​ជ័រ នៅ​ពេល​កាប់​ព្រៃ​នោះ​អស់​មាន​ន័យ​ថា សម្លាប់​មុខ​របរ​គាត់​ហើយ»

លោក អ៊ំ ម៉ិច បាន​អះអាង​ទៀត​ថា ការ​ប្រារព្ធ​ខួប​នេះ​ដែរ ក៏​ជា​ការ​ចែក​រំលែក​នូវ​វប្បធម៌ ទំនៀម​ទំលាប់​របស់​ជនជាតិ​ដើម​ភាគ​តិច​ឲ្យ​ស្គាល់​អំពី​វប្បធម៌​ប្រពៃណី​របស់​ខ្លួន​ទៅ​វិញ​ទៅ​មក ពិសេស​លើក​អំពី​បញ្ហា​ដែល​ប្រឈម​របស់​ជន​ជាតិ​ដើម មាន​ដូចជា​វប្បធម៌ បញ្ហា​អប់រំ បញ្ហា​សុខភាព សិទ្ធិ​មនុស្ស បរិស្ថាន អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច។

ទិវា​អន្តរជាតិ​ជន​ជាតិ​ដើម​ភាគ​តិច​ពិភពលោក​ខួប​លើក​ទី​១៨ និង​ជា​ខួប​លើក​ទី​៨ សម្រាប់​កម្ពុជា ឆ្នាំ​២០១២ ក្រោម​ប្រធាន​បទ​ស្ដី​អំពី "ព័ត៌មាន​ជនជាតិ​ដើម ដើម្បី​ផ្ដល់​អំណាច​សំឡេង​ដល់​ជនជាតិ​ដើម"។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ​ដែរ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បាន​ផ្ញើ​សារ​មួយ​នៅ​ថ្ងៃ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក​ថ្ងៃ​ទី​៩ សីហា។ លោក បាន គីមូន ប្ដេជ្ញា​នូវ​ការ​គាំទ្រ​ឲ្យ​មាន​ប្រព័ន្ធ​សហ​ប្រតិបត្តិការ​នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​ជួយ​ដល់​ជនជាតិ​ដើម​ភាគ​តិច ក្នុង​នោះ​រួម​មាន​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាមទារ​ឲ្យ​ដែល​ជា​ភាគី​លើក​ស្ទួយ​ឲ្យ​មាន​ការ​អនុវត្ត​ពេញ​លេញ​ទៅ​លើ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ភាគ​តិច។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​នីមួយៗ ត្រូវ​បង្កើត​កម្មវិធី និង​ផ្ដល់​ឱកាស​ដល់​ជនជាតិ​ដើម​ភាគ​តិច ដើម្បី​ឲ្យ​ពួក​គេ​បាន​បង្ហាញ​ពី​ទស្សនៈ សេចក្ដី​ត្រូវ​ការ និង​ចក្ខុវិស័យ​របស់​ពួកគេ​ទៅ​ថ្ងៃ​អនាគត។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច (ICSO)។ លោក សៅ វណ្ណសី មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា ខ្លាំង​ជាង​គេ​នោះ គឺ​បញ្ហា​ដីធ្លី និង​បញ្ហា​ធនធាន​ធម្មជាតិ ឬ​ព្រៃឈើ ដែល​ពួក​គាត់​ប្រកប​មុខ​របរ​បោច​វល្លិ និង​រក​ជ័រ​អាស្រ័យ​ផល​ប្រចាំ​ថ្ងៃ ការ​កាប់​ព្រៃ​ឈើ​ជា​ការ​ផ្ដាច់​មុខ​របរ​របស់​ជន​ជាតិ​ដើម។

លោក សៅ វណ្ណសី៖ «ក្នុង​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច មិន​ទាន់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​សហគមន៍ ទាំង​បុគ្គល ដូច្នេះ​រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ច​តាម​រយៈ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អន្លើ ដែល​អាស្រ័យ​ផល​លើ​អនុផល​ព្រៃ​ឈើ​នោះ»

រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខែត្រ​កំពង់ធំ ឲ្យ​ទៅ​ក្រុមហ៊ុន​ចំនួន ២៩ មាន​ទាំង ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស ដែល​មាន​ផ្ទៃ​ដី​សរុប​ជាង ១​សែន​ហិកតារ។

ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​មួយ​ចំនួន ពិសេស​ជន​ជាតិ​ដើម​ភាគ​តិច ដែល​ពួក​គាត់​រស់​នៅ​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ។ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​អះអាង​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​អាច​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​មាន​ការងារ​ធ្វើ​តាម​រយៈ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ក្ដី។

របាយការណ៍​របស់​អង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច បាន​ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា មាន​ប្រមាណ ២​សែន​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​មាន ១៤​លាន​នាក់។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ នៅ​ថ្ងៃ​ទី​៩ សីហា នោះ ជនជាតិ​ភាគ​តិច​នៅ​ទូទាំង​ពិភពលោក​នឹង​ប្រមូល​ផ្ដុំ​គ្នា ប្រារព្ធ​ទិវា​ជនជាតិ​ភាគ​តិច​អន្តរជាតិ​ពិភពលោក ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​រួម​មួយ​ក្នុង​គោល​បំណង​លើក​កម្ពស់​សិទ្ធ​ជនជាតិ​ដើម​ភាគ​តិច ដូច​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​រដ្ឋ​ភាគី​ទាំង​អស់​បាន​ទទួល​ស្គាល់​រួច​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល