ក្ដីបារម្ភនេះ បានបង្កឲ្យពលរដ្ឋមួយចំនួនអនុវត្តតាមពាក្យចចាមអារ៉ាម ដោយប្រើវិធីផ្សេងៗ និងខ្លះយកកូនរបស់ពួកគេទៅចាក់ថ្នាំបង្ការជាដើម ដោយពុំមានវេជ្ជបញ្ជាពីគ្រូពេទ្យឡើយ។
មន្ត្រីក្រសួងសុខាភិបាលបានព្រមានជាថ្មីថា ជំងឺប្រភេទថ្មីឈ្មោះ Enterovirus 71 (អ៊ីវី ៧១ = EV-71) ដែលបានសម្លាប់កុមារកម្ពុជាជាច្រើននាក់នាពេលថ្មីៗនេះ នៅពុំទាន់មានថ្នាំបង្ការ ឬថ្នាំសម្លាប់មេរោគនោះនៅឡើយទេ។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ទូច មានប្រសាសន៍នៅថ្ងៃទី១៩ កក្កដា ថា នេះដោយសារប្រជាពលរដ្ឋមិនបានដឹង ហើយមានអ្នកបំផុសបំផុលជាព័ត៌មានមិនពិត។ លោកថា អ្វីដែលសំខាន់បំផុតនោះគឺពលរដ្ឋត្រូវយល់ដឹងពីអាការៈ និងរោគសញ្ញានៃជំងឺប្រភេទ EV-71 ដែលបណ្ដាលឲ្យកើតពងបែកមាត់ ដៃ និងជើងនេះជាមុនសិន ដូចជាក្ដៅខ្លួន មានពងបែកនៅដៃ ជើង មាត់ និងគូទ។ ហើយករណីដែលវិវឌ្ឍមិនល្អទៅទៀតនោះ គឺមានរោគសញ្ញាផ្លូវដង្ហើម ហត់ខុសពីធម្មតា និងសញ្ញាខាងផ្នែកសរសៃប្រសាទ ដូចជាមានសន្លឹម ប្រកាច់ ឬសន្លប់ ដែលត្រូវតែរួសរាន់យកកុមារទៅព្យាបាលនៅមន្ទីរពេទ្យ។ ជំងឺប្រភេទថ្មីនេះ ពុំមានថ្នាំបង្ការ ឬថ្នាំសម្លាប់មេរោគនោះទេ។ ប៉ុន្តែពុំមានវិធីអ្វីល្អក្រៅពីការធ្វើអនាម័យ ដោយលាងដៃ និងសាប៊ូឲ្យបានញឹកញាប់ ហើយឲ្យកុមារទទួលទានអាហារបំប៉នសុខភាពឲ្យបានគ្រប់គ្រាន់។
លោកវេជ្ជបណ្ឌិត សុខ ទូច៖ «ជួនណាអ្នកខ្លះចេញរោគសញ្ញានៅលើដៃ ជើង មាត់ យើងឃើញច្បាស់យើងដឹង។ ប៉ុន្តែមួយចំនួន វាចូលក្នុងពោះវៀន ហើយបានវាចូលក្នុងឈាម ហើយវាទៅអាផ្លូវសរសៃប្រសាទនោះទៀត។ ដូច្នេះ អាហ្នឹងវាបញ្ហាមួយ ហើយវារហ័សទៀត។ ដូច្នេះ វាជាការមួយសំខាន់ណាស់ មិនមែនថាទាល់តែចេញពីជើង មាត់ទៀតទេ។ ជួនណា វាចូលភ្លាម វាទៅខាងលើ អត់មានសញ្ញាដៃ ជើង មាត់ ក៏មានដែរ។ កំពុងរក ពុំទាន់មានវ៉ាក់សាំងនៅឡើយទេបាទ»។
ការអះអាងដូច្នេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនថា មានថ្នាំបង្ការជំងឺប្រភេទថ្មីនេះ ដោយឲ្យក្មេងៗផឹកភេសជ្ជៈគោជល់លាយជាមួយទឹកឃ្មុំ១ស្លាបព្រា បង្ការជំងឺពងបែកជើង ដៃ និងមាត់ និងខ្លះថាផឹកស្រាបៀ អាបេសេ (ABC) លាយជាមួយទឹកក្រូចឆ្មារជាដើម។ ហើយខ្លះទៀតរហូតដល់យកកូនទៅចាក់ថ្នាំបង្ការនៅតាមគ្លីនិកឯកជនទៀតផង។
លោក ឃុន យាន ពលរដ្ឋនៅភូមិទុកស្រូវ ឃុំគោគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានថ្លែងថា គ្រូពេទ្យនៅក្នុងមណ្ឌលសុខភាពបានប្រាប់ឲ្យពលរដ្ឋនៅក្នុងភូមិ យកទឹកឃ្មុំ១ស្លាបព្រាលាយជាមួយភេសជ្ជៈគោជល់ឲ្យក្មេងៗផឹក ថាអាចការពារជំងឺពងបែកមាត់ ដៃ និងជើង បាន៖ «គេថាជំងឺហ្នឹង កើតពីកូនក្មេង ពងបែកដៃ គេថាចេញបាទដៃហ្នឹងខ្លាំងណាស់ វាកាត់បន្ថយ»។
ស្ត្រីមួយរូបទៀតនៅទីក្រុងភ្នំពេញបានឲ្យដឹងថា គាត់បាននាំកូនទៅចាក់ថ្នាំបង្ការជំងឺសួតនៅម្ដុំស្ដុបទេពផន ក្នុងសង្កាត់ទឹកល្អក់ ដោយព្រោះបានការណែនាំពីគ្រូពេទ្យថា ការចាក់ថ្នាំបង្ការនេះវាអាចកាត់បន្ថយជំងឺថ្មីនេះបានខ្លះ ហើយថាក្នុងមួយម្ជុលតម្លៃ ៥០ដុល្លារ៖ «គ្រាន់ថាពេទ្យកុមារហ្នឹង គាត់បានប្រាប់ខ្ញុំថា បើសិនជាយើងចាក់ថ្នាំហ្នឹង វាកើតជំងឺហ្នឹងមកទុំលើរាងកាយកូនក្មេងហ្នឹង វាអត់ស៊ីទៅដល់សួតទេ យើងអាចទប់ស្កាត់ យើងអាចព្យាបាលបាន។ តែបើជំងឺហ្នឹងកើតភ្លាម តែ៤៨ម៉ោងស្លាប់ហើយអ៊ីចឹង។ យើងអត់ចាក់ថ្នាំហ្នឹង វាជ្រាបទៅដល់សួតលឿនជាទីបំផុត លឺគាត់ថាទប់ស្កាត់បាន៥០%ដែរ។ ហើយឃើញទាំងមនុស្សចាស់ និងកូនក្មេងភាគច្រើនណាស់ទៅចាក់ថ្នាំហ្នឹង»។
ប៉ុន្តែព័ត៌មានទាំងនេះ ត្រូវមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបដិសេធពុំទទួលស្គាល់ថា ជាវិធីដែលអាចទប់ស្កាត់ជំងឺថ្មីនោះបានទេ។
ចាប់តាំងពីដើមឆ្នាំ២០១២ រហូតមកដល់ខែកក្កដា កុមារកម្ពុជាចំនួន ៥៤នាក់ ត្រូវរាយការណ៍ថា បានស្លាប់ដោយមេរោគEV-71។ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ជំងឺពងបែកនៅបាតដៃ ជើង និងក្នុងមាត់ ដែលបង្កដោយ EV-71 មួយចំនួនអាចបង្កឲ្យមានជាផលវិបាកធ្ងន់ធ្ងរ និងអាចឲ្យអ្នកជំងឺស្លាប់បាន។
ជំងឺនេះកើតលើកុមារដែលមានអាយុតិចជាង ១០ឆ្នាំ និងភាគច្រើនអាយុតិចជាង ៥ឆ្នាំ ហើយរោគសញ្ញាធ្ងន់ធ្ងរចំពោះកុមារមានអាយុកាន់តែតិច។ ជំងឺនេះ ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់នឹងសំបោរ កំហាក ទឹកមាត់ ទឹករងៃដែលចេញពីពងបែក ឬលាមក អ្នកជំងឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។